សង្ខេបព្រឹត្តិការណ៍សំខាន់ ៗ ទាក់ទិននឹងវិស័យ វប្បធម៌ សិល្បៈ ព្រះពុទ្ធសាសនា និងវត្តអារាម របស់ខ្មែរក្រោម ក្នុងឆ្នាំ ២០២១

0 168

ដោយ លី ឈូន

​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​ក្រៅពី​មាន​ព្រឹត្តិការណ៍​រំលោភ​សិទ្ធិមនុស្ស​ ​ការ​រំលោភបំពាន​ដីធ្លី​ ​ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​រូបភាព​ផ្សេងៗ​ទៀត​ ​ក៏​នៅ​មាន​ការរំលោភ​ ​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា​ ​ការ​រឹតត្បិត​ការប្រតិបត្តិ​ប្រពៃណី​ ​វប្បធម៌​ ​និង​ការ​ហាមប្រាម​មិន​ឱ្យ​ខ្មែរក្រោម​សាងសង់​សំណង់​បែប​ព្រះពុទ្ធសាសនា​ជាដើម​ ​។​ ​តើ​ព្រឹត្តិការណ៍​ទាំងនោះ​ ​មាន​អ្វីខ្លះ​ ​សូម​លោកអ្នក​នាង​ ​តាមដាន​សេចក្តីរាយការណ៍​សង្ខេប​ព្រឹត្តិការណ៍​ ​ឆ្នាំ​ ​២​០​២​១​ ​របស់​លោក​ ​លី​ ​ឈូ​ន​ ​ពី​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​ដូចតទៅ​ ​៖

នៅក្នុងឆ្នាំ ២០២១ ពលរដ្ឋ​ខ្មែរក្រោម ដែល​ធ្វើការ​នៅ​ទីក្រុង​ធំៗ ក្នុងប្រទេស​វៀតណាម នៅតែបន្តស្នើសុំ​ឈប់សម្រាក​ក្នុងឱកាស​បុណ្យ​ប្រពៃណីជាតិ​ខ្មែរ

បើទោះបីជា​ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់ និង ធ្វើការ​ក្រោម​ច្បាប់​ការងារ​របស់​រដ្ឋាភិបាល​វៀតណាម​ក្តី ប៉ុន្តែ ពលរដ្ឋ​ខ្មែរក្រោម មិនអាច​ខកខាន​ក្នុងការ​ចូលរួម ពិធីបុណ្យ​តាម​ប្រពៃណី​របស់​ខ្មែរ​នោះទេ ។ ជាក់ស្ដែង​តំណាង ប្រជាពលរដ្ឋ​ខ្មែរ ក្រោម ប្រមាណ ៨០ នាក់ នៅ​ថ្ងៃទី ៥ ខែមករា​ឆ្នាំ ២០២១ បានដាក់​លិខិត​សំណូមពរ​មួយ​ទៅ​ថ្នាក់ដឹកនាំ​វៀតណាម ដើម្បី​បាន​ឈប់សម្រាក ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ក្នុងនាម​ជា​ជនជាតិដើម​ម្ចាស់​ស្រុក ។

យុ​វជន​ខ្មែរក្រោមមួយរូបឈ្មោះ យឿង ខាយ តំណាង​ឲ្យ​ប្រជាពលរដ្ឋខ្មែរក្រោម ពិសេស​គឺ​កម្មករ​ចំណាក​ស្រុក ចំនួន ៨០ នាក់ កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​នេះ​ បាន​នាំ​គ្នា​ចុះ​ហត្ថលេខា​លើ លិខិត​មួយ ដើម្បី​ដាក់​ទៅ​ប្រធាន​រដ្ឋ ប្រធាន​សភា និង​នាយករដ្ឋមន្ត្រី ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្នើសុំ​ឈប់សម្រាក​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​រយៈពេល ៦ ថ្ងៃ គឺ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈ​ពេល ៣ ថ្ងៃ និង​ពិធីបុណ្យ​សែន​ដូន​តា​រយៈពេល ៣ ថ្ងៃ ។​

កាលពី ឆ្នាំ ២០១៩ និង ២០២០ យុវជន​ខ្មែរក្រោម​មួយរូបឈ្មោះ ថាច់ កឿង ក៏បាន​ធ្វើជា​តំណាង​ឲ្យ​កម្មករចំណាកស្រុក​ខ្មែរក្រោម ដែល​ធ្វើការ នៅ​ទីក្រុង​ធំៗ ក៏បានដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ដែល​ធ្វើ​ការងារ​នៅតាម​ទីក្រុង អាច​ឈប់​សម្រាក​ពេល​បុណ្យជាតិ​សំខាន់​នេះ​ដែរ​ ។

ចំពោះ​ការស្នើរសុំរបស់យុវជនខ្មែរក្រោមប៉ុន្មានឆ្នាំមក​នេះ មិនទាន់មាន​ការឆ្លើយ​តប​ពី​ភាគី​វៀតណាម យ៉ាងណា​នៅឡើយ​ ហើយការឈប់សម្រាកក្នុងថ្ងៃបុណ្យជាតិ របស់ខ្មែរក្រោមខ្លះ ៗ កន្លងមកនោះ មិន​មាន​ច្បាប់កំណត់ច្បាស់លាស់ឡើយ គឺ​ស្រេច​តែស្ថាប័នវៀតណាមមួយចំនួន អនុញ្ញាត​ឲ្យ​ឈប់​សំរាក​ដោយ​មនោ​សញ្ចេតនា តាមតំបន់ តាមអង្គភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ ​ចំណែកក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាមវិញ មាន​ច្បាប់​ឈប់​សំរាក ​យ៉ាងតិច ៥ ថ្ងៃ ។

