កម្មវិធីប្រឡងបញ្ចប់​កំរិត​សិក្សា របស់​ព្រះសង្ឃ​ខ្មែរក្រោម កើត​ឡើង​បាន​ដោយ​អាស្រ័យ​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំ​ងក្នុង និង​ក្រៅ​ស្រុក

0 297

ដោយ លី ឈូន

ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​ ក្រៅ​ពី​មាន​សទ្ធា​ជ្រះ​ថ្លា​ចំណាយ​ ធនធាន​តាម​សទ្ធា កសាង ថែ​រក្សា​វត្ត​អារាម​ កេរ​មត៌ក​ដូនតា​ខ្មែរ​ ។ ពុទ្ធបរិស័ទ​ខ្មែរក្រោម​ នូវ​មាន​កាតព្វកិច្ច​ដ៏​សំ​ខាន់​មួយ​ទៀត ​គឺ​ចិញ្ចឹម​ព្រះសង្ឃ​សិក្សា​រៀន​សូត្រ​ ។ ការ​ចិញ្ចឹមព្រះ​សង្ឃ​សិក្សា ជា​ពិសេស​គឺ​ការ​ដាក់​បា​ត្រ​ព្រះ​សង្ឃ​ ដោយ​បាយ​មួយ​វែក​ សណ្ដែក​មួយ​គួរ ​តាម​ធន​ធាន​របស់​ខ្លួន​នោះ​ឯង​ ។ បន្ទាប់​មក ​ដើម្បី​លើក​តម្លៃ​អ្នក​សិក្សា​ លើក​តម្កើង​អក្សរ​សាស្រ្ត​ជាតិ​ ខ្មែរ​ក្រោម​បាន​ចាត់​តាំង​កម្ម​វិធី​ប្រឡង​ ដំណាច់​ឆ្នាំ ដំណាច់​កំរិត​សិក្ស់ា​ ថែម​ទៀត​ ។ វត្ត​ដែលទទួលបន្ទុករៀបចំកម្មវិធីប្រឡងម្ដង ៗ ត្រូវ​​ចំណាយធនធាន​យ៉ាង​ច្រើន ដែល​ខ្ទង់​ចំណាយ​នេះ មិន​តិច​ជាង១០០.០០០.០០០ (​មួយ​រយ​លាន) ​ដុង​ ស្មើ​នឹង​ប្រមាណ ៥.០០០ (ប្រាំពាន់) ​ដុល្លារ​នោះ​ឡើយ ។ វត្ត​ដែល​ទទួល​បន្ទុក​រៀប​ចំការ​ប្រឡង​នេះ វត្ត​ខ្លះ​ត្រូវ​ផ្អាក់​ការ​សាងសង់ ពី ២ ទៅ ៣ ឆ្នាំ​ទើប​គ្រប់​ថវិកា​សម្រាប់​រៀបចំ​កម្មវិធី​ប្រឡង​ម្ដង។​ សរុប​មក​ការ​ប្រឡង​ទាំង​នេះ ដែល​អាច​កើត​ឡើង​បាន​ ដោយ​អាស្រ័យ​ការ​ប្រិត​សំចៃ​ថវិកា​ ពី​កម្លាំង​ញើស​ឈាម​របស់​ខ្មែរ​ក្រោ​ម​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​នេះឯង​ ។

បេក្ខសមណ​សិស្ស​-​សិស្ស ៣២៧ អង្គ និង​នាក់ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ឆ្នាំទី​ ១ និង ទី ២ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap
បេក្ខសមណ​សិស្ស​-​សិស្ស ៣២៧ អង្គ និង​នាក់ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ឆ្នាំទី​ ១ និង ទី ២ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap

