​បទ​វិចារណកថា៖ វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ក្រោម​

0 326

វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ក្រោម​
​បទ​វិចារណកថា ដោយ លោក ថាច់ វឿ​ង​
​ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២០

នៅលើ​ពិភពលោក​នេះ អំណាច​មាន ៤ គឺ អំណាច​នីតិ​ប្ប​ញ្ញ​តិ្ត អំណាច​នីតិ​ប្រតិ​ប​តិ្ត អំណាច តុលា និង​អំណាច​សារព័ត៌មាន ។ គ្រប់​ប្រទេស​ទាំងអស់ អំណាច​ទាំង ៤ នេះ ឯករាជ្យ​នៅ​ដាច់​ដោយ ឡែក​ពីគ្នា មិន​ឋិត​នៅក្រោម​ការបង្គាប់បញ្ជារ​បស់​អំណាច​ណាមួយ​ឡើយ មាន​សិ​ទិ្ធ​ស្មើរៗ គ្នា អនុវត្ត កិច្ចការ​ដោយ​សេរី សារព័ត៌មាន​គឺ អំណាច​ទី ៤ ។ អំណាច​សារព័ត៌មាន​សំខាន់​ជាង​អី្វៗ ទាំងអស់ ឋិត​នៅ ក្នុង​សិ​ទិ្ធ​របស់​ប្រជាជន សិទ្ធិ​និយាយស្តី សិទ្ធិ​ទទួលបាន​ព័​ត៌​គ្រប់​ជ្រុ​យ​ជ្រោយ ។ ក្នុងសង្គម​មួយ មាន​សិ​ទិ្ធ​ទទួលបាន​ព័ត៌មាន ដោយ​សេរី ដោយ​ពិ​ប្រាកដ មិន​ប្រកបដោយ​អគតិ ៤ យ៉ាង​គឺ ឆន្ទាគតិ សេចក្តី​លំអៀង​ព្រោះតែ​ស្រឡាញ់ ទោសាគតិ សេចក្តី​លំអៀង​ព្រោះ​ទោស ឬ​ដំណើរ​លំអៀង​ដោយ​ស្អប់ ភយាគតិ សេចក្តី​លម្អៀង​ព្រោះ​ខ្លាចចិត្ត ឬ ខ្លាច​បុណ្យស័ក្តិ​ជាដើម និង មោហាគតិ ដំណើរ​លម្អៀង ព្រោះ​មោហៈ គឺ​សេចក្តី​លម្អៀង​ព្រោះ​ការមិនយល់​ខុសត្រូវ​សង្គម​នោះ មានការ​អភិវឌ្ឍន៍​ជឿនលឿន យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​ដល់​ការផ្លាស់ប្តូរ​មេដឹកនាំ​របស់ខ្លួន គ្មាន​អំពី​ពុករលួយ ប្រជាជន​ក្តាប់ បាន​ព័ត៌មាន​ទូលំទូលាយ ជាក់ច្បាស់ ពិតប្រាកដ មិនអាច​ភូតភ​បោកប្រាស់​បានឡើយ ។ ផ្ទុយទៅវិញ មានតែ​របប​កុ​ម្មុយ​និ​ស្ត​ទេ អំណាច​ទាំងអស់​ឋិត​នៅក្រោម​បក្ស អំណាច​ប្រមូលផ្តុំ​ទៅលើ​បុគ្គល​ម្នាក់ អ្នកមានអំណាច​បញ្ជា​ធ្វើបាប​ប្រជាជន​តាមតែ​អំពើ​ចិត្ត សារព័ត៌មាន​ណា​និយាយ​ការពិត រិះគន់​ចំៗ ដោយ​មិន​រើសមុខ សារព័ត៌មាន​នោះ ត្រូវ​ឋិត​នៅក្នុង​មុខសញ្ញា គេ​តាម​ធ្វើបាប ចាប់​ដាក់គុក បំបិទ​ចោល លួច​ធ្វើឃាត​ជាដើម តែបើ​សារព័ត៌មាន​ណា​ម ដែល​អែបអប និយាយ​ការពារ​ថ្នាក់ដឹកនាំ ទើប​គេង បាន​សុខ ។ ដូចជា​នៅក្នុង​ប្រទេស​វៀតណាម រដ្ឋសភា​របស់​បក្ស តុលាការ​ជា​របស់​បក្ស និង​សារ ព័ត៌មាន​ក៏​ជា​របស់​បក្ស ។ សារព័ត៌មាន​ទាំងអស់​នៅក្នុង​ប្រទេស​វៀតណាម សុទ្ធតែជា​របស់​បក្ស ។ អំណាច​ទាំងបី​ឋិត​នៅក្រោម​អំណាច នីតិ​ប្រតិ​ប​តិ្ត​តែមួយគត់ ឥតមាន​ឯករាជ្យ​ឡើយ ។ ទឹកដី​ទាំងមូល​ក៏ ជា​របស់​បក្ស​និង​រដ្ឋ ការអភិវឌ្ឍន៍ គឺ​បក្ស និង​រដ្ឋ​មាន​មុន​រាស្ត្រ ។ យើង​បានឃើញ​ហើយ អគារ​រដ្ឋបាល របស់​បក្ស និង​រដ្ឋ​ធំ​ស្កឹ​ម​សៃ្ក រីកដុះដាល​ពាស់ពេញ​គ្រប់​ខេត្ត​ក្រុង ក្រឡេកមើល​ប្រជាជន​វិញ​ក្រ​រហេម រហាម​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ។

