ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នាំ​ឲ្យ​មាន​គំនុំ​ជាតិ​សាសន៍​

177

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា ការដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម នៅតែ​បំភ្លៃ និង មិន​ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ជា​បញ្ហា​ធ្វើ​ឲ្យ​មាន​គំនុំ​ជាតិ​សាសន៍​មិន​ចប់​ឡើយ និង​ថា ផ្ទុយទៅវិញ បើ​រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់​ការពិត វា​អាចជា​ឱកាស​មួយ​ធ្វើ​ឲ្យ​ខ្មែរក្រោម​មាន ឱកាស​ឈានទៅ​ចាប់យក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៅលើ​ទឹកដី​កម្ពុជា​ក្រោម នាពេល អនាគត ។ ការ​ថ្លែង​បែបនេះ បន្ទាប់ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត វៀតណាម​នៅ​រដ្ឋធានី Washington សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​វៀតណាម​ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ ដែនដី​កម្ពុជា​ក្រោម ។​

លោក ត្រឹង ម៉ាន់ រិន្ទ កាន់មេក្រូនិយាយនៅមុខស្ថានទូតវៀតណាម  នៅរដ្ឋធានី Washington ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ។
លោក ត្រឹង ម៉ាន់ រិន្ទ កាន់មេក្រូនិយាយនៅមុខស្ថានទូតវៀតណាម
នៅរដ្ឋធានី Washington ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ។

ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នាំ​ឲ្យ​មាន​គំនុំ​ជាតិ​សាសន៍​

ព្រះសង្ឃ​ជាច្រើន​អង្គ និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រាប់រយ​នាក់ ក្នុងនោះ មាន​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ផងដែរ បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា កាលពី​ថ្ងៃ​សុក្រ ទី ២៥ ខែកក្កដា នេះ ដើម្បី​តវ៉ា និង​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ទទួលស្គាល់​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​​កម្ពុជា​ក្រោម និង​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម នៅ​កម្ពុជា​សុំទោស​ពលរដ្ឋ​ខ្មែរក្រោម​ជា​សាធារណៈ ចំពោះ​សម្ដី​ដែល​មន្ត្រី​យួន​រូបនេះ បាន​ថ្លែងថា ដែនដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​ជា​យូរយារ​ណាស់​មក ហើយ ។​

​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ៥០០ នាក់ ដែល​បានធ្វើ​ដំណើរ​មកពី​រដ្ឋ​ជាច្រើន ក្នុងនោះ​រួមមាន​រដ្ឋ Georgia, North Carolina, New Jersey, Ohio, Pennsylvania, Maryland, Virginia និង DC ជាដើម​បាននាំគ្នា​លើក​បដា​រៀងខ្លួនៗ នៅមុខ​ស្ថានទូត​វៀតណាម ដែល​សរសេរថា “​ខ្មែរក្រោម ត្រូវការ​សេរីភាព​” “​វៀតណាម​ត្រូវ​សុំទោស​ខ្មែរ​” និង “​ទទួលស្គាល់​ការពិត​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​” ជាដើម ។​

ព្រះសង្ឃខ្មែរក្រោមបាតុកម្មមុខស្ថានទូតវៀតណាម  នៅរដ្ឋធានី Washington ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤  ។
ព្រះសង្ឃខ្មែរក្រោមបាតុកម្មមុខស្ថានទូតវៀតណាម
នៅរដ្ឋធានី Washington ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ។

​លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា បាតុកម្ម​នេះ​ធ្វើឡើង “​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យួន​សុំទោស​” ដែល​មន្ត្រី​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា​និយាយ​មិន​ពិត​រឿង​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ។​

យើង​ទៅធ្វើ​បាតុកម្ម​ហ្នឹង គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យួន​ហ្នឹង​សុំទោស ដែល​វា​និយាយ​មិន​ពិត​រឿង​ប្រវត្តិសាស្ត្រ របស់​ខ្មែរ​កម្ពុជា​ក្រោម ។​

​លោក ត្រឹង ម៉ាន់ រិន្ទ បាន​ថ្លែងថា តំណាង​ស្ថានទូត​វៀតណាម នៅ​រដ្ឋធានី Washington មិនបាន​ទទួល ញត្តិ​របស់​ក្រុមអ្នកតវ៉ា​ទេ ហើយ​ជម្រុញ​ឲ្យ​អ្នក​តវ៉ា​ផ្ញើ​ញត្តិ​មក​ស្ថានទូត​តាមរយៈ​ប្រៃសណីយ៍​វិញ ដែលទង្វើ​នេះ លោក​អះអាងថា ជា​រងើកភ្លើង​មួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ក្ដៅចិត្ត ហើយ​បន្តធ្វើ​បាតុកម្ម​នៅមុខ ស្ថានទូត​វៀតណាម​តទៅទៀត ។​