ព្រះចៅអធិការស្វាយសៀមចាស់ ព្រះនាម ថាច់ ថាយ យៀង ព្រះអង្ក​ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ដំណាច់​ឆ្នាំ​​សិក្សានៃ​​ពុទ្ធិក​មធ្យម​សិក្សា​​បឋមភូមិ​ ឆ្នាំទី​ ១ ​និងទី២ ​ ក្នុងវត្តរបស់ព្រះអង្គ នៅស្រុកថ្កូវ ខេត្ត​ព្រះ​ត្រពាំង ​ដែល​​វៀតណាម​​ដាក់​ឈ្មោះ​ថ្មីថា​ ត្រា វិញ (Tra Vinh) កម្ពុជាក្រោ ។ ក្នុង​ចំណោម​សិស្ស​ទាំង ៣២៧ អង្គ និងរូប​ ដែលសិស្សានុសិស្សច្រើនជាងសមណសិស្សនោះ ថា ​នេះ​គឺ​ជា​មោទនភាព​ហើយ​​ដែល​វត្ត​របស់​ព្រះអង្គ​បាន​​ទទួល​រៀប​ចំកម្មវិធីប្រឡងនេះ​ ជាលើក​ដំបូង​តាំង​ពី​ចាប់​ផ្ដើម​កសាង​វត្ត​ជាង​​ ៣០០​ ឆ្នាំ​កន្លង​មក ហើយកម្មវិធីប្រឡងលើកនេះ ដែលប្រព្រឹត្តិទៅ​បាន​ស្រ័យ​ដោយ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ពុទ្ធ​បរិស័ទ​ទំាង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុកនេះឯង ។​

ព្រះចៅអធិការព្រះនាម ថាច់ ថាយ យៀង ៖ ទើប​តែឆ្នាំហ្នឹងដែលវត្តពោធិព្រឹក្សគិរីវង្ស ស្វាយ​សៀម​ចាស់ កសាងមក​មាន​អាយុ​កាល​ ៣៦៤ ឆ្នាំ​ហើយទើប​តែបាន​បើក​ប្រឡង​ក្នុង​ឆ្នាំ​ហ្នឹង ​ហើយ​អាត្មា​ភាព​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​ញាតិ​ញោម​​ទាំង​ក្នុង​ប្រទេស​ និង​​ក្រៅ​ប្រទេស ដែល​បាន​ជួយ​ឧបត្ថម្ភ ​ដល់​ស្វាយ​សៀម​ចាស់​យើង ទាំង​ពី​ចង្ហាន់​បិណ្ឌបាត​ផង​ ទាំង​ពី​ភេសជ្ជៈផង គឺ​ជួយ​បំពេញ​ហ្នឹង​តែម្ដង​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ ជា​ពិសេស​គឺ​ពុទ្ធបរិស័ទ​ក្នុង​​ចំណុះ​ជើង​វត្តស្វាយ​សៀម​ចាស់​យើងហ្នឹង

ស្រដៀងគ្នានេះដែរ ព្រះឧទ្ទេសាចារ្យមួយព្រះអង្គគង់នៅវត្តលាវចន្ទស្សរារាមដីក្រហម ខេត្ត​ព្រះ​ត្រពាំង ​ដែល​វត្ត​របស់​ព្រះអង្គ​​ទទួល​បន្ទុក​រៀបចំកម្មវិធីប្រឡងពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ ប្រព្រឹត្តិនៅថ្ងៃទី ១២ ១៣ ខែមករានេះ ។ ព្រះអង្គមានថេរដីកាឲ្យដឹងថា បច្ច័យ​សម្រាប់​រៀបចំ​កម្មវិធី​ប្រឡងនេះ បាន​ការ​ឧបត្ថម្ភ​ពីពុទ្ធបរិស័ទ​នៅ​​ក្នុង​ស្រុក​ផង​ ​និង​​ក្រៅ​​ស្រុក​​កផង​ តែ​ដោយឡែកការ​ឧបត្ថម្ភ​​ពី​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​​បាន​ ៧.០០០.០០០ (ប្រាំពីរលាន​) ដុង​ស្មើ​នឹង​ប្រមាណ​ជាង​ ៣០០ (បីរយ) ដុល្លារ​។

