អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​​សមត្ថកិច្ច​បញ្ជូន​​ទៅ​​ឃុំ​ខ្លួន​​ នៅ​​ពន្ធនាគារ​​ព្រៃ​ស​​

0 92

ដោយ សន ចាន់រដ្ឋា | RFA Khmer

អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ នៅ​ពន្ធនាគារ​​ព្រៃ​ស​​​ ក្រោយ​​​អាជ្ញាធរ​ចាប់​ផ្សឹក​​ និង​បាត់​ដំណឹង​​ជិត​ពីរ​សប្ដាហ៍​ ។​ សមាគម​​ខ្មែរកម្ពុជា​ក្រោម​​ ដែល​តាម​ដាន​ដំណើរ​រឿង​នេះ ​ឲ្យ​ដឹង​ថា​ ការ​ចាប់​ឃុំ​​​អតីតសង្ឃ​រូប​នេះ​ ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ថា ​រារាំង​វិធាន​បង្ការ​ជំងឺ​កូវីដ-១៩ និង​មិន​បាន​​អនុត្តតាម​សន្យា​ជា​មួយ​សមត្ថកិច្ច ។​

(កណ្តាល) អតីតព្រះសង្ឃ ប៉ាង សុដា អតីត​​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ដែលត្រូវបានមន្ត្រីសង្ឃខេត្តកំពង់ចាម​ ចាប់ផ្សឹក​កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ ។ រូបៈ ផ្តល់ឲ្យ
(កណ្តាល) អតីតព្រះសង្ឃ ប៉ាង សុដា អតីត​​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ដែលត្រូវបានមន្ត្រីសង្ឃខេត្តកំពង់ចាម​ ចាប់ផ្សឹក​កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ ។ រូបៈ ផ្តល់ឲ្យ

សមាគម​​ខ្មែរ​កម្ពុជាក្រោម ​ចាត់​ទុក​​ករណី​ឃុំខ្លួន​អតីត​សង្ឃ​ខ្មែរ​ក្រោម អន្ទឹត ​​ប៉ាង​ សុដា​ ​​​ជា​ករណី​​​គំរាម​​កំហែង​ជាជាង​ការ​អនុវត្ត​ផ្លូវ​​ច្បាប់​ ។​ ​សមាគម​ក៏​​​​ត្រៀម​ផ្តល់​​មេធាវី​​​​ ដើម្បី​ជួយ​​ការពារ​ក្ដី​ដល់​អតីត​​​ព្រះ​ចៅ​​អធិការ​​វត្ត វង្សគត​បុរី​សេរី​​ភ្នំពេញ ខេត្ត​កំពង់ចាម អន្ទឹត ប៉ាង​ សុដា​​ ​បើ​សាមី​ខ្លួន ​ឬ​គ្រួសារ​​​ស្នើ​សុំ ។

លេខាធិការដ្ឋានអង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​​ លោក​ ប៊ុន​ មុនី​ ​ឲ្យ​ដឹងនៅថ្ងៃទី ១៥ ខែកញ្ញាថា​ ​ការ​ចាប់​ខ្លួន​​អតីត​សង្ឃ​ខ្មែរ​ក្រោម ​រូប​នេះ ​ជាប់​ព័ន្ធ​នឹង​ករណី​សង្ស័យ​ពីរ​​ ​​គឺ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចោទប្រកាន់ថា លោក​ ប៉ាង​ សុដា​ មិន​បាន​​​ធ្វើ​តាម​ការ​សន្យា​ជាមួយ​សមត្ថកិច្ច​​ ។​​ លោក​បន្តថា​ ករណី​មួយ​ទៀតសមត្ថកិច្ច​ចោទប្រកាន់​លោក​ ប៉ាង សុដា ថា បាន​រារាំង​វិធាន​បង្ការ​ការពារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ របស់​សមត្ថកិច្ច ។​​​​​ លោកឲ្យ​ដឹង​ទៀតថា ការចាប់​ខ្លួន​អតីត​សង្ឃ ប៉ាង សុដា ​កើតឡើង​ក្នុង​ទឹកដី​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី ១៤ ខែកញ្ញា៖ «គេ​ផ្ដាំ​ថា ​​កុំ​ឲ្យ​បិទ​ទូរស័ព្ទ​​ហ្នឹង​ឲ្យ​សោះ​ ទុក​ទំនាក់ទំនង​គ្នា​ ប៉ុន្តែ​ ​​គាត់​ (លោក​ ប៉ាង​ សុដា)​ ក៏​បិទ​ទូរស័ព្ទ​ហ្នឹង​ទៅ​​ហើយ​ ចឹង​ធ្វើ​ឲ្យ​កើត​ឡើង​ក្រោយ​​​​ ដូច្នេះ ​គេ​លែង​ហើយ​ ប៉ុន្តែ ​មិន​អនុវត្ត​ទៅតាម​ការ​ស្នើ​របស់​គេ​ ដល់​ចឹង​កាល​​ពី​ថ្ងៃ​ម្សិល​មិញ ​បាន​គេ​សាកសួរ​រឿង​រ៉ាវ​ គេ​បញ្ជូន​ទៅ​ព្រៃស» ។