ព្រឹត្តិការណ៍ស្រដៀងគ្នានេះ កម្មករ​ខ្មែរ​ក្រោម​ជិត​ ៣.០០០ នាក់ នៅ​សួន​ឧស្សាហកម្ម​ តឹង​ ហឿង​ ក្នុង​ខេត្ត​ កោះ គង     ចូល​រួម​កូដកម្ម​ ព្រោះ​តូច​ចិត្ត​នឹង​ក្រុមហ៊ុន​មិន​ឱ្យ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ ៖

កម្មករ​ខ្មែរ​ក្រោមក៏​​បាន​ថ្កោល​ទោល​ចំពោះ​ក្រុម​ហ៊ុន​ ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ​មាន​បុណ្យ​សែន​ដូន​តា និង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​ដើម​ ។

ចំណែករឿងដាច់ដោយឡែកផ្សេងទៀត ពល​រដ្ឋ​ខ្មែរ​ក្រោម​ថ្កោល​សមត្ថកិច្ច​សង្ឃ​វៀតណាម​ព្យាយាម​ចម្លង​គម្ពីរ​ខុស ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​រៀន ៖

ក្រសួងធម្មការវៀតណាម បានបោះពុម្ពសារជាថ្មី នូវគម្ពីរដីកានានា​ នៃព្រះពុទ្ធសាសនា​ជា​អក្សរ​ខ្មែរ  មាន​​​គម្ពីរ​មង្គ​លត្ថ​ទីបនី ជា​ដើម​ ​សម្រាប់​​ព្រះសង្ឃ​​ខ្មែរ​ក្រោម​សិក្សា​រៀន​សូត្រ នៅតាមអង្គភាព ដែល​គ្រប់​គ្រង​ផ្ទាល់​ដោយ​អាជ្ញាធរ​វៀតណាម​ចំនួន​ពីរ​គឺ សាលាបំពេញវិជ្ជាបាលី​ជាន់​​ខ្ពស់​ខ្មែរក្រោម ដែល​វៀតណាម​ហៅថា ​ជើង​បូ ទុក ​កៅ ​កឹ​ម ​បាលី​ ខ្មែរ ​​ណាម​បូ (Truong Bo tuc Cao cap Baly Khmer Nam Bo)  មាន​ទីតាំង​នៅ​​ទីរួម​ខេត្ត​ឃ្លាំង ដែល​វៀតណាម​​ដាក់​ឈ្មោះ​ថ្មី​ថា​ ខេត្ត សុក ត្រាំង (Soc Trang) និង​វិទ្យាស្ថាន​ពុទ្ធសាសនាខ្មែរក្រោម ដែល​វៀតណាមហៅថា  ហុក វៀង ផឹក យ៉ាវ ណាំ តុងខ្មែរ (hoc Vien Phat Giao Nam Tong  Khmer ) ​មានទីតាំងនៅទីក្រុងពេកឫស្សី ដែលវៀតណាម ដាក់​ឈ្មោះថ្មីថា កឹង ធើ (Can Tho) ដែនដី​កម្ពុជាក្រោម​។

គម្ពីរដីកា ដែលអាជ្ញាធរវៀតណាម បោះ​ពុម្ពសារ​ជា​ថ្មី​នោះ​ខុស​ប្រក្រតី​ដើម​ ជាច្រើនអន្លើពីគម្ពីរ ដែលចម្លង​ពី​កម្ពុជា មានខុសអក្ខរាវិរុទ្ធិ និងខុសឃ្លោងឃ្លា​ នៃប្រយោគ ជាច្រើន ។ កំហុសនេះ​កើតឡើងនៅកម្ពុជាក្រោម ជាង ១០ ឆ្នាំមកហើយ​ បើ​ទោះ​បីជា​គណៈសង្ឃ​ខ្មែរ​ក្រោម​ខំតវ៉ា​យ៉ាង​ណា​ក៏​ដោយ​ ក៏អាជ្ញាធរវៀតណាមនៅតែធ្វើគ ធ្វើថ្លង់ដដែល។

នាសន្និសីទលើកទី ៩ ស្តី​អំពីព្រះពុទ្ធសាសនាខ្មែរក្រោម​ធ្វើឡើងនៅទី​រួម​ខេត្ត​លង់ហោរកាលពីថ្ងៃទី ១៧, ១៨ ខែធ្នូឆ្នាំ ២០២០ កន្លងទៅនោះ គណៈសង្ឃខ្មែរក្រោម ខេត្តលង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មី ថា​ខេត្ត វិញ ឡុង​(Vinh Long) តំណាង​ឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម សំណូមពរដល់ក្រសួងធម្មការនិងកិច្ចការសាសនា វៀតណាម ថា ក្បួន ខ្នាត គម្ពីរ ដីកា  ដែលបោះពុម្ពសម្រាប់ព្រះសង្ឃ និង ពុទ្ធបរិស័ទខ្មែរក្រោម   សូម​បោះ​ឲ្យ​បាន​សុក្រឹត្យ​ជាង​លើកមុន ៗ  ផងព្រោះថា​គម្ពីរដីកា​ ដែលបោះពុម្ពក្រោយ ៗ នេះ​កំហុស​អក្ខរាវិរុទ្ធ​ និង​ឃ្លា​ឃ្លោង​ប្រយោគ​កាន់​តែ​ខុស​ច្រើន​ឡើង ៗ ជាហេតុ​ធ្វើអ្វីពុទ្ធបរិស័ទ និងព្រះសង្ឃខ្មែរក្រោម​ពិបាក ក្នុងការ​សិក្សា​រៀនសូត្រយ៉ាងខ្លាំង។