រីឯគំរោងចំណាយវិញ​ ព្រះអង្គថា មិនបានគិតចូលអំពីខ្ទង់​ចំណាយដទៃទៀត ក្នុងការ​រៀបកម្មវិធី​ប្រឡង​នោះ​ទេ គិត​ត្រឹម​តែខ្ទង់ចំណាយ​សម្រាប់​អំណោយ​លើក​ទឹក​ចិត្ត​ចំពោះ​សិស្សានុសិស្ស ចំពោះ​​លោក​គ្រូ​ អ្នកគ្រូ​ និង​ចំពោះ​គណកម្មការប្រឡងផង អស់ប្រមាណជា ៤០.០០០.០០០ (សែសិប លាន) ​ដុង​ស្មើ​នឹង​ប្រមាណ ២.០០០ (ពីរពាន់) ដុល្លារ​ ។

ព្រះឧទ្ទេសាចារ្យវត្តដីក្រហម៖ ក្នុង​ពេល​ប្រឡង​ហ្នឹង​​ មាន​ពុទ្ធ​បរិស័ទ​ខ្មែរ​នៅក្រៅ​ប្រទេស​ឧបត្ថម្ភខ្លះ​ដែរ ដោយឡែក​បរិស័ទ​ចំណុះជើង​វត្ត​ដីក្រហមហ្នឹង គៀងគរ រាយអង្គាស​ពី​ព្រឹក​មិញ​ហ្នឹង​បាន​ប្រមាណ ៧.០០០.០០០​​ (ប្រាំពីលាន) ដុង ។ ហើយចំណែកថវិកាចំណាយហ្នឹងសម្រាប់រង្វាន់សិស្ស រង្វាន់គ្រូរួមទាំងអស់​គិតទៅអស់ ៤០.០០០.០០០ (សែសិបលាន) ដុង

ចំណែក​បុរសខ្មែរក្រោមម្នាក់ឈ្មោះត្រា ក្វាន់ថា ជាគណៈកម្មការវត្តសេរីតាសេក ស្ថិត ក្នុង ស្រុក​ជ្រោយ​ញរ ខេត្តឃ្លាំង ដែល​​វៀតណាម​​ដាក់​ឈ្មោះ​ថ្មីថា​ សុក ត្រាំង (Soc Trang) កម្ពុជាក្រោម ។ លោ​ថា ឱ្យ​ដឹង​ថា​ ឆ្នាំ​នេះ​​វត្ត​របស់​​លោក​​ទទួល​​បន្ទុក​​រៀប​ចំ​​កម្មវិធី​ប្រឡង​រួម​​សម្រាប់​​ស្រុក​​ជ្រោយញរ ​​ដែល​​មាន​​វត្ត​​ចូល​​រួម​​ប្រឡង​ចំនួន​ ១១ វត្ត​ក្នុង​ចំណោម​វត្តទាំង​ ២១ ​ទូ​ទាំងស្រុកជ្រោយញរ និង​មាន​សិស្សសរុប ១៦២ អង្គ រូប ហើយ​ច្រើនតែសមណសិស្ស ​រីឯសិស្សានុសិស្សតិចតួចប៉ុណ្ណោះ ។

គណៈកម្មការវត្តសេរីតាសេករូបនេះ ឲ្យដឹងថែមទៀតថា កម្មវិធីប្រឡងនេះ រៀបចំឡើងកាលពីថ្ងៃទី ១៨ ១៩និង ២០ ខែធ្នូ ២០២០ និងចំណាយថវិកាអស់ ១៩០.០០០.០០០ (មួយរយកៅសិប លាន) ដុង​ស្មើនឹងប្រមាណជាង ៤.០០០​ (បួនពាន់​) ដុល្លារ អាមេរិក ​​ហើយ​ថវិកា​ទាំង​នេះ ក្រៅ​ពី​ការឧបត្ថម្ភ​ របស់ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​នោះ ក៏នៅមានថវិកាឧបត្ថម្ភពីវត្តទាំង ១១ ដែល​នាំសិស្ស​មក​ប្រឡង​ ​ក្នុង​មួយ​វត្ត ៗ វត្ត ​៣.០០០.០០០ (បីលាន) ដុង​ស្មើនឹង​ប្រមាណ ១៥០ ដុល្លា​រ​អាមេរិក ។​

