អ្នកស្រី កៀង សាខន អ្នកនិពន្ធបទចម្រៀងជាតិនិយមខ្មែរក្រោម និងល្ខោននិយាយរឿង វីរបុរស សឺង គុយ
ដោយ ថាច់ ប្រីជា គឿន
អ្នកស្រី កៀង សាខន កើតនៅឆ្នាំ ១៩៥០ នាខេត្តបាត់ដំបង នៃប្រទេសកម្ពុជា ដែលមានម្ដាយឪពុកជាអ្នកមានដើម កំណើតនៅកម្ពុជាក្រោម ។ អ្នកស្រី ជាអ្នកនិពន្ធដែលប្រើទឹកខ្មៅមិនចេះរីងស្ងួត និងជាអ្នកដែលមានសំឡេងដ៏ ពីរោះក្រអួនក្រឳ ប្រចាំផលិតកម្មខ្មែរក្រោម និងវិទ្យុសំឡេងកម្ពុជាក្រោម ។ អ្នកស្រីបាននិពន្ធបទចម្រៀងជាតិ និយមខ្មែរក្រោមជាច្រើនបទ និងល្ខោននិយាយរឿង “ចៅហ្វាយ គុយ” ។ សព្វថ្ងៃ អ្នកស្រីកំពុងរស់នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ។

អ្នកស្រី កៀង សាខន កើតនៅព្រឹក ថ្ងៃច័ន្ទ ១០ រោច ខែផល្គុន ឆ្នាំឆ្លូវ ឯកស័ក ព. ស. ២៤៩៣ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៥០ ។ អ្នកស្រី កើតនៅភូមិ បឹងឈូក ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ។ អ្នកស្រីគឺជាកូនស្រីច្បងរបស់លោក កៀង ចន និង អ្នកស្រី លឹម តឹក សាវ៉ាង ។
អ្នក ស្រីមានបងប្អូនទាំងអស់ចំនួន ៨ នាក់ គឺស្រី ៤ និងប្រុស ៤ គឺ ៖
- ទី ១- អ្នកស្រី កៀង សាខន ជាកូនស្រីច្បង
- ទី ២- លោក កៀង វិចិត្រ មានទីលំនៅ នៅទីក្រុងឡងបិច រដ្ឋកាលីហ្វ័រញ៉ា
- ទី ៣- លោក កៀង វាសនា មានទីលំនៅ នៅទីក្រុងឡងបិច រដ្ឋកាលីហ្វ័រញ៉ា
- ទី ៤- អ្នកស្រី កៀង សោភ័ណ មានទីលំនៅ នៅទីក្រុងឡង បិច រដ្ឋកាលីហ្វ័រញ៉ា
- ទី ៥- កៀង វិល័យ ប្រុស បានទទួលអនិច្ចកម្មតាំងពីអាយុ១៥ ឆ្នាំនៅកម្ពុជា
- ទី ៦- អ្នកស្រី កៀង សម្បត្តិ មានទីលំនៅ នៅទីក្រុង ឡងបិច រដ្ឋកាលីហ្វ័រញ៉ា
- ទី ៧- អ្នកស្រី កៀង សោមា មានទីលំនៅ នៅទីក្រុងគងបិច រដ្ឋកាលីហ្វ័រញ៉ា
និង ទី ៨- កៀង វុដ្ឋារដ្ឋ ប្រុសពៅ កើតក្នុងរបបខ្មែរក្រហមបានទទួលអនិច្ចកម្ម កាលពីឆ្នាំ ១៩៩៣ ដោយជំងឺហឺត នៅមន្ទីរពេទ្យ ST. MARY ក្នុងជន្មាយុ ១៧ ឆ្នាំ ។
ដោយសារបញ្ហាគ្រួសារទីទ័លក្រផង និងដោយសារបញ្ហាប្រទេសកម្ពុជា កើតអសន្តិសុខផង ។ អ្នកស្រីក៏សម្រេចចិត្តបោះ បង់ការសិក្សា ក្រោយដែលអ្នក ស្រីបានប្រឡងឌីប្លូមនៅឆ្នាំ ១៩៧០ ជាប់ហើយ ដើម្បីស្វែងរកការងារធ្វើក្រែងអាចជួយសម្រាលបន្ទុកឳពុកម្តាយបានខ្លះ ។
