ការភ្ជាប់ទឹកដីកម្ពុជាក្រោម (កូស័ងស៊ីន) ទៅក្នុងប្រទេសវៀតណាមឆ្នាំ ១៩៤៩
ដោយ សេង ឌីណា l RFI
ចុះផ្សាយនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៥
សហភាពឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី ១៩ ត្រូវបែងចែកជា ៥រដ្ឋផ្សេងគ្នា គឺ កម្ពុជា ឡាវ តុងកឹង (វៀតណាមខាងជើង) អាណ្ណាម (វៀតណាមកណ្តាល) និងកូស័ងស៊ីន(កម្ពុជាក្រោម) ដែលស្ថិតនៅប៉ែកខាងត្បូងវៀតណាមបច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និងអាណ្ណាម ថ្វីដ្បិតតែត្រូវស្ថិតក្រោមអំណាចអាណានិគមបារាំង ក៏ប៉ុន្តែ នៅមានទម្រង់ជាប្រទេស និងមានអំណាចនយោបាយដាច់ពីបារាំង ។ ផ្ទុយទៅវិញ កូសាំងស៊ីនត្រូវបានបារាំងកាត់យកមកធ្វើជាអាណាខេត្តរបស់ខ្លួនទាំងស្រុង ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Outre-mer) ។

កូស័ងស៊ីនធ្លាប់ជាទឹកដីរបស់នគរខ្មែរ ក៏ប៉ុន្តែ ត្រូវនគរអាណ្ណាមចូលមកកាន់កាប់ និងកាត់យកទៅធ្វើជាទឹកដីរបស់ខ្លួន ចាប់ពីក្នុងអំឡុងសតវត្សរ៍ទី ១៧ មុននឹងត្រូវបារាំងច្បាំងដណ្តើមយកមកកាន់កាប់ នៅឆ្នាំ១៨៦២ ។
នៅឆ្នាំ ១៨៦៤ នៅក្រោយពេលដែលព្រះបាទនរោត្តមព្រមដាក់កម្ពុជាឲ្យស្ថិតក្រោមអាណាព្យាបាលបារាំង លោក Pierre-Paul de la Grandière ទេសាភិបាលបារាំងនៅកូស័ងស៊ីនធ្លាប់បានសន្យាថានឹងជួយកម្ពុជាឲ្យយកមកវិញនូវទឹកដីដែលបាត់បង់ទៅប្រទេសជិតខាង ។ ក៏ប៉ុន្តែ ពាក្យសន្យានេះ បារាំងបានធ្វើតែចំពោះទឹកដីដែលខ្មែរបាត់បង់ទៅសៀមតែប៉ុណ្ណោះ។ ចំពោះទឹកដីកម្ពុជាក្រោមវិញ បន្ទាប់ពីបានដណ្តើមពីវៀតណាមមកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់រយៈពេលជិត១សតវត្សរ៍ បារាំងស្រាប់តែបានប្រគល់ទៅឲ្យវៀតណាមវិញ នៅឆ្នាំ ១៩៤៩ ដោយមិនកាត់មកឲ្យខ្មែរដែលជាម្ចាស់ដើមនោះទេ ។
ការណ៍ដែលបារាំងសម្រេចកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រូវបានធ្វើឡើង នៅក្នុងបរិបទនៃសង្រ្គាមឥណ្ឌូចិន ដែលបារាំងត្រូវប្រឈមមុខនឹងចលនាឧទ្ទាមកុម្មុយនិស្តវៀតណាម គឺពួកវៀតមិញ ។
នៅក្នុងអំឡុងសង្រ្គាមលោកលើកទី ២ ពេលដែលបារាំងត្រូវធ្លាក់ចុះខ្សោយ តំបន់ឥណ្ឌូចិនត្រូវធ្លាក់ក្រោមការកាន់កាប់របស់ជប៉ុន ។ ក្រោយពេលដែលជប៉ុនចាញ់សង្រ្គាមលោកលើកទី ២ នៅឆ្នាំ ១៩៤៥ ទើបបារាំងចូលមកត្រួតត្រាឥណ្ឌូចិនឡើងវិញ ក៏ប៉ុន្តែ ដោយមើលឃើញពីការរីកដុះដាលនៃចលនាទាមទារឯករាជ្យ បារាំងដឹងច្បាស់ថា ខ្លួននឹងមិនអាចកាន់កាប់តំបន់ឥណ្ឌូចិនពេញដៃដូចកាលពីមុនសង្រ្គាមនោះទេ ។ ហេតុ ដូច្នេះហើយបានជាបារាំងដាក់ចេញនូវផែនការមួយ គឺកែប្រែសហភាពឥណ្ឌូចិនឲ្យទៅជា “សហព័ន្ធឥណ្ឌូចិន” ដោយប្រទេសជាសមាជិកនីមួយៗត្រូវទទួលបានឯករាជ្យស្ទើរតែពេញលេញ ពោលគឺ ត្រូវក្តោបក្តាប់អំណាចទាំងអស់ លើកលែងតែវិស័យកងទ័ព និងហិរញ្ញវត្ថុ ដែលត្រូវបន្តស្ថិតក្នុងដៃបារាំង ។