ជាសក្ខីកម្មក្នុងករណីនេះ​ សមណនិស្សិត និស្សិតខ្មែរក្រោមជាច្រើនអង្គ ច្រើនរូបដែលបាន រៀននៅសាលាបាលី បំពេញវិជ្ជាជាន់ខ្ពស់ខ្មែរក្រោម ខេត្តឃ្លំាង ឲ្យដឹង​ថា ​រៀន​នៅ​ទី​ននោះ ចំពោះវិញ្ញាភាសាខ្មែរ​រៀនបានតែពីរពេលប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ក្រៅពីនេះសុទ្ធតែជាវិញ្ញាភាសាវៀតណាម ហើយរៀនពីរ​ឆ្នាំ​​ប្រែលោតប្រយោគគម្ពីរមង្គលត្ថទីបនីមិនចប់មួយភាគផង ។ ការដែលប្រែលោតប្រយោគយឺតដូច្នេះ ក៏ព្រោះតែគម្ពីរ​ដែល​ទីក្រុង​ហាណូយ​បោះពុម្ពសារជាថ្មីនោះ​ខុស​ឃ្លា ​ប្រយោគ​អក្ខរាវិរុទ្ធិ ជាច្រើនដូច្នេះហើយ ទាំង​សិស្ស​​​ទាំង​គ្រូ​រៀន​បណ្ដើរ​កែ​កំហុសទាំងនោះ​បណ្ដើរ ។

ចំណែកសមណសិស្សដែលរៀននៅ​វិទ្យាស្ថាន​ពុទ្ធសាសនាខ្មែរក្រោម នាទីក្រុងព្រែកឫស្សី ​ថាគម្ពីរដីកា​ដែលបោះពុម្ពខុសនេះ មិនអាចបន្ទោស​តែភាគីអ្នកបោះពុម្ពតែម្យ៉ាងនោះទេ កំហុសនេះ​កើត​ឡើងដោយ​អាស្រ័យថ្នាក់​ដឹកនាំ​សាសនាខ្មែរក្រោម ដែលទទួលបន្ទុកការងារនេះ ព្រោះ​តែ​អំពើ​ល្មោភ​បុណ្យស័ក្តិ​ លាភសម្ភារៈ ​ទើប​បណ្ដាល​ឲ្យ​មាន​ការ​បោះ​ពុម្ព​ខុស​ជ្រាំដែលដូច្នេះ។

ករណីនិយាយបន្លំ សរសេរបន្លំ បោះពុម្ពបន្លំ មិនមែន​ទើបតែកើតមាននៅពេលនេះទេ ឧទាហរណ៍​ដូច​ជា​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណបស់ពលរដ្ឋខ្មែរក្រោម​ អាជ្ញាធរវៀតណាម​ដាក់​ថា គ្មានសាសនា​ ធាតុពិត​ពលរដ្ឋ​ខ្មែ​រក្រោមយ៉ាងតិច ៩៩% ជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ចំណែក​ភាសា​និយាយ​ ភាសាសរសេរ​ជា​សកល ​គេសសរសេរ​ឈ្មោះ​ជន​ជាតិខ្មែរ​ថា «Khmer=ខ្មែរ» ។   លើកលែង​តែអាជ្ញាធរវៀតណាម​ គេសរសេរឈ្មោះជនជាតិខ្មែរថា «Kho-me=ឃើ​ មៀ»​ពាក្យថា ​ឃើ មៀ នេះ​តាមនិយមន័យ​ នៃភាសាវៀតណាម​វាស្រដៀងគ្នា​នឹងពាក្យ​ថា «ខ្មែរភ្លើ» ។

មួយវិញទៀតថ្មី ៗ នេះក្រសួងសិក្សាអប់រំ និងបណ្ដុះបណ្ដាលវៀតណាមបាន​បោះពុម្ភសៀវ​ភៅ​ភាសា​ខ្មែរ​ថ្នាក់ទី ៤ សំរាប់ពលរដ្ឋខ្មែរសិក្សា​ គេសរសេរកាឡៃអំពីពិធីប្រណាំងទូក ង របស់​ខ្មែរក្រោម ថាពិធីប្រណាំងទូកនេះ គឺក្លាយ​មកពីការ​ធ្វើ​ទូក​ដើម្បីចម្លង​ព្រះសង្ឃ​ទៅបិណ្ឌបាត​ ទៅវិញ ដែលប្រាស​ចាកពីការពិត​នៃពិធីប្រណាំងទូក ង នៅដែនដីកម្ពុជាក្រោម សព្វ​ថ្ងៃ​គឺធ្វើ​ឡើង​ដើម្បី​រំលឹកដល់​វីរភាព​ដ៏​អង់​អាចក្លាហាន នៃ​កងទ័ព​ជើង​ទឹករបស់​ដែនដីកម្ពុជាក្រោម​ ៕

ទាក់ទងនឹងរឿងរ៉ាវពុទ្ធសាសនាដដែល ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ថ្កោល​ទោស​ សមត្ថកិច្ច​វៀតណាម​ដែល​ហាម​មិន​ឲ្យ​បន្ត​ការ​សាង​សង់​សាលា​ឆ​ទាន​មួយ​ខ្នង​នៃ​វត្ត​ព្រែក​ឈូក ​និង​វត្ត​ទ្រនំ​សេក​ ក្នុង​ខេត្ត​លង់​ហោរ ​(Vinh Long) ៖

