ហ៊ុន សែន អះអាងថា ជនជាតិយួននៅកម្ពុជា មិនដល់៤ លាន ៥ សែន នាក់
បញ្ហាជនអន្តោប្រវេសន៍វៀណាម គឺជាប្រធានបទក្ដៅមួយដែលអ្នកនយោបាយខ្មែរតែងលើកឡើងរាល់ពេលបោះឆ្នោតម្ដងៗ ។ ចំណែកបក្សប្រឆាំងតែងតែប្រកាសគោលនយោបាយថា ខ្លួននឹងអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹងនៅពេលឈ្នះឆ្នោត ។

ចំនួនស្ថិតិជនជាតិយួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា នៅតែជាប្រធានបទដ៏ក្តៅមួយដែល អ្នកនយោបាយបក្សប្រឆាំងយកមកប្រើដើម្បីរិះគន់គណបក្សប្រជាជនកម្ពុជា និងបង្ហាញពីទឹកចិត្តជាតិនិយម ។ ដើម្បីវាយបកបក្សប្រឆាំងវិញ លោកនាយករដ្ឋមន្ត្រីនាថ្ងៃទី ១៩ ខែមិថុនា ក្នុងពិធីសម្ពោធសមិទ្ធផលមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បញ្ជាក់ថា ចំនួនជនជាតិយួនរស់នៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ ១០ ម៉ឺននាក់ប៉ុណ្ណោះ ។
លោក ហ៊ុន សែន មានប្រសាសន៍ថា អ្នកនយោបាយគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនបានរិះគន់ថា ប្រទេសកម្ពុជា សំបូរទៅដោយជនជាតិយួនរហូតដល់និយាយថា កម្ពុជាមានជនជាតិយួន ៤,៥លាននាក់កំពុងតែរស់នៅនិងប្រកបរបររកស៊ី ។ លោកចាត់ទុកថា អ្នកដែលនិយាយថា វៀតណាមមានចំនួនជាង ៤លាននាក់នៅក្នុងប្រទេសកម្ពុជា ជាអ្នកដែលប្រកាន់ពូជសាសន៍ ហើយលោកក៏បានបញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ ចម្លងខ្សែអាត់សំឡេងយកទៅចែកជូនគ្រប់ស្ថានទូតបរទេសទាំងអស់ទៀតផង។
លោក ហ៊ុន សែន៖ «លោកឯងស្វែងរកណាស់ចំណុចខ្សោយរបស់គណបក្សកាន់អំណាច ដែលមានរឿងមិនពិតប្រឌិតទៅជារឿងពិត ដូចជាអាណិកជនយួនមានមិនដល់ ១០ ម៉ឺននាក់ផង គេថា វៀតណាមមានរហូតដល់ជាង ៤ លានកន្លះ ។ បើអ៊ីចឹងមានប្រហែលជានៅអង្គស្នួលហ្នឹងមានមិនតិចទេ បើដូច្នោះលោកយាយជាវៀតណាម។ គេថា គ្រប់ភូមិទាំងអស់មាន ឃុំទាំងអស់មាន អ៊ីចឹងកូនៗសិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូ សុទ្ធតែយួនទាំងអស់ ។ ខូចម្ល៉េះ! ៤ លានកន្លះច្រើនណាស់ ស្មើនឹងប្រជាជនក្រោយរំដោះឆ្នាំ១៩៧៩» ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនទាន់ដឹងថា មានមន្ត្រីណាម្នាក់ក្នុងគណបក្សសង្គ្រោះជាតិ ដែលនិយាយថា វៀតណាមនៅស្រុកខ្មែរមានចំនួនជាង ៤ លាន់នាក់នោះទេ ប៉ុន្តែលោក ហ៊ុន សែន តែងលាបពណ៌គណបក្សសង្គ្រោះជាតិជាហូរហែ ដូចជាការដែលថា គណបក្សសង្គ្រោះជាតិ ចង់ដឹកនាំប្រទេសតាមរបៀប ប៉ុល ពត ជាដើម ។
