សង្ខេប​ព្រឹត្តិការណ៍​រំលោភ​សិទ្ធិមនុស្ស ​នៅ​កម្ពុជាក្រោម ​ក្នុង​ឆ្នាំ​ ​២​០​២​១​

0 147

ដោយ យាង​ ​សុធា​រិន្ទ

​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​ នៅ​កម្ពុជាក្រោម ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​មិន​មាន​ភាព​ប្រសើរ​ឡើយ ​ប្រៀប​ធៀប​ជាមួយ​ឆ្នាំមុន​ៗ​ ​។​ ​ខ្មែរក្រោម ​នៅតែ​ទទួល​នូវ​ការរំលោភ​សិទ្ធិមនុស្ស​ច្រើន​ប្រភេទ​ ដោយ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​ ​តើ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​រដ្ឋាភិបាល​វៀតណាម​ បាន​រំលោភ​សិទ្ធិ​ខ្មែរក្រោម​យ៉ាងដូចម្តេច​ខ្លះ​? ​។ លោក​ ​យាង​ ​សុធា​រិន្ទ រៀបចំ​សេចក្តីសង្ខេប​ព្រឹត្តិការណ៍​រំលោភ​សិទ្ធិមនុស្ស​ នៅ​កម្ពុជាក្រោម​ ក្នុង​ឆ្នាំ​ ​២​០​២​១ ដូចតទៅ ៖​

​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស ​នៅ​កម្ពុជាក្រោម​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​គឺ​នៅតែ​មាន​ភាព​ធ្ងន់ធ្ងរ​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ចាប់​ដាក់​ពន្ធ​នាគា​រ​ជាបន្តបន្ទាប់​ ​។​ ​ខ្មែរក្រោម​ ​ទទួល​នូវ​ការ​គំរាមកំហែង​ ​បំភិតបំភ័យ​ ​បំបាក់​ស្មារតី​ ​បំបិទ​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ ​សិទ្ធិ​​សេរីភាព​ក្នុង​ការសិក្សា​ប្រវត្តិ​សា​ស្រ្ត ​ការសិក្សា​អំពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ការប្រើប្រាស់​ពាក្យ​ថា​ ​«​ខ្មែរក្រោម​»​ ​ជាដើម​ ​ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម ​អនុញ្ញាត​នោះ​ឡើយ​ ​។​

​ជាក់ស្តែង​ ​អាជ្ញាធរ​វៀតណាម ​នៅ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​កាលពី​ថ្ងៃ​ទី​ ​៤​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចុះ​រឹបអូស​យក​អាវយឺត​ ពី​ម្ចាស់ផ្ទះ​បោះពុម្ព​ ដែល​ជា​ពលរដ្ឋ​ខ្មែរក្រោម​ឈ្មោះ​ ​ថា​ច់ ​សាង​ ​ស្ថិតនៅ​ក្នុងស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​ដោយ​អាជ្ញាធរ​អះអាង​ថា​ ​នៅ​លើ​អាវយឺត​ទាំងនោះ​ មាន​សរសេរ​ពាក្យ​ថា​ ​«​ខ្មែរក្រោម​»​ ​។​

​ប្រតិបត្តិការ​ចុះ​រឹបអូស​យក​នេះ​ ​បាន​កើតឡើង​ប្រមាណ​ ​១​ ​ម៉ោង​ ​ក្រោយ​ពី​ម្ចាស់ផ្ទះ​បោះពុម្ព​ ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នូវ​អាវយឺត​ ​ដែល​ខ្លួន​បាន​បោះពុម្ព​រួច​ ​និង​មាន​សរសេរ​ពាក្យ​នៅ​ខាងមុខ​អាវ​ថា​ ​«​ខ្មែរក្រោម​អបអរ​ទិវា​នារី​អន្តរជាតិ​»​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចាត់​ទុក​ទង្វើ​រឹបអូស​អាវយឺត​របស់​សមត្ថកិច្ច​វៀតណាម​ ថា​ ជា​អំពើ​លួច​ទ្រព្យ​ស​ម្បតិ្ត ​។​

