សារលិខិត ពីប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម

0 737

មុន​ពេល​ចូលឆ្នាំ​សកល ឆ្នាំ ២០២១ ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី ១ ខែមករា ខាងមុខនេះ ពី​សហរដ្ឋអាមេរិក លោក ប្រាក់ សេរី​វុឌ្ឍ ជា​ប្រធានប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ផ្ញើ​សារ​ប្រគេន និង​ជូនពរ​សព្ទសាធុការ​ដល់​ជនរួមជាតិ​ខ្មែរ​នៅ​គ្រប់ទិសទី ក្នុង​នោះ​មាន​សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម នៅ​ជុំវិញ​ពិភពលោក និង​ពលរដ្ឋខ្មែរ​ក្រោម ដែល​កំពុងតែ​រស់នៅ​ក្រោម​នឹម​អាណានិគម​យួន នៅ​ដែនដី​កម្ពុជាក្រោម ឲ្យបាន​ប្រកប​តែ​សេចក្ដីសុខ​សេចក្ដីចម្រើន​គ្រប់​ទិនទិវា ជាពិសេស​ឲ្យ​មាន​សិទ្ធិ​សេរីភាព ដូចជា​ជាតិសាសន៍​នានា​ក្នុង​ពិ​ភលោ​ក ។ អម​ដោយសារ​សារ​ប្រគេន និង​ជូនពរ លោក ប្រាក់ សេរី​វុឌ្ឍ ក៏បាន​រំឭក​ឡើងវិញ អំពី​សកម្មភាព​នានា ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ធ្វើ​នៅក្នុង​ឆ្នាំ ២០២០ កន្លងទៅ​នេះ ។ ខាងក្រោមនេះ ជាខ្លឹមសារដើមនៃសារជូនពរ ៖

     លោក ប្រាក់ សិរីវុឌ្ឍ​ ​ប្រធាន​ប្រតិបត្តិសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

លោក ប្រាក់ សិរីវុឌ្ឍ​ ​ប្រធាន​ប្រតិបត្តិសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

​សួស្តី​ឆ្នាំ​ថ្មី ២០២១, ​ថ្ងៃ​ពុធ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០

សូម​ផ្ញើ​នូវ​សេចក្តី​នឹករលឹក ជូន​ចំពោះ បងប្អូន មិត្រ​ភក្តិ ជា​សមាជិក និង​អ្នក​ឧបត្ថម្ភក៍ គាំទ្រ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាំងអស់ ជាទី​ស្រឡាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ​បំផុត ។

ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដ៏​លំបាក ហើយ​យើងទាំងអស់គ្នា​កំពុង​ឆ្លង​មកដល់​ទីបំផុត​នៃ​បទពិសោធន៍ ពេញ​មួយឆ្នាំ​នេះហើយ ។ ទន្ទឹមគ្នា​នឹងរដូវ​វិស្សមកាល​លំហែ​សម្រាក​ពី​ការងារ​ផង និង ​ជា​ពេល​ដំណាច់ឆ្នាំ​ផងដែរ​នេះ ក្នុងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខ្ញុំបាទ​សូម​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទាំង​ក្តី​វិបត្តិ​ស្មុ​គ្រ​ស្មាញ ទាំង​ការលំបាក​តស៊ូ និង​ទាំង​បញ្ហា​ប្រឈម​ដទៃ​ជាច្រើន​ទៀត នឹងត្រូវ​បញ្ចប់ទៅ​ជាមួយគ្នា​ នៅក្នុង​ឆ្នាំ​នេះដែរ ហើយ​ឆ្នាំ​ថ្មី ២០២១ ចូលមក សូម​នាំមក​ជាមួយ​នូវ សុខសន្តិភាព សិរី​មង្គល និង​សេចក្តីចម្រើន​រុងរឿង ជូន​ដល់​ក្រុមគ្រួសារ​បងប្អូន និង​មិត្រ​ភក្តិ ជាទី​ស្នេហា​គ្រប់ៗ ​គ្នា ។

