អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទាមទារអាជ្ញាធរវៀតណាម សុំទោសយុវជនខ្មែរក្រោម រឿងចាប់ខ្លួនទៅសួរចំលើយ និងដកហូតសៀវភៅសិទ្ធិជនជាតិដើម
ដោយ យាង សុធារិន្ទ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារឱ្យអាជ្ញាធរ និងសមត្ថកិច្ចវៀតណាម ខេត្តដូនណៃ សុំទោសយុវជនខ្មែរក្រោមជាសាធារណៈ ។ ការទាមទាមនេះ បន្ទាប់ពីអាជ្ញាធរវៀតណាម បានចាប់ខ្លួនយុវជនខ្មែរក្រោម ទៅសួរចំលើយអស់ជាច្រើនម៉ោង ដោយសារតែយុវជនខ្មែរក្រោម បានបោះពុម្ពចំលងសៀវភៅ សេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច ដើម្បីចែកចាយនៅ ដែនដីកម្ពុជាក្រោម ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការឃាត់ខ្លួន និងការបំភិតបំភ័យទៅលើ យុវជនខ្មែក្រោម ពីសំណាក់នគរបាលវៀតណាម ដោយសារតែការបោះពុម្ពចំលងសៀវភៅសិទ្ធិជនជាតិដើមភាគតិច របស់អង្គការសហប្រជាជាតិ គឺជារឿងគួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបានឡើយ ។
គួររម្លឹកថា កាលពីវេលាម៉ោងប្រមាណ ៤ រសៀល ថ្ងៃទី ១៣ ខែមេសា គឺមួយថ្ងៃមុនពិធីបុណ្យចូលឆ្នាំខ្មែរ នគរបាលវៀតណាម ខេត្តដូនណៃ សហការជាមួយនគរបាលខេត្តឃ្លាំង ជាង ១០០ នាក់ រួមមានទាំងនគរបាលចរាចរណ៍ នគរបាលសេដ្ឋកិច្ច នគរបាលសន្តិសុខផ្ទៃក្នុង ភាគច្រើនក្នុងសំលៀកបំពាក់ជានគរបាល ខ្លះមានរំពាត់ឆក់ផង បានមកធាក់ទម្លុះសោរទ្វារ និងឡោមព័ទ្ធផ្ទះជួលយុវជនខ្មែរក្រោមឈ្មោះ យឿង ខាយ ឋិតនៅភូមិ ១ ឃុំសុងត្រៅ ស្រុកត្រាងបូម ខេត្តដូនណៃ ដើម្បីរុករកសៀវភៅសេចក្តីប្រកាសអង្គការសហ ប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ។
បើតាមការឱ្យដឹងរបស់យុវជន យឿង ខាយ នគរបាលបានឡោមព័ទ្ធ និងបិទខ្ទប់ច្រកចេញ ចូលទាំងអស់ទៅកាន់ផ្ទះរបស់លោក ។ លោកថា នគរបាលប្រមាណ ៤០ នាក់ ខ្លះចូលផ្ទះ លោក ខ្លះនៅឈរពីមុខផ្ទះ ចំណែកប្រមាណ ១០០ នាក់ផ្សេងទៀត រង់ចាំឡោមព័ទ្ធនៅខាងក្រៅ ។
ទោះជាយ៉ាងណា នគរបាលទាំងនោះមករុករកដោយគ្មានលិខិត ឬដីកាបញ្ជាពីរដ្ឋអាជ្ញា ដើម្បីឆែកឆេរផ្ទះលោក យឿង ខាយ នោះឡើយ ។
ក្នុងពេលនោះ ពួកគេបានបង្ខំឱ្យលោក យឿង ខាយ សហការជាមួយពួកគេ ប៉ុន្តែ លោក យឿង ខាយ មិនព្រមសហការ និងបន្តទាមទារឱ្យនគរបាលបង្ហាញលិខិត ឬដីកាឆែកឆេរផ្ទះ និងបដិសេធចុះហត្ថលេខាលើឯកសារ ដែលពួកនគរបាលបានរៀប ចំដើម្បីឱ្យលោកចុះហត្ថលេខា ។