ជាមួយកម្ពុជា និងឡាវ ការចរចាជុំវិញលក្ខន្តិកៈពាក់កណ្តាលឯករាជ្យនេះបានប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីធំដុំនោះទេ ហើយនៅក្នុងពេលកំពុងរង់ចាំការចុះសន្ធិសញ្ញាជាស្ថាពរ កិច្ចព្រមព្រៀងបណ្តោះអាសន្ន (Modus vivendi) ត្រូវបានចុះរវាងបារាំង និងកម្ពុជា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៤៦ និងរវាងបារាំង និងឡាវ នៅថ្ងៃទី២៧ ខែសីហាឆ្នាំដដែល ។
ជាមួយវៀតណាមវិញ ការចរចាត្រូវជួបនឹងបញ្ហាស្មុគស្មាញច្រើន ម្យ៉ាង ដោយសារតែវៀតណាមនៅពេលនោះមិនមែនជាប្រទេសរួមគ្នាតែមួយ ពោលគឺ ត្រូវចែកជាតុងកឹង និងអាណ្ណាម ដែលមានអំណាចនយោបាយដាច់ចេញពីគ្នា ហើយម្យ៉ាងទៀត គឺដោយសារតែមានចលនាកុម្មុយនិស្តវៀតមិញ ដែលបានប្រកាសឯករាជ្យជាឯកតោភាគីបង្កើតជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរួចទៅហើយ តាំងពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ ។
នៅក្នុងការចរចាជាមួយបារាំង ហូ ជី មិញ ដែលជាប្រមុខដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ហើយដែលមានមូលដ្ឋាននៅតុងកឹង (វៀតណាមខាងជើង) បានទាមទារឲ្យបារាំងប្រគល់ឯករាជ្យភ្លាមៗដល់វៀតណាម ហើយប្រទេសវៀតណាមឯករាជ្យនេះត្រូវតែរួមបញ្ចូលគ្នានូវតំបន់ទាំង ៣ គឺ តុងកឹង អាណ្ណាម និងកូស័ងស៊ីនដែលវៀតណាមចាត់ទុកថាជាទឹកដីរបស់ខ្លួន ដែលបារាំងច្បាំងដណ្តើមយកទៅធ្វើជាអាណា ខេត្ត ។
លក្ខខណ្ឌនេះត្រូវបានបារាំងច្រានចោល ដោយសារតែនៅពេលនោះ បារាំងចង់រក្សាទឹកដីកូសាំងស៊ីនទុកជាអាណាខេត្តរបស់ខ្លួនតទៅទៀត។ ក្រោយមកទៀត បារាំងបានសុខចិត្តធ្វើសម្បទានដល់ ហូ ជីមិញ ដោយយល់ព្រមបើកឲ្យមានការបោះឆ្នោតប្រជាមតិ ដើម្បីឲ្យប្រជាជនជាអ្នកសម្រេចថា តើគួរបញ្ចូលតំបន់ទាំង ៣ ជាប្រទេសវៀតណាមតែមួយឬក៏យ៉ាងណា។ តំណាងរដ្ឋាភិបាលបារាំង និង ហូ ជីមិញ ក៏បានចុះកិច្ចព្រម ព្រៀងមួយក្នុងន័យនេះ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ១៩៤៦ ដោយត្រៀមរៀបចំបើកធ្វើសន្និសីទមួយ នៅហ្វុងតែនប្លូ (Fontainebleau) ប្រទេសបារាំង ដើម្បីចរចាលើកិច្ចព្រមព្រៀងស្ថាពរ ។
ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នា រវាងបារាំង និងពួកវៀតមិញក៏បានកើតឡើងម្តងទៀត ជុំវិញដំណើរការនៃការបោះ ឆ្នោតប្រជាមតិ ។ ហូ ជីមិញ ទាមទារឲ្យតុងកឹង អាណ្ណាម និងកូស័ងស៊ីនរៀបចំធ្វើប្រជាមតិរួមគ្នាជាប្លុក។ ចំណែកលោក Thierry d’Argenlieu ដែលនៅពេលនោះជាអគ្គស្នងការបារាំងប្រចាំតំបន់ឥណ្ឌូចិន (Haut-commissaire de France en Indochine) យល់ឃើញថា ការបោះឆ្នោតប្រជាមតិជាប្លុកនេះមិនមានភាពយុត្តិធម៌ ពីព្រោះថា ប្រជាជននៅតុងកឹង និងអាណ្ណាម ដែលសុទ្ធតែចង់ទាមទារយកកូស័ងស៊ីនទៅវិញ គឺមានចំនួនច្រើនលើសលុបធៀបនឹងប្រជាជននៅកូស័ងស៊ីន ។ ហេតុដូច្នេះហើយបានជាលោកទាមទារថា បារាំងត្រូវតែបើកផ្លូវឲ្យកូស័ងស៊ីនអាចក្លាយជារដ្ឋឯករាជ្យមួយដូចជារដ្ឋផ្សេងទៀតក្នុងសហព័ន្ធឥណ្ឌូចិនដែរ ហើយរដ្ឋកូស័ងស៊ីនថ្មីនេះគឺជាអ្នកមានសិទ្ធិសម្រេចដោយខ្លួនឯងអំពីទំនាក់ទំនងជាមួយនឹងវៀតណាម ។
នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៩៤៦ នៅក្នុងពេលដែល ហូ ជីមិញ ដឹកនាំគណៈប្រតិភូវៀតណាមចេញទៅបារាំង ដើម្បីចូលរួមក្នុងសន្និសីទនៅហ្វុងតែនប្លូ លោក Thierry d’Argenlieu បានប្រកាសឲ្យកូស័ងស៊ីនក្លាយជារដ្ឋស្វយ័ត ដោយមានឈ្មោះថា “សាធារណរដ្ឋកូស័ងស៊ីន” និងមានរដ្ឋាភិបាលបណ្តោះអាសន្ន នៅទីក្រុងសៃហ្កន (ព្រៃនគរ) ។ រដ្ឋាភិបាលបណ្តោះអាសន្ននេះហើយ ដែលនឹងត្រូវទទួលបន្ទុករៀបចំការបោះឆ្នោតប្រជាមតិ សម្រេចជោគវាសនាកូស័ងស៊ីន ។
សម្រាប់ ហូ ជិមិញ ការផ្តាច់កូស័ងស៊ីនឲ្យទៅជារដ្ឋឯករាជ្យនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀង ដែលបានចុះកាលពីខែមីនា ។ សន្និសីទនៅហ្វុងតែនប្លូត្រូវទទួលបរាជ័យ។ ការចរចា រវាងបារាំង និង ហូ ជីមិញ ក៏ត្រូវជាប់គាំង ។ នៅខែធ្នូឆ្នាំ ១៩៤៦ សង្រ្គាម រវាងបារាំង និងវៀតមិញ (សង្រ្គាមឥណ្ឌូចិន) ក៏ចាប់ផ្ទុះឡើង ។
នៅក្នុងពេលដែលសង្រ្គាមឥណ្ឌូចិនកំពុងឆាបឆេះពេញបន្ទុក បារាំងបានចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលវៀតណាមថ្មីមួយ ដើម្បីប្រជែងជាមួយនឹងរដ្ឋាភិបាលកុម្មុយនិស្ត នៅវៀតណាមខាងជើង។ គោលដៅរបស់បារាំង គឺធ្វើយ៉ាងណាកាត់ផ្តាច់ពួកវៀតមិញ ពីការគាំទ្ររបស់ប្រជាជនវៀតណាម តាមរយៈការសន្យាផ្តល់ឯករាជ្យដល់វៀតណាម ដឹកនាំដោយរដ្ឋាភិបាលមួយ ដែលមិនមែនកុម្មុយនិស្ត ។ នៅពេលនោះ បារាំងសំឡឹងឃើញថា មានឥស្សរជនតែម្នាក់គត់ ដែលអាចឡើងមកដឹកនាំរដ្ឋាភិបាលវៀតណាមប្រជែងនឹងប្រ ជាប្រិយ ភាពរបស់ហូ ជីមិញបាន គឺ បាវដាយ អតីតអធិរាជនៃនគរអាណ្ណាម ដែលត្រូវពួកវៀតមិញបង្ខំឲ្យដាក់រាជ្យ និងរត់ទៅរស់នៅនិរទេសខ្លួន នៅហុងកុង ។