ក្នុងឆ្នាំដដែលនោះ អ្នកស្រីបានចូលសិក្សាមុខវិជ្ជាពេទ្យ នៅក្នុង មន្ទីរពេទ្យយោធា ៤០៣ ហើយក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក សយ សាវ៉ុង ដែលជាអ្នកឯកទេសខាង ម៉ាស៊ីនបញ្ចាំងកាំរស្មី X-Ray ប្រចាំមន្ទីរពេទ្យ ៤០៣ ។ ឆ្នាំ ១៩៧១ អ្នកស្រីប្រសូត្របានបុត្រាម្នាក់ឈ្មោះ សយ សុភាព ។
ឆ្នាំ ១៩៧២ អ្នកស្រី បានទៅសិក្សា ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រយោធា P II ចំនួន ៣ ខែ នៅក្នុងបន្ទាយគុយហ្សេ QG ខេត្តបាត់ដំបង ។ បញ្ចប់វិន័យយោធា ហើយ អ្នកស្រី ក៏បានវិលទៅ ធ្វើការក្នុងមន្ទីរពេទ្យ ៤០៣ វិញ ។
ដល់ឆ្នាំ ១៩៧៣ មន្ទីរពេទ្យបានតម្រូវឲ្យអ្នកស្រីទៅសិក្សាវិជ្ជាពេទ្យបន្តនៅឯរាជធានីភ្នំពេញ អស់រយៈពេលចំនួន ៦ ខែទៀត ។ ដោយសារសារជាតិរបស់អ្នកស្រីជាមនុស្សលោភលន់ក្នុងការចង់ចេះចង់ដឹង ទើបអ្នកស្រីស្នើសុំមិត្តភ័ក្កស្រីម្នាក់ដែលមានស្គាល់អ្នកធ្វើការនៅក្នុងមន្ទីរពេទ្យ សម្រាលកូនមួយ ស្ថិតនៅ ក្បែរសាលាដែលអ្នកស្រីស្នាក់រៀន ជួយអ្នកស្រីឲ្យបានចូលទៅរៀនអំពីវិធី សម្រាលកូន រៀងរាល់ យប់ រហូតដល់ថ្ងៃអ្នកស្រីបញ្ចប់សាលាពេទ្យយោធា ។
ត្រឡប់មកដល់ស្រុកកំណើតវិញកាលណា អ្នកស្រីក៏បានវិលចូលទៅធ្វើ ការនៅក្នុងមន្ទីរពេទ្យ ដដែលជាមួយនឹងសា្វមីរបស់អ្នកស្រី រហូតដល់ឆ្នាំ ១៩៧៥ របបប្រល័យពូជសាសន៍ ពលពត ចូលរាត ត្បាត ។ អ្នកស្រីត្រូវបានក្រុមខ្មែរក្រ ហមជន្លៀសទៅនៅភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកអូរស្រឡៅ ខេត្តបាត់ដំបង ។ នៅឆ្នាំ ១៩៧៦ អ្នកស្រីប្រសូត្របានបុត្រាមួយទៀតឈ្មោះ សយ សុភា ។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រីបានបែកឳពុកម្តាយ ប្អូនប្រុសស្រី លើកលែងតែប្អូន ស្រីឈ្មោះ កៀង សម្បត្តិ ម្នាក់គត់ ដែលបានជាប់ទៅជាមួយអ្នកស្រី ។