ឥឡូវ​ឆ្នាំ​នៃ​ភាព​អួ​អ័ព្ទ ខុសពី​ការរំពឹងទុក​របស់​យើង ​កំពុង​រំកិល​មកដល់​ទីបញ្ចប់​ដែរ​ហើយ​ ក៏​ជា​ពេល​យើង​គួរ​គប្បី​រំលឹក​អំពី​សកម្មភាព​ទាំងឡាយ ​ដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បំពេញការងារ​តស៊ូ​មតិ ដើម្បី​ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន ជូន​ដល់​បងប្អូន​ខ្មែរក្រោម ដែល​ត្រូវ​យួន​បំបិទមាត់​មិន​ឲ្យ​បញ្ចេញ​សំឡេង​តវ៉ា នៅ​ដែនដី​កម្ពុជា​ក្រោម ជាទី​ស្នេហា​បំផុត​របស់​យើង​ផងដែរ ។ ជាបឋម ខ្ញុំ​សូម​សម្ដែង​នូវ​ការដឹងគុណ​ជាពិសេស​និង​អស់ពីដួងចិត្ត ចំពោះ​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ និង​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​បរិច្ចាគ​ទ្រព្យសម្បត្តិ របស់​បងប្អូន មិត្រ​ភក្តិ ចូលរួម​ជួយឧបត្ថម្ភ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​មានលទ្ធភាព​គ្រប់គ្រាន់ ​ដើម្បី​បំពេញការងារ​របស់ខ្លួន​បាន​ពេញលេញ ទោះបី​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក និង​ព្រួយបារម្ភ​ក៍ ពី​ជំងឺ​រាតត្បាត កូ​វីដ-១៩ ក៏ដោយ ។ ក្រុមការងារ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​សេចក្តីព្រួយ​លំបាក កើត​ពី​ជំងឺ​រាតត្បាត​ដាក់​ទៅ​ម្ខាង ហើយ​បន្ត​សកម្ម​ការងារ​ជា​ក្រុមៗ តស៊ូ​មតិ​ទាមទារ​សិទ្ធិ​ស្របច្បាប់​ឲ្យ​ខ្មែរក្រោម តាម​ស្ថាន​ភាព អំណោយ និង​គ្រប់​បែបផែន ។ ជា​លទ្ធផល​ពេញ​មួយឆ្នាំ ២០២០ នេះ ប្រសិទ្ធិភាព​ការងារ ​ដែល​គួរ​ឲ្យ​លើក ទឹកចិត្ត រួមមាន​៖

មុនពេល​រោគរាតត្បាត កូ​វីដ-១៩ មិនទាន់​រីក​រាលដាល នៅ​សហរដ្ឋអាមេរិក មន្ត្រី​តំណាង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ក្នុង​សកម្មភាព​ដូចតទៅ​៖

