ខ្មែរក្រោម៖ កម្ពុជាជាអាយ៉ងយួន ទើបមិនអាចធ្វើអន្តរាគមន៍បញ្ហាខ្មែរក្រោម
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិក បានហៅទង្វើមិនទួលខុសត្រូវរបស់រដ្ឋា ភិបាលកម្ពុជាលើ បញ្ហា ខ្មែរក្រោមថា ជាអាយ៉ងរបស់យួន ។ ការលើកឡើងបែបនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នៅថ្ងៃ ១៧ ខែមករា បានសម្រចទាត់ចោលចំពោះសំណើរបស់អង្គការក្រៅរដ្ឋាភិបាលខ្មែរក្រោម ដែលមានមូលដ្ឋាន នៅ ទីក្រុងភ្នំពេញ ដែលចង់ឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យ ដោះលែងពលរដ្ឋខ្មែរក្រោម ។

សំណើរបស់សមាគមខ្មែរក្រោមនៅប្រទេសកម្ពុជា ដែលសុំឲ្យរដ្ឋាភិបាលខ្មែរជួយអន្តរាគមន៍ទៅរដ្ឋាភិបាល វៀតណាមឲ្យ ដោះ លែង ពលរដ្ឋ ខ្មែរដែល កំពុងជាប់គុកនៅក្នុងប្រទេសវៀតណាមនោះ ត្រូវបានរដ្ឋាភិបាល កម្ពុជាបដិសេធមិនជួយ អន្តរាគមន៍ នោះទេ ។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ បានចាត់ទុកការស្នើសុំ របស់ សមាគមខ្មែរក្រោមថា ហួសពីសមត្ថកិច្ចរបស់ខ្លួន ពីព្រោះ ថា ពលរដ្ឋខ្មែរក្រោមរស់នៅក្នុងប្រទេសវៀតណាម ត្រូវស្ថិត នៅក្រោមការគ្រប់គ្រងរបស់ច្បាប់វៀតណាម ។

នៅក្នុងលិខិតចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៤ ចុះហត្ថលេខាដោយ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាក្រសួង ការបរទេស ជម្រាបមក លោក សឺន យឿង នាយកប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានបញ្ជាក់ថា កម្ពុជា និង វៀតណាម មានអធិបតេយ្យរៀងៗខ្លួន ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិ បាលកម្ពុជា ប្រកាន់យកនូវគោលនយោបាយ មិនជ្រៀត ជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ ។ ម្លោះហើយរដ្ឋាភិបាលកម្ពុជា មិនអាចជួយអន្តរាគមន៍ ទៅរដ្ឋាភិបាលវៀត ណាម បាននោះទេ ។
ប្រតិកម្មនឹងបញ្ហានេះ ប្រធានការិយាល័យទំនាក់ទំនងរដ្ឋបាល និងហិរញ្ញវត្ថុ នៃលេខាធិការដ្ឋានអង្គការ សមាគមខ្មែរ កម្ពុជា ក្រោម ដែលមានមូលដ្ឋាននៅភ្នំពេញ លោក សឺន ជុំជួន បានថ្លែងប្រាប់វិទ្យុសំឡេង កម្ពុជាក្រោមថា លោកមិនអាចទទួល យកបាន ទេ ហើយលោកនឹងងាកទៅតវ៉ាទៅភាគីរដ្ឋាភិបាលវៀត ណាម និងថ្នាក់អន្តរជាតិ វិញ ដើម្បីធ្វើអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរក្រោម ។
លោក សឺន ជុំជួន ថ្លែងថា៖
