សេចក្ដីថ្លែងអំណរគុណរបស់ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ
សេចក្ដីថ្លែងអំណរគុណរបស់ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ចំពោះអំណោយសប្បុរសធម៌តាមរយៈសហព័ន្ធខ្មែរកម្ពុជាក្រោម និងតាមរយៈឯកជន ជួយដល់ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ក្នុងដំណាក់កាលរាតត្បាតខ្លាំងនៃជំងឺកូវិដ-១៩

នាងខ្ញុំប្រធានក្រុមជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ
ព្រះតេជព្រះគុណអស់លោក លោកស្រី ជាទីគោរពរាប់អាន គ្រាន់តែក្នុងសប្ដាហ៍ថ្ងៃនេះ មានមនុស្សប្រមាណ ២០ នាក់ ក្នុងចំណោមជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ជាង ២០០ នាក់ ទៅហើយ កំពុងឆ្លងជំងឺ Covid-19 ។ ក្នុងចំណោម ២០ នាក់ នេះ មាន ១០ នាក់ ដែលរួមមានក្មេង ៣ នាក់គឺ ក្មេងស្រីអាយុ ១ ខួបម្នាក់ ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ និងក្មេងស្រី អាយុ ៦ ឆ្នាំម្នាក់ ហើយក្នុងចំណោមនេះ សោតទៀត មានស្ត្រីវ័យកណ្ដាលម្នាក់ កំពុងស្រាកព្យាបាលក្នុងមន្ទីរពេទ្យ ឯ ៩ នាក់ ក្រៅពីនេះ កំពុងសម្រាកកព្យាបាលក្នុងមណ្ឌលចត្តាឡីស័ក ចំណែក ១០ នាក់ដែលពាក់ព័ន្ធ ស្ថិតក្នុងការសង្ស័យ ត្រូវជាប់បម្រាបក្នុងផ្ទះ ១៤ ថ្ងៃ ។
ព្រះតេជព្រះគុណអស់លោក លោកស្រី ជាទីគោរពរាប់អាន ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកវេទនានេះ ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ក៏ទទួលបានជំនួយឧបត្ថម្ភរបស់សប្បុរសជនតាមរយៈប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ដែលមានចំនួនទឹកប្រាក់ ៣ ពាន់ដុល្លារអាមេរិក ស្មើនឹង ៩ ម៉ឺន ៣ ពាន់បាត ។

ប្រាក់ ៩ ម៉ឺន ៣ ពាន់បាតនេះ ត្រូវបានឧបត្ថម្ភដល់ដៃជនភៀសខ្លួនខ្មែរក្រោម ជាង ២០០ នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន ពី ៣៥០ ទៅ ៤០០ បាត ទៅតាមស្ថានភាពនៃគ្រួសារ ដែលមានគ្នាតិច និងច្រើន ។ សូមបញ្ជាក់ថា ប្រាក់ ៣៥០ ឬ ៤០០ បាត នេះ ស្មើនឹងប្រមាណជាង ១០ ដុល្លារអាមេរិក ។
ព្រះតេជព្រះគុណ អស់លោក លោកស្រី ជាទីគោរព ក្នុងដំណាក់កាលរាតត្បាតខ្លាំងនៃជំងឺកូវិដ-១៩ នេះ ក្រៅពីជំនួយតាមរយៈសហព័ន្ធខ្មែរកម្ពុជាក្រោម នេះ ជនភៀសខ្លួនក្រោម ក៏នៅមានដង្ហើមរស់ថែមទៀតដែរ ៖
ទី ១ ទទួលបានជំនួយឧបត្ថម្ភពីក្រុមគ្រួសារលោក សាន សាង អតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា សព្វថ្ងៃលោករស់នៅអាមេរិក ចំនួនទឹកប្រាក់ ៣ ម៉ឺនបាតតាមរយៈអ្នកគ្រូរបាំ ដែលជនភៀសខ្លួនខ្មែរក្រោម គឺអ្នកស្រី យ៉ាង ស្រីនឿន ដោយក្នុងនេះ ជនភៀសខ្លួនទទួលបានក្នុងមួយគ្រួសារ អង្ករ ៨ គីឡូក្រាម និងមី ១ កេស ។
ទី ២ ទទួលជំនួយឧបត្ថម្ភពីសប្បុរសជនតាមរយៈ លោក ឡឹម ថា និងព្រះតេជព្រះគុណ យីម ហា (អ៊ុក) ដែលជាគណៈកម្មការ និងជាព្រះចៅអធិការវត្ត កេតនៈ (រ៉ូស្មរ) ខ្មែរ ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី មានទឹកប្រាក់ចំនួន ២ ពាន់ដុល្លារអូស្ត្រាលីស្មើនឹង ៤ ម៉ឺន ៧ ពាន់ បាត ដែលក្នុងមួយគ្រួសារជនភៀសខ្លួន ទទួលបានអង្ករ ១០ គីឡូក្រាម និងស្ករស ១ គីឡូក្រាម ។
ទី ៣ ទទួលជំនួយឧបត្ថម្ភ ពីលោកស្រី លី ណាហួរ នៅប្រទេសម៉ាឡេស៊ី ដែលលោកស្រីមានស្រុកកំណើត នៅស្រុកព្រៃជាប់ ខេត្តឃ្លាំង កម្ពុជាក្រោម មានទឹកប្រាក់ចំនួនជាង ២ ពាន ម៉ាឡេស៊ី ស្មើនឹងជាង ១៦០០០ បាត សម្រាប់ឧបត្ថម្ភដល់កម្មវិធីសិក្សាអប់រំរបស់ក្រុមជនភៀសខ្លួនខ្មែរក្រោម ។ បន្ថែមពីលើនេះទៀត នៅមានសប្បុរសជនវៀតណាម មួយក្រុម ក៏បានឧបត្ថម្ភដល់ក្រុមជនភៀសខ្លួនក្រោមនូវកញ្ចប់ ១៦០ ចំនួនកែសផងដែរ ។

ព្រះតេជព្រះគុណ អស់លោក លោកស្រី ជាទីគោរពរាប់អាន នៅក្នុងខែឧសភា ឆ្នាំ ២០២០ ហើយស្ថិតក្នុងសម័យកូវិដ-១៩ នេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាប់ផ្ដល់អំណោយដែលមានទំហំទឹកប្រាក់យ៉ាងច្រើនដូច្នេះ ដល់ជនភៀសខ្លួនខ្មែរក្រោម ម្ដងផងដែរ ។
អំណោយសប្បុរសជន ក្នុងពេលនេះ ទោះតិចក្ដី ច្រើនក្ដី ក៏ជាភោគសម្បត្តិមហាសាល សម្រាប់ជនភៀសខ្លួនខ្មែរក្រោមដែរ ។ នាងខ្ញុំ ឡឹម ធី ថៃ ប្រធានក្រុមជនភៀសខ្លួនខ្មែរក្រោម គ្មានអ្វីក្រៅពីលើកម្រាមដៃដប់ ជំនួសមុខឱ្យបងប្អូនជនភៀសខ្លួនខ្មែរក្រោម នៅថៃទាំង មូលសូមប្រសិទ្ធពរជូនដល់បងប្អូនសប្បុរសជនគ្រប់រូប សូមឲ្យជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ ៕
ធ្វើនៅបាងកក ថ្ងៃសៅរ៍ ទី ២២ ខែឧសភា ឆ្នាំ ២០២១
ប្រធានក្រុមជនភៀសខ្លួនខ្មែរក្រោម ឡឹម ធី ថៃ