លោកត្រា ក្វាន់ ថា បន្តទៀតថា បន្ទាប់​ពី​ប្រឡង​នេះ​ហើយ ​វត្ត​របស់​លោក​ត្រូវផ្អាក់​ការ​សាង​សង់​មួយរយៈ ព្រោះតែយកបច្ច័យ សម្រាប់កសាងនោះ មក​បង្គ្រប់រៀបចំកម្មវិធីប្រឡងនេះ ។

លោកត្រា ក្វាន់ ថា៖ ខាងសង្គម មន្ត្រីសង្ឃក្នុងស្រុកហ្នឹងឧបត្ថម្ភបានតិចទេ បាន ២០.០០០.០០០ (ម្ភៃលាន) ដុង (ស្មើ​នឹង​​ប្រមាណជិត ១.០០០ (មួយពាន់) ដុល្លា ហើយ​ទទួល​បន្ទុក​នៅ​ក្នុង​វត្ត​យើង​ទាំង​អស់​ បង់ខាត​អីនៅ​ក្នុង​វត្ត​យើង ប្រកាស​រាយអង្គាសតាមក្រុម តាមសទ្ធាជ្រះថ្លា របស់​ពុទ្ធ​បរិស័ទ ។ ឥឡូវ​នេះ​ប្រមូល​យក​បច្ច័យ​កសាង សង​ថ្លៃ​បរិក្ខា​ប្រឡង​ឲ្យ​គេ​ហើយ​ ៗ ធ្វើ​សព្វ​គ្រប់​ហើយ​ផ្អាក់​កសាង​បន្តិច​សិន ​ធ្វើ​អស់​ខ្យល់​ហើយ​ ឥឡូវ​ផ្អាក់​កសាង​មួយ​ខ្យល់​សិន

រីឯបុរសខ្មែរក្រោមនៅក្រៅស្រុកម្នាក់ឈ្មោះលី សេរី លោក​​មាន​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង​ ​សព្វ​ថ្ងៃ​លោក​រស់​នៅ​សហរដ្ឋ​អាមេរិក ។ ​លោក​រំលឹកថា ១៦ ឆ្នាំមុន កាលលោកនៅជាសង្ឃ ព្រឹក​ឡើង ភាគ​ច្រើន​ឆាន់​បបរសនឹង​ទឹកត្រី រួច​ហើយ​ក៏​ចូល​រៀន លុះ​ចេញ​ពីរៀន​ពេល​ព្រឹក​ ត្រូវ​និមន្ត​បិណ្ឌ​បាត​ តាម​ភូមិ​​ស្រុក​​អ្នក​​ស្រុក​​រាប់​​ម៉ោង​​នាឡិកា​​ ទើប​​​បាន​​គ្រប់​​ចង្ហាន់​ឆាន់ រួច​ហើយ​បន្ត​រៀន​ពេល​ល្ងាច​ទៀត​។

លោក លី សេរី​លើក​ឡើង​បន្ត​ទៀត​ថា ​បើ​ប្រសិន​ជា​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​​ ​​នៅ​ក្រៅ​ស្រុក​មិន​ជួយ​ជ្រោម​ជ្រែង​ដល់​ព្រះសង្ឃ​ និង​ ពុទ្ធបរិស័ទ​នៅ​​ក្នុង​ស្រុក​​ក្នុង​ការសិក្សា​អប់រំ​នេះ​ទេ​ នោះ​វប្បធម៌​ខ្មែរ​ក្រោម​ ជាតិ​សាសន៍ខ្មែរក្រោម​នឹង​រលាយ​ហើយ ។