សមត្ថកិច្ចវៀតណាម ទាំងផ្នែកស៊ីវិល និងសាសនា ​នៅតែបន្ត រារាំងហាម​ឃាត់​មិន​ឲ្យពុទ្ធបរិស័ទខ្មែរក្រោមនៅភូមិកន្រែង សាង​សង់​បង្ហើយនូវសាលាឆទានភូមិកន្រែង ​ដោយ​ចោទ​ថា​ល្មើស​ច្បាប់ ចំណែកភាគី​ពុទ្ធបរិស័ទខ្មែរក្រោមវិញ នៅតែបន្តការសាងសង់ ព្រោះសំអាងថាជាដីផ្ទាល់ខ្លួនរបស់ពួកគាត់ ។​

អង្គការសង្គមស៊ីវិលខ្មែរក្រោមអះអាងថា ពលរដ្ឋខ្មែរក្រោម ធ្វើនេះ ជាការអនុវត្ត ទៅតាមជំនឿ របស់ខ្មែរក្រោម ដែលស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ មានច្បាប់សិទ្ធិមនុស្ស និងច្បាប់ជនជាតិដើមជាដើម ។

ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​អ្នក​កសាង​អះ​អាង​ថា មុននឹងកាសាងពួក​គាត់​ព្យាយាម​សុំច្បាប់​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​តិច​ក៏​ ៥ ដង​ដែរ ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ​តែ​អាជ្ញាធរ​មិន​អើ​ពើ​ឡើយ មិនតែប៉ុណ្ណោះ អាជ្ញាធរវៀតណាមបានប្រើគ្រប់មធ្យោបាយ ក្នុងការររាំងនេះ ដោយមានសម្លុតគំរាមកំហែងពុទ្ធបរិស័ទ​ខ្មែរ​ក្រោមអ្នកកសាង និងសាច់ញាតិ ដល់ផ្ទះផង ដល់កន្លែងធ្វើការផង ហាមអ្នកលក់គ្រៀងសំណង់មិនឲ្យលក់គ្រឿងសំណង់ឲ្យពុទ្ធបរិស័ទ​ខ្មែរ​ក្រោមអ្នកកសាងផង ។ ដូចជាករណី កាលថ្ងៃទី ២៨ ខែមិថុនា​ មានមន្ត្រីសង្ឃ​ខ្មែរក្រោម​ខេត្តលង់ហោរ​ ​ជាសមាជិក​សមាគមពុទ្ធសាសនាវៀតណាម ១០ ព្រះអង្គផង មាន​លោក​សង្ឃ​យួន​ស្លៀក​ពាក់​ពណ៌​ឈាម​ជ្រូក​ ពីរ បីអង្គផង និងសមត្ថកិច្ចវៀតណាមជាច្រើននាក់ ទាំងស៊ីវិល និងនគរបាលផង មក​កាន់​សាលា​ឆ​ទាន​ភូមិ​កន្រែង​ ក្នុងគោលបំណងនឹង​ដឹក​ព្រះ​ពុទ្ធបដិមា​​ចេញ​ពី​សាលា​ឆទាន​ភូមិកន្រែង តែមិនបានសម្រេច​ ដោយ​ពុទ្ធបរិស័ទ​ខ្មែរប្រមូល​គ្នា​មក​ជុំ​ជិត​ ត្រៀម​សំពង​ជន​ណា​ដែល​ហ៊ាន​ លើក​​ព្រះ​ពុទ្ធបដិមា​ចេញ​ពីសាលាឆទាន​ភូមិកន្រែង ។ ​

ចំណែកមន្ត្រី​​គណកម្មការសាសនា នៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ​រឿង​នេះ​គួរ​តែ​មន្ត្រី​ខ្មែរ​ក្រោម​ នៅ​ក្នុង​ជួរ​រដ្ឋ​អំណាច​កុម្មុយនិស្តុ​សព្វ​ថ្ងៃ​ តាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ ត្រូវ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ ព្រោះ​ថា​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៥ ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​របប​កុម្មុយនិស្តុ​វៀតណាម​មក រយៈ​ពេល ៤៥ ឆ្នាំ​នេះ គិត​តែ​ខេត្ត​ទឹក​ខ្មៅ​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថា ​កា ម៉ៅ​ (Ca ​Mao) មួយ​ ពុទ្ធ​បរិស័ទ​វៀតណាម គេ​កសាង​វត្ត​ដល់​ទៅ​ ៧០ វត្ត ចុះ​រឿង​អី​ខ្មែរ​ក្រោម​នៅ​លង់​ហោរ​គ្រាន់​តែ​កសាង​សាលា​ឆ​ទាន​ខ្នង​សោះ​ មិនបាន ។  បន្ទាប់មក សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ក៏ផ្ដើម​ប្ដេជ្ញា​អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុកឲ្យ​ជួយរួមចំណែក​កសាងបង្ហើយនូវសាលាឆទានភូមិកន្រែផង ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ តែង​តែ​អះ​អាង​ថា​ កន្លង​មក​ដែល​គេ​ឃើញ​អាជ្ញាធរ​វៀតណាម  ឧបត្ថម្ភ​ថវិកាសង់​ផ្ទះ​សម្បែង​ដល់​ជន​ក្រី​ក្រ​ខ្មែរ​ក្រោម​ ឬ សាង​សង់​សាលា ព្រះវិហារ​ដល់​វត្ត​ខ្មែរ​ក្រោម​ខ្លះ​នៅ​តំបន់​ដាច់​ស្រាល​ជាដើម​នោះ ​ ថវិកា​សាង​​ទាំង​នោះ​ជា​របស់​សហគមន៍​អន្តរជាតិ​ ជួយ​ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ ដូច​ជា​ខ្មែរ​ក្រោម​ជា​ដើម​ មិនមែន​ជា​ថវិកា​ផ្ទាល់​របស់​រដ្ឋ​អំណាច​វៀតណាម​ឡើយ​ ។​

