សន្និបាត​ប្រចាំឆ្នាំ និង​ជ្រើសរើស​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ថ្មី​

119

ដោយ ស៊ឺន ចែងចើន| VOKK

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៤ មីនា ម្សិលមិញ​នេះ ​បានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៦ ប្ដូរ​វេន​ប្រធាន​លេខាធិការដ្ឋាន និង​លើក​ទិសដៅ​ឆ្នាំ ២០១៧ ។​

លោក តាំង សារៈ ប្រធាន​​លេខាធិការដ្ឋានអាណាត្តិចាស់ ឡើងរាយការណ៍សកម្មភាពការងារឆ្នាំ ២០១៦ ជូនអង្គសន្និបាត ។ រូបថតៈ ស៊ឺន ចែងចើន
លោក តាំង សារៈ ប្រធាន​​លេខាធិការដ្ឋានអាណាត្តិចាស់ ឡើងរាយការណ៍សកម្មភាពការងារឆ្នាំ ២០១៦ ជូនអង្គសន្និបាត ។ រូបថតៈ ស៊ឺន ចែងចើន

​សន្និបាត​ប្រចាំឆ្នាំ​របស់​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​សហគមន៍​បុរី​ព្រៃនគរ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លោក តាំង សារៈ ប្រធាន​លេខាធិការដ្ឋាន​អាណត្តិ​ទី ៥ ឡើង​ធ្វើ​របាយការណ៍ ស្តីពី​សកម្មភាព​នានា ដែល​សម្រេចបាន​ក្នុង អាណ​តិ្ត​កន្លងទៅ ក្នុងការ​ដឹកនាំ​ដោយ​រូបលោក ។ អង្គ​មហាសន្និបាត ក៏បាន​ស្តាប់​របាយការណ៍​របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដទៃទៀត ដែល​បាន​ឡើង​ធ្វើ​សេចក្ដីរាយការណ៍ ស្តីពី​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ជម្រាប​ដល់​អង្គសន្និបាត​បាន​ជ្រាប​ដែរ​។​

បន្ទាប់មក​អង្គប្រជុំ​បានសម្រេច​តែងតាំង​លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម និង​ជានាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ធ្វើជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ទី ៦ ឆ្នាំ ២០១៧ ។

​លោក សឺ​ន ជុំ​ជួន ត្រូវបានអង្គសន្និបាត ជ្រើសតាំងធ្វើជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ទី ៦ ឆ្នាំ ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន
​លោក សឺ​ន ជុំ​ជួន ត្រូវបានអង្គសន្និបាត ជ្រើសតាំងធ្វើជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ទី ៦ ឆ្នាំ ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន

អង្គសន្និបាត​នេះ ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម ពី​សមាជិក សមាជិកា ថ្នាក់ដឹកនាំ និង​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដោយ​ធ្វើ​កិច្ចពិភាក្សា​ទៅលើ​ការកែទម្រង់​គោលនយោបាយ និង​ដាក់​ផែន​ការណ៍ សម្រាប់​ឆ្នាំ ២០១៧ ។​

សូមបញ្ជាក់ថា លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​ធ្វើ​ពិធី​ប្តូរ​វេន​ប្រធាន​រៀងរាល់ឆ្នាំ​ម្តង ដោយ​ធ្វើការ​ជ្រើសរើស​ប្រធាន​មួយរូប មកពី​អង្គការ សមាគម ឬ​ស្ថាប័ន​ជា​សមាជិក មកកាន់​តំណែង ជា​ប្រធាន​លេខាធិការដ្ឋាន ។ នៅ​ឆ្នាំ ២០១៦ កន្លងទៅនេះ លោក តាំង សារៈ អធិបតី​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។​

គួរ​រំឭក​ផងដែរ​ថា លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជា​ស្ថាប័ន​មួយ​បាន​បង្កើតឡើង ដើម្បី​ទទួលបន្ទុក​ចាត់ចែង​ការងារ​រួម​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ លេខាធិការដ្ឋាន នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ជា​មធ្យោបាយ​យ​បម្រើ​ឲ្យ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាំងអស់ ធ្វើការ​ដោយ​ឈរលើ​គោលនយោបាយ​ខ្មែរ​កម្ពុជា​ក្រោម​រួមមួយ ។​

​លេខាធិការដ្ឋាន​នេះ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១១ ដោយមាន​ការចូលរួម​របស់​អង្គការ សមាគម និង​ស្ថាប័ន​ចំនួន ១១ ។ ស្ថាប័ន ដែលជា​តំណាង​របស់​ពលរដ្ឋ​ខ្មែរក្រោម មាន​មូលដ្ឋាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងនោះ​រួមមាន ៖​

  • ១ សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម
  • ២ សម្ព័ន្ធ​សមណ​និស្សិត-និស្សិត​ខ្មែរ​កម្ពុជា​ក្រោម
  • ៣ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម
  • ៤ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង អភិវឌ្ឍន៍
  • ៥ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម
  • ៦ មូលនិធិ​សម្រាប់​អ្នកក្រីក្រ
  • ៧ អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​អភិវឌ្ឍន៍
  • ៨ មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម
  • ៩ កម្មវិធី​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម
  • ១០ សារព័ត៌មាន​ព្រៃនគរ
  • ១១ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​

រូបភាពខ្លះៗ នៃអង្គសន្និបាត​ប្រចាំឆ្នាំ​របស់​លេខាធិការដ្ឋាន​​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

Comments are closed.