លោកបន្តថា លំហូរនៃជនអន្តោប្រវេសន៍យួនបានបង្កបញ្ហាជាច្រើន ដូចជាអំពើអសន្តិសុខសង្គម បញ្ហារំលោភបំពានព្រំដែន និងការដណ្ដើមមុខរបររកស៊ីរបស់ខ្មែរជាដើម ។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានកិច្ចសន្យាពិសេសជាមួយភាគីយួនតាំងពីឆ្នាំ ១៩៧៩ ក្នុងកិច្ចការពារភាពសុខសាន្តរបស់ប្រ ជាពលរដ្ឋយួនដែលមករស់នៅប្រទេសកម្ពុជា ។
លោក សុន ឆ័យ៖ «ដើម្បីធានានូវអធិបតេយ្យភាពរបស់ខ្មែរ គណបក្សសង្គ្រោះជាតិ ដាក់នូវគោល នយោបាយរបស់ខ្លួនថា ត្រូវតែអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានត្រឹមត្រូវទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ មិនថា ជនជាតិយួនជនជាតិចិន ជនជាតិណានោះទេ។ ដូច្នេះចង់បញ្ជាក់ទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញថា ឲ្យលោកអាននូវគោលនយោបាយគណបក្សសង្គ្រោះជាតិ ទើបជាផ្លូវការ ដែលអាចឲ្យនាយករដ្ឋមន្ត្រីជ្រាបឲ្យបានច្បាស់លាស់អំពីអ្វីដែលគណបក្សសង្គ្រោះជាតិហ្នឹង និងអនុវត្តនៅពេលកាន់កាប់រាជរដ្ឋាភិបាល ហើយយើងនឹងធ្វើការដោយគោរពគ្នាទៅវិញទៅមក ដើម្បីធានានូវសុខសន្តិភាព និងការរួមរស់នៅប្រកបដោយសន្តិភាពជាមួយប្រទេសយួនផងដែរ» ។
លោកបន្តថា គណបក្សប្រឆាំងមិនមានគោលនយោបាយប្រឆាំងនឹងយួន ឬ ប្រកាន់ពូជសាសន៍ឡើយ។
ទោះយ៉ាងណាក្តី សង្គមស៊ីវិលឲ្យដឹងថា កាលពីឆ្នាំ ២០០៨ របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ជនជាតិយួនមានចំនួន ៩ម៉ឺននាក់ ។ របាយការណ៍ឆ្នាំ ២០០៩ ចំនួនជនជាតិយួនរស់លើទឹកដីខ្មែរមានចំនួនជាង ១០ ម៉ឺននាក់ និងរបាយការណ៍ឆ្នាំ ២០១០ បញ្ជាក់ថា ជនជាតិយួនមានចំនួនជាង ៨ម៉ឺននាក់។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងមិនទាន់ជឿស្ថិតិនោះនៅឡើយ។
អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា គេមិនអាចជឿបានថា ជនជាតិយួនរស់នៅទឹកដីកម្ពុជា មានចំនួន ១០ ម៉ឺននាក់ ឬក៏មានចំនួន ៤,៥ លាននាក់នោះទេ ហើយក៏មិនអាចមាននរណាម្នាក់ប៉ាន់ស្មានព្រាវៗថា មានជនជាតិយួនចំនួនប៉ុន្មានដែលកំពុងរស់នៅ និងរកស៊ីក្នុងដីខ្មែរឡើយ ។
លោកបន្តថា តួលេខដែលអាចឲ្យគេជឿបាន ពោលគឺរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែរៀបចំឲ្យមានការសិក្សាស្រាវជ្រាវថ្នាក់ជាតិមួយជាមុនសិន ទើបដោះស្រាយបញ្ហានេះបាន។ លោកបញ្ជាក់ថា ជនជាតិយួនច្រើនរស់នៅតំបន់សេដ្ឋកិច្ច ហើយពួកគេមានចំណេះដឹងបច្ចេកទេសច្រើនជាងជនជាតិខ្មែរ និងនាំឲ្យជនជាតិខ្មែរធ្វើចំណាកស្រុកបន្តទៅក្រៅប្រទេសទៀតផង ។
