គណៈកម្មការ​ពិសេស​សិទ្ធិមនុស្ស អ​.​ស​.​ប​. នឹង​ទៅ​ខេត្ត​ឃ្លាំង​មើល​ខ្មែរក្រោម​ ដែលវៀតណាម​ដាក់គុក​

0 67

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

មន្ត្រី​នៃ​គណៈកម្មការ​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មាន​គម្រោង​នឹង​ចុះទៅ ដែនដី​កម្ពុជា​ក្រោម ដើម្បី​ពិនិត្យមើល​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​រដ្ឋាភិបាល វៀតណាម ។ គម្រោង​នេះ ធ្វើឡើង បន្ទាប់ពី​រដ្ឋាភិបាល​វៀ​ត​ណា​ម បាន​ឡើង​ឆ្លើយបំភ្លឺ​ការពារ​របាយ ការណ៍​សិទ្ធិមនុស្ស​របស់ខ្លួន នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស កាលពី​ថ្ងៃទី ០៥ ខែកុម្ភៈ ថា សិទ្ធិមនុស្ស និង សេរីភាព​សាសនា​នៅក្នុង​ប្រទេស​វៀតណាម ត្រូវបាន​រដ្ឋាភិបាល​គោរព ។​

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

ចុចស្ដាប់ អ.ស.ប. នឹងទៅខេត្តឃ្លាំងមើលខ្មែរក្រោមដែលវៀតណាមដាក់គុក

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​របាយការណ៍​ជូនទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជា​តិ ដើម្បី ឲ្យ​គណៈកម្មការ​ពិសេស​របស់​ស្ថាប័ន​មួយ​នេះ ចុះទៅ​កម្ពុជា​ក្រោម​ពិនិត្យមើល​ស្ថានភាព​របស់​ពលរដ្ឋ និង ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ខេត្ត​ឃ្លាំង ដែល​ត្រូវបាន​វៀតណាម​កំពុង​ដាក់​នៅក្នុង​ពន្ធនាគារ ។ ការធ្វើ​របាយ ការណ៍​នេះ ស្របពេល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ សហប្រជាជាតិ​ត្រូវ​ចុះទៅពិនិត្យ​មើល​នូវ​ការ​អនុ វត្ត​របស់​វៀតណាម​ដែល​បាន​សន្យាថា នឹង​គោរព​សិទ្ធិមនុស្ស ក្នុងនោះ មាន​សិទ្ធិ​សាសនា និង​សិទ្ធិ​ជន ជាតិ​ដើម​ភាគតិច ជាដើម ។ គណៈកម្មការ​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នឹង​ទៅ​បំពេញ ទស្សន កិច្ច ដើម្បី​ពិនិត្យមើល​ស្ថានភាព ការគោរព​សិទ្ធិមនុស្ស​នៅ​វៀតណាម ក្នុង​ខែកក្កដា ឆ្នាំ ២០១៤ នេះ ហើយ​បានស្នើ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​របាយការណ៍​បង្ហាញ​ពី​ទីតាំង​ណាមួយ​នៅ​ដែនដី​កម្ពុជា ក្រោម ដើម្បី​ឲ្យ​មន្ត្រី​គណៈកម្មការ​នៃ​ស្ថាប័ន​មួយ​នេះ ទៅពិនិត្យ​មើល​ផ្ទាល់​នូវ​ស្ថានភាព​ជាក់ស្ដែង ។ នេះ បើតាម​ការអះអាង​រប​ស់ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បាន​ចូល​ស្ដាប់​វៀតណាម​ឆ្លើយ​ការពារ​របាយ​បាយ​ការណ៍​សិទ្ធិមនុស្ស​នៅក្នុង​កិច្ចប្រជុំ UPR នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស កាលពី ថ្ងៃទី ០៥ ខែកុម្ភៈ កន្លងទៅនេះ ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖

“​យើងខ្ញុំ​បានសម្រេច​ហើយ​ថា យើងខ្ញុំ​នឹង​ជ្រើស​យក​ខេត្ត​ឃ្លាំង ដែល​យួន​ហៅថា សុក​ត្រាំ​ង ហ្នឹង ។ ដោយមាន​បញ្ហា​ដែល​បានកើត​នៅ​វត្ត​សេរី​តាសេក ហើយនឹង​វត្ត​ព្រៃ​ជាប់ ដែល​រដ្ឋាភិបាល​យួន​ហ្នឹង​បាន ចាប់​ផ្សឹក​ព្រះសង្ឃ​វៃ​ធ្វើបាប ហើយ​យកទៅដាក់​ឃុំឃាំង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ មាន​ព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធឿន ហើយ​អន្ទិត លី ចិន្ដា បាន​រត់​មកដល់​ប្រទេស​ថៃ ព្រមទាំង​ស្ត្រី ៥-៦ នាក់​ខាង​ស្រុក នៅ​វត្ត​សេរី​តាសេក ត្រូវ​ជាប់គុក​ដល់ពេល​បច្ចុប្បន្ន​ហ្នឹង ហើយ​យុវជន ២ នាក់​ទៀត​នៅ ខាង​វត្ត​សេរី​តាសេក ។ ដូច្នេះ យើង​ជ្រើសរើស​ដើម្បី​ឲ្យ​ខាង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ហ្នឹង ទៅ​ឲ្យ​ឃើញ ផ្ទាល់​ថា រឿងនេះ​ជា​រឿង​ពិត មិនមែនជា​រឿង​ក្លែងក្លាយ​ទេ …” ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​បន្តទៀតថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​របាយការណ៍ និង ធ្វើជា​សំនួរ ផ្ញើ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មុន​មួយខែ​នៃ​កិច្ចប្រជុំ UPR នេះ ដើម្បី​ឲ្យ​ប្រទេស​ជា​សមាជិក​សួរ​ទៅ​វៀត ណា​ម​អំពី​បញ្ហា​ផ្សេងៗ ដែល​គេ​ចាត់ទុកថា​វៀតណាម​បាន​រំលោភសិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី កម្ពុជា​ក្រោម ។ នៅក្នុង​ប្រជុំ​នេះ វៀតណាម​មាន​ពេល ៤ ម៉ោង សម្រាប់​បំភ្លឺ និង ឆ្លើយ​សំនួរ​របស់​ប្រ ទេស​ទាំង ១៣៦ ដែល​បាន​ចោទសួរ​ទៅ​វៀតណាម​អំពី​ការអនុវត្ត​របស់ខ្លួន​ក្នុង​រយៈពេល ៤ ឆ្នាំ កន្លង មកនេះ ដែល​វៀតណាម​បាន​សន្យា​ចំពោះ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី ឆ្នាំ ២០០៩ ថា ខ្លួន​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រវត្តិ​សិទ្ធិមនុស្ស ។​

លោក ថាច់ ង៉ុ​ក ថាច់ បាន​បញ្ជាក់ថា​៖

“…​រដ្ឋាភិបាល​យួន​មាន​ពេល​មួយថ្ងៃ មាន​ពេល ៤ ម៉ោង សម្រាប់​បំភ្លឺ ពន្យល់ ហើយ​ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស​ជា​អ្នក​សួរ​ទៅ​រដ្ឋាភិបាល​យួន​នៅថ្ងៃនេះ [ ០៥ កុម្ភៈ ] គឺថា មាន ១៣៦ ប្រទេស​សួរ​ទៅ​រដ្ឋាភិបាល យួន នូវ​កិច្ច​ការដែល​ខ្លួន​បាន​សន្យា កាលពី ៤ ឆ្នាំ មុន ឥឡូវ​មកដល់​ថ្ងៃ​ថា តើ​ខ្លួន​ធ្វើបាន​អ្វីខ្លះ​” ។​

កាលពី​ខែកញ្ញា ឆ្នាំ ទៅ​មិញ តុលាការ​វៀតណាម នៅ​ខេត្ត​ឃ្លាំង ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ៧ រូប ក្នុងនោះ មាន​ម្នាក់​កាត់ទោស​កំបាំងមុខ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ពីបទ​មួយចំនួន​ដូចជា “​បទ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​, បទ​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ទី សាធារណៈ និង បទ​គេច​រត់​ចេញទៅ​ក្រៅប្រទេស​” ដោយ​តុលាការ​ចោទថា ជនរងគ្រោះ​ព្រះសង្ឃ​ទាំង នេះ បានផ្ដល់​បទសម្ភាសន៍​ដល់ វិទ្យុ​អាស៊ីសេរី និង វិទ្យុ សំឡេង​កម្ពុជា​ក្រោម ហើយ​ពលរដ្ឋ​វិញ គ្រាន់តែ ទូងស្គរ​នៅក្នុង​វត្ត ដើម្បី​ជំទាស់​ការចាប់​ព្រះសង្ឃ​ផ្សឹក​ព្រះសង្ឃ តែប៉ុណ្ណោះ ។​

​នៅក្នុង​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​សកល ឆ្នាំ ២០១៣ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានកត់សម្គាល់​អំពី​សេរីភាព​សាសនា​នៅក្នុង​ប្រទេស​វៀតណាម​ថា ព្រះសង្ឃ នៅតាម​វត្ត​អារាម​នានា នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម តាមដាន ធ្វើ​ទុក​បុក​ម្នេញ និង ប្រើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​ធ្វើ​ទារុណកម្ម ជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ ២០១៣ កន្លងទៅនេះ ៕

 

Leave A Reply

Your email address will not be published.