កំណត់ហេតុនៃសន្និបាតប្រចាំ ២០១៤ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោម
សន្និបាតប្រចាំឆ្នាំ ២០១៤
ថ្ងៃទី ១៣, ១៤ ខែធ្នូ ឆ្នាំ ២០១៤
ក្រុងឡងប៊ីច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

នៅព្រឹកថ្ងៃសៅរ៍ ៧ រោច ខែមិគសិរ ឆ្នាំមមី ឆស័ក ព. ស. ២៥៥៨ ត្រូវនឹងថ្ងៃ ទី ១៣ ខែធ្នូ គ. ស. ២០១៤ ជាថ្ងៃដែលសហព័ន្ធខ្មែរកម្ពុជាក្រោមកំណត់យកជាថ្ងៃដំបូងនៃសម័យសន្និបាត ប្រចាំឆ្នាំ ២០១៤ ។ សន្និ បាត នេះប្រារព្ធឡើងចំនួន ២ ថ្ងៃ គឺនៅថ្ងៃសៅរ៍, អាទិត្យ ទី ១៣, ១៤ ខែធ្នូ គ. ស. ២០១៤ នៅវត្តកម្ពុជាក្រោម វិថីអ័រហ្គែន ក្រុងឡងប៊ីច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
នៅវេលាម៉ោង ៩ ព្រឹក បន្ទាប់ពីដំណល់នៃគណៈកម្មការនាយក និងសមាជិកសមាជិកានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបាននិមន្ត និងអញ្ជើញមកពីរដ្ឋនិងប្រទេសនានា ក៏បានជួបជុំគ្នាដោយរបៀបសុជីវធម៌ក្នុងសន្និបាតយ៉ាងរម្យទម, សន្និបាតប្រចាំឆ្នាំ ២០១៤ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានធ្វើឡើងក្រោមអធិបតីភាពនៃគណៈកម្មការនាយករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោក សុខ នីម មកអំពីរដ្ឋ ណូតខារ៉ូឡាណា និង អ្នកស្រី ថាច់ សុមាលីន មកអំពីរដ្ឋវ៉ា សីងតោនស្តេត ក៏បានចាប់ផ្តើមឧទ្ទេសនាមនូវសមាសភាពនៃគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម គឺ ៖

- លោក ថាច់ វៀន អធិបតី, មកពីប្រទេសបារាំង
- លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ, មកពីប្រទេសកាណាដា
- លោក សឺង ហួរ អគ្គលេខាធិការ, រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
- លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ, រដ្ឋវ៉ាសីងតោនស្តេត សហរដ្ឋអាមេរិក
- លោក ថាច់ សេ ប្រធានសភាតំណាង, រដ្ឋអូហាយអូ សហរដ្ឋអាមេរិក
- លោក ប្រាក់ សេរីវុឌ្ឍិ៍ អនុប្រធានទី ១, រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
- លោក ចៅ សេរី អនុប្រធានទី ២ , រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

សមាសភាពនៃតំណាងនានា
ព្រះវត្តមានព្រះសង្ឃរួមមាន ព្រះតេជព្រះគុណ កាន សុផាណាឫទ្ធិ ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា, ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ព្រះតេជព្រះគុណ ថាច់ ប្រីជាគឿន និពន្ធនាយក សារព័ត៌មាន ព្រៃនគរ និង ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង វត្តខេមររង្សី ក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា , ព្រះតេជព្រះគុណ ទេព សុវណ្ណ ព្រះចៅអធិការវត្តខ្មែរសាមគ្គី ក្រុងឌែនវ៉ើ រដ្ឋកូរូរ៉ាដូ, ព្រះតេជព្រះគុណ ថាច់ ហាន់ ព្រះចៅអធិការវត្តពុទ្ធិកខ្មែរ ក្រុងឡាសវ៉េហ្គាស រដ្ឋនេវ៉ាដា, ព្រះតេជព្រះគុណ យ័ញ តូន, ព្រះតេជព្រះគុណ គឹម មឿន វត្តសូរិយរង្សី ក្រុងហ្វីឡាឌែលភា រដ្ឋផែនស៊ីវវ៉ែនញ៉ា, ព្រះតេជព្រះគុណ ថាច់ ច័ន្ទសុភី ព្រះចៅអធិការវត្ត ធម្មរង្សី កម្ពុជាក្រោម រដ្ឋញ៉េវជើស៊ី ។