​ទាក់ទង​នឹង​ករណី​នេះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​បន្ទាន់​មួយ​ ​កាលពី​ថ្ងៃ​ទី ​៤​ ​ខែ​មីនា​ ​២​០​២​១​ ​ថ្កោលទោស​សកម្មភាព​របស់​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​វៀតណាម​ ​ដែល​រឹបអូស​យក​អាវយឺត​ខ្មែរក្រោម​ បោះពុម្ព​ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ​អនុញ្ញាត​ឱ្យ​ខ្មែរក្រោម​មាន​សិទ្ធិ​សេរីភាព​ ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ដោយ​គ្មាន​ការ​ភ័យខ្លាច​ ​និង​ការ​បំភិតបំភ័យ​ ​។​ ​ក្នុងពេលជាមួយគ្នា​ ​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ​ប្រគល់​អាវយឺត​ចំនួន​ ​១​៨​ ​ដែល​រឹបអូស​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​វិញ​ ​ដើម្បី​ឱ្យ​ពួកគេ​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​។​

​ចំណែក​ករណី​មួយផ្សេងទៀត​ ​នៅ​យប់​ថ្ងៃ​ទី ​៤​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​នគរបាល​ ​និង​អាជ្ញាធរ​វៀតណាម​ ​នៃ​សង្កាត់​ទី​ ​១​៦​ ​ខណ្ឌ​ហ្ក​វ៉ា​ប​ (​Go​ ​V​a​p​) ​ទីក្រុង​ព្រៃនគរ​ប្រមាណ​ ​១​០​ ​នាក់​ ​ខ្លះ​ស្លៀកពាក់​ស៊ីវិល​ ​ខ្លះ​ជាឯកសណ្ឋាន​នគរបាល​ ​បាន​ចុះ​ដល់​ហាង​របស់​យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ​ថា​ច់ ​កឿង​ ​សម្រុក​ចូល​រុករក​សៀវភៅ​ឈ្មោះ​ ​«​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​និពន្ធ​ដោយ​អតីត​ព្រះសង្ឃ​ខ្មែរក្រោម ​នាម​ ​ថា​ច់ ​ប្រីជា​ គឿ​ន​ ​ដែល​ជា​និពន្ធ​នាយក​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​ជា​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហ​ព័ន្ធ​ខ្មែរកម្ពុជាក្រោម​ ​។​

​ការ​សម្រុក​ចូល​រុករក​នេះ​ ​ដោយ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​សង្ស័យ​ថា​ ​យុវជន​ ​ថា​ច់ ​កឿង​ ​រក្សាទុក​សៀវភៅ​ចំនួន​ ​១​០​០​ ​ក្បាល​ ក្នុង​បំណង​ផ្ញើ​ទៅ​ឱ្យ​យុវជន​ខ្មែរក្រោម​ផ្សេងទៀត​ ​ដើម្បី​ចែកចាយ​បន្ត​ ​ប៉ុន្តែ ​ពួកគេ​រុករក​មិន​ឃើញ​នោះ​ឡើយ​ ​។​ ​ក្នុង​ពេល​រុករក​នោះ​ ​នគរបាល​បាន​ប្រើ​ហិង្សា​ច្របាច់ក​យុវជន​ ​ថា​ច់ ​កឿង​ ​នៅ​ពេល​យុវជន​រូប​នេះ ​ព្យាយាម​ស្រែក​ប្រឆាំង​នឹង​ការលុកលុយ​ដោយ​បំពាន​របស់​ពួកគេ​ ​។​ ​ពួកគេ​ ក៏បាន​ដកហូត​ទូរស័ព្ទ​ដៃ​ចំនួន​ ​២​ ​គ្រឿង​ ​របស់​យុវជន​ ​ថា​ច់ ​កឿង​ ​យកទៅ​ពិនិត្យមើល​ ​និង​ថត​សារ​ឆ្លើយឆ្លង​ នៅ​ក្នុង​ទូរស័ព្ទ​នោះ​ ​។​ ​បន្ទាប់មក​ពួកគេ​ បាន​នាំ​ខ្លួន​លោក​ ​ថា​ច់ ​កឿង​ ​ទៅកាន់​ប៉ុស្តិ៍​នគរបាល ​ដើម្បី​សួរ​ចំ​លើ​យ​ ​និង​បង្ខំ​ឱ្យ​លោក​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មិន​ចូលរួម​សកម្មភាព​បោះពុម្ព​ ​ឬ​ចែកចាយ​សៀវភៅ​ ​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ទូរស័ព្ទ​ដៃ​ឱ្យ​វិញ​ ​។​ ​ពួកគេ​ក៏​គំរាម​មិន​ឱ្យ​យុវជន​ ​ថា​ច់ ​កឿង​ ​ផ្តល់​ព័ត៌មាន​ពី​ហេតុការណ៍​នេះ​ ទៅ​ឱ្យ​អ្នកដទៃ​នោះ​ទេ​ ​ជាពិសេស​ទៅ​ឱ្យ​ខ្មែរក្រោម ​ដែល​នៅ​ក្រៅ​ប្រទេស​ ​។​

លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​កម្ពុជា​ ​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ​នៅ​ពេល​នោះ​ ​ជា​ចេតនា​គំរាមកំហែង​ ​បំភិតបំភ័យ​ ​និង​ជា​ការ​រំលោភបំពាន​ ​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិមនុស្ស​ពលរដ្ឋ​ខ្មែរក្រោម​ ​។​ ​ពួកគេ​ថា ​នៅ​ក្នុងករណីនេះ​ ​អាជ្ញាធរ​វៀតណាម​ ​មិនបាន​អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​ដោយ​ចូល​ឆែកឆេរ​ផ្ទះ​ពលរដ្ឋ​ទាំង​កណ្តាលយប់​ មិន​មាន​ដីកាបញ្ជា​ពី​រដ្ឋអាជ្ញា​ត្រឹមត្រូវ​ ​មិន​មាន​វត្តមាន​សាក្សី​ ​និង​ការ​អនុ​ញ្ញាតិ​ពី​ម្ចាស់ផ្ទះ​ ​ដែល​ជា​ការរំលោភ​សិទ្ធិ​ក្នុង​ការ​រក្សា​ការសំងាត់​ ​និង​សិទ្ធិ​ឯកជន​របស់​បុគ្គល​ ​។​

​រីឯ​នៅ​ខេត្ត​ដូន​ណៃ​ឯណោះ​វិញ​ ​កាលពី​ថ្ងៃ​ទី​ ​១​៣​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​សមត្ថកិច្ច​វៀតណាម​ នៅ​ខេត្ត​ដូន​ណៃ​ជាង​ ​១​០​០​ ​នាក់​ ​បាន​ឡោមព័ទ្ធ​ ​និង​ធាក់​បំបែក​សោ​រ​ទ្វារ​ទម្លុះ​ចូល​ផ្ទះ​ជួល​របស់​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដើម្បី​រុករក​សៀវភៅ​សេចក្តីប្រកាស​អង្គការ​សហ​ប្រជា​ ​ជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​អាជ្ញាធរ​បាន​រឹប​អូសសៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ជាង​ ​១​០​០​ ​ក្បាល​ ​ដោយ​ចោទប្រកាន់​យុវជន​ យឿ​ង​ ខា​យ​ ​ថា​បាន​បោះពុម្ព​ចំ​លង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការសហប្រជាជាតិ​ ​ដោយ​មិនបាន​បង់ពន្ធ​ឱ្យ​រដ្ឋ​វៀតណាម​ ​។​ ​អាជ្ញាធរ​វៀតណាម​ក៏បាន​បញ្ជូន​ខ្លួន​ ​យុវជន​ យឿ​ង​ ខា​យ​ ​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អស់​រយៈពេល​ប្រហែល​ ​១​២​ ​ម៉ោង​ ​ថែមទៀត​ ​មុននឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់មក​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ ​។​ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ​យុវជន​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចោមរោម​បណ្តាក់គ្នា​សួរ​ចំ​លើ​យ​ ​និង​បាន​ប្រើ​ពាក្យពេចន៍​គំរាមកំហែង​ហិង្សា​ផង​ដែរ​ ​។​