​លោក​ ប៊ុន​ មុនី​ ​​​​ប្រាប់​វិទ្យុ​អាស៊ីសេរី​ទៀតថា​ សមាគមន៍​ខ្មែរកម្ពុជា​ក្រោម​ បាន​ទាក់ទង​ទៅ​សាច់ញាតិ​លោក​ ប៉ាង​ សុដា​ ពី​ការ​ផ្ដល់​មេធាវីជួយការពារក្ដី​​ ប៉ុន្តែ​ សាច់​ញាតិ​អតីត​​សង្ឃ​រូប​នេះ​ នៅ​​ស្ទាក់ស្ទើរ​មិន​ទាន់​​​ឆ្លើយ​​បែបណា នៅឡើយទេ​​ ដោយ​ប្រាប់​ថា ​ពេលនេះ ​ពួក​គេ​កំពុង​​ពឹងពាក់​​ថ្នាក់​លើ​ម្នាក់​​​ឲ្យ​ជួយ​​សម្រួលរឿង​នេះ​​​៖ «ពួក​ខ្ញុំ​បាន​ត្រៀម​លក្ខណៈ​​ហើយ​អស់​ថា​ នឹង​ជួយ​គាត់​​​យើង​មាន​មេធាវី​ខ្មែរ​ក្រោម​ស្រាប់​​​ហ្នឹង​ ប៉ុន្តែ​ គ្រួសារ​គាត់​ឆ្លើយ​ចឹង​មក​​យើង​មាន​ការ​ខកចិត្ត ​​ប៉ុន្តែ​មិន​ខក​ចិត្ត​អី​ខ្លាំង​ក្លា​ទេ​​ ​​គ្រាន់​តែ​ថា​ យើង​ត្រៀម​អស់​ហើយ ​ប៉ុន្តែ​ ដល់​ចំលើយ​មក​ពី​គ្រួសារ​គាត់​​ថា​ ​បាន​ទំនាក់ទំនង​​​​​​ជាមួយ​ថ្នាក់​លើ​ណាមួយ​ជួយ​សម្រួល​ការងារ​លោក​គ្រូ​​ហ្នឹង​ហើយ​» ។

វិទ្យុ​អាស៊ីសេរី​ បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ប្អូន​ប្រុស​លោក​ ប៉ាង សុដា​ ប៉ុន្តែ​ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​​ទេ​ ។​ រីឯ​មេធាវី​ខ្មែរ​ក្រោម​ លោក​ ស៊ឺន​ ជុំជួន​ ​ប្រាប់ថា​​​ ក្នុង​នាមលោក​ជា​ខ្មែរ​ក្រោម ​ដូច​គ្នា​ លោក​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុងការជួយ​ការ​ពារ​ក្ដី​ដល់អន្ទឹត ប៉ាង​ សុដា​ ​​ប៉ុន្តែ​​​ គិត​មក​ដល់​ថ្ងៃ​ទី​ ១៥​ ខែ​កញ្ញា​ ​លោក​មិន​ទាន់​ទទួល​បាន​សំណើ​​ពីជន​​​ជាប់​ឃុំ​ និង​សាច់​ញាតិ​នៅឡើយ​ទេ​ ។

