សហព័ន្ធ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​ធ្វើ​បាប​យុវជន​ខ្មែរ​ក្រោម

0 239

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ និង​យុវជន​ខ្មែរ​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ ដែល​បាន​គំរាមកំហែង​មិន​ឲ្យ​យុវជន​ខ្មែរ​ក្រោម ធ្វើ​សកម្មភាព​​​ប្រមូល​ផ្ដុំ​​​ថវិកា និង​គាំទ្រ ការ​សាងសង់​សាលា​ឆទាន​មួយ ដើម្បី​ឲ្យ​ខ្មែរ​ក្រោម ​អាច​ប្រតិបត្តិ​​​ព្រះពុទ្ធសាសនា​បាន ។​ ការ​ថ្កោលទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ ​បាន​សម្រេច​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ម្នាក់ ដែល​សកម្ម​ក្នុង​ការ​ជួយ​ការពារ​សិទ្ធិ និង​រក្សា​វប្បធម៌​ពលរដ្ឋ​ខ្មែរ​ក្រោម ។

យុវជន​ខ្មែរ​ក្រោម ថាច់ កឿង (រូប​ទី​ពីរ​ពី​ខាង​ស្ដាំ ពាក់​អាវ​យឺត) ។ រូប៖ ហ្វេសប៊ុកលោក ថាច់ កឿង
យុវជន​ខ្មែរ​ក្រោម ថាច់ កឿង (រូប​ទី​ពីរ​ពី​ខាង​ស្ដាំ ពាក់​អាវ​យឺត) ។ រូប៖ ហ្វេសប៊ុកលោក ថាច់ កឿង

អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តព្រះត្រពាំង​ បាន​ផាក​ពិន័យ​យុវជន ថាច់ កឿង ជា​លើក​​ទី​ពីរ​ ក្រោយ​លោក​ប្រកាស​ប្រមូល​ផ្ដុំ​ថវិកា ដើម្បីសាងសង់សាលា​ឆទាន​មួយ ដែល​បច្ចុប្បន្ន​ត្រូវ​អាជ្ញាធរ​វៀតណាម ​ផ្អាក​ការ​សាងសង់ ។ អាជ្ញាធរ​វៀតណាម ​ចោទ​ប្រកាន់ យុវជន​ខ្មែរ​ក្រោម ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយពេល​រូប​លោក​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ដំណើរ​របស់​លោក​ រួម​ទាំងព្រះសង្ឃ និង​ពលរដ្ឋ ប្រមាណ ២០ នាក់​មកពី​ស្រុក​ចំនួន​ ៥ ​នៅ​ខេត្ត​ព្រះត្រពាំង ដើម្បី​ប្រមែប្រមូល ថវិកា​កសាង​សាលា​ឆទាន ​នៅ​ខេត្តលង់ហោរ កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មករា​កន្លងទៅ ។​ យុវជន ថាច់ កឿង ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ២៩ មករា ​ថា វៀតណាម​ចង់​សងសឹក​លោក ដែល​ហ៊ាន​ចេញ​មុខ​ប្រមូល​ថវិកា​កសាង​សាលាឆទាន ដែល​អាជ្ញាធរ​វៀតណាម ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​កសាង៖ «យួន​វា​មិន​ឲ្យ​យើង​បង្កើត​វប្បធម៌​យើង​ទេ ។ វា​ចង់​រំលាយ​ចោល ប៉ុន្តែ​ យួន​វិញ​វា​ចង់​សង់​កន្លែង​ អាច​សង់​កន្លែង​ហ្នឹង​ បាន​ហើយ​រដ្ឋ​វា​ផ្តល់​ថវិកា​ឲ្យ​ទៀត»

ទោះ​បី​ជា​យ៉ាង​ណា​ អាជ្ញាធរ​វៀតណាម ​នៅ​មិន​ទាន់​ប្រាប់ យុវជន ថាច់ កឿង ឲ្យ​សង​ប្រាក់​ពិន័យ​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ ។ កាល​ពី​ខែកក្កដា​កន្លង​ទៅ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ បាន​ស្នើ​ឲ្យ​វៀតណាម​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​កសាង​សាលាឆទាន ដែល​បាន​សង់​ជិត​រួច​រាល់​ហើយ ។ តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម ​ថា ទង្វើ​អាជ្ញាធរ​វៀតណាម ​ខេត្ត​លង់ហោរ គ្មាន​សីលធម៌ ​ដែល​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ឲ្យ​កន្លែង​​​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ​។ តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម ​ថា ការ​សាងសង់​សាលា​ឆ​ទាន​ក៏​ទុក​ធ្វើជា​កន្លែង​បង្រៀន​អក្សរសាស្ត្រ​ដល់​កូន​ខ្មែរ ដោយសារ​​តែ​តំបន់​ ដែល​ពួក​គេ​រស់នៅ ​នៅ​ជនបទ​ដាច់​ស្រយាល ​ពិបាក​ធ្វើ​ដំណើរ​ទៅ​វត្ត ឬ​សាលារៀន​នៅ​តំបន់​ឆ្ងាយ ។