កាសែត Online ខេត្តព្រៃកឬស្សី (កឹង ថើ) ។ រូប Screenshot
កាសែត Online ខេត្តព្រៃកឬស្សី (កឹង ថើ) ។ រូប Screenshot

នៅ​កម្ពុជា​ក្រោម ប្រជាពលរដ្ឋ​ខែ្មរ​ក្រោម​ជា​ជនជាតិដើម ជា​ម្ចាស់​ទឹកដី​កម្ពុជា​ក្រោម រាប់លាន នាក់ ប៉ុ​នែ្ត​គ្មាន​ស្ថាប័ន​សារព័ត៌មាន​ឯករាជ​របស់ខ្លួន សូម្បី​តែមួយ មានតែ​កម្ម​វិធិ​ផ្សាយ​ទូរទស្សន៍ VTV ផ្សាយ​ជា​ភាសា​ខែ្មរ​ប្រហែលជា ៣០ នាទី​ប៉ុណ្ណោះ មាននៅ​ខេត្ត​ព្រះ​ត្រពាំង​, ខេត្ត​ឃ្លាំង​, ខេត្ត​ពល​លាវ​, ខេត្ត​ព្រេ​ក​ឫស្សី​, ខេត្ត​មាត់ជ្រូក​, ខេត្ត​ក្រមួនស ខេត្ត​រោងដំរី​, និង​ខេត្ត​ទឹកខ្មៅ ។ ប្រធាន​ដឹកនាំ​ការផ្សាយ ជា​ភាសា​ខែ្មរ​នេះ គឺ​សុទ្ធតែជា​ជនជាតិ​យួន​ទាំងអស់ ។ មុន នឹង​ចេញផ្សាយ គេ​ត្រួតពិនិត្យ​ច្បាស់លាស់ ហើយ​ទើប​អនុញាត​ឲ្យ​ចេញផ្សាយ ប៉ុ​នែ្ត អត្ថបទ​ផ្សាយ សុទ្ធតែ​បកប្រែ​ចេញពី​អត្ថបទ​របស់​យួន បានជា ឃ្លាប្រយោគ មិនសូវ​បាន​ពេញលេញ​គ្រប់គ្រាន់ ច្រើនតែ​បញ្ច្រាស់​ប្រយោគ​មកវិញ ឧទាហរណ៍ យួន​និយាយថា “Có nhiều bài hát anh đã sáng tác” គេ​បកប្រែ​ឲ្យ​ចំ​ពាក្យ​យួន​ថា “​មាន​ច្រើន​បទ ចម្រៀង​ដែល​បង​បាន​និពន្ធ​” តាមពិត​ខែ្មរ​ត្រូវ​និយាយថា “​មាន​បទ​ចម្រៀង​ជាច្រើន​ដែល​បង​បាន​និពន្ធ​” ជាដើម ។ ឥឡូវនេះ គេ​ទើបតែ​បង្កើត​ពាក្យថ្មី​មួយទៀត សម្រាប់​ប្រើ​នៅក្នុង​កម្មវិធី​អ្វីមួយ ដែល​គេ​ហៅថា នាទី “​កាល​កាស​” ។ កម្មវិធី​ផ្សាយ​នេះ កំពុងតែ​កាឡៃ​ភាសា​ខ្មែរ​ឲ្យ​ក្លាយទៅជា​ឃ្លា និង​ប្រយោគ​របស់ យួន​ទាំងស្រុង ដែល​សូម្បីតែ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ស្ដាប់​មិន​យល់​ផង ។ ម្យ៉ាងទៀត កម្មវិធី​ផ្សាយ​នេះ បាន​ប្ដូរ​ឈ្មោះ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ជា​ភាសា​ខ្មែរ​ទៅជា​យួន​អស់​គ្មាន​សល់ និង​បញ្ហា​ដែល​អាជ្ញាធរ​យួន រំលោភសិទ្ធិ​លើ​ខ្មែរក្រោម ក៏​មិន​ត្រូវបាន​ទូ​រទូ​ស្សន៍​យួន​ផ្សព្វផ្សាយ​ផងដែរ ។ ក្រុម​ល្ខោនបាសាក់ ខែ្មរ​ក្រោម​គ្រប់​ខេត្ត និពន្ធ​ជា​រឿង​អ្វីមួយ ដើម្បី​ស​មែ្ត​ង ឬក៏​បទ​ចម្រៀង​អី្វ​មួយ ត្រូវ​បកប្រែ​ចេញ ជា​ភាសា​យួន រួចហើយ​យកទៅ​ជូន​ក្រសួង​វប្បធម៌ និង​ឃោសនាការ​យួន ត្រួតពិនិត្យ​រួចរាល់​ហើយ ទើប គេ​អនុ​ញ្ញ​តិ្ត​ឲ្យ​យកមក​ស​មែ្ត​ង ។ បើ​មិន​ឲ្យ​គេ​ត្រួតពិនិត្យ​ទេ ក្រុម​ល្ខោន​នោះ និង​ជួបប្រទះ​បញ្ហា ត្រូវ​រង​ការចោទប្រកាន់ថា ប្រឆាំង នឹង​គោលនយោបាយ​បក្ស និង​រដ្ឋ ។​

