ពលរដ្ឋខ្មែររស់នៅកម្ពុជាក្រោម ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅខេត្តឃ្លាំង និងខេត្តព្រះត្រពាំង
ពលរដ្ឋខ្មែររស់នៅលើទឹកដីកម្ពុជាក្រោម បានចាប់ផ្ដើមនាំគ្នាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ស្របពេល ពលរដ្ឋខ្មែរ រស់នៅប្រទេសកម្ពុជាដែរ។ ពលរដ្ឋខ្មែរក្រោម បាននាំគ្នា បញ្ជូនទូកង នៅតាមវត្ត ទៅអុំប្រណាំងគ្នា នៅទីតាំង ២ គឺទន្លេបាសាក់ខេត្តឃ្លាំង និងដៃទន្លេមេគង្គ នៅទីរួមខេត្តព្រះត្រពាំង ។

ពលរដ្ឋខ្មែរក្រោម បាននាំគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូក ចំពេលរដូវទឹកសម្រកនៅថ្ងៃទី ១៤ និង ១៥ កើត ខែកត្តិក ឬខែវិច្ឆិកា គឺពេលដំណាលគ្នាជាមួយព្រះរាជពិធីបុណ្យអុំទូកនៅទន្លេចតុមុខនៅ កម្ពុជាដែរ ។ ពួកគេនាំគ្នាប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅខេត្តឃ្លាំង និងខេត្តព្រះត្រពាំង ដោយសារជាព្រះរាជពិធី របស់ដូនតាខ្មែរ បានបន្សល់ទុកទាំងពីបុរាណមក ។
អាជីវករលក់ដូរ និងរស់នៅទីរួមខេត្តឃ្លាំង លោក ប្រាក់ ចិន្តា ប្រាប់ថា ទិដ្ឋភាពជារួម នៃការប្រណាំងទូកនៅខេត្តឃ្លាំង មានសភាពអ៊ូអរ ថ្វីត្បិតអាជ្ញាធរវៀតណាមមិនឲ្យពលរដ្ឋខ្មែរ ឈប់សម្រាកក៏ដោយ ។ ខ្មែរក្រោម បានមកពីគ្រប់ទិសទីចូលរួមលេងបុណ្យអុំទូក នៅមាត់ទន្លេបាសាក់ខេត្តឃ្លាំង ។ លោកប្រាប់ថា នៅឆ្នាំនេះ អ្នករៀបចំកម្មវិធីប្រណាំងទូក បានរៀបចំប្រាក់រង្វាន់ធំជាងរាល់ឆ្នាំ ទើបមានទូកច្រើនជាងឆ្នាំមុនមកចូលរួម ។ លោកថា ឆ្នាំនេះ មានទូកចំនួន ៦៤ មកចូលរួមអុំប្រណាំង ហើយទូកទាំងនោះ សុទ្ធតែជាទូកខ្លាំង ឆ្លងកាត់ការអុំប្រណាំងយកទូកល្បឿនលឿន មកពីខេត្តឃ្លាំង ខេត្តក្រមួនស ខេត្តទឹកខ្មៅ ខេត្តព្រះត្រពាំងជាដើម ។