​លុះដល់​ថ្ងៃ​ទី​ ​២​២​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ចំនួន​ ​៤​ ​រូប​ដែល​រួម​មាន​ ​អ្នករាយការណ៍​ពិសេស​ស្តីពី​បញ្ហា​ជនជាតិ​ភាគតិច​ ​លោក​ ​Fern​and​ ​d​e​ ​V​are​nn​e​s ​អ្នករាយការណ៍​ពិសេស​ស្តីពី​ការ​លើកកំពស់​ ​និង​ការពារ​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ ​និង​ ​ទ​ស្សនៈ ​អ្នកស្រី​ ​Ire​n​e​ K​h​an​ ​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​ ​អ្នកស្រី​ ​Mar​y​ ​Law​l​or ​និង​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​លោក​ José ​Franc​i​s​co​ ​Ca​l​i​ ​T​z​a​y​ ​បាន​ចេញ​លិខិត​រួមគ្នា​មួយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ បកស្រាយ​អំពី​ការ​ ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដោយ​ទុក​ពេល​ ​៦​០​ ​ថ្ងៃ​ ដើម្បី​ឆ្លើយតប​ ​។​

​នៅ​ក្នុង​លិខិត​ចំនួន​ ​៥​ ​ទំព័រ​ផ្ញើ​ទៅកាន់​ស្ថាន​បេសកកម្ម​អ​ចិន្រ្តៃយ៍​វៀតណាម​ ​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​ទាំង​ ​៤​ ​រូប​ ​អះអាង​ថា​ ​យុវជន​ យឿ​ង​ ខា​យ​ ​គឺជា​អ្នកការពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​។​ ​ពួកគេ​បាន​បញ្ចា​ក់​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ថា​ ​ខ្មែរក្រោម​ ​គឺជា​ជនជាតិ​ដើម​ភាគតិច​ ​ដែល​មាន​ជាតិសាសន៍​ ​សាសនា​ ​និង​ភាសា​ផ្ទាល់ខ្លួន​ ​គឺ​ភាសាខ្មែរ​ ​។​

​ទោះជាយ៉ាងណា​ ​រដ្ឋាភិបាល​វៀតណាម​ មិនបាន​ឆ្លើយតប​ក្នុងរយៈពេល​ ​៦​០​ ​ថ្ងៃ​ដូច​ការកំណត់​នោះ​ទេ​ ​។​ ​លុះដល់​ថ្ងៃ​ទី​ ​២​០​ ​ខែកញ្ញា​ ​ឆ្នាំ ​២​០​២​១​ ​រដ្ឋាភិបាល​វៀតណាម​បាន​ឆ្លើយតប​ ​ថា​ ​វៀតណាម​ ​គឺជា​ប្រទេស​មួយ​ដែល​រួម​មាន​ក្រុម​ជនជាតិ​ទាំងអស់​ចំនួន​ ​៥​៤​ ​នៅ​ក្នុង​នោះ​ជន​ ​ជាតិ​ ​គិញ​ ​មាន​ប្រជាជន​ភាគច្រើន​ (​៨​០​%) ​។​ ​ក្រុម​ជនជាតិ​នានា​ក្រៅពី​នេះ​ ​ត្រូវ​បាន​គេ​ហៅថា​ ​«​ជនជាតិ​ភាគតិច​ ​»​ ​។​ ​ក្នុងចំណោម​ជនជាតិ​ទាំងអស់​រួម​ទាំង​ជនជាតិ​គិញ​ ​គឺ​ត្រូវ​បាន​ទទួល​ ​សមភាព​ដូចគ្នា​ ​។​ ​បុគ្គលិកលក្ខណៈ​ប្លែក​គ្នា​នៃ​ក្រុម​ប្រជាជាតិ​ទាំងនោះ​ គឺ​ភាសា​ ​ទំនៀមទម្លាប់​ ​និង​ប្រពៃណី​ ​។​ ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ​ក្រុម​ជនជាតិ​ទាំងឡាយ ​នៃ​ វៀតណាម​មាន​សាមគ្គីភាព​ ​និង​ប្រពៃណី​អភិវឌ្ឍន៍​ជាមួយគ្នា​ ​និង​ចូលរួម​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​កសាង​ ​និង​ការពារប្រទេស​ ​។​ ​ហេតុដូច្នេះ​ សញ្ញាណ​នៃ​ ​«​ក្រុម​ជនជាតិ​ដើម​ភាគតិច​»​ ​និង​ ​សិទ្ធិ​របស់​ជនជាតិ​ដើម​មិនកើត​មាន​ទេ​ ​ហើយក៏​មិន​សមស្រប​ទៅ​នឹង​សភាព​លក្ខណៈ​របស់​ក្រុម​ជនជាតិ​ទាំងអស់​នៅ​វៀតណាម​ ដែរ​ ​។​

