តំណាង​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​ចូលរួម​បុណ្យ​វិសាខបូជា អន្តរជាតិ​នៅ Canada

0 105

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃ​សៅរ៍ ទី ៣១ ខែឧសភា នេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​កាណាដា នឹងចូលរួម​ពិធីបុណ្យ​វិសាខបូជា អន្តរជាតិ​មួយ ដែល​នឹង​រៀបចំឡើង​ដោយ​ពុទ្ធបរិស័ទ​ចម្រុះ​ជាតិ​សាសន៍​នៅ​ប្រទេស​កាណាដា ។​

ខ្មែរក្រោមចូលរួម «​បុណ្យ​វិសាខបូជា​សាមគ្គី​»  (Unity Vesak ) នៅ​សាលាក្រុង តូន​រ៉​ន​តូ ប្រទេស​កាណាដា នា​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១២ ។
ខ្មែរក្រោមចូលរួម «​បុណ្យ​វិសាខបូជា​សាមគ្គី​» (Unity Vesak ) នៅ​សាលាក្រុង តូន​រ៉​ន​តូ ប្រទេស​កាណាដា នា​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១២ ។

​ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ មន្ត្រី​ក​រិ​យា​ល័យ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស កា​ណា​សដា បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា ពិធី​នេះ មានការ​ចូលរួម​ពុទ្ធបរិស័ទ​ជាច្រើន​ជាតិ​សាសន៍ ចំនួន ២៥ វត្ត និង សមាគម​ចំនួន ៣ ក្នុងនោះ​មាន ខ្មែរក្រោម​តំណាង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ភូមា ស្រីលង្កា ចិន យួន និង​តៃវ៉ាន់ ជាដើម ។ ក្រៅពីនេះ ក៏មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​កាណាដា ផងដែរ ។​

“​តំណាងរាស្ត្រ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ហើយ​ជាមួយនឹង​តំណាង​នាយករដ្ឋមន្ត្រី​” ។​

​គោលបំណង​នៃ​ពិធីបុណ្យ​វិសាខបូជា​អន្តរជាតិ​នេះ ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កាណាដា ទទួលស្គាល់​ថ្ងៃ​វិសាខបូជា ជា​ថ្ងៃ សំខាន់ សម្រាប់​មនុស្សជាតិ ហើយ​អនុញ្ញាត​ឲ្យ​អ្នក​កាន់​ព្រះពុទ្ធសាសនា​នៅក្នុង​ប្រទេស​កាណាដា បាន​សម្រាក​ក្នុង ថ្ងៃ​វិសាខ បូជា ដូច​គ្រិស​បរិស័ទ​បាន​ឈប់សម្រាក់​ក្នុង​ថ្ងៃ​គ្រិ​ស្ច​ស្មា​ក​ដែរ ។​

“​ចឹ​ង​ទេ​ឲ្យ​រដ្ឋាភិបាល​កាណាដា​ហ្នឹង​គួរតែ​ទទួលស្គាល [​ថ្ងៃ​វិសាខបូជា​] ហើយ​លៃ​ឱកាស​យ៉ាង ណា​ហ្នឹង ឲ្យ​ពុទ្ធ បរិស័ទ ដែលជា អ្នក​គោរព​ពុទ្ធសាសនា​ហ្នឹង មានឱកាស​សម្រាក​ដូច​បុណ្យ​គ្រិ​ស្ច​ស្មា​ក​ចឹ​ង​” ។​

នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី ៥៤ ជំពូក ១៧៤ នៃ​របៀបរ​បៀ​វារៈ​របស់​អង្គការ សហប្រជាជាតិ បានទទួល​ស្គាល់ “​កម្មវិធី​បុណ្យ​វិសាខបូជា​” ដែល​ពុទ្ធបរិស័ទ​ក្នុង ពិភពលោក​ប្រារព្ធ នៅក្នុង​ថ្ងៃ ១៥ កើត​ខែវិសាខ ត្រូវ​នឹង​ខែឧសភា​រៀងរាល់ឆ្នាំ​ថា​ជា “​ថ្ងៃ​វិសាខបូជា​អង្គការ សហប្រជាជាតិ​” និង​ថ្ងៃ “​បុណ្យ​វប្បធម៌​សាសនា ពិភព លោក​របស់​អង្គការសហប្រជាជាតិ​” ។ ចាប់ពី​ឆ្នាំ ២០០០ មក ថ្ងៃ​វិសាខបូជា​អង្គការសហប្រជាជាតិ ត្រូវបាន​គេ អនុញ្ញាត ឲ្យ​ប្រារព្ធ នៅ​កា​រិ​យាយ​ល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក និង​នៅតាម មជ្ឈមណ្ឌល ការិយាល័យ​អង្គការសហប្រជាជាតិ នៅតាម​តំបន់​ផ្សេងៗ​ក្នុង​ពិភពលោក ក្នុងនោះ មាន​ប្រទេស​ថៃ ជាដើម ។​

វិសាខបូជា ជា​ថ្ងៃ​នក្ខត្តឫក្ស​ដែល​ពុទ្ធ​សា​សានិ​ក​ទូទាំង​ពិភពលោក ប្រារព្ធ​នៅ​ថ្ងៃ ១៥ ខែ​កើត ខែវិសាខ រៀងរាល់ឆ្នាំ ដើម្បី ឧទ្ទិស ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​សមណគោតម អ្នកបង្កើត​លទ្ធិ​ព្រះពុទ្ធសាសនា ទ្រង់​ប្រសូត បាន​ត្រាស់ និង បរិនិព្វាន ៕​

 

Leave A Reply

Your email address will not be published.