លោក ប្រាក់ ចិន្តា ឲ្យដឹងថា ទូកទាំងអស់ សុទ្ធជាទូកវែង ហើយគ្មានទូករបស់ជនជាតិវៀតណាម ទេ។ លោកថា ការប្រណាំងទូកនៅខេត្តឃ្លាំង ធ្វើឡើង ២ ថ្ងៃ គឺថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែកត្តិក៖ «ឆ្នាំនេះ ទូកប្រុសមានចំនួន ៤៧ ទូក ហើយទូកស្រី ១៧ ទូក ។ មកពីខេត្តបារាវ ហើយនឹងទឹកខ្មៅ តាយឹង ក្រមួនស ភាគច្រើន គឺខេត្តឃ្លាំងច្រើនជាងគេអ៊ីចឹងទៅណា ព្រោះអ្វីនៅទីនេះ ជិតទីរួមខេត្តយើង ហើយបើសិនជាពលរដ្ឋនៅខេត្តផ្សេងៗ ក៏មកចំនួនច្រើនដែរ ។ គាត់មកលក្ខណៈថា តាមទូក ង ក្រុមគាត់អ៊ីចឹងទៅណា ក៏មានចំនួនច្រើនដែរ ។ (អ្នកទស្សនា) យួន ប្រហែលមាន ២០ ភាគរយអ៊ីចឹងណា អត់ច្រើនទេ ខ្មែរបានមានចំនួនច្រើន ។ ទូកយួន អត់មានតែម្ដង មានតែទូកខ្មែរទេ» ។
ចំណែកពិធីបុណ្យអុំទូក នៅខេត្តព្រះត្រពាំងវិញ មិនមានទូកច្រើន ដូចនៅខេត្តឃ្លាំងទេ គឺមានទូកតែ ៩ ប៉ុណ្ណោះ អុំប្រណាំងនៅដៃទន្លេមេគង្គ ឬហៅថា ដងទន្លេកំពង់ នៅក្នុងទីរួមខេត្តព្រះត្រពាំង ។ រាល់ឆ្នាំនៅខេត្តព្រះត្រពាំងមានទូកង តែ ៨ គ្រឿងទេ គឺទូក ១ តំណាងឲ្យទូកខេត្ត និងទូក ៧ តំណាងឲ្យស្រុកទាំង ៧ របស់ខេត្តព្រះត្រពាំង ។ ឯឆ្នាំនេះ មានទូកមួយទៀត មកពីខេត្តលង់ហោ ក្បែរនោះ ចូលរួមប្រកួតដែរ ។
ពិធីបុណ្យនៅកម្ពុជាក្រោម មិនមានការផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ជាតិវៀតណាមទេ ។ តែបានផ្សាយផ្ទាល់តាមទូរទស្សន៍ខេត្តខេត្តឃ្លាំង និងទូរទស្សន៍ខេត្តព្រះត្រពាំង និងមានផ្សាយផ្ទាល់តាមហ្វេសប៊ុក របស់រដ្ឋបាលខេត្តទាំងពីរនេះដែរ (Đua Ghe Ngo Sóc Trăng ប្រែថា ពិធីបុណ្យអកអំបុក ប្រណាំងទូក ង របស់ជនជាតិខ្មែរ) ។ ទូក ង ដែលអុំប្រណាំងនៅខេត្តឃ្លាំង និងខេត្តព្រះត្រពាំង សុទ្ធជាប្រភេទទូកវែង ចំណុះជាង ៥០នាក់ និងលាបពណ៌ទូក ដូចទូកងប្រណាំងនៅប្រទេសកម្ពុជាដែរ។ ចំណែកឈ្មោះទូកវិញ ត្រូវបានខ្មែរក្រោមប្រសិទ្ធិនាម ឲ្យដូចឈ្មោះវត្ត ឬឈ្មោះស្រុក (និគម) របស់ពួកគេ ។ ប៉ុន្តែឈ្មោះទូកងទាំងនោះ ត្រូវសរសេរម្ខាងជាអក្សរខ្មែរ និងម្ខាងទៀត ជាភាសាវៀតណាម ។ ទូកខ្លះ មានដាក់ទង់ជាតិវៀតណាមនៅក្បាលទូក ពេលអុំប្រណាំង ។ ឯការអត្ថាធិប្បាយ ក៏ធ្វើឡើងជាភាសាវៀតណាមដែរ ។