អ្នកជំនាញបញ្ហាសង្គមបញ្ជាក់ថា លំហូរជនជាតិយួនចូលក្នុងប្រទេសកម្ពុជា នាំមកនូវបញ្ហាមួយចំនួន ដូចជាកង្វះការងារក្នុងប្រទេស បញ្ហាអសន្តិសុខសង្គមប៉ះពាល់ដល់វប្បធម៌ និងជាពិសេសប៉ះពាល់ដល់បញ្ហានយោបាយទៀតផង។ អ្នកជំនាញរំលឹកថា ឧបមាថាជនជាតិយួនបានកាន់តំណែងធំក្នុងស្រុកខ្មែរ ឬអាចបោះឆ្នោតបាន នោះពួកគេនឹងមានលទ្ធភាពសម្រេចជោគវាសនាប្រទេសខ្មែរជំនួសជនជាតិខ្មែរលើបញ្ហាសំខាន់ៗ មួយចំនួន ដូចជាបញ្ហាការទូត និងបញ្ហាព្រំដែន ។
ជនជាតិយួនចាប់ផ្ដើមមករស់នៅលើទឹកដីខ្មែរតាំងពីសម័យបុរាណ ។ ស្ត្រីវៀតណាមខ្លះថែមទាំងបានចងសម្ពន្ធមេត្រីជាមួយមេដឹកនាំធំៗនៃប្រទេសកម្ពុជា ដែលបានធ្វើអោយមានការបាត់បង់ទឹកដីខ្មែរផង ។
ព្រឹត្តិការណ៍លេចធ្លោជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរទាក់ទងនឹងរឿងឲ្យដីទៅសាច់ញាតិជាជនជាតិវៀត ណាមនេះ កើតឡើងនៅដើមសតវត្សទី ១៧ ក្នុងរាជរបស់ព្រះបាទ ព្រះជ័យជេស្ដាទី ២ ។ ដោយយោគយល់ដល់ព្រះបិតាក្មេក និងអគ្គមហេសីអង្គចូវ ព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះបិតាក្មេក «ខ្ចីដី» ខេត្តកំពង់ក្របី ព្រៃនគរ ដើម្បីបង្ហាត់សេនាទាហានវៀតណាម ។ ការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះ មានរយៈពេល ៥ ឆ្នាំ គ្រប់ ៥ ឆ្នាំថានឹងសងថ្វាយវិញ ។ ចាប់តាំងពីពេលនោះមក ជនជាតិយួនបានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ រហូតដល់សម័យសាធារណរដ្ឋខ្មែរ លោក លន់ នល់ បានបោសសំអាតជនជាតិយួនម្ដងដែរ ។
លុះដល់របប ប៉ុល ពត ដែលចាត់ទុកយួនជាសត្រូវរបស់ខ្មែរ បានដាក់ចេញយុទ្ធសាស្ត្រកម្ទេចជនជាតិយួនស្ទើរអស់គ្មានសល់ ។ លុះដល់ថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ ជាពេលដែលយួនគាំទ្រកងទ័ពគណបក្សចូលរំដោះទឹកដីខ្មែរពីកណ្ដាប់ដៃ ប៉ុល ពត វៀតណាមក៏បានដាក់ប្រជាជនមករស់នៅក្នុងទឹកដីខ្មែរជាថ្មីម្ដងទៀត ។ មិនតែប៉ុណ្ណោះ វៀតណាមក៏បានដាក់ពង្រាយជំនាញការឲ្យធ្វើការទូទាំងប្រទេសទៀតផង ។
យោងតាមលិខិតអត្ដសញ្ញាបណ្ណសញ្ជាតិកម្ពុជា បច្ចុប្បន្ន គេមិនបានដាក់ចំណុចជនជាតិនីមួយៗនោះទេ មានតែដាក់ថា សញ្ជាតិ ខ្មែរ និង ជនជាតិខ្មែរ តែប៉ុណ្ណោះ ។ កត្ដានេះហើយ ដែលនាំឲ្យមជ្ឈដ្ឋាននានា យល់ថា វាជាការលុបបំបាត់ឈ្មោះជនជាតិនានា នៅក្នុងប្រទេសកម្ពុជា និងជាការពិបាកដល់ការកំណត់ នូវស្ថិតិរបស់ជនជាតិនីមួយៗដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ប្រទេសវៀតណាម នៅ ក្នុងអត្ដសញ្ញាណប័ណ្ណ សញ្ជាតិវៀតណាម គេមានដាក់ចំណុច សាសនា , ជនជាតិ និង សញ្ជាតិ សម្រាប់ពលរដ្ឋវៀតណាមទូទាំងប្រទេស ។ ឧទាហរណ៍ ដូចជា ខ្មែរក្រោម នៅក្នុងអត្តសញ្ញាណប័ណ្ណ សញ្ជាតិវៀតណាម គេដាក់ថា ជនជាតិខ្មែរ សញ្ជាតិវៀតណាម និងសាសនា ព្រះពុទ្ធ ជាដើម ៕