​ទាក់ទង​ករណី​ឃុំ​ខ្លួន​នេះ​ដែរ​ ​អ្នក​នាំពាក្យ​​នគរបាល​រាជធានី​ ភ្នំពេញ​លោក សាន​ សុខសីហា​ និយាយ​ថា​ ​​​គ្មាន​ករណី​ឃុំ​ខ្លួន​​នេះ​ទេ​៖ «ខ្ញុំ​អត់​ដឹង​ទេ តែ​ខ្ញុំ​ដឹង​ថា អត់​មាន​ បើសិន​ជា​មាន​ខ្ញុំ​ទទួល​បាន​ព័ត៌មាន» ។

ទោះមាន​ការ​អះអាង​បែបនេះ ​ពី​លោក សាន សុខសីហា ក្តី ប៉ុន្តែ ក្រុម​ការងារ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​ សុទ្ធតែ​លើក​ឡើង​ដូចៗ​ គ្នាថា​ អន្ទឹត ប៉ាង សុដា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​និង​យក​ទៅ​ឃុំនៅ​ពន្ធនាគារ​ព្រៃស​ហើយ ។

វិទ្យុ​អាស៊ីសេរី​​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ ពី​អ្នក​នាំពាក្យ​ពន្ធនាគារ​លោក​ នុត​ សវនា​ បាន​ទេ​នៅ​ថ្ងៃទី​ ១៥​ ខែ​កញ្ញា​ ។​

​​លោក​ ប៉ាង សុដា ត្រូវ​បាន​មន្ត្រី​សង្ឃ​ខេត្ត​កំពង់​ចាម ​ចាប់​ផ្សឹក ​និង​បញ្ជូន​មក​សាកសួរ​បន្ត​នៅ​ភ្នំពេញ ​​​ក្នុង​ក្រសួង​មហាផ្ទៃ​​​កាល​ពី​ថ្ងៃទី ២​ ខែ​កញ្ញា​ ។​ ដំបូង​ឡើយ​អាជ្ញាធរ​​ចោទ​ប្រកាន់​ថា ​លោក​បាន​ល្មើស​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​-១៩​ ប៉ុន្តែ ​ចុង​ក្រោយ​លោក​ ប៉ាង សុដា ប្រាប់​​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ​ថា លោក​បានប្រព្រឹត្ត​អសីលធម៌​​ប៉ះពាល់​​ដល់​​ព្រះពុទ្ធសាសនា​ទៅវិញ ។ ​​ទោះបីជាយ៉ាង​នេះក្តី សង្គម​ស៊ីវិល​ថា ការ​សារភាព​នេះ ហាក់បី​ធ្វើឡើង​ដោយ​ការ​បង្ខំ​ និង​​ជា​​ការ​​រៀបចំទុក​​ជា​មុន ។

អតីត​សង្ឃ​ខ្មែរក្រោម លោក ប៉ាង សុដា ជា​ព្រះ​ចៅ​អធិការ​វត្ត វង្ស​គត​បូរីសេរី​ភ្នំពេញ​ថ្មី ខេត្ត​កំពង់​ចាម​ តាំង​ពីឆ្នាំ ១៩៩៥ ​​​រហូត​ដល់​ថ្ងៃ​ចាប់​ផ្សឹក​ ។ ក្រៅ​ពីជា​ចៅ​អធិការ​វត្ត​ព្រះ​អង្គក៏ជា​ទីប្រឹក្សា​ និង​ធម្ម​ទូត​សម្តេច​ព្រះសង្ឃ​រាជ នន្ទ ង៉ែត ​ទៀត​ផង ។​ ​ក្រៅពី​ការងារ​សាសនា ​​ព្រះអង្គ​ក៏​សកម្ម​នឹង​ការងារ​សង្គម​​​ដោយ​​ឧបត្ថម្ភ​ថវិកា ស្បៀង​អាហារ និង​សម្ភារៈ​ដល់​ពលរដ្ឋ​ក្រីក្រ​ជាដើម​ ។

ប្រធាន​សាខា​សហព័ន្ធ​​ខ្មែរ​កម្ពុជា​ក្រោម ​​ប្រចាំ​កម្ពុជាលោក តាំង សារៈ ​ប្រាប់​ថា​ ពេល​នេះ​ សហព័ន្ធ​​របស់​លោក​រង់​ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​សិន​​​ ។​ លោក​ថា​ បើសិន​​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​​លើរឿង​​នេះ ​ខាង​​សហព័ន្ធ​​​នឹង​ធ្វើ​អន្តរាគមន៍​​​ ៕

Leave A Reply

Your email address will not be published.