“អ្វីដែលក្រសួងការបរទេសឆ្លើយតបមកយើង គឺយើងមិនអាចទទួលយកបានទេ ក្នុងនាមជាអង្គការ សមាគម ខ្មែរកម្ពុជាក្រោមហើយយើងមានការខ្លោចចិត្តណាស់ក្នុងនាមយើងជាកូនខ្មែរមួយរូប ក្នុងមាន ជាជនជាតិ ខ្មែរដូចគ្នា ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាក៏បានបដិសេធអ្វីដែល យើងផ្ញើសូមធ្វើ អន្តរាគមន៍ ។ ខ្ញុំគិតថានេះ ជាការ សោក ស្ដាយ យ៉ាងខ្លាំង ។ យើងនឹងងាករកធ្វើការបន្តទៀត ដើម្បី ស្វែង រកការអន្តរាគមន៍ពីខាងកម្រិតអន្តជាតិ ។ ជាពិសេសយើងងាកទៅខាងរដ្ឋាភិបាលវៀត ណាម វិញ ពីព្រោះកន្លងមកនេះ រដ្ឋាភិបាលវៀតណាម ជាពិសេស ស្ថានទូតវៀតណាមគេ មិនអាចធ្វើ ការជួយ យើងទេ គេឲ្យយោបល់យើងទៅធ្វើការជាមួយនឹង ខាងក្រសួងការបរទេសកម្ពុជា ដើម្បីឲ្យ ក្រសួង ការបរទេសកម្ពុជាទៅធ្វើការជាមួយរដ្ឋាភិបាលវៀត ណាម ។ ប៉ុន្តែពេល យើងធ្វើការ ជាមួយ នឹងក្រសួង ការបរទេសក្រសួងការបរទេសគាត់មិនបានអន្តរាគមន៍ឲ្យយើងទេ ងាកទៅឆ្លើយរក ការ បដិសេធ ហើយជៀសវាងមិនបន្តមិនស្ដីអំពី ជារដ្ឋាភិបាលមួយដែលមានការទទួលខុស ត្រូវ ទៅជន ជាតិ របស់ខ្លួន អញ្ចឹងយើងនឹងងាយទៅស្ថានទូតវៀតណាមសារជាថ្មី” ។
កម្ពុជា ជាអាយ៉ងយួន៖
លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការណ៍នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឆ្លើយតបនឹងបញ្ហានេះថា ព្រោះ តែរដ្ឋាភិបាល កម្ពុជារបស់ លោក ហ៊ុន សែន ជាអាយ៉ងរបស់យួន ទើបមិនហ៊ាននិយាយ ឬ សួរនាំអ្វីដល់ បញ្ហាខ្មែរក្រោម ។ លោកថា បើគិតទៅតាមសីលធម៌ ការដែលរដ្ឋាភិបាលខ្មែរសួរនាំដល់បញ្ហាសុខទុក្ខ ខ្មែរក្រោមនោះ វាមិនមានខុសអ្វីនោះទេ ព្រោះខ្មែរក្រោម នៅកម្ពុជាក្រោម ក៏ជាខ្មែរដែរ ។ លោក ត្រឹង ម៉ាន់ រិន្ទ បានលើកឱទាហរណ៍ ករណីពលរដ្ឋខ្មែរ ដែលកើតនៅលើទឹកដីសហរដ្ឋអាមេរិកថា ពួកគេកើតមកមាន សញ្ជាតិអាមេរិកកាំងស្វ័យប្រវត្តិ តែឈាមជ័រពួកគេ នៅតែជា ខ្មែរដដែល ដែលរដ្ឋាភិបាលខ្មែរក៏ធ្លាប់បានធ្វើ អន្តរាគមន៍មករដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីករណីខ្មែរ អាមេរិកខ្លះដែរ ។
លោក ត្រឹង ម៉ាន់ រិន្ទ បានថ្លែងថា៖
“ឈរលើសីលធម៌ យើងជាឈាមជ័រជាមួយគ្នា ក្នុងនាមជាប្រទេសមួយ យើងសួរយួនបានតើ មានខុស អ៊ីឯណា ។ កុំថាឡើយខ្មែរប្រទេសកម្ពុជា យើងជាឈាមជ័តតែមួយ សូម្បីប្រទេសផ្សេងក៏ ក៏គេសួរបានដែរ ថា តើខ្មែរក្រោម គេតវ៉ាអ៊ីចឹងឯងឆ្លើយយ៉ាងម៉េច ។ ហេតុម៉េចបានខ្មែរហ្នឹងមិនហ៊ាន ខ្លាចគេ ព្រោះថា ប្រទេសកម្ពុជាហ្នឹងជារណបរបស់យួន អាយ៉ងរបសយួន មិនហ៊ានជាមួយយួន វាតែប៉ណ្ណឹង” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៤ កន្លងទៅសមាគមខ្មែរកម្ពុជាក្រោម បានសរសេរលិខិតដាក់ ជូនទៅក្រ សួង ការ បទេសកម្ពុជា ដើម្បីស្នើឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះ លែងព្រះសង្ឃខ្មែរ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ៧ នាក់ទៀត ដែលអាជ្ញាធរវៀតណាមចាប់យកទៅដាក់ គុកនៅដែនដីកម្ពុជាក្រោម ។