  • ​ថ្ងៃទី ១៦ ដល់ ១៧ ខែមករា​៖ លោក ប្រាក់ សិរីវុឌ្ឍ​ លោក រី​គ្គី ត្រឹង និង លោកស្រី ជូ​លៀត ត្រឹង បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក មន្ត្រី​នៃ​គណៈកម្មការអន្តរ​សាសនា សេរី នៃ​សហរដ្ឋអាមេរិក ។ ឱកាស​នោះដែរ លោក ប្រាក់ សិរីវុឌ្ឍ ក៏បាន​ទទួល​ជួប​សម្ភាសន៍​ជាមួយ វិទ្យុ​អាស៊ីសេរី (RFA) ​និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ផ្នែក​ខេមរភាសា ផងដែរ ។
  • ថ្ងៃទី ២២ ខែមករា​៖ លោក ម៉ៅ មុនី បាន​អញ្ជើញ​ទៅ អង្គការសហប្រជាជាតិ ​នៅ​បុរី​ញូវយ៉ក ដើម្បី​ចូលរួម​វគ្គ​ពិភាក្សា​នៃ​គណៈកម្មការ អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ត្រូវ​សើរើ​ពិនិត្យឡើងវិញ​នូវ​ពាក្យសុំ​សមាជិកភាព​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងឋានៈ​ជា​អ្នកពិគ្រោះ​ស្ថានការណ៍​ជាមួយ​ស្ថាប័ន អ៊ី​កូ​សក (ECOSOC) នៃ អ.ស.ប ។ ពាក្យសុំ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​ពន្យា​លើក​ទៅ​ពេល​ក្រោយ​វិញ ។ ប្រសិនបើ​កិច្ចពិភាក្សា​មិន​ត្រូវបាន​លុបចោល ​ដោយសារ​រោគរាតត្បាត​មករា​រាំង​ទេនោះ ពាក្យសុំ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងត្រូវ​លើកយក​មក​ពិនិត្យ​ជាថ្មី​នៅ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ​ជាមិនខាន ។
  • ​ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៨ ខែកុម្ភៈ​៖ សមាជិក​មួយក្រុម​តំណាង​ឲ្យ​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៃ​ទីក្រុង​សាន់​ហូ​ស្សេ (San Jose) សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោក ថាច់ ត្វ​ង និង លោក ថាច់ ជួន បានធ្វើ​ដំណើរ​ទៅ​រដ្ឋ​ហា​វ៉ៃ ដើម្បី​ជួយ​លោក​បណ្ឌិត ចូ​ស្វ័​រ ឃូ​ភឺ​រ (Joshua Cooper) ក្នុង​ការងារ​ជួសជុល​ផ្នែក​ខាងក្រៅ​គេហដ្ឋាន​របស់គាត់ ។ នេះ​ជា​សកម្មភាព​មួយ ​ដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ដូចជា​ការផ្ដល់​រង្វាន់​លើកទឹកចិត្ត​មួយ ជូន​ម្តាយ លោក បណ្ឌិត ឃូ​ភឺ​រ ។ កាយវិការ​សប្បុរសរ​បស់​ក្រុមការងារ​នៃ​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទីក្រុងសាន់​ហូ​ស្សេ នេះ គឺ​ចង់បង្ហាញ​អំពី​ទឹកចិត្ត​ថ្លែងអំណរគុណ​តប​ចំពោះ លោក បណ្ឌិត ឃូ​ភឺ​រ ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​ជ្រោមជ្រែង​ការងារ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងទៅនេះ ។
  • ​ចាប់ពី​ថ្ងៃទី ១៦ ដល់ ២០ ខែកុម្ភៈ ៖ លោក ម៉ៅ មុនី ជា​អនុប្រធាន​ប្រតិបត្តិ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អញ្ជើញ​ទៅ​ការិយាល័យ​នៃ​កិច្ចការរដ្ឋ​ហា​វ៉ៃ (Office of Hawaii Affairs) ដើម្បី​សិក្សា​អំពី​ទម្រង់​នៃ​ការអនុវត្ត ​ស្តីពីការសម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង របស់​ជនជាតិដើម​ហា​វ៉ៃ ។ នៅ​សាកលវិទ្យាល័យ វែ​ស​ហូ​វ៉ា​, (West Oahu University) រដ្ឋ​ហា​វ៉ៃ ដដែល លោក ម៉ៅ មុនី បានទទួល​អញ្ជើញ​ទៅធ្វើ​បទឧទ្ទេសនាម​មួយ​ស្តីអំពី «នរណា​ជា​ខ្មែរក្រោម និង​ខ្មែរក្រោម ​នៅឯណា​?» ដែល​បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្លា​ នៅក្នុង​ចំណោម​និស្សិត​ទាំង​អស់នៃ​ថ្នាក់​សិក្សា​របស់លោក​បណ្ឌិត ចូ​ស្វ័​រ ឃូ​ភឺ​រ នៅពេល នោះ ។ ការងារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត ​គឺ លោក ម៉ៅ មុនី ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ថ្លែង​សុន្ទរកថា នៅឯ​សន្និសីទ ស្តីពី​សិទ្ធិមនុស្ស នៅ​អង្គនីតិប្បញ្ញត្តិ​រដ្ឋ​ហា​វ៉ៃ ដែល​បាន​ទាញ​នូវ​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សំណាក់​ក្រុមអ្នកច្បាប់​ នៅ​ទីនោះ ។
  • ​ថ្ងៃទី ២៦ ខែកុម្ភៈ​៖ លោក រី​គ្គី ត្រឹង និង បណ្ឌិត ចូ​ស្វ័​រ ឃូ​ភឺ​រ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ក្រសួងការបរទេស នៃ​សហរដ្ឋអាមេរិក ។​