​ញត្តិ​ហ្នឹង​យើង​ឲ្យ​ប៉ូ​លិ​ស្ត​ហ្នឹង ទៅ​គោះទ្វារ​វា ដើម្បី​ឲ្យ​ញត្តិ ក៏ប៉ុន្តែ​គេ​ប្រាប់​ប៉ូ​លិ​ស្ត​មកវិញ​ថា គេ​មិន​ទទួល​ទេ ព្រោះ​អ៊ី វា​នៅ​ជាន់​លើ ។ ប៉ូ​លិ​ស្ត​ហ្នឹង​ចុះមក​ប្រាប់​យើង​ថា វា​មិន​ទទួល​ទេ វា​ថាបើ​យើង​ចង់​ផ្ញើជូន ត្រូវ​ផ្ញើ​តាម​ប្រៃសណីយ៍ ។​

ចំពោះ​សម្ដី​របស់​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា លោក ត្រឹង វ៉ាំ​ង ថុង ដែល​បាន​ថ្លែងថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​នោះ មិនមែនជា​សម្ដី​ឯកជន​របស់ លោក ត្រឹង វ៉ាំ​ង ថុង ទេ តែ​នេះ​ជា​សម្ដី​ដែល​បាន​ថ្លែង​ចេញទៅ​តាម​គោល​មាគ៌ា​បក្សកុម្មុយនិស្ត​វៀត ណា​ម ដើម្បី​កុំ​ឲ្យ​កូនចៅ​ជនជាតិ​យួន​ជំនាន់​ក្រោយ​មាន​វិប្បដិសារី​ថា ដូនតា​ជនជាតិ​យួន​បាន​ប្លន់​ទឹកដី របស់​ប្រទេសជិតខាង​ធ្វើជា​របស់ខ្លួន ។

​តំណាង​ទូត​វៀតណាម​ហ្នឹង​មិនមែន​នឹកឃើញ​និយាយ​ខ្លួនឯង​ទេ ពីព្រោះ​នេះ​ជាគោលការណ៍​របស់​បក្ស​កុ​ម្មុយ​និ​ស្ត យួន គេ​បំផ្លើស​ប្រវត្តិសាស្ត្រ ដើម្បី​កុំ​ឲ្យ​កូនចៅ​គេ​មាន​វិប្បដិសារី​ថា គេ​ប្លន់​ទឹកដី​ជាតិ​សាសន៍​ផ្សេង​អ៊ីចឹង ដើម្បី​កុំ​ឲ្យ​កូនចៅ​គេ​ពេល​ធំ​ឡើង​មាន​អារម្មណ៍​ថា ខ្លួន​ហ្នឹង​ជា​អ្នក​មានទោស ។​

​លោក ត្រឹង ម៉ាន់​រិន្ទ បាន​ថ្លែង​បន្តទៀតថា ប្រសិនបើ​រដ្ឋាភិបាល​វៀ​ត​ណា​ម​នៅតែ​បំភ្លៃ និង​មិន​ទទួលស្គាល់ ការពិត​ប្រវត្តិសាស្ត្រ នៃ​ដែនដី​កម្ពុជា​ក្រោម​ទេ ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​នឹងមិន​ស្ងប់រម្ងាប់​ទេ ។ រីឯ​ជនជាតិ​យួន​វិញ មានការ​យល់ច្រឡំ​ថា ខ្មែរក្រោម​ជា​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​កម្ពុជា ដែល​ធ្វើ ឲ្យ​មានការ​គុំ​គួ​ន​រវាង​ជាតិ​សាសន៍​មិនមាន​ទីបញ្ចប់​ឡើយ ។ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ពួកគេ​នឹង មិន​សុខចិត្ត ហើយ​កើត​ទៅជា​កំហឹង​ផ្ទុះឡើង​ដែល​អាចឈាន​ទៅដល់​ការ​ងើបឡើង​ប្រឆាំងនឹង​ជនជាតិ យួន​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា សព្វថ្ងៃ ។​