ផ្ដល់សញ្ជាតិខ្មែរដល់ពលរដ្ឋខ្មែរក្រោម និងរដ្ឋត្រូវគាំពារ ៖
សេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នេះ ត្រូវបានគេមើល ឃើញថា ផ្ទុយនឹងរាជសាររបស់អតីតៈព្រះហាក្សត្រខ្មែរ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ដែលបានចែងថា ខ្មែរក្រោមមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានសញ្ជាតិខ្មែរ និងជាការបំពាន ទៅលើរដ្ឋធម្មនុញប្រទេសកម្ពុជា ដែលបាន ចែង ថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសត្រូវបានរដ្ឋគាំពារ ។
ព្រះរាជសារមួយច្បាប់ ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ បានប្រកាសជា សាធារណៈថា ពលរដ្ឋខ្មែរក្រោមដែលកើតនៅកម្ពុជាក្រោម ឬ ពលរដ្ឋខ្មែរដែល កើតនៅក្នុងប្រ ទេសវៀតណាមមាន សិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ប្រសិនបើពួក គេចង់មករស់នៅលើទឹក ដីនៃប្រទេសកម្ពុជា ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៣៣ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ ។ ដោយឡែកច្បាប់ ស្ដីពី សញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ តាមគ្រប់មធ្យោបាយការទូត និង មិនអាចបាត់បង់សញ្ជាតិដោយឯកឯង ។
ចាប់ព្រះសង្ឃខ្មែរក្រោមបញ្ជូនឲ្យវៀតណាម៖
ទោះបីប្រទេសកម្ពុជា មានច្បាប់សញ្ជាតិគាំពារខ្មែរនៅបរទេស និងមានរាជសារផ្ដល់សញ្ជាតិឲ្យខ្មែរក្រោម យ៉ាងណាក៏ដោយ តែទង្វើរបស់រដ្ឋាភិបាលខ្មែរ នាពេលបច្ចុប្បន្ន និងនាពេលកន្លងមក មិនបានអនុវត្តតាម អ្វីមានចែងនៅលើក្រដាសនោះទេ ។
កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៦ ព្រះតេជព្រះគុណ ទឹម សាខន ព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានស្តេចសង្ឃ ទេព វង្ស ចាប់ផ្សឹក ហើយចាប់បញ្ជូនទៅដាក់គុកយួន នៅខេត្ត មាត់ជ្រូក (An Giang ) នៃដែនដី កម្ពុជាក្រោម ខណៈដែលព្រះសង្ឃខ្មែរក្រោមអង្គនេះ បានរស់នៅក្នុងទឹក ដីខ្មែរ និងមានសញ្ជាតិខ្មែរជាយូរមកហើយ ។ បន្ទាប់ពីបាត់ខ្លួនជាង ១ ឆ្នាំ តុលាការវៀតណាម បាននាំ ព្រះតេជព្រះគុណ ទឹម សាខន ចេញជំនុំជម្រះក្ដី នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ពីបទ “បំផ្លិចបំផ្លាញ គោលនយោបាយសាមគ្គីភាព” រវាងប្រទេសកម្ពុជា និងវៀតណាម ។
កាលពីខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ រដ្ឋាភិបាលវៀតណាម បានប្រកាសសាលក្រមផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ៦ រូប នៅខេត្តឃ្លាំង ឲ្យជាប់គុណ ម្នាក់ៗពី ១០ ខែទៅ ៦ ឆ្នាំ ពីបទ ប្រឆាំងរដ្ឋាភិបាល និងបង្កឲ្យខូច សណ្ដាប់ធ្នាប់ទីសាធារណៈ ៕