ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្នើរដ្ឋាភិបាល ទទួលស្គាល់ខ្មែរក្រោម ជាពលរដ្ឋខ្មែរស្របច្បាប់ នៅកម្ពុជា
ដោយ ស៊ឺន ចែងចើន | VOKK
អង្គការ សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅកម្ពុជា នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលជាខួបលើកទី ៦៩ ឆ្នាំ នៅចុងសបា្តហ៍នេះ នាទីរួមខេត្តសៀមរាប ក្រោមប្រធានបទ «ខ្មែរក្រោម ជាពលរដ្ឋខ្មែរស្របច្បាប់ នៅកម្ពុជា» ។

ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដែលគ្រោង នឹងរៀបចំឡើង នៅថ្ងៃទី ១០ ខែធ្នូ ២០១៧ ខាងមុខ ដោយអង្គការ សមាគមខ្មែរកម្ពុជាក្រោម នឹងមានពលរដ្ឋខ្មែរក្រោម ជាង ១០០ នាក់ ដែលកំពុងរងបញ្ហាបដិសេធធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងខេត្តសៀមរាប ។ បើទោះជាពលរដ្ឋខ្មេរក្រោមទាំងនោះ មួយចំនួនមានអត្តសញ្ញាណប័ណ្ណគំរូចាស់ហួសសុពលភាពក៏ដោយ តែសមត្ថកិច្ចនៅតែមិនព្រមធ្វើជូនពលរដ្ឋខ្មែរក្រោមឡើយ ដោយលើកហេតុផលថា ជួបការលំបាកលើទិដ្ឋភាពច្បាប់ ឬពួកគាត់ជាខ្មែរក្រោម ។
លោក សឺន ជុំជួន ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ឲ្យដឹងថា ការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិនេះឡើង គឺក្នុងគោលបំណផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន ។ លោក សឺន ជុំជួន ឲ្យដឹងទៀតថា នៅក្នុងពិធីនេះ នឹងមានការអញ្ជើញចូលរួម ពីស្ថាប័នពាក់ព័ន្ធមួយចំនួន មានជាអាថ៍ តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា តំណាងស្នងការនគរបាលខេត្តសៀមរាប ការិយាល័យអត្រានុកូលដ្ឋាន ការិយាល័យអត្តសញ្ញាណកម្ម ។
ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម រូបនេះ បញ្ជាក់បន្ថែមថា មូលហេតុដែលអង្គការខ្មែរកម្ពុជាក្រោម អញ្ជើញវាគ្មិនជាភាគីពាក់ព័ន្ធចូលរួមនោះ គឺដើម្បីស្នើឲ្យជួយអន្តរាគមន៍ករណីអត្តសញ្ញាណប័ណរបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តសៀមរាប និងនៅតាមបណ្តាខេត្តមួយចំនួន ដែលនាពេលកន្លងមក ពលរដ្ឋខ្មែរក្រោមនាំគ្នាទៅធ្វើបញ្ជីកំណើត សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ឬប្តូរអត្តសញ្ញាណប័ណ្ណចាស់ ដែលផុតកំណត់ ហើយត្រូវធ្វើថ្មីឡើងវិញ ។ ប៉ុន្តែ ត្រូវបានខាងអាជ្ញាធរមូលដ្ឋាន ហាក់ដូចមានចេតនារើសអើង ចំពោះពលរដ្ឋខ្មែរក្រោម ដោយបដិសេធក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋខ្មែរក្រោមនោះ។
តាមរយៈវេទិការសិទ្ធិមនុស្សនេះ ក្រុមអង្គការសង្គមស៊ីវិលខ្មែរក្រោម ស្នើទៅកាន់រដ្ឋាភិបាលក្នុងការផ្តល់សិទ្ធិជាពលរដ្ឋដើមកំណើតខ្មែរក្រោមស្របច្បាប់នៅកម្ពុជា ដូចដែលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលព្រះអង្គនៅមានព្រះជន្ម បានទទួលស្គាល់សិទ្ធិមួយចំនួន មានដូចជា សិទ្ធិទទួលអត្តសញ្ញាបណ្ណ បណ្ណគ្រួសារ សៀវភៅអាត្រានុកូលដ្ឋាន និងលិខិតឆ្លងដែនជាដើម ។
អង្គការសមាគមខ្មែរកម្ពុជាក្រោម ប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា មានប្រមាណ ១ លាននាក់ ។
ជារឿយៗ ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងរកឱកាស ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពន្យល់ពីការស្នើបង្កើតឲ្យមានបទដ្ឋានគតិយុត្តិជាក់លាក់ សម្រាប់ឋានៈជាពលរដ្ឋរបស់ខ្មែរក្រោម ៕