​វា​ធ្វើ​ឲ្យ​ចិត្ត​ប្រជាជន​យើង ខ្មែរក្រោម​អត់​មាន​ស្ងប់រម្ងាប់​ទៅបាន​ទេ ទីមួយ ។ ទី​ពីរ វា​ធ្វើ​ឲ្យ​កូនចៅ​យួន​ធំ​ទៅ​ថ្ងៃក្រោយ ហ្នឹង មានការ​យល់ច្រឡំ​ថា យើង​ជា​ខ្មែរ​ហ្នឹង​ជា​ជនអន្តោប្រវេសន៍ នៅ​ប្រទេស​វៀតណាម នៅ​ប្រទេស​យួន ទៅវិញ មិនមែនជា​ជនជាតិដើម មិនមែនជា​ម្ចាស់​ទឹកដី​ទៀត​ទេ វា​ក្លាយទៅជា​ជនអន្តោប្រវេសន៍ ។ ហើយ​កូនចៅ​ខ្មែរ​វិញ​យល់ឃើញថា ជា​ដី​ទឹក​របស់​ខ្មែរ ហ្អែ​ង​និយាយ​វា​មិនត្រូវ ។ បើ​ចឹ​ង កំហឹង​គុំកួន​មាន​កាន់តែ ច្រើនឡើងៗ ទីមួយ​នៅ​កម្ពុជា​ក្រោម ។ នៅ​កម្ពុជា​វិញ ប្រជាពលរដ្ឋ​ខ្មែរ គេ​មិន​សប្បាយចិត្ត មិន​សុខចិត្ត ។ ហេតុ​ដូច្នោះ​ហើយ ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ មិន​សប្បាយចិត្ត មិន​សុខចិត្ត​ហ្នឹង យើង​អាចសន្និដ្ឋាន បាន​ថា មាន​អ្នកណាម្នាក់​វា​ចិត្ត​ក្ដៅ អាចធ្វើ​រឿង​ណា​ដែល​វា​ខុសច្បាប់ នាំ​ឲ្យ​អន្តរាយ​ទៅដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​យួន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ ។​

​ផ្ទុយទៅវិញ ប្រសិនបើ​រដ្ឋាភិបាល​វៀ​ត​ណា​ម​ទទួល​ការពិត​ប្រវត្តិសាស្ត្រ​នៃ​ដែនដី​កម្ពុជា​ក្រោម​ទេ មានន័យ ថា រដ្ឋាភិបាល​វៀតណាម​បាន​ទទួលស្គាល់ថា ខ្មែរក្រោម​ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ដែល​កត្តា នេះ វា​ស្មើនឹង​ការផ្ដល់​សិទ្ធិ​ឲ្យ​ខ្មែរក្រោម​បានទទួល​នូវ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” តាម​សេចក្ដី ប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ។ នេះ បើតាម​ការបញ្ជា​ក់រប​ស់ លោក ត្រឹង ម៉ាន់ រិន្ទ ។ លោក ម៉ាន់ រិន្ទ បន្តទៀតថា ការដែល​វៀតណាម​ទទួល ស្គាល់​ខ្មែរក្រោម​ថា ជនជាតិដើម​នោះ វៀតណាម​អាចធ្វើ​ប្រជាមតិ​មួយ​សម្រាប់​ខ្មែរក្រោម​ជ្រើសរើស​នូវ​របប នយោបាយ​ណាមួយ​ក្នុងចំណោម​របប​ទាំងបី គឺ ទីមួយ រស់នៅ​ជាមួយ​យួន​ដូច​សព្វថ្ងៃ ទី​ពីរ​ខ្មែរក្រោម បង្កើតជា​រដ្ឋ​ស្វយ័ត​មួយ និង​ទី​បី បង្កើត​ទៅជា​រដ្ឋ​ឯករាជ្យ​មួយ​នៅ​កម្ពុជា​ក្រោម ។​