ដល់ឆ្នាំ ១៩៧៩ ក្រោយដែលរបបខ្មែរក្រហមផ្តួលរលំ អ្នកស្រីក៏បានជួប ជុំឳពុកម្តាយនិងប្អូនៗវិញ ហើយប្រសូត្រ បានបុត្រាម្នាក់ទៀត ឈ្មោះ សយ សា វ៉ុងស័ក្ត កើតនៅខែតុលា ។ ក្រោយពេលដែលអ្នក ស្រីសម្រាលបុត្របាន ១ ខែគត់ អ្នកស្រីបានបបួលក្រុមគ្រួសារ មានមាតាបិតា និងប្អូនៗ ចាកចេញ ចោលមាតុភូមិដ៏ជាទីស្រឡាញ់ ឆ្ពោះទៅកាន់ជំរំភៀសខ្លួនខ្មែរឈ្មោះ ជំរំខាវអ៊ីដាង ដែលស្ថិតនៅក្នុង ប្រទេសថៃ រហូតដល់ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៨២ ទើបអ្នកស្រី មានឈ្មោះ មករស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ North Dakota។ មកដល់ទីនោះ អ្នកស្រីបានខិតខំសិក្សាភាសាអង់គ្លេស ESL បានមួយឆ្នាំគត់ ក៏ប្តូរទីលំនៅទៅ នៅទីក្រុង Detroi រដ្ឋ Michigan ជួបជុំឳពុកម្តាយ និងប្អូនៗទាំង៦នាក់ នៅឆ្នាំ ១៩៨៣ ។ នៅទីនោះ អ្នកស្រីបានបន្តការសិក្សាមុខវិជ្ជាពេទ្យ នៅវិទ្យាល័យ Michigan ។ ដោយសារធាតុ អាកាសនៅទីនោះត្រជាក់ខ្លាំងពេក បណ្តាលឲ្យកូន ប្រុសរបស់អ្នកស្រីម្នាក់ឈ្មោះ សាវ៉ុង ស័ក្ត កើតជំងឺ ប្រកាច់ចូលមន្ទីរពេទ្យជាញឹកញាប់ ទើបអ្នកស្រីនិងក្រុមគ្រួសារទាំងអស់ សម្រេចចិត្តផ្លាស់ទីលំនៅមក ទីក្រុង ឡងបិចក្នុងឆ្នាំ ១៩៨៤ រហូតដល់បច្ចុប្បន្ន ។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៨៤ អ្នកស្រីប្រសូត បានបុត្រីពៅម្នាក់ឈ្មោះ សយ ម៉ារី ។
ឆ្នាំ១៩៨៦ អ្នកស្រីបានបើកហាងវីឌីអូ VIDEO តូចល្មមឈ្មោះ C&Y ហើយទន្ទឹមនឹងពេល នោះ ដែរ អ្នកស្រីមគំនិតចាប់ផ្តើមនិពន្ធបទចម្រៀងផ្នែក មនោសញ្ចេតនា ហើយផលិតជាថាស CDs ដែលមានឈ្មោះថាផលិតកម្ម ខ្លែងហោះ THE HALK បានចំនួន ៥ លេខ ។ ក្រោយមក អ្នកស្រីក៏បាន និពន្ធរឿង បុប្ផាត្រូវការសន្សើម ដោយបានថតជាខ្សែភាពយន្តទំហំ ១៦ ម.ម. សហការរួមជា មួយលោក ហួត ចំរើន ជាចាងហ្វាង ។ ការថតខ្សែភាពយន្តនេះ បានបង្អូសពេល អស់រយៈ ៥ ឆ្នាំទើបថត ចប់ គឺបានចាប់ផ្តើមថតនៅឆ្នាំ ១៩៨៦ រហូតដល់ឆ្នាំ ១៩៩០ ទើបបានបញ្ចប់ ។

ឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៧ អ្នកស្រីបានក្លាយជាស្ថាបនិកទូរទស្សន៍ខ្មែរ KBN មួយរូប ប្រចាំទី ក្រុងឡងបិច រដ្ឋកាលីហ្វ័រញ៉ា ។
ឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០០ អ្នកស្រីបានចូលបម្រើកិច្ចការសង្គម ក្នុងសមាគម ខ្មែរមួយនៅទីក្រុង សាន់តាអាណា រដ្ឋកាលីហ្វ័រញ៉ា ។ នៅក្នុចន្លោះឆ្នាំ ១៩៩៧ ដោយសារអ្នកស្រី ចង់ស្វែងយល់ជុំវិញបញ្ហាខ្មែរក្រោមពេក ទើបអ្នកស្រីស្ម័គ្រចិត្តចូលប្រឡូកក្នុងឆាកនយោបាយ ជាមួយក្រុមសមាគមខ្មែរក្រោមប្រ ចាំទីក្រុង ឡងបិច រដ្ឋកាលីហ្វ័រញ៉ា ដែលមានលោក សឺង ទួន ជាប្រធាន ។
ឆ្នាំ ២០០០ អ្នកស្រីបានអញ្ជើញទៅចូលរួមហែបាតុកម្មជាលើកដំបូង នៅទីក្រុងញីវយ៉ក ។
ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០១ អ្នកស្រីបាន អញ្ជើញទៅចូលរួមក្នុងពិធីប្រណាំងទូក ង អន្តរជាតិលើកដំបូង នៅទីក្រុងហ្វិលឡាដែលហ្វា ដែលក្នុងនោះ មានវត្តមានក្រុមកីឡា ទូក ង សហព័ន្ធខ្មែរកម្ពុជាក្រោម ឈ្មោះ កំហែងនាគរាជ ដែលអ្នកស្រីបានដាក់ឲ្យ ។ ក្នុងឆ្នាំដដែលនោះ អ្នកស្រីបានផលិត ថាសស៊ីឌី CDs ជាលើកដំបូង ដោយដាក់ឈ្មោះ ថាផលិតកម្ម ខែ្មរក្រោម មានសញ្ញារូប រាហ៊ូជាសម្គាល់ក្រោមចំណងជើងថា ទុក្ខខែ្មរក្រោម ដែលមាន អ្នកនិពន្ធចំនួន ៤ រូប រួមមាន៖
ទី ១ គឺរូបអ្នកស្រី ទី ២ គឺលោក ថាច់ សេវិចិត្រ ទី ៣ គឺលោក ស័ក្តិ សាយឿន និង ទី ៤ គឺលោក ថាច់ ថឿង ។ ច្រៀងដោយតារាចម្រៀង ២ ដួង គឺលោក សយ វិវឌ្ឃន៍ និងកញ្ញា ទូច ស៊ុននិច ។
នៅក្នុងឆ្នាំ ២០០១ ដដែលនោះ អ្នកស្រីបានផលិតថាស់ឌីវីឌី DVDs ស្តីពី ពិធីប្រណាំងទូក ង ខ្នាតអន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅទន្លេ ស្គូ ខុល ទីក្រុង ហ្វីលឡាដែលហ្វា ដោយមាន ក្រុមកី ឡាករទូក ង ចំនួន៣២ប្រទេស និងសញ្ជាតិ រួមទាំងក្រុម កីឡាករទូក ង សហព័ន្ធខ្មែរកម្ពុជាក្រោម កំហែងនាគរាជ ផងដែរ ។
ឆ្នាំ ២០០២ អ្នកស្រី បានអញ្ជើញទៅចូលរួមក្នុងពិធីប្រណាំងទូក ង ខ្នាត ៦ អន្តរជាតិ ជាលើកទី ២ នៅទីក្រុងរ៉ូម នៃប្រទេស អ៊ីតាលី និង លើកទី ៣ នៅទី ក្រុងតូរិនតូ នៃប្រទេសកាណាដា ។ សូម ជំរាបថានូវរាល់បណ្តាឌីវីឌី ដែលអ្នកស្រី បានផលិត តាម រយៈផលិតកម្ម ខ្មែរក្រោម ដែលមានលោក សឺង ខាន់ ជាចាងហ្វាង និងអ្នកស្រីជានិពន្ធនាយក។ រាល់បណ្តាថាសឌីវីឌី DVDs ដែលជាស្នាដៃផ្ទាល់ អ្នកស្រីតែងតែមានបង្កប់នូវអត្ថន័យ និងខ្លឹមសារ ចង្អុលបង្ហាញពីទីកន្លែង និងពេលវេលាបង្ហើរតាមសំនៀងតារាចម្រៀង ទុកជាចំណងដៃប្រវត្តិសាស្ត្រជូនកុលបុត្រខ្មែរទស្សនា និងស្តាប់កម្សាន្ត ជានិរន្តតរៀងទៅ ។

