ខ្មែរនៅរដ្ឋកាលីហ្វញ៉ា បាតុកម្មឲ្យ លោក ហ៊ុន សែន ចុះចេញពីអំណាច
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋកាលីហ្វញ៉ា បានធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃច័ន្ទ នៅពីខាងមុខវិមានរដ្ឋសភា ប្រចាំរដ្ឋនៅក្នុងទី ក្រុងសាក់ក្រាម៉ែនតូដើម្បី សុំអន្តរាគមន៍ពីសហរដ្ឋអាមេរិក ឱ្យមានការបោះឆ្នោតឡើងវិញនៅប្រទេសកម្ពុជា និងថ្កោល ទោស ការបាញ់សម្លាប់កម្មករខ្មែរដោយសារតែពួកគេតវ៉ាពីបញ្ហាប្រាក់ខែដែល តិចតួច និងពិបាករស់នៅ ។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ព្រះចៅអធិការវត្តខេមររង្សី នាទីក្រុងសាន់ហូស្សេ មានស្រុកកំណើត នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដែលបានចូលរួមក្នុងបាតុកម្មនោះដែរបានបញ្ជាក់ថ្លែងថា ព្រះអង្គចូលរួមធ្វើបាតុកម្ម គឺចង់ឲ្យប្រទេសកម្ពុជាមានយុត្តិធម៌សង្គម ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា បានមានថេរដីកាថា៖
«អាត្មាភាពមកចូលរួមធ្វើមហាបាតុកម្មនៅ ថ្ងៃនេះគឺចង់បាន ឱ្យប្រទេសកម្ពុជាមានយុត្តិធម៌សង្គម ហើយនឹងប្រជាធិបតេយ្យ ពិតប្រាកដនៅប្រទេសកម្ពុជាជាពិសេស កុំឱ្យមានការបាញ់ សម្លាប់ មនុស្សដោយគ្មានទោស ពៃរ៍អីផ្សេងៗអ៊ីចឹង ព្រោះដោយ សារ ការសង្កេតឃើញមកទៅការ សម្លាប់មនុស្ស ការសម្លាប់ កម្មករក្នុងរបបលោក ហ៊ុន សែន គឺថាអត់ដែលមាន ចាប់ឃាតករឬយកអ្វី មកផ្តន្ទាទោសបានទេ»។
ក្រុមអ្នកតវ៉ា ដែលមកពីទីក្រុងនានានៅទូទាំងរដ្ឋបានមកជួបជុំគ្នាដោយមានលើកបដាថ្កោលទោស ការ បាញ់ប្រហារកម្មករ នៅ ក្នុងពេលបង្ក្រាបដោយហិង្សាកាលពីថ្ងៃទី ២ និងទី ៣ ខែមករាដែលបានបណ្តាលឱ្យកម្មករយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ៤០ នាក់ ព្រមទាំងមានការចាប់ខ្លួនកម្មករនិងសកម្មជន ២៣ នាក់ទៀត ។ បាតុករបានលើកបដាដែលមានន័យថាឈប់សម្លាប់ពលរដ្ឋ ខ្មែរទៀតទៅ ។
ផ្ដាច់ការ និង ទាមទារឲ្យចុះចេញពីតំណែង៖
បាតុករខ្លះមានលើកបដាដែលមានសរសេរភាសាអង់គ្លេសមានន័យថា «ហ៊ុនសែនអើយចុះចេញទៅ» ដើម្បីទាម ទារឱ្យ នាយករដ្ឋ មន្ត្រី ហ៊ុន សែន ដែលពួកគេយល់ថាឡើងកាន់អំណាចដោយខុសច្បាប់ចុះចេញពីតំណែង ។ បាតុករជាច្រើន នាក់បាន ថ្លែងបញ្ចេញមតិនៅមុខអាគាររដ្ឋសភា ប្រចាំរដ្ឋកាលីហ្វញ៉ា ថា ពួកគេត្រូវការសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និង អង្គការសហប្រជាជាតិជួយ ដើម្បីឱ្យមានការរៀបចំបោះឆ្នោតជាតិឡើងវិញ ដោយត្រឹមត្រូវ និងធ្វើឱ្យការគោរព សិទ្ធិមនុស្ស ប្រសើរឡើង ។
លោក ឡោ ឡៃ សូរ អនុប្រធានទី ២ នៃគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង សាន់ហូស្សេ បានថ្លែងប្រាប់ ទូរទស្សន៍ ព្រៃនគរ PTV នៅកន្លែងបាតុកម្ម ថា គោលបំណងនៃការធ្វើបាតុកម្ម មាន ៣ ចំណុចធំ គឺ ទី ១ ទាមទារឲ្យដោះលែងសកម្មជនទាំង ២៣ ដែលត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន ទី ២ ថ្កោលទោស លោក ហ៊ុន សែន ដែលប្រើអំណាចផ្ដាច់ការសម្លាប់ លើប្រជាពល រដ្ឋខ្មែរ និងទី ៣ ទាមទារឲ្យមានការបោះឆ្នោត ឡើងវិញ ។