កាលណា​គេ​ទទួលស្គាល់​ទឹកដី​ហ្នឹង​ថា ជា​ទឹកដី​របស់​ខ្មែរ​ពីមុន ហើយ​ខ្មែរក្រោម​ជា​ម្ចាស់​ដើម​នៅ​ទឹកដី​ហ្នឹង បាន ន័យ​ថា គេ​ទទួលស្គាល់ថា យើង​ជា​ជនជាតិដើម នៅក្នុង​ប្រទេស​វៀតណាម ។ បើ​គេ​ទទួលស្គាល់ថា យើង​ជនជាតិ ដើម​នៅ​ប្រទេស​វៀតណាម​ទេ យួន​ហ្នឹង​បាន​ចុះហត្ថលេខា បានទទួល​ស្គាល់​សេចក្ដីប្រកាស​សិទ្ធិ​របស់​ជនជាតិ ដើម នៅ​ថ្ងៃ​ដប់​បី ខែ​ប្រាំបួន ឆ្នាំ​សូន្យ​ប្រាំពីរ [​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧] នៅ​អង្គការសហប្រជាជាតិ ។ ក្នុង​សេចក្ដីប្រកាស​នោះ មាត្រា​ទី ៣ គេ​ឲ្យ​ជនជាតិដើម​ហ្នឹង មាន​សិទ្ធិ​ស​ម្រ​ច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ។ បើ​យួន ទទួលស្គាល់ យើង​ត្រូវ​ឲ្យ​យួន​ធ្វើ​ប្រជាមតិ តើ​ខ្មែរក្រោម​ចង់​ជ្រើស​រើសយក​លទ្ធិ​មួយណា យក​របប​មួយណា ដើម្បី ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ។ ពេល​ហ្នឹង​យើង​មាន​បី​ជម្រើស ទីមួយ​នៅ​ជាមួយ​យួន​ដូច​សព្វថ្ងៃ ទី​ពីរ​អាច​ក្លាយ​ទៅ ជា​រដ្ឋ​ស្វ័យ​ត ទី​បី​បង្កើត​ទៅជា​រដ្ឋ​ឯករាជ្យ​មួយ ។ ហ្នឹងហើយ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​យួន​ហ្នឹង​មិន​ទទួលស្គាល់ [​ខ្មែរក្រោម​ជា​ជនជាតិដើម​] រហូតដល់​សព្វថ្ងៃ​ហ្នឹង ។ នៅក្នុង​អង្គការសហប្រជាជាតិ គេ​បាន​ចោទសួរ​យួន ជាពិសេស ប្រទេស​ចិន​បាន​ចោទសួរ​តែម្ដង​ថា ឥឡូវនេះ ខ្មែរក្រោម​គេ​ថា គេ​ជា​ជនជាតិដើម តើ​អ្នក​អ្នកឯង​ហៅ​គេ ជា​អ្វី ?

​មិន​ត្រឹម​មិនបាន​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ទេ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា លោក ត្រឹង វ៉ាំ​ង ថុង បាន​ថ្លែង​បញ្ជាក់​ជំហរ​សាជាថ្មី​ម្ដង​ទៀតថា ទឹកដី​កម្ពុជា​ក្រោម ដែល​លោក​ហៅថា “​ណា​ម​បូ​” នោះ “​ជា​ដែនដី​មិនអាច​កាត់ផ្ដាច់​ចេញពី​ប្រទេស​វៀតណាម ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ និង​សូម្បី​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ទទួលស្គាល់​ដែរ ” ។ លោក ត្រឹង វ៉ាំ​ង ថុង ថ្លែង​យ៉ាងនេះ ប្រាប់​ព័ត៌មាន BBC ភាសា​យួន​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៤ បន្ទាប់ពី មានការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម កាលពី​ថ្ងៃទី ០៨ ខែកក្កដា កន្លងទៅនេះ ។​

ឆ្លើយតប​នឹង​អ្នកធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាំ​ង ថុង បាន​ថ្លែងថា អ្នក​ដែល​ធ្វើ បាតុកម្ម​នោះ លោក​មិនដឹងថា “​ពួកគេ​មានគំនិត ឬ គោលបំណង​យ៉ាងណាទេ​” តែ​ការទាមទារ​នោះ ត្រូវបាន​លោក​ត្រឹង វ៉ាំ​ង ថុង ចាត់ទុកថា “​ជា​ទង្វើ​មិន​សម​ហេតុផល​ឡើយ​” ។

លោក ត្រឹង វ៉ាំង ថុង បានថ្លែងថា៖

“​ចំពោះ​អ្នកធ្វើ​បាតុកម្ម ខ្ញុំ​មិនដឹងថា ពួកគេ​មានគំនិត និង​គោលបំណង​យ៉ាងណា​នោះទេ ឥឡូវនេះ ពួកគេ​ទាមទារ​យ៉ាងនេះ វា​ជា​រឿង​មួយ​មិន​សម​ហេតុផល​ទាល់តែសោះ ការទាមទារ​របស់​ពួកគេ មិនបាន ផ្អែក ទៅលើ​មូលដ្ឋាន ច្បាប់​ឡើយ​”