នៅឆ្នាំ ១៩៤៧ បារាំងបានចាប់ផ្តើមទាក់ទងជាមួយបាវដាយ ដើម្បីសុំឲ្យទ្រង់មកដឹកនាំរដ្ឋាភិបាលវៀតណាមថ្មី ដែលបារាំងគ្រោងបង្កើត ដើម្បីប្រឆាំងនឹងវៀតមិញ ។ ក៏ប៉ុន្តែ បាវដាយមិនបានយល់ព្រមភ្លាមៗនោះទេ ដោយបានធ្វើជាកិកកុក ដើម្បីទាមទារនូវលក្ខខណ្ឌជាច្រើន ជាពិសេស គឺទាមទារឲ្យបារាំងទទួលស្គាល់ឯករាជ្យរបស់វៀតណាមជាប្រទេសរួមគ្នានូវដែនដីទាំង ៣ គឺតុងកឹង អាណ្ណាម និងកូស័ងស៊ីន ។ និយាយឲ្យចំ លក្ខខណ្ឌដែលបាវដាយទាមទារនេះ គឺដូចគ្នាទៅនឹងការទាមទាររបស់ ហូ ជីមិញ ហើយដែលបារាំងធ្លាប់បានបដិសេធរួចទៅហើយ ។
ក៏ប៉ុន្តែ បារាំងក្នុងពេលចរចាជាមួយបាវដាយ គឺខុសគ្នាពីបារាំងក្នុងពេលចរចាជាមួយ ហូ ជី មិញ ។ រដ្ឋាភិ បាលបារាំងបានផ្លាស់ប្តូរប្រមុខដឹកនាំជាច្រើនដំណាក់កាលរួចទៅហើយ ហើយរបបនយោបាយថ្មីមួយត្រូវបានបង្កើតឡើងនៅបារាំង គឺរបបសាធារណរដ្ឋទី ៤ ដោយមានប្រធានាធិបតីថ្មី គឺ លោក Vincent Auriol ដែលបានឡើងមកកាន់តំណែង នៅដើមឆ្នាំ ១៩៤៧ ។ លោក Thierry d’Argenlieu អគ្គស្នងការបារាំងប្រចាំតំបន់ឥណ្ឌូចិនក៏ត្រូវបានផ្លាស់ចេញ នៅខែមីនា ឆ្នាំ១៩៤៧ ។
សម្រាប់រដ្ឋាភិបាលបារាំងថ្មី ការកម្ចាត់ចលនាកុម្មុយនិស្តវៀតមិញ ដើម្បីបញ្ចប់សង្រ្គាមឥណ្ឌូចិន គឺជាអាទិភាពធំជាងជោគវាសនានៃដែនអាណានិគមកូស័ងស៊ីន ។ ហេតុដូច្នេះហើយបានជាបារាំងសុខចិត្តប្រគល់ កូសាំងស៊ីនឲ្យទៅវៀតណាម ទៅតាមការទាមទាររបស់បាវដាយ ធ្វើយ៉ាងណាឲ្យតែបាវដាយសុខចិត្តទៅដឹកនាំរដ្ឋាភិបាលវៀតណាម ប្រឆាំងនឹងពួកវៀតមិញ ។
ការចរចាជាមួយបាវដាយក៏បានឈានទៅដល់ការចុះកិច្ចព្រមព្រៀង នៅបេដាឡុង នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ១៩៤៨ ហើយនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ១៩៤៩ លោក Vincent Auriol ប្រធានាធិបតីបារាំងបានផ្ញើលិខិតជាលាយលក្ខណ៍ទៅបាវដាយ ដោយបញ្ជាក់ពីការព្រមព្រៀងឲ្យវៀតណាមក្លាយទៅជាប្រទេសឯករាជ្យមួយ ដោយរួមបញ្ចូលតំបន់ទាំង៣ គឺ តុងកឹង អាណ្ណាម និងកូស័ងស៊ីន ។
នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ សភាបារាំងក៏បានអនុម័តច្បាប់មួយបញ្ចប់លក្ខន្តិកៈជាទឹកដីនៅនាយសមុទ្ររបស់កូស័ងស៊ីនដោយភ្ជាប់អតីតដែនដីរបស់នគរខ្មែរនេះ ទៅជាមួយនឹងប្រទេសវៀតណាម។ ១០ថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៤ ខែមិថុនា តុងកឹង អាណ្ណាម និងកូសាំងស៊ីនត្រូវបានគេច្របាច់បញ្ចូលគ្នាបង្កើតជារដ្ឋវៀតណាមឯករាជ្យមួយ ដែលមានរដ្ឋធានីនៅសៃហ្គន (ព្រៃនគរ) ក្រោមការដឹកនាំរបស់អតីតអធិរាជបាវដាយ ៕
Comments are closed.