ព័ត៌មានជាចន្លុះបំភ្លឺពលរដ្ឋខ្មែរក្រោម ឲ្យឈានទៅយក សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង
ព័ត៌មានជាចន្លុះបំភ្លឺពលរដ្ឋខ្មែរក្រោម ឲ្យឈានទៅយក សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង
សុន្ទរកថាថ្លែងដោយ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ)
នៅក្នុង សន្និសីទអន្តរជាតិស្ដីពីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម
វិមានសន្តិភាព, ទីក្រុងឡាអេ, ហូឡង់ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩
———-※———–
ខ្ញុំព្រះករុណា អាត្មាភាព សូមថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីគោរព រាប់អាន !
សូមចម្រើនពរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង ភ្ញៀវ កិត្តិយស គ្រប់រូប ដែលមានវត្តមាននៅក្នុងអង្គសន្និសីទជាទីរាប់អាន !

ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជាតិខ្មែរក្រោម ដែលសហព័ន្ធខ្មែរ កម្ពុជាក្រោម, អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO), និង វិទ្យាស្ថានហាវ៉ៃដើម្បី សិទ្ធិមនុស្ស បានរួមគ្នារៀបចំសន្និសីទអន្តរជាតិក្រោមប្រធានបទ “សិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួនឯងរបស់ខ្មែរក្រោម” ដើម្បីរំឭក ដល់ខួប ៧០ ឆ្នាំ ថ្ងៃដែលអាណានិគមនិយមបារាំង បានផ្ទេរ អំណាចឲ្យយួនបន្តធ្វើអាណានិគមលើប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម កាលពីថ្ងៃ ទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ។ មេដឹកនាំ សមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភព លោក ក្នុងនោះ មានប្រទេស ហូឡង់, បារាំង, អ៊ីតាលី, បែលស្ស៊ីក, សហរដ្ឋអាមេរិក, កាណាដា, អូស្រ្តាលី និងព្រះរាជាណាចក្រកម្ពុជា បានមកជួបជុំគ្នាដើម្បីស្ដាប់នូវវាគ្មិនជាតិ និងអន្តរជាតិ បក ស្រាយអំពីច្បាប់អន្តរជាតិនានា ដែលទាក់ទងនឹង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង របស់ប្រជាជាតិខ្មែរក្រោម ។
ព្រះតេជព្រះគុណ លោក លោកស្រី និង ភ្ញៀវកិត្តិយសជាទីមេត្រី!
នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាស្ថាប័នមួយបានបង្កើតឡើង ដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងគោលបំណងធ្វើការសិក្សាស្រាវជ្រាវ និង ផ្សព្វផ្សាយ នូវឯកសារ និង ព័ត៌មានស្ដីអំពី ដែនដីកម្ពុជាក្រោម ដូចជា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ សាសនា ភូមិសាស្រ្ត ប្រវត្តិសាស្ត្រ និង ការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិដើមខ្មែរក្រោម ពីរដ្ឋការអាណានិគម យួន សព្វថ្ងៃ ឲ្យពិភពលោកបានជ្រាប ។ ម្យ៉ាងទៀត នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរ កម្ពុជាក្រោម ធ្វើការផ្សព្វផ្សាយនូវដំណឹងស្ដីពី សកម្មភាពតស៊ូមតិ នៅលើឆាកអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យប្រជាជាតិខ្មែរក្រោមអ្នកនៅក្នុង មាតុភូមិកម្ពុជាក្រោម បានជ្រាប និង ឲ្យចេះប្រើប្រាស់នូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក្នុងការឆ្ពោះទៅយក សិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួនឯង នាពេលអនាគត ។
សព្វថ្ងៃ ព័ត៌មាន និង ឯកសារ ដែលនាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផលិត និងផ្សព្វផ្សាយនោះ រួមមាន វិទ្យុសំឡេងកម្ពុជាក្រោម, ទូរទស្សន៍ ព្រៃនគរ, កាសែត ព្រៃនគរ, ព្រឹត្តិបត្រ កម្ពុជាក្រោម ប្រចាំខែ, ផលិតកម្មខ្មែរក្រោម, សៀវភៅ និង អត្ថបទ ព័ត៌មាន ទាន់ហេតុការណ៍ប្រចាំថ្ងៃ ។ ការផលិតទាំងនេះ យើងបានចុះផ្សាយជាផ្លូវការ នៅលើគេហទំព័រ និង បណ្ដាញសង្គម Facebook និង Youtube នៃ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK.net) និង សារព័ត៌មាន ព្រៃនគរ (PREYNOKORNEWS.info) ។