ព្រមទាំងវត្តមាន លោកបណ្ឌិត ខូបភើ ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (Dr. Joshua Cooper, KKF Senior Advisor) ។ លោក សឺង សម្រេច ឧត្ដមទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង Long Beach រដ្ឋ California, លោក ត្រឹង សារុង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប មកពីប្រទេសអីតាលី, អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក, លោក ស្តិបផាន (Stephan) អ្នកស្រាវជ្រាវរឿងខ្មែរក្រោម មកពីប្រទេសអាល្លឺម៉ង់ រួមទាំងវត្តមានរបស់អស់លោក ប្រធានតំបន់, ប្រធានសាខា និងអស់សមាជិកសមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោមទាំងក្នុង និងក្រៅសហរដ្ឋអាមេរិក នូវអស់លោកគណៈកម្មការ ពុទ្ធបរិស័ទវត្តកម្ពុជាក្រោម ក្រុងឡងប៊ីច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ព្រះវត្តមាន និងវត្តមានក្នុងទីសន្និបាត រួមទាំងអស់ជាង ១០០ អង្គ និងរូប ។
លំដាប់តមក លោកអធិបតី ថាច់ វៀន តំណាងទីសន្និបាតអុជធូបធ្វើសក្ការបូជាឧកញ៉ា សឺង គុយ ជាវីរបុរសជាតិកម្ពុជាក្រោម ។

លោក ថាច់ វ៉ាង មកពីរដ្ឋតេចសាស ជាអ្នកចាត់ចែងពិធីគោរពទង់ជាតិ, គោរពវិញ្ញាណក្ខន្ធ បុព្វវីរសមណៈ និង បុព្វវីរបុរសកម្ពុជាក្រោម ។ មុននឹងប្រារព្ធពិធីនេះ លោកបានរៀបរាប់រំឭកឡើងវិញនូវទុក្ខសោកនាដកម្មរបស់ខ្មែរក្រោម នៅកម្ពុជាក្រោម ដែលត្រូវយួនរំលោភបំពានឈ្លានពានជិះជាន់ កាប់សម្លាប់មានដុតទាំងរស់ កប់ទាំងស្រស់ជាដើម ព្រមទាំងពណ៌នាគុណូបការៈនិងវីរភាពដ៏អង់អាចក្លាហានរបស់បុព្វវីរសមណៈ បុព្វវីរបុរសកម្ពុជាក្រោម និងការតស៊ូប្តូរជីវិតដោយសាច់ស្រស់ឈាមស្រស់របស់ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ក្នុងបុព្វហេតុជាតិ សាសនា មាតុភូមិកម្ពុជាក្រោម ។
បន្តពីនោះមក លោកអាចារ្យ ឡឹម ខាយ ក៏នាំទីសន្និបាតប្រារព្ធសាសននិយមកិច្ច ដោយតាំងធម៌នមស្ការព្រះរតនត្រៃសង្ខេប ហើយអារាធនាព្រះសង្ឃស្វាធ្យាយជយន្តោជាជយមង្គលជូនទីសន្និបាត ។
កាលបើសាសននិយមកិច្ចចប់ភ្លាម លោកអធិបតី ថាច់ វៀន ក៏ប្រកាសបើកទីប្រជុំ ។
ផ្តើមសន្និបាតដោយលោក សឺង ហួរ ជាអគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ឡើងធ្វើរបាយការណ៍ប្រចាំឆ្នាំ ២០១៤, លោកបានផ្តើមឡើងដោយតាំងជាសំនួរជូនទីសន្និបាតថា ហេតុអ្វីយើងត្រូវមកប្រជុំ ? បន្ទាប់ពីធ្វើរបាយការណ៍រួចរាល់លោកអគ្គលេខាធិការ បានប្រកាសគោលការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម, លោកបានលើកឡើងនូវករណីរដ្ឋាភិបាលកុម្មុយនីស្តយួន ចាប់បង្ខំ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ផ្សឹក ព្រមទាំងចាប់ប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនទៀត ដែលមានការជាប់ពាក់ព័ន្ធដាក់ពន្ធនាគារទាំងរំលោភបំពាន, លោកបានទាមទារឲ្យរដ្ឋាភិបាលយួនដោះលែងព្រះសង្ឃ និងអ្នកទោសដែលត្រូវយួនចោទប្រកាន់ទាំងនោះ ដោយកំហិតឥតលក្ខខណ្ឌ ។ លោកបានធ្វើសេចក្តីបញ្ជាក់ថា សិទ្ធិសេរីភាពសម្រេចវាសនាខ្លួនដោយខ្លួនឯង គឺ យើងត្រូវទាមទារដោយខ្លួនឯង ពោលគឺយើងត្រូវពឹងខ្លួនឯងស្វែងរកទីពឹឲ្យខ្លួនឯងទើបបានសម្រេចសមបំណង ដូចដែលលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតី អាមេរិក បានថ្លែងថា “សិទ្ធិសេរីភាពសម្រេចវាសនាខ្លួនដោយខ្លួនឯង គឺត្រូវទាមទារដោយខ្លួនឯង” ។
លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ សហព័ន្ធខ្មែរកម្ពុជាក្រោមឡើងធ្វើរបាយការណ៍រអំពីកិច្ចការ ដែលលោកទទួលបន្ទុកក្នុងឆ្នាំ ២០១៤ ថានៅមានខ្វះចន្លោះខ្លះ មិនទាន់បានពេញកំពុងសមបំណងនៅឡើយ ។ លោកបានសង្កត់ធ្ងន់ថា យើងគ្រប់គ្នាត្រូវប្រុងប្រយ័ត្នទៅលើឧបាយកលដ៏ពិសពុលរបស់យួន ២ ប្រការ គឺ ទី ១ ឧបាយកលបំបែកសាមគ្គី, ទី ២ ឧបាយកលបំបាក់ស្មារតី ។
លោក ថាច់ សេ ប្រធានសភាតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងថាគោលដៅរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម គឺ នៅតែព្យាយាមរិះរកគ្រប់មធ្យោបាយឲ្យខ្មែរក្រោមទូទាំងកម្ពុជាក្រោម និងលើឆាកអន្តរជាតិ បានយល់ដឹងនូវតម្លៃអក្សរសាស្ត្រ សាសនា វប្បធម៌ ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងភាពអយុត្តិធម៌ ការរស់នៅគ្មានសេរីភាព ការរងគំនាបគាបសង្កត់ពីរដ្ឋាភិបាលកុម្មុយនីស្តយួន ព្រមទាំងតម្រូវការដ៏ទទូចរបស់ខ្មែរក្រោម នៅកម្ពុជាក្រោម ។ លោកក៏បានបញ្ជាក់ថា កាលពីដើម យួនហៅ សហព័ន្ធខ្មែរកម្ពុជាក្រោម ថាជាពួកប្រតិកិរិយាទៅកាន់ប្រជាពលរដ្ឋរបស់គេ ដើម្បីឃោសនាវាយប្រហារសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងគោលបំណងគម្រាមសម្លុតខ្មែរក្រោមក្នុងស្រុកកុំឲ្យជឿទុកចិត្ត ហើយមានទំនាក់ទំនង ឬផ្តល់ព័ត៌មានពិតដែលមានការឆ្លុះបង្ហាញអំពីទង្វើជិះជាន់ រំលោភសិទ្ធិខ្មែរក្រោមជាជនជាតិដើមដល់សហព័ន្ធខ្មែរកម្ពុជាក្រោម, ប៉ុន្តែក្នុងពេលថ្មី ៗ នេះ គឺក្រោយពីសហព័ន្ធខ្មែរកម្ពុជាក្រោម បានតស៊ូមតិលើឆាកអន្តរជាតិជាមួយនឹងរដ្ឋាភិបាលកុម្មុយនីស្តយួន ជាច្រើនឆ្នាំកន្លងមក ស្ថានីយទូរទស្សន៍យួន ក្រុងព្រែកឫស្សីបែរមកហៅ សហព័ន្ធខ្មែរកម្ពុជាក្រោម ថាអង្គការខ្មែរក្រោមទៅវិញ ព្រោះអ្វី ? ព្រោះសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាអង្គការអន្តរជាតិមួយស្របច្បាប់ ដែលតែងតែគោរពតាមច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ជាហេតុនាំបណ្តាលឲ្យយួនលែងហ៊ានព្រហើនដូចមុនទៀត ។ ទន្ទឹមនឹងនោះលោកក៏បានស្ងើចសរសើរគុណសម្បត្តិ និងភាពអត់ធ្មត់តស៊ូលះបង់រាល់កិច្ចការផ្ទាល់ខ្លួន និងកិច្ចការសង្គមគ្រួសារ ដើម្បីបម្រើជាតិដោយស្មោះស្ម័គ្ររបស់លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានធ្វើឲ្យកម្ពុជាក្រោមមានឈ្មោះបោះសំឡេងពេញពិភពលោក ដោយគេបានស្គាល់កម្ពុជាក្រោមជានរណាគ្រប់គ្នា ។ សេចក្តីត្រង់នេះលោកសូមចាត់ទុកលោក ថាច់ ង៉ុក ថាច់ ថាជារដ្ឋបុរសកម្ពុជាក្រោមមួយរូប ដ៏កម្រមានអ្នកធ្វើដូច ។
លោក ប្រាក់ សេរីវុឌ្ឍិ៍ អនុប្រធានទី ១ សហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងពន្យល់បំភ្លឺអំពីអត្ថន័យ និងអត្ថប្រយោជន៍ពិតប្រាកដនៃទង់ជាតិកម្ពុជាក្រោម ។

លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងថា គោលការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម គឺធ្វើឲ្យខ្មែរក្រោមក្លាយជាអ្នកក្លាហានសុភាពបុរស សុភាពនារី មិនមែនធ្វើឲ្យទៅជាអ្នកក្លាហានព្រហើនកោងកាច ដល់កម្រិតគេលែងរាប់អាន លែងអាណិត លែងជួយយកអាសានោះទេ គឺធ្វើយ៉ាងណាឲ្យគេ រាប់អាន ចូលចិត្ត អាណិតស្រឡាញ់ ឲ្យគេជ្រួតជ្រាបអំពីទុក្ខលំបាក អំពីគោលការណ៍ និងគោលដៅ ព្រមទាំងតម្រូវការចាំបាច់របស់ខ្លួន ទើបគេជួយជ្រោមជ្រែងយកអាសា ។
អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ធ្វើរបាយការណ៍ និងសម្ដែងការពេញចិត្តចំពោះការងារ និងលទ្ធផលកាងារដែលខ្លួនទទួលបាន ។ អ្នកស្រីបានប្តេជ្ញាថា បើទុកជាការងាររបស់ខ្លួនជួបការលំបាកខ្លះ ក្នុងការធ្វើដំណើរទៅមកដើម្បីបំពេញបេសកកម្មពីរដ្ឋមួយទៅរដ្ឋមួយ និងពីប្រទេសមួយទៅប្រទេសមួយ ដោយត្រូវលះបង់ការងារផ្ទាល់ខ្លួន និងតួនាទីជាស្ត្រីមេផ្ទះក៏ដោយ អ្នកស្រីនៅតែខិតខំប្រឹងប្រែងធ្វើខ្លួនឲ្យបានជាស្ត្រីខ្មែរក្រោម និងជាយុវជនខ្មែរក្រោមគំរូ ឬជាទិដ្ឋានុគតិនៃយុវជនខ្មែរក្រោម ទាំងក្នុងនិងក្រៅកម្ពុជាក្រោម ។ ទន្ទឹមនឹងនោះ អ្នកស្រីក៏បានស្ងើចសរសើរ និងមានអំណរយ៉ាងពន់ពេកចំពោះការយកចិត្តទុកដាក់លើបញ្ហាជាតិ របស់ឪពុកម្តាយយុវជនទាំងក្នុង និងក្រៅកម្ពុជាក្រោមនាសម័យហ្វេសប៊ុកនេះ ហើយអ្នកស្រីស្នើសូមឲ្យយុវជនទាំងអស់ មានស្មារតីប្រឹងប្រែងព្យាយាមតាមដានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម កុំបង្អង់ កុំធ្វេសប្រហែស ដើម្បីសាបព្រោះបណ្តុះបណ្តាលថ្នាលស្មារតីស្នេហាជាតិ ។
លោកបណ្ឌិត ខូបភើ (Joshua Cooper) ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងអំពីគោលការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយការពន្យល់បំភ្លឺលើគោលជំហរនៃការតស៊ូទាមទារសិទ្ធិសេរីភាពសម្រេចវាសនាខ្លួនដោយ ខ្លួនឯងតាមច្បាប់អន្តរជាតិ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

សន្និបាតឈប់សម្រាកទទួលភោជនាហារ នៅវេលាម៉ោង ១២ និង ៣០ នាទី ។
ទីសន្និបាតបើកឡើងវិញវេលារសៀល ម៉ោង ១៣ និង ៤០ នាទី
ឧទ្ទេសនាម គណៈកម្មការ និងពុទ្ធបរិស័ទវត្តកម្ពុជាក្រោម ថតរូបអនុស្សាវរីយ៍ជុំគ្នា ។ លោក ថាច់ និន តំណាងគណៈកម្មការថ្លែងសុន្ទរកថា ស្តីអំពីការកសាងវត្តដោយចិត្តស្មោះស្ម័គ្រដើម្បីជាបូជាចំពោះជាតិ សាសនា ព្រោះតាំងពីបុរាណកាលរៀងមកវត្តអារាមជាតួអាយុជីវិតជាតិ សាសនា កម្ពុជាក្រោម ជាឃ្លាំងវប្បធម៌ អក្សរសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ និងជាសាលារៀនចំណេះទូទៅ ហើយក៏ជាទីប្រយុទ្ធប្រឆាំងនឹងកម្លាំងឈ្លានពាន ទាំងជាទីប្រជុំគំនិតជាតិ គំនិតនយោបាយតស៊ូទាមទារសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយការណ៍អំពីការងារព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលអាចប្រព្រឹត្តទៅមុខបានក៏អាស្រ័យកម្លាំងពីរយ៉ាង គឺ កម្លាំងស្ម័គ្រចិត្ត និងកម្លាំងឧត្ថម្ភគាំទ្រ របស់បុគ្គលិកព័ត៌មាន និងរបស់សមាជិកសមាជិកាទាំងអស់, បណ្តាកម្លាំងទាំងពីរនេះ បើកម្លាំងណានីមួយថមថយក៏មិនអាចដំណើរការទៅបានស្រួលដែរ ប្រៀបដូចជាមនុស្សម្នាក់ ៗ ត្រូវសម្បទាដោយកម្លាំងពីរប្រការ គឺកម្លាំងកាយ និងកម្លាំងចិត្ត