និស្សិតខ្មែរកម្ពុជាក្រោម ជួបពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយនូវបញ្ហានានា ទាក់ទិន នឹងការរស់នៅ និងការសិក្សា
ដោយ ស៊ឺន ចែងចើន | VOKK
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅល្ងាចថ្ងៃអាទិត្យទី ២៩ ខែធ្នូ ឆ្នាំ ២០១៧ បានប្រារព្ធកម្មវិធីជួបជុំមួយ ក្រោមប្រធានបទ “ជំនួបនិស្សិត បញ្ញាវន្តខ្មែរកម្ពុជាក្រោម និងសប្បុរសជន” នៅភោជនីយដ្ឋានសូរិយា ក្បែរផ្សារទំនើបសូរិយា រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។

ពិធីជួបជុំនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីគណៈកម្មការ សមាជិក សមាជិកា នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងតំណាងប្រធានអង្គ-ការសមគមខ្មែរកម្ពុជាក្រោមនានា ដែលមានមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងនិស្សិត បញ្ញាវន្តខ្មែកក្រោម និងសប្បុរសជនប្រមាណជាងមួយរយនាក់ ។
ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានមានពុទ្ធដីកា ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា នេះជាលើកទី ៧ ហើយ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម បានប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងជួបជុំគ្នារវាងនិស្សិតបញ្ញាវន្តខ្មែរក្រោម និងសប្បុរសជន ដើម្បីបានជជែកគ្នា ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារ ទៅវិញទៅមក ។ ព្រះអង្គ បានបញ្ជាក់ថា នេះគឺជាឱកាសឲ្យនិស្សិតខ្មែរក្រោមជួបគ្នាលើពីបញ្ហារបស់ខ្លួនជុំវិញការរស់នៅ និងការរៀនសូត្រ ព្រមទាំងចែករំលែកនូវបទពិសោធន៍ការងារ និងមុខរបររបស់ពួកគេផងដែរ ។
ក្នុងឱកាសនោះដែរ ក៏ដើម្បីស្វែងរកការឧបត្ថម្ភជាថវិកា ពីសប្បុរសជន ដែលបានចូលរួម ដើម្បីផ្គត់ផ្គង់ការសិក្សា ដល់សមជិកនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម កំពុងបន្តការសិក្សា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ។
យោងតាមរបាយការណ៍ នៅឆ្នាំ ២០១៧ នេះ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោមក្រីក្រ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅតាមបណ្តាសាកលវិទ្យាល័យ ក្នុងប្រទេសកម្ពុជា ចំនួន ២៦ អង្គ និងនាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រ ២២ អង្គ និងនាក់ ថ្នាក់អនុបណ្ឌិត ៤ អង្គ និងនាក់ និងបានជូនសម្ភារៈសិក្សាមានសៀវភៅសរសេរ ប៊ិក និងថវិកាបន្តិចបន្តួចដល់ប្អូនៗ ជាសិស្សានុស្ស ដែលស្នាក់នៅជាមួយព្រះសង្ឃចំនួន ៦០ នាក់ ។
ចំណែកការបញ្ជូនព្រះសង្ឃទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅបរទេស មានប្រទេសថៃ និងឥណ្ឌា ចំនួន ១០ អង្គ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់ឆ្នាំ ២០១៧ នេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនសមណនិស្សិត-និស្សិតខ្មែរក្រោម ទៅបន្តការសិក្សានៅប្រទេសថៃ សរុបចំនួន ១១៣ អង្គ និងបានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោមក្រីក្រ កំពុងសិក្សានៅប្រទេសកម្ពុជា អស់រយៈពេល ៨ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ មក សរុបបានចំនួន ១៥២ អង្គ និងនាក់ ។
សូមបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃ ។ អង្គការមួយនេះ តែងតែធ្វើសកម្មភាពប្រមូលផ្តុំរវាង សមណនិស្សិត និងនិស្សិតមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ឲ្យមានការសាមគ្គីជាធ្លុងមួយ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រ ផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ខ្លួនជាដើម ៕