អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ស្នើ​សុំ​រដ្ឋាភិបាល​កុំ​​ឲ្យ​ចាប់​បញ្ជូន​ខ្មែរ​ក្រោម ដែល​រត់​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​វៀតណាម​វិញ

0 474

ដោយ យន់ សាមៀន | RFA Khmer

អង្គការ ការពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ ក្នុង​ស្រុក និង​ក្រៅ​ស្រុក បាន​ស្នើ​ឲ្យ​អាជ្ញាធរ​​កម្ពុជា ​កុំ​ចាប់​​បញ្ជូន​ខ្មែរ​ក្រោម ដែល​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ។ សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​នេះ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម នឹង​ចាប់​ផ្ដើម​អនុវត្ត​សន្ធិសញ្ញា​ ស្ដីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ កម្ពុជា និង​វៀតណាម ចាប់​ពី​នៅ​ថ្ងៃ​ទី ១ ខែតុលា​នេះ ត​ទៅ​ហើយ ។

ជនភៀសខ្លួនខ្មែរ​ក្រោម​ នៅ​ប្រទេស​ថៃ ។ រូប៖ សហព័ន្ធ​ខ្មែរកម្ពុជាក្រោម
ជនភៀសខ្លួនខ្មែរ​ក្រោម​ នៅ​ប្រទេស​ថៃ ។ រូប៖ សហព័ន្ធ​ខ្មែរកម្ពុជាក្រោម

សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​ នៅ​សហរដ្ឋ​អាមេរិក សំដែង​ក្ដី​បារម្ភ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​គេច​ចេញ​ពី​ការ​ធ្វើ​បាប​របស់​អាជ្ញាធរ​វៀតណាម​មក​កម្ពុជា នឹង​អាច​ត្រូវ​អាជ្ញាធរ​ខ្មែរ សហការ​ នឹង​វៀតណាម​បញ្ជូន​ពួក​គេ ទៅ​ជាប់​ពន្ធនាគារ​​ នៅ​វៀតណាម​វិញ ។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា កន្លង​មក​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម រួម​ទាំង​យុវជន និង​ព្រះសង្ឃ​នាំ​គ្នា​រត់​មក​ជ្រក​កោន​រស់នៅ នៅ​កម្ពុជា ដើម្បី​សុវត្ថិភាព​ ដោយសារ​តែ​ពួក​គេ​បាន​រិះគន់​អាជ្ញាធរ​វៀតណាម ពាក់ព័ន្ធ​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​ដីធ្លី៖ «មាន​ច្រើន​ណាស់ ទាំង​ព្រះសង្ឃ យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ហ្នឹង ​បញ្ហា​ដីធ្លី បញ្ហា​រិះគន់ និង​បញ្ហា​ប្រើ​បណ្ដាញ​សង្គម អ៊ីនធឹណិត ឬ​រឿង​ទាមទារ​សិទ្ធិ​សេរីភាព​ហ្នឹង ត្រូវ​វៀតណាម​ចាប់​ដាក់​គុក និង​គំរាម​រហូត​ដល់​រត់​ចោល​ទឹក​ដី​កំណើត។”

ក្តីបារម្ភរបស់សមាគម និង​អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​នេះ ដោយសារតែ សន្ធិសញ្ញា​ស្ដីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ ក​ម្ពុ​ជា ​និង​វៀតណាម នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី ១ ខែតុលា​ខាង​មុខ​នេះ​ត​ទៅ ដូច្នោះ​ មាន​ន័យ​ថា កម្ពុជា អាច​ស្នើសុំ​យក​ទណ្ឌិត ជា​ជនជាតិ​ខ្មែរ ដែល​ជាប់ពន្ធនាគារ​​នៅ​វៀតណាម មក​បន្ត​ឃុំ​នៅ​កម្ពុជា​វិញ ហើយ​ទណ្ឌិត​ជា​ជនជាតិ​វៀតណាម ដែល​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា ក៏​ នឹង​អាច​វៀតណាម ស្នើសុំ​យក​ទៅ​បន្ត​ឃុំ​នៅ​វៀតណាម​ ។

ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា​ បន្ថែម​ទៀត​ថា កន្លង​មក​វៀតណាម ចាប់​បាន​មក​ចាប់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដល់​កម្ពុជា ទាំង​មិន​ទាន់​មាន​សន្ធិសញ្ញា ​ស្ដីពី​ការផ្ទេរ​ទណ្ឌិត​ផង ដូច្នោះ​ពេល​ដែល​មាន សន្ធិសញ្ញា​ស្ដីពី​ការផ្ទេរ​ទណ្ឌិត​រវាង​កម្ពុជា ​និង​វៀតណាម អាជ្ញាធរ​ខ្មែរ​អាច​ងាយ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម​ ទៅ​ឲ្យ​វៀតណាម​បន្ថែម​ទៀត ។ កាល​ពី​ឆ្នាំ ២០០៧ អាជ្ញាធរ​ខេត្តតាកែវ បាន​ចាប់​ផ្សឹក ​ព្រះសង្ឃ​​ខ្មែរ​ក្រោម ព្រះតេជព្រះគុណ ទឹម សាខន ជា​សង្គ្រាជ​វត្ត​ភ្នំដិន ខេត្ត​តាកែវ រួច​បញ្ជូន​ទៅ​ដាក់​គុក​ នៅ​ប្រទេស​វៀតណាម ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ចំណង​មិត្តភាព​ កម្ពុជា​-វៀតណាម ក្រោយពី​ព្រះសង្ឃ​អង្គ​នេះ ឧស្សាហ៍​ទំនុក​បម្រុង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា​ក្រោម មក​ដល់​កម្ពុជា ហើយ​សុំ​ស្នាក់​អាស្រ័យ​ នៅ​ក្នុង​ទី​អារាម ។ ក្រោយ​មក​ ព្រះអង្គ ទឹម សាខន ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ។ ពេល​នេះ ព្រះអង្គ ទឹម សាខន បាន​លា​ចាក​សិក្ខាបទ ហើយ​កំពុង​រស់នៅ​ជា​ជន​ភៀស​ខ្លួន ​នៅ​ប្រទេស ស៊ុយអែត (Sweden) ។

បច្ចុប្បន្នមាន​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ភៀស​ខ្លួន​មក​កម្ពុជា​ជា​ច្រើន ដោយសារ​តែ​ពួក​គេ​រង​ការ​សំឡុត​បំភ័យ​ ពី​អាជ្ញាធរ​វៀតណាម ករណី​រៀន​អក្សរ និង​ប្រវត្តិសាស្ត្រខ្មែរ​ ការប្រើប្រាស់​បណ្តាញ​សង្គម​រិះគន់​វៀតណាម​ជា​ដើម ។ ពេល​មក​ដល់​កម្ពុជា ​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​ទៀត ក៏​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់អាជ្ញាធរ​ខ្មែរ​ ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​រស់​នៅ​កម្ពុជា ហើយ​បាន​​ភៀស​ខ្លួន​បន្ត​ទៅ​រស់នៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ នៅ​ប្រទេស​ទី ៣ បន្ត​ទៀត ។​ បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​រយ​នាក់ កំពុង​ជាប់​ផុង​ នៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ទីបី គេច​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ​វៀតណាម ។

ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ​ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ កុំ​រើសអើង និង​ជួយ​យក​អាសាខ្មែរ​ក្រោម​ ដែល​រង​ទុក្ខ​នៅ​ស្រុក​កំណើត ដែល​វៀតណាម​កំពុង​គ្រប់គ្រង ហើយ​ភៀស​ខ្លួន​មក​រស់​នៅ​កម្ពុជា៖ «រដ្ឋាភិបាល​កម្ពុជា​ហ្នឹង ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ធ្វើ​បាប​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេងៗ ហើយ​ពួក​គាត់​ទៅ​រស់នៅ​កម្ពុជា​ហ្នឹង សូម​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​គាត់​ស្រប​ច្បាប់។”

ចំពោះ​ ក្តី​បារម្ភ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង ថា សន្ធិសញ្ញា​ស្ដីពី​ការផ្ទេរ​ទណ្ឌិត​រវាង​កម្ពុជា និង​វៀតណាម​ នឹង​អនុវត្ត​ចំពោះ ​អ្នកទោស​ទូទៅ ទៅ​តាម​ច្បាប់ និង​ធ្វើ​ឡើង​បាន​តាម​ការ​យល់​ព្រម​របស់​អ្នក​ទោស​តែ​ប៉ុណ្ណោះ៖ «លក្ខខណ្ឌ​ផ្ទេរ​អ្នក​ទោស​រវាង​កម្ពុជា និង​វៀតណាម​ហ្នឹង​ លុះ​ត្រា​តែ ឯកភាព​ពី​ភាគី​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល និង​សាមី​ខ្លួន ទាល់​តែ​មាន​ការ​ឯកភាព» ។

