ខេត្ត​ព្រះ​ត្រពាំង​មាន​វត្ត​ថ្មី​ថែម​មួយទៀត​

197

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ពុទ្ធបរិស័ទ​នៅក្នុង​ភូមិ​អូរ​តា​ពៅ ឃុំ​កំពង់ទូក ស្រុក​កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង ទើបតែ​បានធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា វត្ត​សុវណ្ណ​នទី​សិរី​ឧត្ដម (​អូរ​តា​ពៅ​) នៅ​ថ្ងៃទី ៩ និង​ទី ១០ ខែកក្កដា ឆ្នាំ ២០១៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ១៣ កើត និង​ថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែអាសាឍ ឆ្នាំ មមី ឆស័ក ពុទ្ធ​សា​សរាជ ២៥៥៨ ។  វត្ត​នេះ បានក្លាយ​ជាវ​ត្ត​ផ្លូវ​ការចាប់​ពីថ្ងៃ បុណ្យ​បញ្ចុះ​ខណ្ឌសីមា នេះ​តទៅ ក្រោយពី​ទីតាំង​កសាង​វត្ត​នេះ ធ្លាប់ជា​សាលាឆទាន​ធ្វើបុណ្យ​សុន្ទរទាន​របស់​ពុទ្ធ បរិស័ទ​ខ្មែរក្រោម​នៅក្នុង​តំបន់​មួយ​នេះ អស់​ជាច្រើន​ឆ្នាំកន្លងមក ។​

ខ្លោងទ្វារវត្តសុវណ្ណនទីសិរីឧត្ដម (អូរតាពៅ )
ខ្លោងទ្វារវត្តសុវណ្ណនទីសិរីឧត្ដម (អូរតាពៅ )

​តាម​ការប្រកាស​របស់​មន្ត្រី​សង្ឃ​ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​ឲ្យ​ដឹងថា នេះ​ជាវ​ត្ត​ទី ១៤២ របស់​ខេត្ត​ព្រះ​ត្រពាំង ដែល​ពីមុនមក​ខេត្ត​នេះ មានតែ ១៤១ វត្ត​ប៉ុណ្ណោះ ។ វត្ត​ដែលមាន​អាយុកាល​ចាស់​ជាងគេ​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង និង​នៅ​ដែនដី​កម្ពុជា​ក្រោម គឺ​វត្ត​សម្បូរ​រង្សី (​សម្បូរ​) ស្ថិតនៅ​ភូមិ​តា​ខៅ (Trà Kháo) ឃុំ​ក្រសាំង (Hòa Ân) ស្រុក​កំពង់​ស្ពាន (Câu Kè) ខេត្ត​ព្រះ​ត្រពាំង បាន​ស្ថាបនា​ឡើង​ក្នុង ព​. ស​. ៩១៦ គ​. ស​. ៣៧៣ បើ​គិត​មកទល់នឹង​ឆ្នាំ ២០១៤ វត្ត​នេះ មាន​អាយុកាល ១៦៤១  ឆ្នាំ​ហើយ ។​

ពិធីបុណ្យបញ្ចុុះខណ្ឌសីមាវត្តតសុវណ្ណនទីសិរីឧត្ដម (អូរតាពៅ )
ពិធីបុណ្យបញ្ចុុះខណ្ឌសីមាវត្តតសុវណ្ណនទីសិរីឧត្ដម (អូរតាពៅ )

​យោងតាម​ការ​ថ្លែង​របស់​ព្រះតេជព្រះគុណ ថាច់ សុខសាន្ត ព្រះចៅអធិការ​វត្ត​អង្គររាជ​បូរី (​អង្គ​) ឋិត​នៅក្នុង​ទី​រួម​ខេត្ត ព្រះ​ត្រពាំង និង​ជា​ប្រធាន​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បាន​ថ្លែង កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ថា វត្ត​នៅ​កម្ពុជា​ក្រោម​សព្វថ្ងៃ​មាន ៤៤៥ វត្ត ព្រះសង្ឃ មាន ៨.៧៥០ អង្គ  ក្នុងនោះ ខេត្ត​ព្រះ​ត្រពាំង មាន ៣.៦១៦ អង្គ ។​

ពិធីបុណ្យបញ្ចុុះខណ្ឌសីមាវត្តតសុវណ្ណនទីសិរីឧត្ដម (អូរតាពៅ )
ពិធីបុណ្យបញ្ចុុះខណ្ឌសីមាវត្តតសុវណ្ណនទីសិរីឧត្ដម (អូរតាពៅ )

​សូមបញ្ជាក់ថា វត្ត​សុវណ្ណ​នទី​សិរី​ឧត្ដម (​អូរ​តា​ពៅ​) នៅ​មិនទាន់បាន​កសាង​រោង​ព្រះវិហារ​នៅឡើយ តែ​ព្រះសង្ឃ និង​គណកម្មការ​វត្ត​បាន​បញ្ចុះ​ខណ្ឌសីមា​នៅ​សាលាឆទាន​សន្មតិ​ជា​ព្រះវិហារ ៕

Comments are closed.