សេចក្ដីជូនដំណឹងស្ដីពីការចងក្រង ប្រវត្តិវត្តនៅដែនដីកម្ពុជាក្រោម

185

នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើការស្រាវជ្រាវនូវព៌ត៌មានទាក់ទងនឹងប្រវត្តិវត្តខ្មែរ នៅ ដែនដីកម្ពុជាក្រោម ដើម្បីរៀបរៀងចងក្រងជាប្រវត្តិវត្តនីមួយៗ ហើយធ្វើការផ្សព្វផ្សាយតាមរយៈវិទ្យុសំឡេង កម្ពុជាក្រោម (VOKK) និងមានគំរោងបោះពុម្ពជាសៀវភៅទុកជាក្រាំងឯកសារសម្រាប់សាធារណជនបាន សិក្សាស្រាវជ្រាវតទៅអនាគត ។

វត្តឃ្លាំង នៅខេត្តឃ្កាំង, កម្ពុជាក្រោម ។
វត្តឃ្លាំង នៅខេត្តឃ្កាំង, កម្ពុជាក្រោម ។

ពេលចាប់ផ្ដើមធ្វើគំរោងនេះ យើងខ្ញុំនៅមិនទាន់មានព័ត៌មាន និងឯកសារណាមួយទាក់ទងនឹងវត្តខ្មែរនៅដែន ដីកម្ពុជាក្រោមនៅឡើយ ក្រៅតែពីបញ្ជីរាយនាមវត្តទាំងនោះ ដែលយើងខ្ញុំមាននៅក្នុងដៃ ។
ដើម្បីគំរោងនេះបានសម្រេច យើងខ្ញុំនឹងព្យាយាមទាក់ទងទៅព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្តនីមួយៗតាមរយៈទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ក្រៅ ពីនេះ យើងខ្ញុំនឹងផ្ដល់ប្រាក់លើកទឹកចិត្តដល់អ្នកនិពន្ធណាម្នាក់ដែលបានស្រាវជ្រាវ និងសរសេរដោយខ្លួន ឯងនូវប្រវត្តិវត្តណាមួយ ហើយផ្ញើមកកាន់ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ដើម្បីផ្ដល់វិភាគទានជា ឯកសារទាំងនេះ ។

ដើម្បីទប់ស្កាត់ការកាឡៃប្រវត្តិពិតនៅដែដីកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលអាណានិគមយួន យើងខ្ញុំ សូម អំពាវនាវដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមគ្រប់ឋានានុក្រមមេត្តាចូលរួមសហការជាមួយនឹងយើងខ្ញុំតាម លទ្ធភាពដែលអាចធ្វើបាន ដើម្បីរួមគ្នាចងក្រងនូវប្រវត្តិវត្តអារាមរបស់យើងឲ្យបានច្បាស់លាស់ទុកសម្រាប់ កូនចៅយើងជំនាន់ក្រោយបានដឹង ។ ព្រោះថា នៅកម្ពុជាក្រោមមានតែវត្តអារាមតែមួយគត់ដែលជាកន្លែង រក្សា នូវជាតិរបស់យើងឲ្យបានគង់វង្សរហូតមកដល់ សព្វថ្ងៃ ។

ប្រសិនបើ ព្រះតេជព្រះគុណ និងបងប្អូនជនរួមជាតិមានការចាប់អារម្មណ៍ចង់ចូលរួមវិភាគទានមកយើងខ្ញុំ នូវអត្ថបទ ឬព័ត៌មានស្ដីអំពីប្រវត្តិវត្ត សូមមេត្តាទាញយកនូវសំនួរខាងក្រោម ដើម្បីធ្វើការស្រាវជ្រាវប្រវត្តិវត្ត នីមួយៗ ។ រាល់ការវិភាគទានរបស់ព្រះតេជព្រះគុណ និងលោកអ្នកជាលក្ខណៈព័ត៌មានឆ្លើយតបនឹងសំនួរ ខាងក្រោម យើងខ្ញុំ នឹងផ្ដល់ប្រាក់សម្រាប់លើកទឹកចិត្ត ។ ម្យ៉ាងទៀត រាល់អត្ថបទដែលចេញផ្សាយយើងខ្ញុំ នឹងរក្សានូវប្រភពឈ្មោះរបស់លោកអ្នកជាអ្នកផ្ដល់ព័ត៌មាន ឬករណីលោកអ្នកសូមមិនបញ្ចេញឈ្មោះ យើងខ្ញុំ នឹងរក្សាសិទ្ធិជូន ។