រដ្ឋ​អំណាច​កុម្នុយនិស្តុ​វៀតណាម​មិន​មាន​ចេតនា​ល្អ​ ក្នុង​ការ​សាង​សង់​សាលា ព្រះវិហារ​ វត្ត​អារាម​ខ្មែរ​ក្រោម​ឡើយ ​មាន​​តែ​ព្យាយាម​បំផ្លិច​បំផ្លាញ​ថែម​ ដូច​ករណី​វាយ​កម្ទេច​​នូវ​ខ្លោង​ទ្វារ​រចនាបថ​​ខ្មែរ​ ​ចូល​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង​ជាដើម​ទាំង ពីថ្ងៃទី២៧ វិច្ឆកា ឆ្នាំ ២០១៤ រហូត​មក​ដល់​ពេល​នេះ​ គេ​មិន​ទាន់​បាន​សាង​សង់​សង​នៅ​ឡើយ​ ។

សាលាឆទានដែលត្រូវអាជ្ញាធរវៀតណាមព្យាមរារាំងមិនឈប់ឈរហ្នឹង ត្រូវបាន ពុទ្ធបរិស័ទ អ្នកកសាងតាំងនាមថា សាលាទានសិរីមង្គលឧទ្យាន ភូមិកន្រែង​ សាលា​ឆ​ទាន​នេះ ស្ថិត​នៅ​ភូមិ កន្រែង​ ឃុំ​កំពង់ប៉េង ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ លង់​មី (Loan my) ស្រុកផ្សារថ្មី ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ តាម​បិញ​ (Tam binh) ខេត្ត​លង់​ហោរ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ វិញ​ ឡុង ​​(V​inh Long) ដែល​រួម​កសាង​ដោយ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ចំនួន ពីរ គឺ​វត្ត​សាល​វន្ត ឧទ្យាន (ព្រែក​ឈូក) និង​វត្ត​មង្គលបុរី (ទ្រនំ​សេក) ខេត្ត​លង់​ហោរ ។​

សាលា​ឆ​ទាន​នេះ មាន​​ទំហំ​ទទឹង​ ៩ ម៉ែត្រ​បណ្ដោយ ១២ ម៉ែត្រ និង​កម្ពស់ ១២​ ម៉ែត្រ​ ជា​​​គ្រឿង​ស៊ីម៉ង់​ ហើយ​និង​ចាប់​ផ្ដើម​កសាង​តាំង​ពី​ថ្ងៃ ​១៩ ​វិច្ឆិកា​ ឆ្នាំ​ ២០២០ ដែលរហូតមកដល់ពេលនេះ ​កសាងបាន​សម្រេច​ជិត ៨០ % ហើយ ។

ទាក់ទិននឹងរឿងរ៉ាវកើតឡើងក្នុងខេត្តលង់ហោរក្នុងឆ្នាំ ២០២១ ក្រៅពីបន្តរារាំងមិនឲ្យខ្មែរក្រោម កសាងសាលាឆទានភូមិកន្រែង កាលពីពាក់កណ្ដាលឆ្នាំនេះ សមត្ថកិច្ចវៀតណាម បានឃុមឃិតនឹងគណកម្មការវត្តមួយចំនួន នៃវត្តមង្គលបុរីទ្រនុំសេក ប៉ុនប៉ង អាររលំដើមគគីរមួយដើមមានអាយុកាលជាង ៧០០ ឆ្នាំ នៅក្នុងវត្តមង្គលបុរីទ្រនុំសេក ដោយគ្មានរផ្ដល់ដំណឹងច្បាល់ដល់ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ។

ដើមគគីរ ដែលមានអាយុកាលជាង ៧០០ ឆ្នាំនេះ ត្រូវបានអាជ្ញាធរវៀតណាមទទួលស្គាល់ជាបិតិកភណ្ឌជាតិ តែត្រូវបានស្លាប់កាលពីដើ ឆ្នាំ ២០២១   ដោយមិនដឹងពីមូលហេតុច្បាស់លាស់ឡើយ ។

ចំណែករឿងរ៉ាវមួយទៀតនោះ គឹអាជ្ញាធរ​ខេត្តលង់ហោរ​ ក្លែងឯកសារ បន្លំ​យក​ដី​វត្ត​សិរីមង្គលតាធាយ សម្រាប់ធ្វើ​ជា​ទី​បច្ឆា​ធំ​លើស​កំណត់ ខុស​ពី​កិច្ច​ព្រមព្រៀង ។

ដើមហេតុកើតឡើងនេះ គឺបន្ទាប់ពីព្រះសង្ឃ និងគណកម្មការវត្តសិរីមង្គលតាធាយ ហៅវត្តព្រែកនិស្ស័យ​ក្នុង​ស្រុក​តាឱន (តែអុង) ខេត្ត​លង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មីថា ឡុងហោ បានសុំច្បាប់សមត្ថកិច្ចវៀតណាមធ្វើប្លង់ដីស្រែវត្តចំនួន២៣កុង ​ស្មើ​នឹង​ប្រមាណជាង ២៣០ អា ដែលពុទ្ធបរិស័ទរួមគ្នាជាវប្រគេនវត្ត ។