សាលា​ឆ​ទាន សម្រាប់​​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ ដែល​អាជ្ញាធរ​វៀតណាម​ នៅខេត្តលង់ហោរ ​ហាមឃាត់​មិន​ឲ្យ​​​ពលរដ្ឋ​ខ្មែរ​ក្រោម​​ សាងសង់​បញ្ចប់​ ពេល​កសាង​បាន​ប្រហែល ៨០ ភាគរយ​ហើយ ។
សាលា​ឆ​ទាន សម្រាប់​​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ ដែល​អាជ្ញាធរ​វៀតណាម​ នៅខេត្តលង់ហោរ ​ហាមឃាត់​មិន​ឲ្យ​​​ពលរដ្ឋ​ខ្មែរ​ក្រោម​​ សាងសង់​បញ្ចប់​ ពេល​កសាង​បាន​ប្រហែល ៨០ ភាគរយ​ហើយ ។

យុវជន ថាច់ កឿង​ ក៏​ឲ្យ​ដឹង​ទៀត​ ​ថា មូលហេតុ​មួយ​ទៀត ដែល​វៀតណាម ​ខឹង​នឹង​លោក​ដែរ​នោះ គឺ​ដោយសារ​តែ​លោក​បាន​ទាមទារ​ឲ្យ​វៀតណាម​ កសាង​ក្លោង​ទ្វារ​ខេត្តព្រះត្រពាំង ដែល​វៀតណាម​ បាន​បំផ្លាញ​ចោល​កាល​ពី ៧ ឆ្នាំមុន ដោយ​យក​លេស​ថា ចង់​ពង្រីក​ផ្លូវ​។ អាជ្ញាធរ​វៀតណាម ​ពេល​នោះ ​បាន​សន្យា​កសាង​ខ្លោងទ្វារ​ឲ្យ​វិញ ប៉ុន្ តែ​មិន​បាន​គោរព​ពាក្យ​សន្យា​មក​ទល់​សព្វថ្ងៃ​នេះ ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​យុវជន ថាច់ កឿង​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ផាក​ពិន័យ ។ កាល​ពី​ឆ្នាំ ២០២០ យុវជន​រូប​នេះ ត្រូវ​វៀតណាម​ផាក​ចំនួន បី​រយ​ដុល្លារ ដោយសារ​តែ​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សំដែង​មតិ ប៉ុន្តែ​ អាជ្ញាធរ​វៀតណាម​ចោទ​លោក​ថា ល្មើស​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត​វៀតណាម​ ទៅវិញ ។

យុវជន ថាច់ កឿង ប្ដេជ្ញា​ថា ទោះ​បី​វៀតណាម ​ធ្វើ​ទុក្ខ​ម្នេញ​លោក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក្តី ក៏​លោក​បន្ត​ធ្វើការ​តស៊ូ​មតិ ដើម្បី​បុព្វហេតុ​ខ្មែរ​កម្ពុជា​ក្រោម៖ «ឃើញ​ប្អូន​អំពាវនាវ​ជួយ​បងប្អូន​ជន​ក្រីក្រ ​ដូច្នោះ​បង​ប្អូន​ជ្រោមជ្រែង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស និង​ជួយ​ឧបត្ថម្ភ ​ដល់​គេ​ឃើញ​កសាង​វត្ត ​និង​សាលាឆទាន»

ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​យុវជន​ខ្មែរ​ក្រោម​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា សហព័ន្ធ​នឹង​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ឈប់​វៀតណាម ​កុំឲ្យ​រំលោភ​សិទ្ធិពលរដ្ឋ​ខ្មែរ​ក្រោម៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​ បញ្ឈប់​ជា​បន្ទាន់​ នូវ​ការ​គំរាមកំហែង​យុវជន​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​អន្តរាគមន៍ និង​ដាក់​គំនាប​លើ​រដ្ឋាភិបាល​វៀតណាម​ ដែល​រំលោភ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម»

ទោះ​បី​វៀតណាម ​បាន​ខំ​ប្រឹងប្រែង មិន​ឲ្យ​ខ្មែរ​ក្រោម​កសាង សាលា​ឆ​ទាន វត្ត​ដើម្បី​គោរព​សាសនា​ក៏​ដោយ  ប៉ុន្តែ មក​ទល់​នឹង​ឆ្នាំ ២០២២ នេះ ខ្មែរ​ក្រោម​បាន​បន្ត​កសាង​វត្ត​ បាន​ជាង ៤៦០ វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង​ ៨ ពាន់ ៥ រយ​អង្គ ។ “វត្តសម្បូរ​រង្ស៊ី” នៅ​ខេត្ត​ព្រះត្រពាំង មាន​អាយុ​កាល​ ១៦៤៨ ​ឆ្នាំ​ហើយ ។ តំណាង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ធ្លាប់​លើក​ឡើង​ថា ប្រសិន​បើ​ខ្មែរ​ក្រោម​ បាត់បង់​វត្ត​អារាម មាន​ន័យ​ស្មើ​នឹង​បាត់បង់​ទឹក​ដី វប្បធម៌ និង​ពូជពង្ស​ខ្មែរ​ក្រោម​តែ​ម្ដង ។ ខ្មែរ​ក្រោម​ បាន​បាត់បង់​ទឹក​ដី​អស់​រយៈ​ពេល ៧២ ឆ្នាំហើយ ។ របាយការណ៍​គណៈកម្មការ​សេរីភាព​សាសនា​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ឆ្នាំ ២០២១ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​ នៅ​តែ​សកម្ម​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សេរីភាព​ផ្នែក​សាសនា ។ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នោះ រួម​មាន​ទាំង ការ​បង្ក​របួស​ស្នាម ធ្វើទណ្ឌកម្ម និង​ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម ៕

Leave A Reply

Your email address will not be published.