បើកម្លាំងណាមួយទ្រុឌទ្រោមក៏ជីវិតលែងសុខសប្បាយ, សូមជម្រាបថា សព្វថ្ងៃនេះ ចំពោះបុគ្គលិកព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក និងកាណាដា សុទ្ធតែធ្វើដោយស្ម័គ្រចិត្តទាំងអស់, ឯនៅប្រទេសថៃ និង កម្ពុជា យើងត្រូវតែជួយឧត្ថម្ភប្រាក់ដើម្បីទ្រទ្រង់ជីវភាពជូនបុគ្គលិក ហេតុនេះសូមសមាជិកសមាជិកាទាំងអស់ជ្រាប ហើយជួយឧត្ថម្ភព័ត៌មានកម្ពុជាក្រោមយើងឲ្យបានដំណើរការស្រួល ព្រោះព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមជាប្រភពឬជាគន្លឹះ ឬក៏ជាកូនសោនៃស្មារតីស្នេហាជាតិ និង ចំណេះដឹងក្នុងការទាមទារសិទ្ធិសេរីភាពសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម ជាពិសេសខ្មែរក្រោមនៅកម្ពុជាក្រោម ។ ព័ត៌មានកម្ពុជាក្រោមមានផ្សាយតាមវិទ្យុសំឡេងកម្ពុជាក្រោម www.vokk.net, វែបសាយខ្មែរក្រោម www.khmerkrom.org, គេហទំព័រ សារព័ត៌មាន ព្រៃនគរ http://preynokornews.blogspot.com, ទូរទស្សន៍ព្រៃនគរ (PTV), ព្រឹត្តិបត្រ “កម្ពុជាក្រោម” នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងការចែករំលែកផ្សាយតាម បណ្តាញហ្វេសប៊ុកជាដើម ។ ទន្ទឹមនឹងនោះយើងបានចេញព្រឹត្តិបត្រលេខ ពិសេសចុងឆ្នាំ ២០១៤ នេះមានកម្រាស់ ៨៨ ទំព័រ មានគោលមាតិកាព័ត៌មានពិសេស ៗ ដូចជា លោក ចៅ ហេន បានចេញទៅតាំងទីលំនៅ នៅសហរដ្ឋអាមេរិក, អំពីសហព័ន្ធខ្មែរកម្ពុជាក្រោម, ប្រវត្តិមហាសន្និបាតសកលនៃខ្មែរកម្ពុជាក្រោម ទាំង ៩ លើក (១៩៨៥ – ២០១២), ប្រវត្តិលោក សឺន ទួន និងជនរងគ្រោះក្នុងរបបអាណានិគមយួន ។
សូមអស់លោក-អ្នកសមាជិកសមាជិកាមេត្តាជាវព្រឹត្តិបត្រអានកុំខាន ការជាវព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោមទៅអាន ឈ្មោះថាបានជម្រុញវិស័យព័ត៌មានឲ្យមានដំណើរការណ៍លឿនទៅមុខ ។
គម្រោងការ ឆ្នាំ ២០១៥ នេះនឹងមានការផលិត CD, DVD ចម្រៀងស្នេហាជាតិ, ព្រឹត្តបត្រសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំខែ ។ ហេតុនេះសូមអស់លោក-អ្នករង់ចាំស្តាប់កម្សាន្ត និងអានកុំខាន ។
បន្ទាប់មកទៀត គឺរបាយការណ៍របស់ប្រធានប្រចាំតំបន់នីមួយ ៗ និងប្រធានសាខានានា ដែលបានអញ្ជើញមកពីប្រទេស, រដ្ឋ និងក្រុងផ្សេង ៗ ចូលរួមក្នុងសន្និបាត មានដូចជា លោក ដាញ់ ងារ រដ្ឋចចា, លោក ថាច់ គា រដ្ឋណូតខារ៉ូឡាយណា, លោក គឹម សាង ក្រុងអូលែនដូ រដ្ឋផ្លរីដា, លោក ថាច់ រិន ក្រុងសែនភីត រដ្ឋផ្លរីដា, លោក ត្រឹង ជី រដ្ឋតេចសាស, លោក ថាច់ ឫទ្ធី រដ្ឋអូខ្លាហូមា , លោក ឡឹម វ៉ាន ដាន រដ្ឋអាយអូវ៉ា , លោក សឺង សារុម រដ្ឋកូរ៉ូរ៉ាដូ, លោក ថាច់ វ៉ាង រដ្ឋតេចសាស អានលិខិតរបាយការណ៍តំណាង រដ្ឋជីកាហ្គូ និងរដ្ឋ អីលឡឺណយ, លោក ថាច់ សាង រដ្ឋតេចសាស , លោក ថាច់ តង រដ្ឋកាលីហ្វ័រញ៉ា , លោក ត្រឹង សារុង ប្រទេសអីតាលី ។
សន្និបាតថ្ងៃទី ១ បិទនៅវេលាម៉ោង ៥ ។

ថ្ងៃទី ២ នៃសន្និបាតសហព័ន្ធខ្មែរកម្ពុជាក្រោម
ថ្ងៃអាទិត្យ ៨ រោច ខែមិគសិរ ឆ្នាំមមី ឆស័ក ព. ស. ២៥៥៨ ត្រូវនឹងថ្ងៃ ទី ១៤ ធ្នូ គ. ស. ២០១៤ ជាថ្ងៃ សន្និបាតទី ២ ត្រូវបានចាប់ផ្តើមឡើងដោយសំឡេងគោរពទង់ជាតិយ៉ាងគឹកកងរំពងនៅវេលាម៉ោង ៩ និង ៣៣ នាទីគួរឲ្យព្រឺរោម !