ខាងសមត្ថកិច្ចបានដាក់លក្ខន្ធ ដោយសុំដីមួយចំនួនដើម្បីធ្វើជាទីបច្ឆា   ព្រះសង្ឃ និងគណៈកម្មការវត្ត ក៏​ព្រម​ព្រៀង ​សប្បទាន​ដី​វត្ត​ឲ្យ​សមត្ថកិច្ចចំនួន ២កុងដី ស្មើប្រមាណជាជាង ២០ អា តែខាង​សមត្ថកិច្ចបែ​ជាក្លែងឯកសារ​ បន្លំ​យក​ដី​វត្ត​ទៅ​ដល់​ ១២ កុង​ស្មើ​នឹង​ប្រមាណជាង ១២០ អា ដោយចុះបញ្ជីថាជាដីរបស់មន្ទីរជនជាតិ (គណៈជនជាតិខេត្ត)និង​ជា​ដីសម្រាប់​បញ្ចុះសព មិន​មែន​ជា​ដីស្រែ​វត្តឡើយ ។

រឿងរ៉ាវតវារបស់ពលរដ្ឋខ្មែរក្រោមនៅខេត្តលង់ហោរ ដែលសមត្ថកិច្ចវៀតណាម បំពានមកលើវត្តអារាមខ្មែរក្រោម រហូតមកដល់ពេលនេះ អាជ្ញាធរវៀតណាម មិនទាន់ដោះស្រាយឲ្យបានសមស្របនៅឡើយ ៕

រីឯនៅកម្ពុជាឯណេះវិញ អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​​សមត្ថកិច្ច​កម្ពុជាបញ្ជូន​​ទៅ​​ឃុំ​ខ្លួន​​ នៅ​​ពន្ធនាគារ​​ព្រៃ​ស ៖

អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម លោក​ប៉ាង ​សុដា ​ត្រូវ​​បាន​សមត្ថកិច្ច​កម្ពុជាបញ្ជូន​ទៅ​ឃុំ​ខ្លួន​ នៅ​ពន្ធនាគារ​​ព្រៃ​ស​​​ ក្រោយ​ពី​​អាជ្ញាធរ​ចាប់​ផ្សឹក​​ និង​បាត់​ដំណឹង​​ជិត​ពីរ​សប្ដាហ៍​ ។​ អង្គការ សង្គមស៊ីវិលកម្ពុជា កម្ពុជាក្រោម​​ ​ថា​ ការ​ចាប់​ឃុំ​​​អតីតសង្ឃខ្មែរក្រោម​រូប​នេះ​ ​​​​ជា​ការ​​​គំរាម​​កំហែង ​ជាជាង​ការ​អនុវត្ត​ផ្លូវ​​ច្បាប់ ។​

អតីត​សង្ឃ​ខ្មែរ​ក្រោម លោក ​​ប៉ាង​ សុដា​ ​ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពីរលើក តែក្នុងរយៈពេលពីរសប្ដាហ៍  លើកទីមួយគឺនៅថ្ងៃទី ​០២ កញ្ញា អតីត​សង្ឃ​ខ្មែរ​ក្រោម លោក ​​ប៉ាង​ សុដា ត្រូវ​បានសមត្ថកិច្ចហ៊ុំព័ទ្ធវត្ត ​ចាប់ខ្លួនភ្លាម ៗ ប្រគល់ឲ្យមន្ត្រី​សង្ឃ​ខេត្តកំពង់ចាមជួយ​ផ្សឹក រួចហើយ​សមត្ថកិច្ច​ខេត្ត ​និង​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​បញ្ជូន​ខ្លួនលោកមក​ភ្នំពេញ ​យ៉ាង​តក់ក្រហល់​ ។ អតីត​សង្ឃ​ខ្មែរ​ក្រោមរូបនេះត្រូវបានចាប់ខ្លួននៅវត្តដែលលោកធ្វើជាចៅអធិការ គឺវត្តវង្សគត​បុរី​សេរី​ភ្នំពេញថ្មី ខេត្ត​កំពង់ចាម ដោយសមត្ថកិ្ចអនុវត្ត​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដីកាចាប់ខ្លួន​ ដើម្បី​យក​ទៅ​សាកសួរ​នាំជុំវិញ​បទចោទប្រកាន់​ល្មើស​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ។

រីឯការចាប់ខ្លួនលើកទីពីរធ្វើឡើងនៅ ១៤ ខែកញ្ញា នៅទីក្រុងភ្នំពេញ និងបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃស ។ ការចាប់ខ្លួនលើកទីពីរនេះ សមត្ថកិច្ចកម្ពុជា​ចោទប្រកាន់លោកពីបទក្បត់កិច្ចសន្យា​ ព្រោះអតីត​សង្ឃ​ខ្មែរ​ក្រោម លោក ​​ប៉ាង​ សុដា បានប្រើប្រាស់ទូរស័ព្ទ ផ្ដល់ដំណឹងនៃអាថ៌កំបាំងការចាប់ខ្លួនលោកទៅឲ្យសាធារណជនដឹង និងបទល្មើសប្រព្រឹត្ត​អសីលធម៌ជាមួយមាតុគ្រា​ម ខុសនឹងវិន័យសង្ឃ។​