​ទោះជាយ៉ាងណា​ ​ប្រតិកម្ម​ចំពោះ​ការ​ឆ្លើយតប​នេះ​ ​អង្គការ​ UN​P​O ​អះអាង​ថា​ ​«​ជនជាតិ​ដើម​មាន​ប្រមាណ​ ​១​៥​% ​នៃ​ចំនួន​ប្រជាជន​វៀតណាម​ ​ហើយ​ថា​ខ្មែរក្រោម​គឺជា​សហគមន៍​ជនជាតិ​ដើម​មួយ​ក្នុងចំណោម​សហគមន៍​ជនជាតិ​ដើម​ផ្សេងទៀត​»​ ​និង​ថា​ការ​ ​«​បដិសេធ​របស់​វៀតណាម​ ​ថា​ មិន​មាន​វត្តមាន​ជនជាតិ​ដើម​ ​នាំ​ឱ្យ​មានផល​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សហគមន៍​ជនជាតិ​ដើម​»​ ​។​

UN​P​O ​បន្ថែម​ថា​ ​«​នៅ​ប្រទេស​វៀតណាម​ ​ការស្វែងរក​ឋានៈ​ជា​ជនជាតិ​ដើម​ ​គឺ​មានគ្រោះថ្នាក់​ ​ខ្លាំង​ណាស់​ដែល​សូម្បីតែ​ខ្មែរក្រោម​ពាក់អាវ​យឺត​ ​ដែល​មាន​និមិត្តសញ្ញា​គោលដៅ​អភិវឌ្ឍន៍​ ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម​ ចាប់ខ្លួន​ដែរ​ ​។​

UN​P​O ​សង្កត់ធ្ងន់​ថា​ ​«​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ប្រសិនបើ​មនុស្សម្នាក់​អាច​ត្រូវ​បាន​ដាក់ទោស​ព្រហ្មទណ្ឌ​ដោយ​គ្រាន់តែ​កាន់កាប់​ ​និង​ចែកចាយ​ឧបករណ៍​សិទ្ធិមនុស្ស​ ​ដែល​រដ្ឋាភិបាល​វៀតណាម​ខ្លួនឯង​ជា​អ្នកចូលរួម​បង្កើត​ឡើង​ ​ដូច្នេះ​ការគាបសង្កត់​ប្រជាពលរដ្ឋ​ ​និង​ការ​លុបបំបាត់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​ទ​ស្សនៈ ​មិន​អាច​មាន​ដែន​កំណត់​ឡើយ​»​ ​។​

​ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​យូ​មែន​ ​រ៉ៃ​ត៍ ​វ៉​ច្ឆ (​Human Right​s ​Watch​) ​វិញ​បាន​ ​ទាមទារ​ឱ្យ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​វៀតណាម​ខេត្ត​ដូន​ណៃ ​សុំទោស​យុវជន​ខ្មែរក្រោម​ជា​សាធារណៈ​ ​។​ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ចាត់​ទុក​ការ​ឃាត់ខ្លួន​ ​និង​ការ​បំភិតបំភ័យ​ទៅលើ​យុវជន​ខ្មែ​ក្រោម​ពីសំណាក់​នគរបាល​វៀតណាម​ ​ដោយសារតែ​ការ​បោះពុម្ព​ចំ​លង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​របស់​អង្គការសហប្រជាជាតិ​ ​គឺជា​រឿង​គួរ​ឱ្យ​ស្អប់ខ្ពើម​ ​និង​មិន​អាច​ទទួលយក​បាន​ឡើយ​ ​។​

​នាយក​រង​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី​ ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ (​Human Right​s ​Watch​) ​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ (​P​h​i​l​ ​Robe​r​t​son​) ​បាន​ថ្លែង​ថា​ ​ការ​បោះពុម្ព​ចំ​លង​សៀវភៅ​ដ៏​សំខាន់​ ​នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តី​អំពី​សិទ្ធិមនុស្ស​ទាក់ទង​នឹង​សិទ្ធិ​ជនជាតិ​ដើម​ ​មិន​អាច​ត្រូវ​បាន​ចាត់​ចូលក្នុង​អំពើ​ខុសច្បាប់​នោះ​ឡើយ​ ​។​

​លោក​ថា​ ​ការណ៍​ដែល​អាជ្ញាធរ​បាន​អៈ​អាង​ថា​ ​ការ​ផលិត​នេះ​មិនបាន​ឆ្លងកាត់​ការ​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ ​គឺ​សុទ្ធតែ​ជា​លេស​ក្លែង​បន្លំ​ទាំងស្រុង​របស់​អាជ្ញាធរ​វៀតណាម​ ​ដែលគេ​មិន​អាច​នឹង​ជឿ​បាន​ សូម្បីតែ​បន្តិច​ ​។​

​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ ​បន្ថែម​ថា​ ​ការ​លប​ឆ្មក់​ចូល​របស់​ប៉ូលីស​បែប​នេះ​ ​គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​គំនិត​បង្អាក់​រំខាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យុវជន​ខ្មែរក្រោម​ ​ដើម្បី​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ស្តី​អំពី​សិទ្ធិ​អំណាច​របស់​ពួកគេ​ ​ដើម្បី​ប​ញ្ជៀ​ស​ឱ្យ​រួច​អំពី​ការ​យាយី​ ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ជនជាតិ​ដើម​ពីសំណាក់​រដ្ឋអំណាច​វៀតណាម​ ​។​

​លោក​អះអាង​ថា​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​រដ្ឋាភិបាល​វៀតណាម​បាន​ដើរ​ជាន់​លើ​សិទ្ធិ​របស់​ខ្មែរក្រោម​ ​មាន​ដូចជា​ ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​សេរីភាព​ក្នុង​ការ​បង្កើត​ ​សមាគម​ ​និង​ការ​តវ៉ា​ជា​សាធារណៈ​ដោយ​សន្តិវិធី​ ​។​ល​។​

​លោក​ថា​ ​ការ​លប​ឆ្មក់​ចូល​ផ្ទះ​លោក​ យឿ​ង​ ខា​យ​ ​នៅ​ពេលនេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ប​ង្រ្កា​ប​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​។​ ​លោក​ទាមទារ​ថា​អាជ្ញាធរ​វៀតណាម ​គួរគប្បី​ប្រគល់​សង​មក​ឱ្យ​លោក​ យឿ​ង​ ខា​យ​ ​វិញ​ជាបន្ទាន់​នូវ​ឯកសារ​ទាំងអស់​ ​នៃ​សេចក្តីប្រកាស​របស់​ ​អង្គការ​សហ​ប្រជា​ ​ជាតិ​ស្តី​អំពី​សិទ្ធិ​ជនជាតិ​ដើម​ ​ហើយ​ធ្វើការ​សុំទោស​យុវជន​ យឿ​ង​ ខា​យ​ ​ជា​សាធារណៈ​ចំពោះ​ការ​លប​ឆ្មក់​ចូល​ ​និង​ការ​ចាប់ខ្លួន​យកទៅ​សួរ​ចម្លើយ​នេះ​ ​។​