បន្ទាប់មកលោក សឺង សម្រេច ទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រកាសបើកអង្គសន្និបាត ។ លោកបានបញ្ជាក់ថា លោកបានស្បថ ៣ លើក គឺលើកទី ១ ឆ្នាំ ១៩៦២ នៅមុខព្រះឆាយាលក្ខណ៍ ព្រះបាទនរោត្តម ក្នុងព្រះវិហារព្រះកែវមរកត លើកទី ២ នៅព្រះបរមរាជវាំងលើកទី ៣ នៅរដ្ឋផែនស៊ីវីញ៉ា ក្នុងពេលបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ថាស្មោះត្រង់មិនក្បត់ជាតិលុះរលត់សង្ខារ ។ ទន្ទឹមនឹងនោះ លោកថា លោកបានសិក្សានូវសតិបដ្ឋានសូត្រ ក្នុងសុត្តន្ត បិដកព្រះពុទ្ធសាសនា ហើយបានយកនូវគោលធម៌សតិបដ្ឋានសូត្រមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងក្នុងជីវិតនយោបាយ ក្នុងគោលការណ៍រម្តោះទុក្ខខ្មែរក្រោមសម្រេចវាសនាខ្លួនដោយខ្លួនឯង ដូចព្រះពុទ្ធដីកាថា ព្រះតថាគតទាំងឡាយគ្រាន់តែជាអ្នកប្រាប់ផ្លូវ អ្នកទាំងឡាយត្រូវស្វែងរកសេរីភាពរួចចាកទុក្ខជាស្ថាពរដោយខ្លួនឯង ។ លោកបានបញ្ជាក់ថា ក្នុងពេលថ្មីនេះយើងសុទ្ធសឹងបានដឹងទាំងអស់គ្នាថា រដ្ឋាភិបាលកុម្មុយនីស្តយួន បានកម្ទេចចោលនូវខ្លោងទ្វារខេត្តព្រះត្រពាំង ជាកេរដំណែលវប្បធម៌ ភ័ស្តុតាងប្រវត្តិសាស្ត្រ ដែលចាត់ទុកជាដួងព្រលឹងខ្មែរក្រោម នៅកម្ពុជាក្រោម ជាទង្វើរំលោភបំពានលើសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិជនជាតិដើម ត្រង់មាត្រា ទី ១១ ចំណុចទី ១ ដែលបានចែងថា “ជនជាតិដើម មានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់ឡើងវិញ នូវប្រពៃណីទំនៀមទម្លាប់ជាវប្បធម៌របស់ខ្លួន ។ សិទ្ធិនេះរួមមានទាំងសិទ្ធិក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍អ្វីដែលបង្ហាញពីអត្តសញ្ញាណ វប្បធម៌របស់ខ្លួន ដែលមានពីអតីតកាលក្តី ក្នុងបច្ចុប្បន្នកាលក្តី និងអនាគតកាលក្តី ដូចជាតំបន់បុរាណដ្ឋាន និងទីស្ថានប្រវត្តិសាស្ត្រ បុរាណវត្ថុ ក្បាច់រចនា ពិធីកម្ម បច្ចេកវិទ្យា និងសិល្បៈ ទស្សនីយភាព ព្រមទាំងអក្សរសាស្ត្រ” ។ លោកបានប្រៀបប្រដូចខ្មែរក្រោមទៅនឹងដើមឈើ ចំណែកការរំលោភបំពានជិះជាន់របស់រដ្ឋាភិបាលយួនទៅនឹងខ្យល់ព្យុះសង្ឃរា, ប៉ុន្តែខ្យល់ព្យុះសង្ឃរាមិនមែនសុទ្ធតែអាចបក់រំលើងព្រៃស្រោងព្រៃក្រាស់បានដូចចិត្តនោះទេ, ក្នុងលោកនេះពិតមែនតែមានព្យុះសង្ឃរាជាគ្រោះធម្មជាតិរឿយ ៗ ក៏ពិតមែន តែទន្ទឹមនឹងនោះព្រៃស្រោង ព្រៃក្រាស់ក៏នៅតែលូតលាស់ចម្រើនពាសពេញពិភពលោក ហើយមានច្បាប់អភិរក្សការពារទៀតផង ។ យ៉ាងណាមិញបើខ្មែរក្រោមព្រមព្រៀងសាមគ្គីគ្នាដូចព្រៃស្រោង ព្រៃក្រាស់ ក៏កម្រនឹងរលំរលើងដោយព្យុះសង្ឃរាយួនឈ្លានពានដូច្នោះដែរ ហើយមុខជាបានឈានដល់សេចក្តីចម្រើនដូច ដែលយើងបានដៅទុកជាមិនខាន ។
ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង បានលើកនូវអបរិហានិយធម៌ទាំង ៧ ប្រការ ដែលគោលធម៌ ឬគោលការណ៍ការពារសេចក្តីចម្រើនរុងរឿង, សាមគ្គីភាព, សុខសន្តិភាព, បូរណភាពទឹកដី, ឯករាជ្យ និងស្ថិរភាពនយោបាយ មិនឲ្យវិនាសសាបសូន្យ ។ ធម៌ទាំង ៧ ប្រការនោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងនឹងពួកស្តេចលិច្ឆវី ក្នុងដែនវជ្ជី និងភិក្ខុសង្ឃ ក្នុងគម្ពីរសុត្តន្តបិដក អង្គុត្តរនិកាយ សត្តកនិបាត វជ្ជីវគ្គ និងគម្ពីរទីឃនិកាយ មហាវគ្គ មហាបរិនិព្វានសូត្រ ដើម្បីការពារប្រទេសជាតិ និងសង្គមសង្ឃឲ្យស្ថិតនៅក្នុងសេចក្តីសុខចម្រើនរុងរឿងអស់កាលជាអង្វែង ។ គឺ ទី ១ ត្រូវមានការប្រជុំគ្នារឿយ ៗ ប្រជុំគ្នាដោយច្រើន, ទី ២ ត្រូវព្រមព្រៀងគ្នាប្រជុំ ព្រមគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចដែលត្រូវធ្វើ, ទី ៣ មិនបញ្ញត្តិច្បាប់ (ដែលព្រះពុទ្ធ ឬប្រាជ្ញបណ្ឌិតជាន់ដើម) មិនបានបញ្ញត្តិ មិនដកច្បាប់ ដែលបានបញ្ញត្តិរួចហើយ កាន់តាម ប្រព្រឹត្តតាម នូវច្បាប់ធរមាន, ទី ៤ ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា នូវពួកជនមានវយវុឌ្ឃិ ចម្រើនដោយវ័យ និងជនជាគុណវុឌ្ឍិ ចម្រើនដោយគុណធម៌ ដោយចំណេះវិជ្ជា ដោយបទពិសោធន៍, ទី ៥ មិនលុះអំណាចតណ្ហា ឈ្លក់វង្វេងក្នុងកាមគុណ, ទី ៦ ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សានូវកេរដំណែលវប្បធម៌ សាសនា អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ដែលបុព្វបុរសរបស់ខ្លួនធ្លាប់បានធ្វើសក្ការៈ គោរព រាប់អាន បូជាប្រកបដោយធម៌, ទី ៧ ត្រូវចាត់ចែងឲ្យត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រងប្រកបដោយធម៌ ក្នុងអ្នកមានសីល មានចំណេះវិជ្ជា ដោយបំណងថា ធ្វើដូចម្តេចហ្ន៎ ! អ្នកមានសីល មានចំណេះវិជ្ជា ទាំងលាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែកដីរបស់យើង ដែលមកស្រាប់ហើយ ក៏សូមឲ្យឋិតនៅសុខសប្បាយក្នុងដែនដីរបស់យើង ។ កាលបើសហព័ន្ធខ្មែរកម្ពុជាក្រោមប្រតិបត្តិក្នុងអបរិហានិយធម៌ទាំង ៧ នេះ អស់កាលត្រឹមណា សេចក្តីចម្រើនរុងរឿង សាមគ្គីធម៌ សិទ្ធិសេរីភាព នឹងមានប្រាកដដល់សហព័ន្ធខ្មែរកម្ពុជាក្រោមអស់កាលត្រឹមណោះ សេចក្តីសាបសូន្យមិនមានឡើយ សត្រូវយកឈ្នះមិនបាន បំបែកបំបាក់ មិនបាក់ មិនបែកឡើយ ។

លោកបណ្ឌិត ខូបភើ (Joshua Cooper) ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែងការបន្ថែមអំពីច្បាប់សិទ្ធិមនុស្សអន្តរជាតិទាំងអស់មាន ៩ មាត្រា ក្នុងនោះយួនបានចុះហត្ថលេខាទទួលអនុវត្តចំនួន ៧ មាត្រារួចមកហើយ នៅសល់ ២ មាត្រា គឺទោសធ្វើទារុណកម្ម និងទោសប្រហារជីវិត ដែលយួននៅមិនទាន់ចុះហត្ថលេខាទទួលយកទៅអនុវត្តជាធរមាន និងច្បាប់សិទ្ធិជនជាតិដើមដែលចេញសេចក្តីប្រកាសដោយអង្គការសហប្រជាជាតិ ដែលយួនបានចុះហត្ថលេខាទទួលយកទៅអនុវត្ត ព្រមទាំងការទទួលយកនូវការអនុវត្តសិទ្ធិមនុស្ស និងអភិវឌ្ឍន៍សង្គម (MDG) របស់រដ្ឋាភិបាលកុម្មុយនីស្តយួន ។
លោក ចៅ សេរី អនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់បន្ថែមពីលើការចុះហត្ថលេខាទទួលអនុវត្តនូវច្បាប់អន្តរជាតិនានាមានច្បាប់ស្តីពីសិទ្ធិមនុស្ស ច្បាប់ស្តីពីសិទ្ធិជនជាតិដើម ច្បាប់ស្តីពីសិទ្ធិកុមារ ច្បាប់ស្តីពីសិទ្ធិស្ត្រីជាដើម ហើយលោកបានអំពាវនាវសូមឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោម ក្នុងស្រុកជួយផ្តល់ព័ត៌មានជាក់ស្តែង ដែលកើតមានឡើងនៅក្នុងទឹកដីកម្ពុជាក្រោម ដល់សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យបានទាន់ហេតុការណ៍ដោយវៃឈ្លាសកុំបីរួញរា បើទុកជារដ្ឋាភិបាលយួនល្បីខាងរឹតត្បិតគាបសង្កត់មិនគោរពសិទ្ធិសារព័ត៌មានក៏ដោយ ក៏យើងត្រូវតែហ៊ានរើបម្រះឲ្យត្រូវតាមកាលៈ ទេសៈ ផងដែរ មិនត្រូវដេកផ្សំដួលមួលផ្សំគ្រេចនោះឲ្យសោះ ។