នគរបាលបានសួរចំលើយលោក យឿង ខាយ តាំងពីម៉ោង ៤ រសៀលរហូតដល់ម៉ោង ១០ យប់ និងបានចាប់យកទូរស័ព្ទដៃ កុំព្យូទ័រ និងរឹបអូសយកសៀវភៅសេចក្តីប្រកាសអង្គការ សហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចអស់ជាង ១០០ ក្បាល ។ ពួកគេក៏បាន ហាមឃាត់មិនឱ្យអ្នកណាទាំងអស់ថតវីដេអូពីសកម្មភាពរបស់ពួកគេ ។ នៅពេលឪពុក និង ប្អូនលោក យឿង ខាយ ដកទូរស័ព្ទចេញថត ពួកគេបានគំរាមឱ្យបិទទៅវិញ ។ ក្រៅពីនោះ ពួកគេបានបង្ខំឱ្យអ្នកជិតខាងលោក យឿង ខាយ ប្រហែល ២០ គ្រួសារទៀត បិទភ្លើងផ្ទះទាំងអស់ ព្រមទាំងបិទ Wifi និងប្រព័ន្ធទំនាក់ទំនងផងដែរ ។
នៅម៉ោងប្រហែល ១០ យប់ពួកគេបាននាំខ្លួនលោក យឿង ខាយ ទៅ កាន់អធិការដ្ឋាន នគរបាលស្រុក ត្រាង បូម ។ នៅទីនោះ លោកត្រូវបានសួរចំលើយដោយ មាននគរបាល ប្រហែល ៣០ នាក់នៅព័ទ្ធជុំវិញ ។ លោកត្រូវបាននគរបាលទាំងនោះ បណ្តាក់គ្នាសួរដូច ខ្យង និងបានសម្លុតគំរាមកំហែង លោកផងដែរ ។ នគរបាលខ្លះគំរាមថា បើយុវជន យឿង ខាយ មិនព្រមប្រាប់ថា អ្នកណានៅពីក្រោយទេ ពួកគេនឹងទាត់បំបាក់ឆ្អឹងជំនី ហើយខ្លះទៀត គំរាមថាវាយខ្នោះលោក និងហៅពួកនគរបាលព្រហ្មទណ្ឌមកចាត់ការលោក ។ល។
ទោះជាយ៉ាងណាក៏ដោយ យុវជន យឿង ខាយ មិនតក់ស្លុតចំពោះចំនួននគរបាលដ៏ច្រើន លើសលុប និងមិនញញើតចំពោះការគំរាមកំហែងរបស់ពួកគេនោះទេ ។ លោកនៅតែបដិសេធមិនចុះហត្ថលេខាលើលិខិតសួរចំលើយរបស់ក្រុមនគរបាលទាំងនោះ ។
នៅពេលដែលការព្យាយាមរបស់ពួកគេបង្ខំឱ្យយុវជន យឿង ខាយ ចុះហត្ថលេខាលើ លិខិតសួរចំលើយមិនបានសម្រេច ពួកគេបានប្រាប់យុវជន យឿង ខាយ ថាការបោះពុម្ព សៀវភៅសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិចដោយមិនបង់ពន្ធឱ្យរដ្ឋ គឺជារឿងខុសច្បាប់ ។
ទីបំផុត ពួកគេបានដោះលែងយុវជន យឿង ខាយ ឱ្យត្រឡប់មកផ្ទះវិញនៅវេលាម៉ោងប្រ មាណ ១២ ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមេសា ប៉ុន្តែ ពួកគេបានរឹបអូសយកសៀវភៅសេចក្តីប្រកាស អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចជាង ១០០ ក្បាលពីលោក យឿង ខាយ ។ ចំណែកទូរស័ព្ទដៃ កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត ពួកគេបានប្រគល់ឱ្យ លោក យឿង ខាយ វិញ ។
យុវជន យឿង ខាយ មានស្រុកកំណើតនៅភូមិដាយតាប៉ាយ ឃុំឡាកហ្វា (Lạc Hòa) ស្រុកជ្រោយ ញ ខេត្តឃ្លាំង ។ បច្ចុប្បនលោកឡើងធ្វើការងារជាកម្មករនៅរោងចក្រ SAN LIM FURNITURE នាតំបន់សួន ឧស្សាហកម្មខេត្តដូនណៃ ។ បើតាមលោក យឿង ខាយ នគរបាលវៀតណាម បានមកជួលផ្ទះស្នាក់នៅក្បែរផ្ទះរបស់ លោកដើម្បីបន្តឃ្លាំមើល និងតាមដានសកម្មភាពរបស់លោក ។