ក្នុងចំណោមអតីតខេត្តខ្មែរចំនួន ២១ នៅកម្ពុជាក្រោម មានខេត្តខ្លះ គ្មានទូកងទេ តែមានខ្មែរក្រោម បាននាំគ្នា ធ្វើដំណើរទៅមើលការប្រណាំងទូកនៅខេត្តឃ្លាំង ។ ពលរដ្ឋខ្មែរក្រោម លោក ប្រាក់ ចិន្តា ប្រាប់ថា កម្មករខ្មែរធ្វើការនៅតំបន់ទីក្រុង នៃក្រុងព្រៃនគរ ក៏ស្កាត់មកចូលរួមមើលបុណ្យអុំទូកនៅខេត្តឃ្លាំងដែរ ។
បុណ្យអុំទូកនៅកម្ពុជាក្រោម មិនសូវមានអ្នកមុខអ្នកការនៃប្រទេសវៀតណាម ចូលរួមទស្សនាទេ គឺសម្បូរតែជនជាតិខ្មែរ តែអាជ្ញាធរវៀតណាម បានរៀបចំដាក់ផ្ទាំងរូបថត អតីតមេដឹកនាំប្រទេសវៀតណាម លោក ហូ ជីមិញ នៅលើទូកធំ និងទូកតូច ជាច្រើន ដើម្បីបង្ហាញអ្នកចូលរួមទស្សនា ។
គ្រូបាលីរងនៃវត្តពោធិ៍ ស្រុកពោធិ៍រម្យ ខេត្តឃ្លាំង លោកអាចារ្យ យ៉ាន់ វី ឲ្យដឹងថា ពីមុនជនជាតិខ្មែរ នៅកម្ពុជាក្រោម ជាអ្នករៀបចំផ្ដួចផ្ដើមព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានចាត់បញ្ចូលព្រះរាជពិធីបុណ្យនេះ ជាកីឡាមួយប្រភេទរបស់វៀតណាម ដូច្នេះអាជ្ញាធរវៀតណាម ជាអ្នករៀបចំ ។ បើទោះយ៉ាងណា លោកអាចារ្យ ប្រាប់ថា មិនមានទូក ង របស់ជនជាតិវៀតណាមចូលរួមអុំប្រណាំង ទេ ប៉ុន្ដែ ទូក ង ខ្លះ មានកីឡាករចំណុះទូក ជាជនជាតិវៀតណាម ដែលរស់នៅក្នុងភូមិស្រុក ជាមួយជនជាតិខ្មែរ នៅកម្ពុជាក្រោម៖ «យើងមានពេលមួយ អាត្មា ក៏មិនបានចាំឆ្នាំ គេក៏ហាមមិនឲ្យយើងអុំ ។ គេមានគ្រោះថ្នាក់ធម្មជាតិ គេហាមមិនឲ្យអុំ តែខ្មែរយើងមិនខ្វល់ទេ ទោះអ្នកឯងមិនឲ្យអុំ ក៏ខ្មែរយើងមានគណៈកម្មការមួយ រៀបចំទូកទៅអុំបានដែរ» ។
ចំណែក នៅពេលយប់វិញ ពលរដ្ឋខ្មែរនាំគ្នាធ្វើពិធីបណ្ដែតប្រទីប ៣ យប់ជាប់គ្នា គឺយប់ថ្ងៃទី ១៣ ទី ១៤ និង ១៥ កើត ខែកត្តិក ។ នៅយប់ ១៥ កើត គឺជាពេលសំពះព្រះខែ និងអកអំបុក ។ ពលរដ្ឋខ្មែរក្រោម នាំគ្នាធ្វើពិធីបង្អកអំបុក ចេក ដំបូង គ្នាទៅវិញទៅមក ហើយសំពះព្រះខែ នៅតាមវត្តអារាម និងមានការបង្ហោះគោម ។ ពុទ្ធបរិស័ទនៅវត្តមួយចំនួនទៀត នាំគ្នាបង្កើតកម្មវិធីរាំលេងកម្សាន្ត អបអរសាទរពិធីអកអំបុកនេះ ៕