​ទន្ទឹម​នឹង​នេះ​ ​លោក​ថា​ ​អាជ្ញាធរ​វៀតណាម ​ក៏​ត្រូវ​គប្បី​បញ្ឈប់​ការ​តាម​ឃ្លាំមើល​សកម្មភាព​របស់​យុវជន​ យឿ​ង​ ខា​យ​ ​ឬ​តាម​យាយី​ ​ឬ​ការ​ស​ម្លុ​ត​បំភ័យ​ពី​ក្រុម​នគរបាល​វៀតណាម​ ​។​

​ចំណែក​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ នៅ​កម្ពុជាក្រោម​ ផ្សេងទៀត ​ប្រចាំ​ឆ្នាំ​ ​២​០​២​១​ ​នោះ​គឺ​ ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ឈ្មោះ​ ​ថា​ច់ ​រ៉ី​ន​ ​ដាក់​ពន្ធ​នាគា​រ​ដោយ​អាជ្ញាធរ​វៀតណាម ​នៅ​ខេត្ត​ព្រះត្រពាំង​ ​កាលពី​ថ្ងៃ​ទី ​១​៤​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​បច្ចុប្បន្ន​លោក​ ​ថា​ច់ ​រ៉ី​ន​ ​កំពុង​ឋិតនៅ​ ​ក្នុង​ពន្ធ​នាគា​រ​នៅឡើយ​ ​។​

​លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ចូល​ទៅ​ចាប់ខ្លួន​ដល់​ក្នុង​ផ្ទះ​ ​រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ ​និង​សួរ​ចម្លើយ​ដោយ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាច្រើន​ ​មាន​ដូចជា​ ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ដើម្បី​ប្រឆាំង​នឹង​ផលប្រយោជន៍​រដ្ឋ​ ​ស្ថាប័ន​ ​និង​បុគ្គល​ ​ការ​មួលបង្កាច់​ខុស​ពី​ការពិត​ ​អំពី​ប្រវត្តិ​សា​ស្រ្ត​នៃ​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​វៀតណាម​ហៅថា​ ​ដែនដី​ភូមិភាគ​និរតី​ ​ឬ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ​និង​កាត់ត​ច្នៃប្រឌិត​រូបភាព​ ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ ​និង​សេចក្ដីថ្លៃថ្នូរ​របស់​អតីត​មេដឹកនាំ​កុម្មុ​យ​នី​ស្ដ​វៀតណាម​ ​លោក​ ហូ ​ជី​ ​មិញ​ ​។​ ​ប៉ុន្តែ​ សហ​ព័ន្ធខ្មែរ​កម្ពុជាក្រោម​ ​ចាត់​ទុក​ករណី​ចាប់ខ្លួន​លោក​ ​ថា​ច់ ​រ៉ី​ន​ ​ថា​ ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ ​និង​សងសឹក​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​រូប​នេះ​ ​ដោយសារ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​គ្រាន់តែ​ពាក់អាវ​យឺត​ ​ដែល​មាន​និមិត្តសញ្ញា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​របស់​អង្គការ​សហ​ ​ប្រជាជាតិ​ ​។​