ប្រតិកម្មទៅនឹងរឿងនេះ នាយករងទទួលបន្ទុកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិ មនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ែសន (Phil Robertson) បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរថា ការបោះពុម្ពចំលង សៀវភៅដ៏សំខាន់ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិមនុស្សទាក់ ទងនឹងសិទ្ធិជនជាតិដើម មិនអាចត្រូវបានចាត់ចូលក្នុងអំពើខុសច្បាប់នោះឡើយ ។
លោកថា ការណ៍ដែលអាជ្ញាធរបានអៈអាងថា ការផលិតនេះមិនបានឆ្លងកាត់ការបង់ពន្ធជូនរដ្ឋនោះ គឺសុទ្ធតែជាលេសក្លែងបន្លំទាំងស្រុងរបស់អាជ្ញាធរវៀតណាម ដែលគេមិនអាច នឹងជឿបានសូម្បីតែបន្តិច ។
លោក ហ្វីល រ៉ូប៊ែសន បន្ថែមថា ការលបឆ្មក់ចូលរបស់ប៉ូលីសបែបនេះ គឺបានបង្ហាញឱ្យ ឃើញអំពីគំនិតបង្អាក់រំខានដល់កិច្ចខិតខំប្រឹងប្រែង របស់យុវជនខ្មែរក្រោម ដើម្បីផ្សព្វផ្សាយចំណេះដឹងស្តីអំពីសិទ្ធិអំណាចរបស់ពួកគេ ដើម្បីបញ្ជៀសឱ្យរួចអំពីការយាយី រំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ពីសំណាក់រដ្ឋអំណាចវៀតណាម ។
លោកអះអាងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលវៀតណាមបានដើរជាន់ លើសិទ្ធិរបស់ខ្មែរក្រោម មានដូចជា សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការបង្កើត សមាគម និងការតវ៉ាជាសាធារណៈ ដោយសន្តិវិធី ។ល។
លោកថា ការលបឆ្មក់ចូលផ្ទះលោក យឿង ខាយ នៅពេលនេះគឺជាផ្នែកមួយនៃការបន្ត បង្រ្កាបលើពលរដ្ឋខ្មែរក្រោម ។ លោកទាមទារថាអាជ្ញាធរវៀតណាមគួរគប្បីប្រគល់សង មកឱ្យលោក យឿង ខាយ វិញជាបន្ទាន់នូវឯកសារទាំងអស់ នៃសេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើម ហើយធ្វើការសុំទោសយុវជន យឿង ខាយ ជាសាធារណៈចំពោះការលបឆ្មក់ចូល និងការចាប់ខ្លួនយកទៅសួរចម្លើយ ។
ទន្ទឹមនឹងនេះ លោកថា អាជ្ញាធរវៀតណាមត្រូវគប្បីបញ្ឈប់ការតាមឃ្លាំមើលសកម្មភាព របស់លោក យឿង ខាយ ហើយនិងអនុញ្ញាតឱកយខ្មែរក្រោមប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ដោយមិនមានការប្រឈមមុខនឹងការតាមយាយី ឬការសម្លុតបំភ័យពីក្រុម នគរបាលវៀតណាម ។
ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ទៀ ថេន មានប្រសាសន៍ថា ការលើកឡើងរបស់ លោក ហ្វីល រ៉ូប៊ែសន គឺបង្ហាញពីការគាំទ្រ និងការលើកទឹកចិត្តរបស់មន្រ្តីការពារសិទ្ធិ មនុស្សអន្តរជាតិរូបនេះចំពោះយុវជនខ្មែរក្រោម ។ លោកឱ្យដឹងថា សហព័ន្ធខ្មែរកម្ពុជាក្រោម តែងបានបញ្ជូនឈ្មោះពលរដ្ឋខ្មែរក្រោម ដែលត្រូវបានអាជ្ញាធរវៀតណាម រំលោភបំពានសិទ្ធិទៅឱ្យមន្រ្តីសិទ្ធិមនុស្សអន្តរជាតិ ។
ចំណែកប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់ រិន្ទ ថ្លែងកត់សម្គាល់ ថា បច្ចុប្បន្នសហគមន៍អន្តរជាតិគេដឹងពីរឿងវៀតណាមធ្វើបាប និងរំលោភបំពានសិទ្ធិ មនុស្សមកលើខ្មែរក្រោម គឺតាមរយៈការប្តឹងផ្តល់ និងការផ្សព្វផ្សាយរបស់អង្គការខ្មែរក្រោម នានា និងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស ។ លោកសម្តែងការគាំទ្រចំពោះ មតិលើកឡើងរបស់លោក ហ្វីល រ៉ូប៊ែសន នៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នៅពេលនេះ ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមខែមេសា ឆ្នាំ ២០២១ មក អាជ្ញាធរសមត្ថកិច្ចវៀតណាម តែងលបវាយឆ្មក់នៅពេលយប់ចូលឆែកឆេរ និងនាំខ្លួនយុវជនខ្មែរក្រោមទៅសួរចំលើយនៅ ប៉ុស្តិ៍នគរបាល ។
កាលពីយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១ នគរបាល និងអាជ្ញាធរវៀតណាម នៃសង្កាត់ទី ១៦ ខណ្ឌហ្កវ៉ាប (Go Vap) ទីក្រុងព្រៃនគរ ប្រមាណ ១០ នាក់ បានចុះដល់ហាងរបស់យុជន ខ្មែរក្រោម ថាច់ កឿង សម្រុកចូលរុករកសៀវភៅ «ពន្លឺនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ។ លោកត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាល និងបង្ខំឱ្យចុះហត្ថលេខាមិនឱ្យចូលរួមសកម្មភាពបោះពុម្ពចំលង ឬចែកចាយសៀវភៅ មុននឹងដោះលែងឱ្យមានសេរីភាព នៅយប់ថ្ងៃដដែល ។
ក្នុងយប់ដដែលនោះដែរ នៅវេលាម៉ោងប្រហែល ១១ នគរបាលខេត្តព្រះត្រពាំង និងនគរបាលខេត្តមាត់ជ្រូក សហការជាមួយនគរបាលក្រុងព្រៃនគរ បានឃាត់ខ្លួនយុវជន ខ្មែរក្រោមឈ្មោះ ចៅ ខេមរិទ្ធិ ដោយចោទថា យុវជនរូបនោះ បានបោះពុម្ពបន្តពីសៀវភៅ «ពន្លឺនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួន» ដូចគ្នា ។ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃបន្ទាប់ ទើបអាជ្ញាធរវៀតណាម ដោះលែងយុវជន ចៅ ខេមរិទ្ធិ ឱ្យមាន សេរីភាពវិញ ។
ទោះជាយ៉ាងនេះក្ដី យុវជនរូបនេះ ត្រូវបាននគរបាលក្រុងព្រៃនគរ ដាក់ឲ្យស្ថិតក្រោមការតាមដានឃ្លាំមើលយ៉ាងតឹងតែង និងហាមមិនឱ្យទាក់ទងជាមួយមិត្តភក្តិរបស់លោក ដែលជាខ្មែរក្រោមដូចគ្នានោះឡើយ ៕