បង្កើតក្រុមពិភាក្សាការងារស្វែងរកដំណោះស្រាយ និងគម្រោងការណ៍សម្រាប់ឆ្នាំ ២០១៥ មានចំនួន ៦ ក្រុម គឺ៖ ទី ១ ក្រុមស្ត្រី ,ទី ២ ក្រុមយុវជន, ទី ៣ ក្រុមសាសនា, ទី ៤ ក្រុមសាងសង់, ទី ៥ ក្រុមចាស់ព្រឹទ្ធាចារ្យ , ទី ៦ ក្រុមហេរញ្ញិក ។
សន្និបាតបានបិទនៅវេលាម៉ោង ១២ និង ៣០ នាទី ដើម្បីទទួលទានភោជនាហារ ។
បន្ទាប់មកសន្និបាតបានបើកឡើងវិញនៅពេលរសៀល ម៉ោង ១៣ និង ៣០ នាទី ។
ក្រុមនីមួយ ៗ ក៏បានរៀបតាំងជារង្វង់មូលចាប់ផ្តើមពិភាក្សាគ្នាអំពីកិច្ចការរបស់ខ្លួន ។
បន្ទាប់ពីក្រុមនីមួយ ៗ បានពិភាក្សាកិច្ចការងារក្នុងរយៈពេល ៤៥ នាទី បានសម្រេចជាស្ថាពរហើយ ក៏បានចេញជារបាយការណ៍ឯកភាពរៀង ៗ ក្រុម ហើយបានសម្រេចលើកឡើងនូវរបាយការណ៍នោះជូនគណៈកម្មការនាយកធ្វើការសម្រេច ។
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ បានឡើងផ្ដល់អនុសាសន៍ដល់ក្រុមនីមួយៗ ឲ្យខំប្រឹងធ្វើកិច្ចរបស់ខ្លួនឲ្យបានសម្រេចជោគជ័យកុំបីធ្វេស ហើយលោកក៏បានឧទ្ទេសនាមលោក សឺង ហួរ អគ្គលេខាធិការឡើងប្រកាសសេចក្តីសម្រេចសន្និបាតសហព័ន្ធខ្មែរកម្ពុជាក្រោម ឆ្នាំ ២០១ ៤ ។
សេចក្តីសម្រេចសន្និបាតសហព័ន្ធខ្មែរកម្ពុជាក្រោម ឆ្នាំ ២០១៤ ដើម្បីអនុវត្តឆ្នាំ ២០១៥ រួមមាន ៣ ប្រការគឺ៖
១. កិច្ចការអន្តរជាតិ (INTERNATIONAL BEST PRACTICES)
២. កិច្ចការនៅកម្ពុជាក្រោម (KAMPUCHEA-KROM BEST PRACTICES)
៣. កិច្ចការនៅកម្ពុជា និង តាមតំបន់ (Cambodia and REGIONAL BEST PRACTICES)
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ បានជម្រាបឡើងវិញអំពីកិច្ចការបង្រួបបង្រួមបញ្ញវ័ន្តខ្មែរទាំងបញ្ញវ័ន្តកម្ពុជាក្រោម និងបញ្ញវ័ន្តកម្ពុជា ព្រមទាំងបញ្ញវ័ន្តអន្តរជាតិដើម្បីរៀបរៀងសៀវភៅសប្រមូលផ្ដុំឯកសារប្រវត្តិសាស្ត្រកម្ពុជាក្រោម ។
ចុងក្រោយបង្អស់លោក ថាច់ វៀន អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសបិទសន្និបាតនៅវេលាម៉ោង ៥ និង ១៣ នាទី ។
មុននឹងបញ្ចប់អង្គសន្និបាតបានអារាធនាព្រះសង្ឃស្វាធ្យាយ ជយន្តោជាជយមង្គល ព្រមទាំងថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ។
សន្និបាតសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំឆ្នាំ ២០១៤ ចប់ដោយបរិបូណ៌ !
ជយោសហព័ន្ធខ្មែរកម្ពុជាក្រោម !
ធ្វើនៅវត្តកម្ពុជាក្រោម ក្រុងឡងបីច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
ថ្ងៃអាទិត្យ ៨ រោច ខែមិគសិរ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨
ត្រូវ នឹងថ្ងៃ ទី ១៤ ធ្នូ គ្រិស្តករាជ ២០១៤
អ្នកធ្វើកំណត់ហេតុ
ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

Comments are closed.