នៅពេលដែល​ជំងឺ កូ​វីដ-១៩ ចាប់ផ្តើម​រីក​រាលដាល គម្រោងការ​ធ្វើដំណើរ​ទាំ​ង​ប៉ុន្មាន​សម្រាប់​កិច្ច​ការតស៊ូ​មតិ ​ដើម្បី​សិទ្ធិ​ខ្មែរក្រោម​ ដែល​បានរៀបចំ​ហើយ​របស់​មន្ត្រីសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​អាក់ខាន ។ ក្នុងនោះ មានដូចជា ត្រូវ​បង្ខំចិត្ត​លុបចោល​សន្និសីទ​សាកល​មួយ ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​បាន​ប្តូរ​សម្រួល​មកជា​របៀប​ធ្វើការ​តាមបែប​ប្រយោល​វិញ សកម្មភាព​ទាំងនោះ ​រួមមាន​៖

  • ​ថ្ងៃទី ៣០ ខែឧសភា​៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង វិទ្យាស្ថាន​ហា​វ៉ៃ​ដើម្បី​សិទ្ធិមនុស្ស បានរៀបចំ​ទូរ​សន្និសីទ​ប្រយោល​មួយ ក្រោម​ប្រធានបទ «​សម្រេច​វាសនា​ដោយ​ខ្លួនឯង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយនឹង​របៀបគម្លាត​សង្គម​» ។
  • ​ថ្ងៃទី ០៣ មិថុនា (​ត្រូវ​នឹង​ថ្ងៃទី ០៤ នៅ​កម្ពុជា​ក្រោម) សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​ទូរ​សន្និបាត​មួយ ដើម្បី​រំលឹក​ព្រឹត្តិការណ៍​ថ្ងៃទី ០៤ ខែមិថុនា ។
  • ​ថ្ងៃទី ២០ ខែមិថុនា​៖ លោក ប្រាក់ សិរីវុឌ្ឍ បានផ្តល់​បទសម្ភាសន៍ ជាមួយនឹង​វិទ្យុ​សំឡេង​សហរដ្ឋ អាមេរិក (VOA) អំពី​ការ​រំលឹក​នៃ​ទិវា​ជនភៀសខ្លួន​ពិភពលោក ។ ខ្មែរក្រោម ​មាន​ជនភៀសខ្លួន​ជាង ៦០ គ្រួសារ​នៅ​ប្រទេស​ថៃ កំពុង​ស្វែងរក​ឋានៈ​ជា​ជនភៀសខ្លួន ក្នុងស្ថានភាព​ដ៏​លំបាក​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ សមាជិក និង​សប្បុរសជន មេត្តាជួយ​ជា​វិភាគទាន ដល់​បងប្អូន​ជនភៀសខ្លួន​ខ្មែរក្រោម ដែល​កំពុង​ប្រឈម​បញ្ហា​គ្រប់ជំពូក ​នៅក្នុង​ដំណាក់កាល​នៃ​ជំងឺ​រាតត្បាត​ដ៏​គួរ​ឲ្យ​បារម្ភ​នេះ ។​
  • ចាប់ពី​ថ្ងៃទី ២៦ ដល់ ២៧ ខែមិថុនា​៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម វិទ្យាស្ថាន​ហា​វ៉ៃ​ ដើម្បី​សិទ្ធិមនុស្ស និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដទៃ​ផ្សេងទៀត បានរួម​គ្នា​រៀបចំទូរ​សន្និសីទ ដើម្បី​រំលឹកដល់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ក្រោម​ប្រធានបទ «​បញ្ជាក់​ឡើងវិញ នូវ​ជំនឿ​របស់​យើង​លើ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង ជម្រុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​សេរីភាព​កាន់តែ​រីក​ធំ​» ។
  • ​ថ្ងៃទី ១២ ខែកញ្ញា (​ត្រូវ​ថ្ងៃ ១៣ ខែកញ្ញា នៅ​កម្ពុជា​ក្រោម) សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​កម្មវិធី​ពិភាក្សា​តាម ទូរ​សន្និបាត​រំលឹក​ទិវា នៃ​សេចក្តីប្រកាស ស្តីអំពី​សិទ្ធិ​ជនជាតិដើម ។
  • ថ្ងៃទី ០៩ ខែធ្នូ (ថ្ងៃទី ១០ ខែធ្នូ នៅ​កម្ពុជា​ក្រោម) សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​ទិវា​រំលឹក​ខួប ៧២ ឆ្នាំ នៃ សេចក្តីប្រកាស​ជាស​កល ស្តីអំពី សិទ្ធិមនុស្ស​អន្តរជាតិ ។​

