ប្រវត្តិ វត្ត​រតន​ទី​បា​រាម​កោះ​កែវ (​អូរ​មិច​)

0 1,400

ដោយ ថាច់ ប្រីជា គឿន​

​វត្ត​រតន​ទី​បា​រាម​កោះ​កែវ (​អូរ​មិច​) ឋិត​នៅក្នុង​ភូមិ​អូរ​មិច ឃុំ​អូរទទឹង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង (Ap Ô Mịt, xã Châu Điền, huyện Cầu Kè, tỉnh Trà Vinh) បាន​កសាងឡើង​ក្នុង ព​. ស​. ២១០៥ គ​. ស​. ១៥៦១ បើ​គិត​មកដល់​ឆ្នាំ ២០១៨ នេះ វត្តមាន​អាយុកាល ៤៥៧ ឆ្នាំ ។ ដើម្បី​បានក្លាយ​ទៅជា​វត្ត​ជា​ផ្លូវការ វត្ត​អូរ​មិច ត្រូវបាន​កសាងឡើង​ចំនួន ៣ ដំណាក់កាល និង បាន​ផ្លាស់ប្ដូរ​ទីកន្លែង​ចំនួន ៣ លើក ។​

​អំពី​នាម​វត្ត​៖

​យោងតាម​ផ្ទាំង​សីលា​ចារឹក​ដែល​បានដាក់​តាំងនៅ​ក្នុង​វត្ត​ស្ដីអំពី​ប្រវត្តិ វត្ត​រតន​ទី​បា​រាម​កោះ​កែវ (​អូរ​មិច​) បាន​បញ្ជាក់ថា នាម​វត្ត​អូរ​មិច សព្វថ្ងៃ ត្រូវបាន​ប្ដូរ​ឈ្មោះ​អស់ ៤ លើក តាមរយៈ​ដំណាក់កាល នៃ​ការកសាង​វត្ត​ម្ដងៗ ។ ដំណាក់កាល​នៃ​ការកសាង​វត្ត​លើកដំបូង វត្ត​ត្រូវបាន​ដាក់ឈ្មោះថា “​វត្ត​ព្រែក​រលួស​” ដំណាក់កាល​ទី ២ ដាក់ឈ្មោះថា “​វត្ត​ភូមិ​ត្បូង​ជិត​” និង ដំណាក់កាល​ទី ៣ ដាក់ឈ្មោះថា “​វត្ត​ថ្មី​សិរី​អូរ​មិច ។ ក្រោយមកទៀត វត្ត​ត្រូវបាន​ប្ដូរ​ឈ្មោះ​មកជា “​វត្ត​រតន​ទី​បា​រាម​កោះ​កែវ ហៅ វត្ត​អូរ​មិច​” រហូតមកដល់ សព្វថ្ងៃ ។​

​ដំណាក់កាល​កកើត​វត្ត​ជា​លើកដំបូង​៖

​ដំណាក់កាល នៃ ការកកើត​វត្ត​ជា​លើកដំបូង វត្ត​អូរ​មិច ត្រូវបាន​ព្រះសង្ឃ និង​ពុទ្ធបរ​ស័​ទ​ហៅថា “​វត្ត​ព្រែក​រលួស​” ដោយសារ​វត្ត​នេះ​កសាង​នៅក្នុង​ភូមិ​ព្រែក​រលួស ។ សព្វថ្ងៃ ទី​ដែល​កសាង វត្ត​ព្រែក​រលួស ត្រូវបាន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អូរ​មិច ហៅថា វត្ត​ចាស់ ។ វត្ត​ព្រែក​រលួស បាន​កសាងឡើង​អស់​ជាច្រើន​ឆ្នាំ តែ​អ្នកស្រុក​មិន​ប្រាកដថា កសាង​នៅក្នុង​ឆ្នាំ​ណា​ទេ ។ លុះ​មកដល់ ឆ្នាំ ព​. ស​. ២១០០ ដល់ ២១០១ ត្រូវ​នឹង គ​. ស​. ១៥៥៦ ដល់ គ​. ស​. ១៥៥៧ ក្រោម​ការគ្រប់គ្រង​រប​ស់​ព្រះចៅអធិការ​វត្ត ព្រះនាម សុខ ក៏​កើត​ឧប្បត្តិហេតុ ដូចជា មាន​សត្វ​ខ្លា​សាហាវ ចូល​ភូមិ ជាដើម ទើប​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​បាន​រុះរើ​វត្ត​ទៅ​កសាង​នៅ​កន្លែង ផ្សេង ដើម្បី​សុវត្ថិភាព ។​