​លោក លី សេរី ៖ «ពាក្យស្លោក​ចាស់​បុរាណ​គលោក​បាន​ពោល​​ថា ​វប្បធម៌​រលត់​ ជាតិ​រលាយ​ វប្បធម៌​ពណ្ណរាយ​ ជាតិ​ថ្កើង​ថ្កាន ។​​ ​បាទ​ អីចឹង​ទៅ​ខ្ញុំ​មិន​ត្រឹម​តែ​ឧបត្ថម្ភ​វត្ត​ដី​ក្រហម​ប៉ុណ្ណោះ​ទេ​ គឺ​បំណង​​​​របស់​​ខ្ញុំ​​​ឧបត្ថម្ភ​ទូទាំង​កម្ពុជា​ក្រោម​ទាំង​អស់​ទោះ​បីតិចក្ដី ច្រើនក៏ដោយ​ទៅ​តាម​ខ្លួន​ខ្ញុំ​ផ្ទាល់​ ពីររយ បីរយ ប្រាំរយ មួយរយ។ បាទ ហើយអីបង ពីព្រោះយើងរាល់ថ្ងៃស្ថិតនៅវត្តវ៉ានេះ​ឯង បង​ឯង​បាន​ជួប​ខ្ញុំ ​ខ្ញុំជួបបងឯង​បាន​ជជេក​គ្នា​ថ្ងៃហ្នឹង ​»

ការ​លើក​ឡើង​ទាំង​នេះ​បន្ទាប់​ពី​អស់​រយៈ​ពេល​ មួយ​ខែ​​ដែល​​វត្ត​អារាម​នៅ​ដែនដីកម្ពុជាក្រោម​បាន​បញ្ចប់កម្មវិធីប្រឡងដំណាច់ឆ្នាំនូវវិស័យ​ពុទ្ធិកសិក្សា កំរិត​មធ្យមសិក្សា​បឋមភូមិ ឬ ហៅថា បាលី ទី១ ទី២ ទី៣ ។

របៀបចាត់ចែងការប្រឡងងទាំងនេះ នៅ​ខេត្ត​ព្រះ​ត្រពាំង​បាន​ចាត់​តាំង​ការប្រឡងរួម​តាម​និគម​ និមួយួ ៗ ដែល​មាន​ចំនួន ៨ និគម (ស្រុក) ទូទាំងខេត្តព្រះត្រពាំង ។ ចំណែក​ខេត្ត​ឃ្លាំង​មាន​ការ​ចាត់​តាំង​ប្រឡង​រួម​តែ​នៅ​​ស្រុក​ជ្រោយ​ញរមួយប៉ុណ្ណោះ ដែល​មាន​ការ​ចូល​រួមប្រឡងរួមចំនួន ១១ វត្ត ក្នុងចំណោមវត្តទាំង ២១ វត្តនៃស្រុកជ្រោយញរ ស្រុកក្រៅពីនេះ ចាត់ចែងកម្មវិធីប្រឡង ជា​លក្ខណៈ​ឯកជន​តាម​រៀង ៗ ​វត្ត ។

ចំពោះ​ខេត្តដទៃទៀតដូចជាខេត្តពលលាវ ​ដែល​​វៀតណាម​​ដាក់​ឈ្មោះ​ថ្មីថា​ បាក លីវ (Bac Lieu) ខេត្តក្រមួន​ស ដែល​​វៀតណាម​​ដាក់​ឈ្មោះ​ថ្មីថា​ គៀង យ៉ាង (Kieng Gian) និងខេត្តមាត់ជ្រូក ​ដែល​​វៀតណាម​​ដាក់​ឈ្មោះ​ថ្មីថា​ អាង យ៉ាង (An Gian) ជាដើម ក៏មិមមានចាត់តាំងកម្មវិធីប្រឡងរួមឡើយ មាន​តែចាត់តាំងកម្មវិធីប្រឡងជា​លក្ខណៈ​ឯកជន​តាម​រៀង ៗ ​វត្ត តែប៉ុណ្ណោះ ។