ព័ត៌មានបន្ថែមសូមទាក់ទង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម តាមរយៈទូរស័ព្ទលេខ (៤០៨) ៥៥០-៥០៦០ ឬ អ៊ីមែល khmerkampucheakrom@ gmail.comvokk2001@gmail.com ឬ លោកអ្នកអាចទាក់ទាងយើងខ្ញុំតាម រយៈទំព័រហ្វេកបុកផ្លូវ ការរបស់វិទ្យុសំឡេងកម្ពុជាក្រោមដែលមានអាសយដ្ឋាន www.facebook.com/vokk.net

ខាងក្រោមនេះ ជាសំនួរមួយចំនួនដែលលោកអ្នកអាចយកទៅធ្វើការសិក្សាស្រាវរកព័ត៌មានទៅលើប្រវត្តិវត្ត នីមួយៗ ។

សំនួរសម្រាប់សួរដើម្បីធ្វើប្រវត្តិវត្តនៅកម្ពុជាក្រោម
និងការស្ទាបស្ទង់មតិជុំវិញស្ថានភាពរបស់ព្រះសង្ឃ
នៅដែនដីកម្ពុជាក្រោម

១. វត្តឈ្មោះអ្វី ? ហេតុអ្វីបានជាដាក់ឈ្មោះយ៉ាងនេះ?
២. វត្តនៅក្នុងភូមិ ឃុំ ស្រុក និង ខេត្តណា (ឈ្មោះជាភាសាខ្មែរ)? អាសយដ្ឋានដែលរដ្ឋាភិបាលយួនដាក់ ជាផ្លូវការ? លេខទូរស័ព្ទវត្ត ? វត្តបានកកើតឡើងក្នុងឆ្នាំណា នៃពុទ្ធសករាជ និងគ្រឹស្តសករាជ? មានអាយុ កាលប៉ុន្មានឆ្នាំហើយ?
៣. វត្តមានដីប៉ុន្មានកុង ឬ ប៉ុន្មានហែកតា ? នរណាជាអ្នកប្រគេនដីសម្រាប់កសាងវត្តដំបូង?
៤. បច្ចុប្បន្ន វត្តមានព្រះសង្ឃប៉ុន្មានអង្គ ? ព្រះចៅអធិការព្រះនាមអ្វី ? ពុទ្ធបរិស័ទមានប៉ុន្មានគ្រួសារ?
៥. ព្រះសង្ឃអង្គណាជាអ្នកផ្ដើមកសាងវត្តមុនគេ ? ចាប់តាំងពីកកើតវត្តមក មានព្រះចៅអធិការ និងព្រះ ឧបជ្ឈាយ៍ប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ? ព្រះចៅអធិការ ឬ ព្រះឧបជ្ឈាយ៍ទាំងនោះបានសាងផ្នួស និង គ្រប់គ្រង វត្តចាប់ពីពេលណាដល់ពេលណា?
៦. សព្វថ្ងៃ វត្តមានអាគារអ្វីខ្លះ ? អាគារនីមួយៗសាងសង់តាមរចនាបទ្មអ្វី ? ចាប់តាំងពីពេលកកើតវត្តមក វិហារបានរុះរើកសាងថ្មីប៉ុន្មានលើកហើយ? នរណាជាអ្នកឧបត្ថម្ភការកសាង? នរណាជាអ្នកទំនុកបំរុងដល់ ព្រះសង្ឃក្នុងការសិក្សារៀន សូត្រធម៌អាថ៌វិន័យ និងអក្សរសាស្ត្រខ្មែរ ?
៧. ចំណុះជើងវត្តមានប៉ុន្មានវេន ? មានប៉ុន្មានភូមិ ? ភូមិនីមួយៗឈ្មោះជាភាសាខ្មែរអ្វីខ្លះ ? រដ្ឋាភិបាលយួន បានប្ដូរទៅជាភាសាយួនឈ្មោះអ្វី?