​ដំណាក់កាល​កសាង​វត្ត​ជា​លើក​ទី ២៖

​បន្ទាប់ពី​រុះរើ វត្ត​ព្រែ​រលួស ព្រះតេជព្រះគុណ នាម សុខ បាន​ដឹកនាំ​ពុទ្ធបរិស័ទ​កសាង​វត្ត​នៅ​កន្លែង​ថ្មី​មួយ​ផ្សេងទៀត ហើយ​ប្រសិទ្ធ​នាម​វត្ត​ថា វត្ត​ភូមិ​ត្បូង​ជិត ។ វត្ត​នេះ​បាន​កសាងឡើង​ក្នុង​រវាង​ឆ្នាំ ព​. ស​. ២១០២ – ២១០៣ គ​. ស​. ១៥៥៨ – ១៥៥៩ ។ ព្រះសង្ឃ​ស្នាក់អាស្រ័យ​បាន​ប្រមាណ ២ ឆ្នាំ ប៉ុណ្ណោះ ក៏បាន​រើ​ទៅ​កសាង​នៅ​កន្លែង​ថ្មី​មួយទៀត ។​

​ដំណាក់កាល​កសាង​វត្ត​ជា​លើក​ទី ៣៖

​ក្រោយពី​រុះរើ វត្ត​ភូមិ​ត្បូង​ជិត ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​បាន​ទៅ​កសាង​វត្ត​នៅ​កន្លែង​ថ្មី​មួយទៀត ត្រង់​ទីវ​ត្ត​អូរ​មិច នាពេល​បច្ចុប្បន្ននេះ ហើយ​ប្រសិទ្ធ​នាម​ថា វត្ត​ថ្មី​សិរី​អូរ​មិច ។ វត្ត​នេះ​បាន​កសាង​បន្ទាប់ពី លោកតា នាម កែវ និង លោកយាយ ច្រៀប បាន​វេរ​ប្រគេន​ដីស្រែ​របស់ខ្លួន​ធ្វើជា​ដី​វត្ត នៅក្នុង​ខែជេស្ឋ ឆ្នាំ រកា ត្រី​ស័ក ព​. ស​. ២១០៥ គ​. ស​. ១៥៦១ ។ លុះ​មកដល់ ថ្ងៃ ១០ កើត ខែមាឃ ឆ្នាំ កុរ បញ្ច​ស័ក ព​. ស​. ២១០៧ គ​. ស​. ១៥៦៣ ទើបបាន​ធ្វើបុណ្យ​បញ្ចុះ​ខណ្ឌសីមា​វត្ត​ជា​ផ្លូវការ ។​
​មកដល់​សម័យ​ក្រោយ​ទៀត នៅក្នុង ព​. ស​. ២៤៩៩ គ​. ស​. ១៩៥៥ ក៏មាន​ការកែប្រែ​ឈ្មោះ​វត្ត​ម្ដង​ទៀតថា វត្ត​រតន​ទី​បា​រាម​កោះ​កែវ ហៅ វត្ត​អូរ​មិច រហូតមកដល់​សព្វថ្ងៃ ។​
​សព្វថ្ងៃ វត្ត​អូរ​មិច មាន​ផ្ទៃ​ប្រមាណ​​ជាង ២ ហែក​តា ដោយបាន​កសាង កុដិ សាលា ព្រះវិហារ និង ចេតិយ ជាដើម សម្រាប់​ព្រះសង្ឃ​ស្នាក់នៅ​សិក្សា​រៀនសូត្រ​ទាំង​អក្សរសាស្ត្រ​ខ្មែរ និង​គម្ពីរ​ដីកា​ព្រះពុទ្ធសាសនា និង សម្រាប់​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​កន្លង​មាគ៌ា​ពុទ្ធសាសនា ។​

​ឈ្មោះ​ភូមិ​នៅ​ជុំវិញ​វត្ត​៖

​ចំណុះជើងវត្ត នៃ វត្ត​រតន​ទី​បា​រាម​កោះ​កែវ (​អូរ​មិច​) មាន​ចំនួន ៨ ភូមិ គឺ ភូមិ​មាត់​កិ​ញ​, ភូមិ​ព្រែ​កសសរ​, ភូមិ​កំពង់​តា​ជ័យ​, ភូមិ​ស្នៀត​, ភូមិ​ព្រែ​អំពូរ​, ភូមិ​កណ្តាល​, ភូមិ​ត្បូង​វត្ត និង ភូមិ​ព្រែក​រលួស ។​
​តាំងពី​កកើត​វត្ត​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ វត្ត​រតន​ទី​បា​រាម​កោះ​កែវ (​អូរ​មិច​) បាន​ឆ្លងកាត់​ការគ្រប់គ្រង របស់​ចៅអធិការ​វត្ត​ជាច្រើន​ជំនាន់ ក្នុងនោះ មាន​ឧបជ្ឈាយ៍ ២ អង្គ គឺ ព្រះតេជព្រះគុណ នាម រាជ្យ និង ព្រះតេជព្រះគុណ សុវណ្ណ​ត្ថេ​រ ថាច់ សម ។ សព្វថ្ងៃ វត្ត​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ព្រះចៅអធិការ​វត្ត ព្រះនាម សុ​វីរិយ​ធ​ម្មោ ហង្ស សុផាត ៕

Leave A Reply

Your email address will not be published.