៧០ ឆ្នាំ នៅក្រោមនឹមត្រួតត្រារបស់អាណានិគមយួន ប្រជាជាតិខ្មែរក្រោម ជាជនជាតិដើម នៃ ដែនដីកម្ពុជាក្រោម គ្មានសិទ្ធិទទួលបាននូវសិទ្ធិទេ ក្នុងនោះ ; គ្មានសិទ្ធិផ្សព្វផ្សាយ និង ទទួល បាននូវព័ត៌មានពិត ជាដើម ។ ដូចយើងបានជ្រាបស្រាប់ ថ្មីៗ នេះ ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ជាព្រះសង្ឃវត្តសិរីតាសេក នៃ ខេត្តឃ្លាំង គ្រាន់តែផ្ដល់បទសម្ភាសន៍ដល់ វិទ្យុសំឡេង កម្ពុជាក្រោម និង វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏ត្រូវរដ្ឋាភិបាលអាណានិគម យួន កាត់ទោសឲ្យជាប់គុកពី ៤ ទៅ ៦ ឆ្នាំ យ៉ាងអយុត្តិធម៌ ។ គ្មានទុក្ខអ្វីស្មើទុក្ខរស់នៅក្រោមនឹម អាណានិគមបរទេសឡើយ ។
ដោយមើលឃើញប្រជាជាតិខ្មែរក្រោមនៅក្នុងមាតិភូមិកម្ពុជាក្រោម កំពុងតែត្រូវប្រឈម នឹងការរំលោភបំពានសិទ្ធិមនុស្សជាទម្ងន់ពីរដ្ឋការអាណានិគមយួន ជារៀងរាល់ថ្ងៃទើប យើងខ្ញុំ ព្រះករុណា អាត្មាភាព ជាថ្នាក់ដឹកនាំ និង សហការី របស់ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរ កម្ពុជាក្រោម ខិតខំប្រឹងប្រែងធ្វើការស្ម័គ្រចិត្តដោយមិនខ្លាចនឿយហត់ក្នុងការផលិត និង ផ្សព្វ ផ្សាយនូវព័ត៌មានពិតដើម្បីឲ្យអ្នកតាមដាននៅគ្រប់ទិសទី បានទទួលដំណឹងទាន់ហេតុការណ៍ និងជា ទីទុកចិត្តបំផុត ។
នៅក្នុងសម័យបច្ចេកព័ត៌មានវិទ្យានេះ រដ្ឋការអាណានិគមយួនមិនអាចបន្តបិទបាំងការពិត បានទៀតទេ ដោយសារប្រជាជាតិខ្មែរក្រោមគ្រប់រូបបានទទួលព័ត៌មានពិត ដែលយើងបានផលិត និង ផ្សព្វផ្សាយតាមរយៈ អិនធើណិត មានបណ្ដាញសង្គម Facebook និង Youtube ជាដើម ។ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តពង្រឹងការផលិត និងផ្សព្វផ្សាយ នូវព័ត៌មាន ស្ដីពីកម្ពុជាក្រោម ឲ្យកាន់តែមានប្រសិទ្ធភាពជាបំផុត ដើម្បីធ្វើជាចន្លុះច្រាលបំភ្លឺនៅលើដែនដី កម្ពុជាក្រោម ឲ្យប្រជាជាតិខ្មែរក្រោមគ្រប់រូបបានយប់ដឹង និងចេះប្រើប្រាស់ នូវសិទ្ធិសេរីភាពជា មូលដ្ឋានរបស់ខ្លួន ។ ប្រធានាធិបតីទី ៤ របស់ សហរដ្ឋអាមេរិក ជេម មេឌីសិនស៍ (James Madison) បានមានប្រសាសន៍ថា “ការរីកចម្រើន និង ការផ្សព្វផ្សាយចំណេះដឹង គឺជាអាណា ព្យាបាល តែមួយគត់ នៃសេរីភាពពិតប្រាកដ” (The advancement and diffusion of knowledge is the only guardian of true liberty ) ។ ដូច្នេះ រាល់ព័ត៌មាន ដែលយើងបានផ្សព្វផ្សាយនេះ ជាសេរីភាពពិតប្រាកដមួយបញ្ជ្រាបចូលទៅក្នុងផ្នត់គំនិត និង ស្មារតីរបស់ខ្មែរក្រោមគ្រប់រូប ឲ្យមានសេចក្ដីក្លាហានក្នុងការអនុវត្តនូវ សិទ្ធិសម្រេចវាសនា ខ្លួនដោយខ្លួនឯង នៅលើទឹកដីកំណើតរបស់ខ្លួន នាពេលអនាគត ដ៏ខ្លីខាងមុខនេះ ។
តាងនាម នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និង សហព័ន្ធខ្មែរកម្ពុជា ក្រោម ខ្ញុំព្រះកុរណា អាត្មាភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសទាំង អស់នៅជុំវិញ ពិភពលោក ដែលបានបរិច្ចាគប្រាក់តាមរយៈ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់ឧបត្ថម្ភ ដល់ សន្និសីទអន្តរជាតិ នាថ្ងៃនេះ ។ ដោយសារមាន ការឧបត្ថម្ភគាំទ្រពី សមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង សប្បុរសទាំងអស់ នេះហើយ ទើបធ្វើឲ្យសន្និសីទនេះបាន ប្រព្រឹត្តទៅជោគជ័យយ៉ាងច្រចះត្រចង់ ។
សូមថ្លែងអំណរគុណជាអតិបរមា ចំពោះ លោក ជុន ច័ន្ទបុត្រ ជានាយករង នៃ វិទ្យុ អាស៊ីសេរី ផ្នែកខេមរភាសា ដែលបានអញ្ជើញមកទីក្រុងឡាអេ ដើម្បីយកព័ត៌មានអំពី សន្និសីទ នេះ ;និងបានខិតខំយ៉ាងពេញទំហឹងក្នុងការជួយផ្សព្វផ្សាយនូវដំណឹងស្ដីពីកម្ពុជាក្រោម និង សកម្មភាពតស៊ូ មតិ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នាពេលកន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅប្រទេស កម្ពុជា និងជុំវិញពិភពលោក បានជ្រាបអំពីរឿងរ៉ាវរបស់ប្រជាជាតិខ្មែរក្រោម កាន់តែច្បាស់ថែម ទៀត ។
សូមប្រគេន និង ជូនពរ ដល់ គណៈប្រតិភូ ភ្ញៀវជាតិ និង អន្តរជាតិ ឲ្យបានប្រកបតែនឹង សេចក្ដីសុខ ចម្រើនគ្រប់ប្រការ និងធ្វើដំណើរត្រឡប់ទៅវិញឲ្យបានសុខសប្បាយ និង សុវត្ថិភាព តាមផ្លូវ។
សូមអរគុណ និង អរព្រះគុណ !