ខ្លោងទ្វារខេត្តព្រះត្រពាំងត្រូវបាន រដ្ឋាភិបាលវៀតណាមកម្ទេច
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ខ្លោងទ្វារខេត្តដែលមានរចនាបទ្មខ្មែររបស់ខេត្តព្រះត្រពាំង ជាកេរដំណែលរបស់ខ្មែរ ត្រូវបានរដ្ឋាភិបាលវៀត ណាមកម្ទេចចោលហើយ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា កន្លងទៅនេះ ។ ការវៃកម្ទេចខ្លោងទ្វារខេត្តមួយនេះ រដ្ឋាភិបាលវៀតណាមមិនបានបញ្ជាក់អំពីមូលហេតុ ឬ ក៏ជូនដំណឹងជាមុនដល់ពលរដ្ឋខ្មែរក្រោមឲ្យបាន ដឹងជាសាធារណៈឡើយ ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលប្រើបណ្ដាញសង្គម Facebook បាននាំ គ្នាបង្ហោះរូបភាពដែលអាជ្ញាធរវៀតណាមកម្ទេចខ្លោងទ្វារ ហើយបានរិះគន់សកម្មភាពរបស់រដ្ឋាភិបាល វៀតណាមថា ជាទង្វើរំលាយកេរដំណែលវប្បធម៌ខ្មែររបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ។

ព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង ព្រះសង្ឃខ្មែរក្រោមដែលទើបតែធ្វើដំណើរចេញពីកម្ពុជា ក្រោមមករស់នៅសហរដ្ឋអាមេរិកថ្មីៗ បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ការដែលរដ្ឋាភិបាលវៀត ណាមកម្ទេចខ្លោងទ្វារខេត្តព្រះត្រពាំងនេះ ជាទង្វើមួយរំលោភបំពានលើសិទ្ធិផ្នែកការអភិរក្សកេរដំដែល វប្បធម៌របស់ខ្មែរក្រោមយ៉ាងធ្ងន់ និងជាទង្វើមួយក្នុងគោលបំណងលុបដានប្រវត្តិសាស្ត្រដែនដីកម្ពុជា ក្រោម ។
ខ្លោងទ្វារខេត្តព្រះត្រពាំងដែលត្រូវកម្ទេចនៅពេលថ្មីៗនេះ ជាខ្លោងទ្វារទីពីរដែលមានរចនាបទ្មកាត់បីជាតិ សាសន៍គឺ ខ្មែរ យួន និង ចិន ត្រូវបានរដ្ឋាភិបាលវៀតណាមធ្វើសងឲ្យពលរដ្ឋខ្មែរក្រោមវិញ បន្ទាប់ពីពួកគេ បានកម្ទេចចោលខ្លោងទ្វារទីមួយដែលមានរចនាបទ្មបែបខ្មែរសុទ្ធសាធ និងមានអក្សរខ្មែរទៀតផង ។
តាមការដំណាលពីចាស់ទុំខ្មែរក្រោមនៅខេត្តព្រះត្រពាំងថា បន្ទាប់ពីខ្លោងទ្វារទីមួយត្រូវបានរដ្ឋាភិបាល វៀតណាមកម្ទេចចោល មានការតវ៉យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរក្រោម ទើបរដ្ឋាភិបាលវៀតណាមបាន ធ្វើឡើងវិញខុសពីទម្រង់ដើម ដោយបានធ្វើសំណង់នេះឲ្យក្លាយទៅរចនាបទ្មចម្រុះ ៣ ជាតិសាសន៍ គឺ នាគ ជហ្វា និង គ្រុឌ ជារបស់ខ្មែរ ដំបូលជារបស់ចិន និងសសរជារបស់យួន ទៅវិញ ។ ក្រៅពីនេះ រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមបានលុបអក្សរខ្មែរចេញទាំងអស់ ហើយជំនួសដោយអក្សរយួនវិញ នូវពាក្យឃោសនាលើកតម្លើងបក្សកុម្មុយនិស្ត និង ហូ ជី មិញ មេដឹកនាំនៃគណបក្សផ្ដាច់ការយួនមួយ នេះ ។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមរូបណានៅកម្ពុជាក្រោម ហ៊ានចេញមុខតវ៉ាទៅរដ្ឋាភិបាលវៀតណាមនៅឡើយទេ គណៈដែលខ្លោងទ្វារខេត្តទី ២ មួយនេះ ត្រូវ បានកម្ទេចសាជាថ្មី ៕
Comments are closed.