លោក កុយ គួង មិន​ធ្វើ​អត្ថាធិប្បាយ ​ចំពោះ​សំណួរ​ថា​តើ អាជ្ញាធរ​ខ្មែរ​អាច ​នឹង​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​វៀតណាម​ នោះ​ទេ ។ សន្ធិសញ្ញា​ផ្ទេរ​អ្នក​ទោស​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្តលេខា ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ ហើយ​ នឹង​ចូល​ជា​ធរមាន​ នៅ​ខែ ១០ ខាង​មុខ​នេះ ។ ឯកសារ​សន្ធិសញ្ញា​ផ្ទេរ​អ្នក​ទោស​បញ្ជាក់​ថា សន្ធិសញ្ញា​នេះ​ធ្វើ​ឡើង ​ដើម្បីផ្តល់​ឱកាស​ដល់​ទណ្ឌិត ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម និង​គោល​បំណង ធ្វើ​សហការ​គ្នា ដើម្បី​អនុវត្ត​សាលក្រម ។ ឯកសារ​បញ្ជាក់​ទៀត​ថា ភាគី​អាច​បដិសេធ​ផ្ទេរ​អ្នកទោស ប្រសិនបើ មាន​មូលដ្ឋាន​ច្បាស់លាស់​បញ្ជាក់​ថា ទណ្ឌិត​អាច​ត្រូវ​គេ​យក​ទៅ​ធ្វើ​ទារុណកម្ម សងសឹក ឬ​ទទួល​រង​ទណ្ឌកម្ម​សាហាវ​ព្រៃផ្សៃ និង​អមនុស្សធម៌ ក្នុង​ដែន​ដី​នៃ​ភាគី​ទទួល ឬ​ការ​ផ្ទេរ​អាច​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​អធិបតេយ្យ សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់ សាធារណៈ ឬ​ផល​ប្រយោជន៍​សំខាន់​ផ្សេង​ទៀត​របស់​ភាគី ។​

ទាក់ទង ​នឹង​សន្ធិសញ្ញា​ផ្ទេរ​អ្នក​ទោស​នេះ​ដែរ អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​លោក សឺន ជុំ​ជួន មាន​ប្រសាសន៍​ថា ខ្មែរ​ក្រោម​ជា​ពលរដ្ឋ​ខ្មែរ​ដូច្នោះ​អាជ្ញាធរ​ខ្មែរ មិន​ត្រូវ​ចាប់​បញ្ជូន​ខ្មែរ​ក្រោម​ ទៅ​ឲ្យ​វៀតណាម​នោះ​ទេ ។ លោក សឺន ជុំជួន បន្ត​ថា ខ្មែរ​ក្រោម​រត់​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ ពី​អាជ្ញាធរ​វៀតណាម​មក​កម្ពុជា​នោះ មិនបាន​ប្រព្រឹត្ត​ទោស​នោះ​ទេ ។ លោក​ថា ការណ៍​ដែល​ខ្មែរ​ក្រោម​រស់​មក​កម្ពុជា គឺ​ដោយសារ​តែ ពួក​គេ​បាន​ធ្វើ​​ការ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព ដែល​បណ្ដាល​ឲ្យ​ពួក​គេ មាន​បញ្ហា​ នឹង​​អាជ្ញាធរ​វៀតណាម៖ «ពេល​ក្រោក​ឡើង​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ផ្តល់​សិទ្ធិ​ផ្សេងៗ ទៅ វា​អាច​ប្រឈម​ នឹង​ផ្លូវ​ច្បាប់​ហើយ។”

ពលរដ្ឋ​ខ្មែរ​ក្រោម ​ទើប​ប្រារព្ធ​ខួប​បាត់បង់​ទឹក​ដី លើក​ទី ៧១ ឆ្នាំ កាល​ពី​ខែមិថុនា កន្លងទៅ ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ប្តេជ្ញា​ថា ពួក​គេ​ នឹង​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត ។ តាម​រយៈ​យុទ្ធនាការ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ចាប់​ផ្ដើម​បញ្ចេញ​មតិ និង​ទាមទារ​សិទ្ធិ ជា​ជន​ជាតិ​ដើម​កំណើត និង​ដីធ្លី ទើប​បណ្ដាល​ឲ្យ​អាជ្ញាធរ​វៀតណាម​ចាប់​ផ្ដើម ប្រើប្រាស់​ច្បាប់​ប្រឆាំង​នឹង​បទ​ល្មើស​អ៊ីនធឹណិត ដើម្បី​សងសឹក​ខ្មែរ​ក្រោម ដោយ​ធ្វើ​ការ​ផាក​ពិន័យ​លើ​យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ ដែល​ហ៊ាន​និយាយ​រឿង​ប្រវត្តិសាស្ត្រ​បាត់បង់​ទឹក​ដី​ខ្មែរ​ជា​បន្ត​បន្ទាប់ ៕

Leave A Reply

Your email address will not be published.