​ទាក់ទងនឹងរបៀបចាត់តាំងការប្រឡងរបស់ព្រះសង្ឃនៅដែនដីកម្ពុជាក្រោម ពិសេសការចាត់តាំង​ប្រឡង​នៅ​ខេត្ត​ព្រះ​ត្រពាំង​នោះ វិទ្យុសំឡេង​កម្ពុជាក្រោម​ និង​សារព័ត៌មានព្រៃនគរ​ មិន​អាច​ទាក់​ទង​សុំការបំភ្លឺពីការិយាល័យសាលាគណខេត្តបានឡើយ ។ តែ​ទៅទោះជាយ៉ាងនេះក្ដី តាមការ​ឲ្យ​ដឹង​ពី​ប្រធាន​សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ​នៅតាម​ស្រុក​មួយ​ចំនួន​ នៃ​ខេត្ត​ព្រះ​ត្រពាំង​ថា ដើម្បី​ទ្រទ្រង់វិស័យពុទ្ធិកសិក្សានេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត​ព្រះ​ត្រពាំង ​បាន​បង្កើត​សាខា​​​សមាគម​ព្រះសង្ឃសាមគ្គី​ស្នេហា​ជាតិ និង​សមាគមពុទ្ធិកសិក្សា​តាម​ស្រុកនិមួយ​ ៗ តាំង ៨ ស្រុកនៅក្នុង​ខេត្ត ។

ហើយ​វត្តទាំង ១៤៣ វត្តនៅក្នុងខេត្តមានកាតព្វកិច្ចបង់វិភាគទានសិក្សា ដល់​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ខេត្ត ក្នុង​មួយ​ឆ្នាំ​មួយវត្ត​ចំនួន​ ១ ​លានដុងស្មើនឹងប្រមាណ ៤០​ ទៅ ៥០ ដុល្លារ​អាមេរិក ។

យោងតាមសន្និបាតលើកទី​ ៣ នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង អាណត្តិ​កាលទី​ ៧ (២០១៨-២០២៣) ដែល​ធ្វើ​ឡើង​នៅ​វត្ត​ពោធិសាល​រាជកំពង់​ក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង​ កាល​ពីថ្ងៃ​ទី ២៨ ធ្នូ​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ​ឲ្យដឹងថា ព្រះសង្ឃទាំង៨ស្រុក ក្រុង ឆ្នាំ ២០២០ មានចំនួន ៣.៣០២ អង្គ ។

ការសិក្សាអប់រំ កំរិតពុទ្ធិកមធ្យមសិក្សា បឋមភូមិឆ្នាំទី១-៤ មាន ១១៤ បន្ទប់ មានសិស្សចំនួន ២.២៤៦ អង្គ រូប គ្រូបង្រៀនមានចំនួន ​១៣៦៨ អង្គ រូប ។ កំរិតពុទ្ធិកមធ្យមសិក្សា ទុតិយភូមិឆ្នាំទី ១-ទី ៣ មាន ១៧ បន្ទប់ មានចំនួនសិស្ស ៤៩៥ អង្គ រូប គ្រូបង្រៀន មាន ​១៨៧ អង្គ រូប ។ កំរិតពុទ្ធិកសិក្សាថ្នាក់បរិញ្ញាប័ត្រក្នុងប្រទេសមាន ​២០ អង្គ និងសមណនិស្សិត​ជាង ១០០ អង្គទៀត​កំពុង​សិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិត នៅក្រៅ​ប្រទេស ។

ចំពោះថវិកាសម្រាប់ទម្រង់ដល់វិស័យសិក្សាអប់រំនេះវិញ បានចំណាយអស់ជាង ២៥០.០០០.០០០ កោដិដុង ស្មើនឹងប្រមាណ ៧ ៥០.០០០ ( ប្រាំពីរសែនប្រាំម៉ឺន) ដុល្លារអាមេរិក ៕

Leave A Reply

Your email address will not be published.