ឆ្នាំ ២០០៧ អ្នកស្រីបានអញ្ជើញទៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលបាននាំមុខដោយក្រុម មន្ត្រីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងក្រុមអង្គការ យូអិនភីអូ UNPO ដែលមានទីស្នាក់ការនៅ ទីក្រុងឡាអេ ជួយធ្វើអន្តរាគមន៍ ទាំងទីកន្លែងប្រជុំ ទាំងសន្តិសុខក្នុងការដង្ហែក្បួនព្យុះហយាត្រា ពីមុខ សាលាក្រុង ទៅកាន់មុខតុលាការអន្តរជាតិ ICJ ជាកន្លែងដែលខ្មែរបានទាមទារប្រាសាទព្រះវិហារ កាលពីឆ្នាំ ១៩៦៣ ។ បន្ទាប់មកអ្នកស្រីបានផលិតថាសឌីវីឌី លេខ ៩ ឆ្នាំ ២០០៧ ក្រោមចំណងជើងថា ច្បាប់អន្តរជាតិស្តីអំពី សិទ្ធិស្វ័យសម្រេចវាសនា ខ្មែរក្រោម ។ ដោយឡែក អ្នកស្រីបាន ផលិតថាសស៊ីឌី CDs ជាច្រើនលេខ ដែលក្នុងនោះមានស៊ីឌីរឿង វីរបុរសឧកញ៉ា សឺង គុយ ចំនួន ៤ ថាសចប់ ។ មិនត្រឹមតែ ប៉ុណ្ណោះសោត អ្នកស្រី ក៏ជាធ្លាប់មានថ្វីដៃសរសេរអត្ថបទព័ត៌មាន ហើយអានបង្ហើសំឡេងតាម វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ក្នុងនាម កៀង ប្រមូល អស់ជាច្រើនឆ្នាំទៀតផង ។ ក្រៅពីនោះ អ្នកស្រី គឺជា អត្ថាធិប្បាយកម្មវិធីមួយរូបគួរឲ្យកោតសរសើរ ។
នៅមានស្នាដៃ ពិសេសមួយទៀត គឺ ខ្មែរក្រោមជានរណា? ដែលអ្នកស្រីបាននិពន្ធ និងរៀបរៀងចប់ដោយបរិបូណ៌មានបីភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ប៉ុន្តែដោយសារឯកសាររូបភាពមិនគ្រប់គ្រាន់ ទើបបណ្តាលឲ្យឯកសារនេះ មានការជាប់គាំងរហូតដល់សព្វថ្ងៃ ។
សូមបញ្ជាក់ថា “ផលិតកម្មខ្មែរក្រោម” ជាផលិតកម្មមួយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានលោក សឺង ខាន់ ជាចាងហ្វាង និងអ្នកស្រី កៀង សាខន ជាអ្នករៀបរៀង ។ តាំងពីបានបង្កើតមក ផលិតកម្មមួយនេះ បានបញ្ចេញនូវស្នាដៃជាច្រើន ដូចជា CD ចម្រៀងជាតិនិយមខ្មែរក្រោមបាន ៧ VOl ដែលមានបទចម្រៀងច្រៀងដោយតារាចម្រៀងល្បីៗនៅប្រទេសកម្ពុជាជិត ១០០ បទ, ល្ខោននិយាយរឿង “វីរបុរសឧកញ៉ា សឺង គុយ” ដែលមាន ៤ ភាគ និង DVDs ឯកសារសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើន ៕
Comments are closed.