៨. នៅតាមខ្លោងទ្វារ ព្រះវិហារ ឬ អាគារផ្សេងៗនៅក្នុងវត្ត សរសេរតែអក្សរខ្មែរម្យ៉ាង ឬក៏មានសរសេរលាយ អក្សរយួនដែរ ? ហេតុអ្វីមានអក្សរយួន? ព្រះសង្ឃមានសូត្រធម៌ភាសាយួនដែរឬទេ ? ហេតុអ្វីបានជាព្រះ សង្ឃសូត្រធម៌ភាសាយួន?
៩. វត្តមានធ្វើផ្ទាំងសិលាចារឹកសម្រាប់កត់ត្រាប្រវត្តិដែរឬទេ? ព្រះចៅអធិការ និងគណៈកម្មការវត្តមានបាន រៀបចំចងក្រងសៀវភៅប្រវត្តិវត្តរបស់ខ្លួន ហើយបោះពុម្ពជាសៀវភៅសម្រាប់ចែកចាយដល់ពុទ្ធបរិស័ទចំណុះ ជើងវត្តឲ្យបានដឹងដែរឬទេ ? បើមិនបានចងក្រងមកពីមូលហេតុអ្វី?
១០. វត្តមានហោត្រៃ ឬ បណ្ណាល័យសម្រាប់ព្រះសង្ឃ និងកូនខ្មែរអានសៀវភៅដែរឬទេ? សៀវភៅប្រភេទណា ខ្លះដែលព្រះសង្ឃ និងកូនខ្មែរនៅកម្ពុជាក្រោមអាចអានបាន ? ហេតុអ្វីសៀវភៅខ្លះដូចជា ប្រវត្តិសាស្ត្រស្ដីអំពី កម្ពុជាក្រោម ជាដើម បែរជាព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមភាគច្រើនមិនហ៊ានអានជាសាធារណៈទៅវិញ ? រដ្ឋាភិបាលយួនមានចេញច្បាប់ ឬ សេចក្ដីប្រកាសណាមួយហាមពលរដ្ឋខ្មែរក្រោមអានប្រវត្តិសាស្ត្ររបស់ខ្មែរ ឬទេ?
១១. វត្តមានបើកសាលាពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃរៀនដែរឬទេ? បើមានបើក តើថ្នាក់ណាដែរ? មាន សមណសិស្សរៀនច្រើនដែរឬទេ? ចំណែក យុវសិស្ស និងយុវតីសិស្សមានមករៀនជាមួយព្រះសង្ឃដែរឬទេ ? ចំនួនយុវសិស្ស និងយុវតីសិស្សកើនឡើង ឬថយចុះ ? ព្រោះហេតុអ្វី?
១២. ការតែងតាំងព្រះចៅអធិការសម្រាប់គ្រប់គ្រងវត្តសម័យបច្ចប្បន្ននេះ មានលក្ខណៈដូចម្ដេច ? គណៈកម្ម ការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តជាអ្នកតែងតាំង ឬ រដ្ឋាភិបាលយួនជាអ្នកតែងតែង ?
១៣. ត្រាសម្រាប់វត្ត ប្រើជាអក្សរខ្មែរ ឬ អក្សរយួន ? បើប្រើជាអក្សរយួន ហេតុអ្វី? ការប្រើត្រាជាអក្សរយួន វាអាចនាំឲ្យបាត់បង់អត្តសញ្ញាណជាតិខ្មែរ ដែរឬទេ?
១៤. សំនួរផ្សេងៗទៀត….

…………………………

ចុចនេះ ដើម្បីទាញយកសំនួរ និងអត្ថបទ

Comments are closed.