ក្នុងខណៈពេល​កំពុង​ប្រឈម​នឹង​ការលំបាក​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាតកូ​វីដ-១៩ ខ្មែរក្រោម អ្នក​គ្មាន​សំឡេង នៅតែ​បន្ត​ទទួលរង​នូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស ពី​សំណាក់រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​របាយការណ៍​ជាច្រើន ជូនទៅ​អង្គការសហប្រជាជាតិ ទៅកាន់​ប្រទេស​ម្ចាស់ជំនួយ​ទៅ​ឲ្យ​ប្រទេសវៀតណាម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា ដែល​កំពុង​តស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស ឲ្យ​រួមគ្នា​ថ្កោលទោស​ប្រទេស​វៀតណាម ចំពោះ​ការរំលោភ​សិទ្ធិ​មកលើ​ខ្មែរក្រោម មានដូចជា សិទ្ធិ​លើដី​ធ្លី សេរីភាព​នៃ​ការបញ្ចេញមតិ និង​សិទ្ធិ​ជំនឿ​សាសនា ។ ផលប៉ះពាល់​បណ្តាល​ពី​រោគ កូ​វីដ-១៩ បានធ្វើ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ផ្លាស់ប្តូរ​មធ្យោបាយ​ក្នុងការ​តស៊ូ​មតិ​ ដើម្បី​សិទ្ធិ​របស់​ខ្មែរក្រោម និង​វិធី​ទាក់ទង​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រើប្រាស់​បណ្តាញ​សង្គម និង ទូរ​សន្និបាត​ប្រយោល ដើម្បី​ចែករំលែក​ព័ត៌មាន ។ ក្រុមការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ សំឡេង​កម្ពុជា​ក្រោម (VOKK) បាន​អភិ​វ​ឌ្ឃ​សមត្ថភាព​ការងារ​របស់ខ្លួន​កាន់តែ​ប្រសើរឡើង ហើយ​បានធ្វើ​ការងារ​ដ៏​អស្ចារ្យ​ ដើម្បី​បង្ហាញ​បច្ចុប្បន្នភាព ជូន​សមាជិក និង​ប្រិយមិត្ត​អ្នកគាំទ្រ​ទាំងឡាយ ​អំពីសកម្មភាព​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​មកលើ​ខ្មែរក្រោម ​នៅ​ដែនដី​កម្ពុជា​ក្រោម ។ បន្ថែម​លើ​នេះ ក្នុងរយៈ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ តំណាង​គណៈកម្មការ​យុវជនរបស់ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កញ្ញា វឺ​ជី​នៀ ថាច់ បានរៀបចំ​ខ្សែ​វីដេអូ​ជា​ភាសា​អង់គ្លេស​តាម​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត ក្រោម​ប្រធានបទ «​ឈ្វេងយល់ និង​អភិរក្ស​អត្តសញ្ញាណ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម និង​នៅ​បរទេស​» ។​

ឆ្នាំ​ថ្មី​នៃ​ឆ្នាំ​សាកល ចូលមក​ដល់ យើង​នៅតែ​រក្សា​ការប្តេជ្ញាចិត្ត​យ៉ាង​មឺ​ង​ម៉ាត់​ដោយ​គ្មាន​ញញើត ​ក្នុងការ​ស្វែងរក​យុត្តិធម៌​ សម្រាប់​ខ្មែរក្រោម ​អ្នក​ដែល​ត្រូវគេ​បំបិទ​សំឡេង នៅ​ដែនដី​កម្ពុជា​ក្រោម ជាទី​ស្នេហា​របស់​យើង លុះត្រា​បាន​ជោគជ័យ​ជា​ស្ថាពរ ។​

​សួស្តី​ឆ្នាំ​ថ្មី ឆ្នាំ ២០២១!

ដោយ​សេចក្តីស្រឡាញ់ រាប់អាន ដ៏​ជ្រាលជ្រៅ​បំផុត ។​

​ហត្ថលេខា និង ត្រា​

ប្រាក់ សិរីវុឌ្ឍ​

​ប្រធាន​ប្រតិបត្តិ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ចុចអានតាម PDF ជាភាសា អង់គ្លេស

Leave A Reply

Your email address will not be published.