“ប្រជាពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វញ៉ា ប៉ែកខាងជើង មានការមិនសុខចិត្ត មានការឈឺចាប់ជាខ្លាំងលើអំពើ ព្រៃផ្សៃ ដែល ហ៊ុន សែន បានប្រើទាហានបំពាក់ប្រដាប់អាវុធ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ មាន កម្មករ មានព្រះសង្ឃ មាននិស្សិត និងមានស៊ីវិលធម្មតា ឲ្យស្លាប់ជាច្រើប របួស ហើយចាប់ដាក់គុក ថែមទៀត ។ ទាមទារមាន ៣ ចំណុច គឺ ចំណុចទី ១ ទាមទារឲ្យដោះលែង [បាតុករ] ២៣ នាក់ ដែល ហ៊ុន សែន បានចាប់យកទៅដាក់គុក ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ចំណុចទី ២ សូមផ្ដន្ទាទោស និងសូមអំពាវនាវដល់អន្តរជាតិទាំងអស់ឲ្យផ្ដន្ទាទោស ហ៊ុន សែន ដែលបានប្រើអំណាចផ្ដាច់ការយក កាំភ្លើងទៅបាញ់សម្លាប់ប្រជាពលរដ្ឋ កសិករ កម្មករ ដែលគ្រាន់តែសុំដំឡើងប្រាក់ខែពី ៨០ ដូល្លារ ទៅ ១៦០ ដូល្លារ និងចំណុចទី ៣ ទាមទារធ្វើម៉េចឲ្យប្រទេសកម្ពុជាមានការបោះឆ្នោតឡើងវិញ ដើម្បី រកអ្នកដឹកនាំប្រទេសដ៏ត្រឹមត្រូវ មានលទ្ធិប្រជាធិបតេយ្យ” ។
ក្រៅពីស្រែក និងបញ្ចេញមតិថ្កោលទោស លោក ហ៊ុន សែន បាតុករក៏បាននាំគ្នាចុះស៊ីញ៉េលើញត្តិ អំពាវអំពាវនាវ និងថ្កោល ទោសមួយច្បាប់ ដើម្បីផ្ញើទៅរដ្ឋសភាសហរដ្ឋអាមេរិកឲ្យជួយអន្តរាគមន៍ដល់ បញ្ហាអ្វីដែលក្រុម បាតុករលើកឡើងថា មាន ការ រំលោភសិទ្ធិមនុស្ស និងការសម្លាប់រង្គាលដ៏ឃោរឃៅពីសំ ណាក់រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
អ្នកស្រី ម៉ាលីណា បាតុករដែលបានចូលរួមធ្វើបាតុកម្មបានប្រាប់ ទូរទស្សន៍ ព្រៃនគរ (PTV) ថា អ្នកស្រី មកដើម្បីឲ្យ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ដឹងឮនូវសំឡេងរបស់ពួកគាត់ ហើយដាក់សម្ពាធ ទៅរដ្ឋាភិបាលខ្មែរឲ្យបញ្ឈប់ ការរំលោភសិទ្ធិមនុស្ស និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ។
ប្រទេសកម្ពុជាកំពុងតែមានការ ជាប់គាំងនយោបាយដោយគណបក្សសង្គោះជាតិ ដែលជាគណបក្សប្រ ឆាំងដ៏ ធំបំផុតមិន ព្រមទទួលស្គាល់លទ្ធផលឆ្នោតដែលពួកគេចោទថាមានការគៃបន្លំយ៉ាងធ្ងន់ធ្ងរ ។
មិនចុះចេញពីតំណែង៖
ស្របពេលដែលពលរដ្ឋធ្វើបាតុកម្មទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែងនោះ នៅថ្ងៃអង្គារ ទី ១៤ ខែមករា នេះ ថ្លែង ទៅកាន់ពលរដ្ឋខ្មែរនៅស្រុកកោះធំ ខេត្តកណ្ដាល ក្នុងពិធីសម្ពោធការដ្ឋានសាង សង់ស្ពានជ្រៃធំ ដោយមាន ការចូលរួមពីមេដឹកនាំវៀតណាមដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ផង ដែរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀត ថា លោកនឹងមិនចុះចេញពីដំណែងនាយករដ្ឋមន្ត្រីឡើយ ។ លោក ហ៊ុន សែន បានប្រ កាសជំហរយ៉ាងដាច់ខាតជាថ្មីម្តងទៀតថា លោកគ្មានហេតុផលណាមួយ ដែលត្រូវចុះចេញពីតំណែងនោះឡើយ ។ លោកបញ្ជាក់ថា លោកនឹងនៅ តែបន្តធ្វើជានាយករដ្ឋកម្ពុជា ៥ ឆ្នាំទៅមុខទៀតដោយស្របច្បាប់ ដែលគ្មាននរណាអាចមក ទម្លាក់លោកបាននោះទេ ។
ក្នុងសំដីចំអកឲ្យក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលតែងតែស្រែកថា «ហ៊ុនសែនអើយ ចុះចេញ ទៅ» នោះ លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា លោកត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖
«ខ្ញុំព្រះករុណាខ្ញុំមានការបោះឆ្នោតត្រឹមត្រូវពីសភា ពីសំណាក់ប្រជា ពលរដ្ឋ និងមានព្រះ រាជក្រឹត្យ ត្រឹមត្រូវ ពីព្រះមហាក្សត្រជាទីសក្ការៈ ។ ដូច្នេះ ៥ ឆ្នាំ ទៅមុខមិនជាយូរប៉ុន្មាននោះទេ… ស្អីចុះចេញទៅអើយម៉េច ! ចាំអើយ! ទាល់តែយូរ! ស្អីចុះអីក៏ស្រួលម្លេះ ! ឡើងតាមរដ្ឋធម្មនុញ ចុះតាមរដ្ឋធម្មនុញ្ញ ។ អត់និយាយច្រើន ធ្វើខុស ពីនឹងមិនបាន»។
សូមរំឭកថា កាលពីថ្ងៃទី ២០ ខែធ្នូកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានអះអាងម្តងរួចហើយថា លោកនឹង មិន ចុះចេញចេញពីតំណែងជាដាច់ខាត ហើយរដ្ឋាភិបាលរបស់លោកក៏មិនរៀបចំឲ្យមានការបោះឆ្នោតឡើងវិញដែរ ៕