ទោះបីជាយ៉ាង​ណាក៏ដោយ អង្គការសង្គម​ស៊ីវិលកម្ពុជា និងខ្មែរក្រោមថា ការចាប់ខ្លួនអតីត​សង្ឃ​ខ្មែរ​ក្រោម លោក ​​ប៉ាង​ សុដា ​​​​ជា​ការ​​​គំរាម​​កំហែង ​ជាជាង​ការ​អនុវត្ត​ផ្លូវ​​ច្បាប់ ​និងធ្វើឡើង​ដោយ​ការ​បង្ខំ​ ហើយនិង​​ជា​​ការ​​រៀបចំទុក​​ជា​មុន ។ អង្គការសង្គម​ស៊ីវិល​ចង់​ឱ្យ​មាន​តម្លាភាព​ទាក់ទង​ទៅ​នឹង​ករណីនេះ បើ​ដូច្នោះ​ទេ ​មន្ទិល​នឹង​កាន់មាន​ច្រើនថែមទៀត។

រហូតមកដល់ពេលនេះ អតីត​សង្ឃ​ខ្មែរ​ក្រោម លោក ​​ប៉ាង​ សុដា​ មិនទាន់ត្រូវបានតុលាកាត់ទោសនៅឡើយ ។​ ចំណែក អង្គការ​ សមាគមខ្មែរក្រោប ​បាន​​​​ត្រៀម​ផ្តល់​​មេធាវី​​​​ ដើម្បី​ជួយ​​ការពារ​ក្ដី​ដល់អតីត​សង្ឃ​ខ្មែរក្រោមរូបនេះដែរ​ ​បើ​សាមី​ខ្លួន ​ឬ ​គ្រួសារ​​​ស្នើ​សុំ ។

​ លោ ​​ប៉ាង​ សុដា​ មានស្រុកកំណើតនៅខេត្តឃ្លាំងកម្ពុជាក្រោម លោកជាអតីត ព្រះចៅអធីការវត្ត វត្តវង្ស​គត​បូរីសេរី​ភ្នំពេញ​ថ្មី ខេត្ត​កំពង់​ចាម​ តាំង​ពីឆ្នាំ ១៩៩៥ ​​​រហូត​ដល់​ថ្ងៃត្រូវ​ចាប់​ផ្សឹក​ ។ ក្រៅ​ពីតួនាទីជា​ចៅ​អធិការ​វត្ត​ លោកក៏ជា​ទីប្រឹក្សា​ និង​ធម្ម​ទូត​សម្តេច​ព្រះសង្ឃ​រាជ នន្ទ ង៉ែត ​ទៀត​ផង ។​ ​ក្រៅពី​ការងារ​សាសនា ​លោក​ក៏​សកម្ម​នឹង​ការងារជួយ​សង្គម ​​​ទាំងសង្គមកម្ពុជា និងកម្ពុជាក្រោម ដោយ​​ឧបត្ថម្ភ​ថវិកា ស្បៀង​អាហារ និង​សម្ភារៈ​ដល់​ពលរដ្ឋ​ក្រីក្រ​ជាដើម​ ៕

​ទាក់ទង នឹងព្រឹត្តិការណ៍​ប្រកួត​បរ​វ​កញ្ញា​ចក្រវាល​កម្ពុជា​ ​ឆ្នាំ ២​០​២​១​ វិញ ៖

បន្ទាប់ពី​ឆ្លងកាត់​ការ​ប្រកួត ​អស់​ជាច្រើន​ស​ប្ដាហ៍​រួចមក​នោះ​ ​តាមរយៈ​​វគ្គ​ជម្រុះ​បេ​ក្ខ​នារី​ជាច្រើន​រូប​ជាបន្តបន្ទាប់​ ​រហូត​នៅសល់​ត្រឹមតែ​បេក្ខភាព​ ​១​៩​ ​ចុងក្រោយ​ នៃ​កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​កម្ពុជា​ ​២​០​២​១​ (​Miss​ ​Uni​v​ere​s ​Cam​bo​d​i​a​ 2021) ​បាន​ឈានមកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នៅ​យប់​ថ្ងៃ​ទី​ ​២​៨​ ​ខែ​តុលា​ ឆ្នាំ ២០២១ ​។​ ​ក្នុងចំណោម​បេក្ខភាព​ផ្លូវការ​ទាំង​ ​១​៩​ ​រូប​ ​មានតែ​ ​៣​ ​រូប​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​​ជា​ម្ចាស់​ជ័យ​លា​ភី​ ​ក្នុងកម្មវិធី ​Miss​ ​Uni​v​ere​s ​Cam​bo​d​i​a​ 2021 ​ ហើយ​​ម្ចាស់ជ័យ​លា​ភីនៃកម្មវិធីនេះ បានទៅលើ កញ្ញា​ ងិ​ន​ ​ម៉ា​រ៉ា​ឌី​ ​ដែល​នាង​ ​គឺជា​តារា​សម្តែង​ ​ពិធី​ការិនី​ ​និង​អ្នកបង្ហាញ​ម៉ូត​ ​ ជាម្ចាស់​មកុដ​ ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ​ទៅ​ប្រកួត​នៅ​លើឆាកអន្តរជាតិ​ ​នៅ​ពេល​ខាងមុខនេះ​  ចំណែកបេក្ខភាពមកពីកម្ពុជាក្រោម ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ជាប់​ជ័យ​លា​ភី​រង​ទី​ ​១​ (1s​t​ ​Runner​ ​Up​) ​និង​ ​កញ្ញា​ ​ស៊ីម​ ​ម៉ា​កា​រ៉េត​ ​ពេជ្រ​ចរណៃ​ ​ជាប់​ជ័យ​លា​ភី​រង​ទី​ ​២​ (2s​t​ ​Runner​ ​Up​) ​។