​បញ្ជាក់​អំពី​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម លោក ត្រឹង វ៉ាំ​ង ថុង បាន​ថ្លែងថា​៖

“​បារាំង​បាន​ចូលធ្វើ​អាណានិគម​វៀតណាម និង​ឥណ្ឌូចិន នៅ​ឆ្នាំ ១៨៥៨ ។ ឆ្នាំ ១៨៦៣ បារាំង​បាន ចូល​កម្ពុជា និង ពេលដែល​បារាំង​ចូល​ឥណ្ឌូចិន វៀតណាម និង​កម្ពុជា បារាំង​មិនបាន​កាត់​ដី​វៀតណាម ឲ្យ​កម្ពុជា ហើយ​បារាំង​ក៏​មិនបាន​កាត់​ដី​កម្ពុជា​ឲ្យ​វៀតណាម ដែរ ។ រហូត​ដល់ពេល​ប្រជាជន​វៀតណាម ប្រជាជន​កម្ពុជា ប្រជាជន​លាវ តស៊ូ​ដើម្បី​ទាមទារ​ឯករាជ្យ បង្ខំ​ឲ្យ​បារាំង​ដក​អាណានិគម​ចេញពី​ឥណ្ឌូចិន ពី​វៀតណាម លាវ និង​កម្ពុជា ។ ពេល​ដក​អាណានិគម​ចេញទៅ បារាំង​ក៏​មិនបាន​កាត់​ដី​កម្ពុជា​ឲ្យ​វៀត ណា​ម ហើយក៏​មិនបាន​កាត់​ដី​វៀតណាម​ឲ្យ​កម្ពុជា ដែរ ” ។​

កាលពីដើម​ខែមិថុនា ឆ្នាំ ២០១៤ កន្លងមកនេះ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំ​ង ថុង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​ជា​យូរយារ ណាស់​មកហើយ ។ ចាប់ពីពេលនោះ​មក សមាគមយុវជន និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ស្ថានទូត​វៀតណាម សុំទោស​និង​ទទួលស្គាល់​ការពិត ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅ​ពុំមាន​ទាន់​មានការ​ឆ្លើយតប​ណាមួយ​នោះឡើយ ។​

ព្រះវិហារវត្តសម្បួររង្សី ( សម្បួរ ) ដែលបានដឹកនាំសាងសង់ជាថ្មី  ដោយព្រះតេជព្រះគុណ ថាច់ យួង និងបានបញ្ចុះខណ្ឌសីមា កាលពីឆ្នាំ ១៩៩៨ ។
ព្រះវិហារវត្តសម្បួររង្សី ( សម្បួរ ) ដែលបានដឹកនាំសាងសង់ជាថ្មី
ដោយព្រះតេជព្រះគុណ ថាច់ យួង និងបានបញ្ចុះខណ្ឌសីមា
កាលពីឆ្នាំ ១៩៩៨ ។

យោងតាម​ប្រវត្តិសាស្ត្រ​ ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​មួយផ្នែក​របស់​ប្រទេស​កម្ពុជា ឋិត​នៅ​ភាគ​ត្បូង ប្រទេស​វៀតណាម ត្រូវបាន​បារាំង​កាត់​ឲ្យ​វៀតណាម​នៅ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ មកដល់​ឆ្នាំ ២០១៤ នេះ មាន​រយៈពេល ៦៥ ឆ្នាំ ហើយ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាណា និគម​វៀតណាម​ន្ត​ពី​អាណានិគម​បារាំង ។​

​យោងតាម​បញ្ជី​វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម វត្ត​សម្បូរ​រង្សី ហៅ វត្ត​សម្បួរ ឋិត​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន​ស្ថាបនា​ឡើង​ក្នុង គ​. ស​. ៣៧៣ ព​. ស​. ៩១៧ បើ​គិត​មកទល់នឹង​ឆ្នាំ ២០១៤ វត្ត​នេះ មាន​អាយុកាល ១៦៤១ ឆ្នាំ​ហើយ ។ បើ​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី​នេះ និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង បាន​ចូល​មកសុំ​ទឹកដី​ព្រៃនគរ​ពី​ស្ដេច​ខ្មែរ​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​ស្ដេច​យួន​ត្រ​កូក​ទ្រិ​ន នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន​បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម ក្រោយ​ខ្មែរក្រោម​កសាង​វត្ត​សម្បួរ​រង្សី ១៣១៦ ឆ្នាំ ៕

Comments are closed.