​គួរ​រម្លឹក​ថា​ ​អាជ្ញាធរ​វៀតណាម​ នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​បាន​បើក​យុទ្ធនាការ​ចាប់ខ្លួន​ ​និង​រឹប​អូសសៀវភៅ​ ​ឯកសារ​ ​អាវយឺត​ពាក់ព័ន្ធ​នឹង​ការអប់រំ​ពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​សិទ្ធិមនុស្ស​ ​ពី​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​។​ ​នៅ​ក្នុង​យុទ្ធនាការ​ទាំងនេះ​ ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ចាប់​ឃាត់ខ្លួន​នាំ​យកទៅ​សួរ​ចម្លើយ​អស់​ជាច្រើន​ម៉ោង​ ​។​ ​ការ​ចាប់ខ្លួន​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​លោក​ ​អាន​សៀវភៅ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ ​«​សិទ្ធិ​ជនជាតិ​ដើម​»​ ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ (​Face​book​) ​និង​ពាក់អាវ​យឺត​ ​ដែល​មាន​​​រូបភាព​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​របស់​អង្គការសហប្រជាជាតិ​ ​។​ ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ដោះលែង​មកវិញ​ ​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ក្រោយ​ពី​វៀតណាម​ បាន​គំរាមកំហែង​លោក​កុំឲ្យ​អាន​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​បន្ត​ទៀត​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​នៅតែ​បន្ត​អាន​សៀវភៅ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ដដែល​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​អាជ្ញាធរ​វៀតណាម​ ​មានការ​ខឹងសម្បា​រ​ ​រហូតដល់​ចាប់​លោក​ដាក់​ពន្ធ​នាគា​រ​ដល់ពេល​បច្ចុប្បន្ន​ ​។​

​ទោះជាយ៉ាងណា​ ​នៅ​ក្នុងករណីនេះ​ ​អាជ្ញាធរ​វៀតណាម​ កាលពី​ថ្ងៃ​ទី ​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​វិញ​នូវ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ​និង​អាវយឺត​ពាក់ព័ន្ធ​ ​ខ្មែរក្រោម​ ​និង​សិទ្ធិមនុស្ស​ចំនួន​ ​៣​ ​ដែល​អាជ្ញាធរ​បាន​ដកហូត​ពី​លោក​ ​ថា​ច់ ​រ៉ី​ន​ ​កាលពី​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​ប៉ុន្តែ​ ពួកគេ​មិនព្រម​ដោះលែង​លោក​ ​ថា​ច់ ​រ៉ី​ន​ ឱ្យ​មាន​សេរីភាព​ ​នោះ​ឡើយ​ ​។​

​ក្រៅពីនោះ​ ​នៅ​មាន​ករណី​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ផ្សេងទៀត​ នៅ​កម្ពុជាក្រោម​ ក្នុង​ឆ្នាំ​ ​២​០​២​១​ ​ដូចជា ​ករណី​អាជ្ញាធរ​វៀតណាម ​ខេត្ត​ព្រះត្រពាំង​រឹបអូស​យក​សៀវភៅ​កតិកាសញ្ញា​ ​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ​ ​និង​នយោបាយ​ ​និង​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ​១​៥​០​ ​ក្បាល​ពី​ពលរដ្ឋ​ខ្មែរក្រោម​ឈ្មោះ​ ​ថា​ច់ ​ថា​ ​ពេល​លោក​កំពុង​ ​ដឹក​សៀវភៅ​ទាំងនោះ​ដើម្បី​រក្សាទុក​ចែកចាយ​បន្ត​ទៅ​ឱ្យ​ខ្មែរក្រោម​ផ្សេងទៀត​ ​។​

​បន្ថែម​ពីលើ​នេះ​ ​ក៏​នៅ​មាន​ករណី​អាជ្ញាធរ​ខេត្ត​ឃ្លាំង​បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ ឈ្មោះ​ ​យ៉ា​ញ់ ​មិញ​ក្វា​ង​ ​សាកសួរ​ជុំវិញ​រឿងរ៉ាវ​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​ ​រិះគន់​អាជ្ញាធរ​មិន​ចេញ​លិខិត​ធ្វើដំណើរ​ (​លិខិតបើកផ្លូវ​) ​ចេញ​ ​ចូល​ ​ដើម្បី​បំ​ពេញការ​ងារ​របស់​ខ្លួន​ ​និង​ករណី​អាជ្ញាធរ​មិន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ ​និង​ស្បៀងអាហារ​ ​ជូន​គ្រួសារ​ក្រីក្រ​ ​ដែល​រដ្ឋាភិបាល​វៀតណាម​ដាក់​ចេញ ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ ​ដែល​រង​ផល​ប៉ះពាល់​នៅ​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​

Leave A Reply

Your email address will not be published.