ក្រៅពីការបានទទួលជ័យលាភីពីវិញ្ញាសារប្រឡង សម្រស់ កាយវិការ ប្រឡងបញ្ញានោះ ឈុតតែងខ្លួនរបស់បវរកញ្ញាឯករងទី១ ឆន ស្រីណេត ក៏បានធ្វើឲ្យគណៈកម្មការ និងមហាជនពេញចិត្តយ៉ាងខ្លាំងផងដែរ ពិសេសគឺមហាជនខ្មែរក្រោម ដែលពេញចិត្តបំផុតនោះគឺ ​វិញ្ញាសារ​ ​ឈុត​តំណាង​ជាតិ​«​សញ្ញា​​រាហូ​ចាប់​ចន្ទ​​»​ដែល​ជា​និមិត្តសញ្ញា​ជាតិ​​ខ្មែរក្រោម​នៅ​ទូទាំង​ពិភពលោក​ ។ ​

ទាំងបវរកញ្ញា​រង​ទី​ ​១​ (1s​t​ ​Runner​ ​Up​) ​ឆន​ ​ស្រី​ណេ​ត​ និងទាំងយុវជនខ្មែរក្រោមឈ្មោះ ​ ​ថា​ច់ ​បូ​រិន​ ​ហៅ​ ​ទឹកគ្រឿង​ ​អ្នក​ច្នៃ​ម៉ូត​ជូន​បេក្ខភាព​បវរកញ្ញា​រង​ទី​ ​១ ផង ថ្លែង​ឲ្យមហាជនដឹង​ថា​ ​គោលបំណង​សំខាន់​ ​ដែលពួកគេសម្រេចយកឈុតំណាងជាតិ​ «​សញ្ញា​​រាហូ​ចាប់​ចន្ទ​​»​ ​ដែល​ជា​និមិត្តសញ្ញា​ជាតិ​​ខ្មែរក្រោម​ មកប្រឡងនេះ ​គឺ​ចង់​ពញ្ញាក់អារម្មណ៍​ទៅដល់​មហាជន​ ​ឲ្យ​ងាក​មក​យកចិត្តទុកដាក់​ចំពោះពលរដ្ឋ​ខ្មែរក្រោម​ ​មិនថា​ពួកគេ​រស់នៅ​ទីណា​ឡើយ​ ​គឺ​នៅតែ​គោរព​ ​និង​រក្សា​នូវ​វប្បធម៌​ខ្មែរ​ ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ ​រក្សា​បាន​នូវ​វត្តអារាប​ព្រះពុទ្ធសាសនា​ ​អក្សរសាស្ត្រ​ សិល្បៈ ​ស​ម្លៀ​ក​បំពាក់ជាតិ​ ​ដូច​ពលរដ្ឋ​ខ្មែរ​ ​នៅ​កម្ពុជា​ ​ដែរ​ ​។

ក្រោយ​ពី​កម្មវិធី​ប្រកួត​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​ ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​គ្រប់ទិសទី​ ​ចូលរួម​អប​អរសាទរ​ ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​ ​ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បេ​ក្ខ​នារី​ខ្មែរក្រោម​ដោយ​ផ្ទាល់​ ​និង​​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​កណ្ដាល​ ​ដែល​ផ្តល់​ឱកាស​ដល់​ខ្មែរក្រោម​ ​មានឈ្មោះ​ ​បោះ​សំឡេង​ ​នៅ​កម្ពុជា​ ​និងពិភពលោក​ ឲ្យ​បាន​ស្គាល់​កាន់តែ​ច្បាស់​អំពី ​«​ខ្មែរក្រោម​»​ ​ ​។

ដោយឡែក​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៩​ ​ខែ​តុលា​កន្លង​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​គណៈកម្មការ​ស្រ្តី​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​មាន​មូលដ្ឋាន​ ​នៅ​សហ​រដ្ឋា​អាមេរិក​ ​រួម​ជាមួយនឹង​ ​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​សមាជិក​ចំនួន​ ​៩​ ​ស្ថាប័ន​ ​ជា​តំណាង​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​មាន​មូលដ្ឋាន​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​រៀបចំ​កម្មវិធី​អប​អរសាទរ​ ​និង​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់ជ័យលាភីបវរកញ្ញាឯក​រង​ទី​ ​១​ ឆន​ ​ស្រី​ណេ​ត ផងដែរ ​។

​បវរកញ្ញាឯករងទី១ ឆន​ ​ស្រី​ណេ​ត មានឈ្មោះ​ដើម​ ​សឺ​ន​ ​ស៊ី​ណេ​ត​ អាយុ ២​៤​ ​ឆ្នាំ មានបងប្អូន ៥ នាក់ ​ជាកូនកសិករ មានស្រុកកំណើតនៅ​ភូមិ​មេ​រង​ ​ឃុំ​ដើម​ជ្រៃ​ ​ស្រុក​ផ្នោ​ដាច់​ ​ខេត្ត​ព្រះត្រពាំង​ (​កម្ពុជាក្រោម​) ។  ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​  ​ ​បាន​មក​រស់នៅកម្ពុជា​ ​៣​ ​ឆ្នាំ មកហើយ  កញ្ញាអាច​និយាយ​បាន​ ​៤​ ​ភាសា​ ​គឺ​ភាសាខ្មែរ​ ​វៀតណាម​ ​ថៃ​ ​និង​អង់គ្លេស  សព្វថ្ងៃកញ្ញា ជា​គ្រូបង្រៀន​​ហាត់ប្រាណ​តាម​ក្លិ​ប​ ​និង​ជាតា​រា​ម៉ូដែល​ឯករាជ្យ​ (​Free​lance​) ៕

Leave A Reply

Your email address will not be published.