​ទោះបីជា រដ្ឋាភិបាល​វៀតណាម​ខំប្រឹង​រឹតត្បិត គាបសង្កត់​ខែ្មរ​ក្រោម​មិន​ឲ្យ​ស្គាល់​ពន្លឺ​សិទ្ធិ​សេរី ភាព ក្នុង​ការទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏ដោយ តែ​នៅ​ក្នុងសម័យ​បច្ចុប្បន្ន ខែ្មរ​ក្រោម​នៅតែ​ទទួល បាន​ព័​ត៌​តាមរយៈ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដែល​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អិន​ធើ​ណិ​ត ដូចជា គេហទំព័រ VOKK.NET បណ្ដាញ​សង្គម Facebook និង Youtube ជាដើម ។ តាមរយៈ​ការទទួលបាន​ព័ត៌មាន ដែល​ផ្សាយ​ចូល​ពី​ក្រៅប្រទេស យើង​សង្កេតឃើញ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ស្រុក នាពេល​បច្ចុប្បន្ន មានការ​យល់ដឹង​នូវ​សិទ្ធិសេរីភាព ជា​មូលដ្ឋាន​របស់ខ្លួន​កាន់តែ​ច្រើនឡើងៗ ដោយ​ពួកគាត់​ចេះ ផលិត​បទ​ចម្រៀង​រៀបរាប់​ភូមិ​ស្រុក​នៅ កម្ពុជា​ក្រោម ដោយ​ខ្លួនឯង ហ៊ាន​និយាយ​ឈ្មោះ​ស្រុក និង​ខេត្ត​ជា​ភាសា​ខ្មែរ ដែល​យួន​បាន​ប្ដូរ​ទៅជា ភាសា​យួន​ហើយ​នោះ និង​ហ៊ាន​តវ៉ា​ទៅ​រដ្ឋាភិបាល​យួន​ចំពោះ​បញ្ហា​អយុត្តិធម៌​ផ្សេងៗ ដែល​បានកើត ឡើងលើ​ពលរដ្ឋ​ខ្មែរក្រោម ។ ពេលណា​ខ្មែរក្រោម​គ្រប់រូប​មានការ​យល់ដឹងបាន​ច្បាស់លាស់​នូវ​សិទ្ធិ របស់ខ្លួន ពេលនោះ ខ្មែរក្រោម​នឹងមាន​អំណាច​ក្នុងការ​អនុវត្ត​នូវ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៅលើ​ទឹកដី​កម្ពុជា​ក្រោម ជាក់​ជាមិនខាន ៕

Leave A Reply

Your email address will not be published.