សាមណេរ យឿង ខាយ សាងផ្នួស ដើម្បីតស៊ូមតិទាមទារសិទ្ធិស្វ័យសម្រេច ឲ្យពលរដ្ឋខ្មែរក្រោម
ដោយ យន់ សាមៀន | RFA Khmer
យុវជនខ្មែរកម្ពុជាក្រោម ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស លោក យឿង ខាយ បានសម្រេចចិត្តបួសជាសង្ឃ ។ ទោះបី សាមណេរ យឿង ខាយ សាងផ្នួសក្តី ប៉ុន្តែ ព្រះអង្គប្តេជ្ញាបន្តធ្វើការតស៊ូមតិ ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។

តើសាមណេរ យឿង ខាយ បានលះបង់អ្វីខ្លះ ដើម្បីបុព្វហេតុសិទ្ធិពលរដ្ឋខ្មែរក្រោម?
សាមណេរ យឿង ខាយ បានជ្រើសរើសយកវត្តមង្គលទ្របុរីនំសេក នៅខេត្តលង់ហោរ ដែលវៀតណាម កំពុងធ្វើទុក្ខបុកម្នេញ ដើម្បីសាងផ្នួសសិក្សា ប្រតិបត្តិព្រះសាសនា និងបន្តធ្វើការពារផ្នែកសិទ្ធិមនុស្ស ដើម្បីឲ្យខ្មែរក្រោម ទទួលបានសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ។ សាមណេរ យឿង ខាយ ធ្លាប់ជាយុវជនខ្មែរកម្ពុជាក្រោម ដែលសកម្មក្នុងវិស័យផ្នែកសិទ្ធិការងារ និងមនុស្ស ។ កាលពីមុនបួសជាសង្ឃ សាមណេរ យឿង ខាយ ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនប្រមាណ ១០ ដង និងរងការផាកពិន័យរឿងចែកចាយឯកសារ និងផ្សព្ធផ្សាយពីសិទ្ធិជនជាតិដើម ។
សាមណេរ យឿង ខាយ មានថេរដីកាថា វត្តមង្គលបុរីទ្រនំសេក ជាកន្លែងចាប់ផ្តើមធ្វើការងារតស៊ូមតិ ដើម្បីការពារសិទ្ធិមនុស្ស និងសាសនា៖
«ខ្ញុំជ្រើសរើសយកវត្តមង្គលបុរីទ្រនំសេកហ្នឹង ទីមួយ គឺយើងមានឱកាសមើលថែ ក៏ដូចជា ការពារសេរីភាពសាសនាព្រះពុទ្ធសាសនា និងវត្តអារាមយើង ។ ឥឡូវអាត្មាទើបបួស ប៉ុន្តែ បើបួសយូរអាត្មានឹងនិមន្តផ្សព្ធផ្សាយសិទ្ធិសម្រេចវាសនាដោយខ្លួនឯង» ។
សាមណេរ យឿង ខាយ ប្រសូត កាលពីឆ្នាំ ១៩៩៤ ក្នុងស្រុកជ្រោយញ ខេត្តឃ្លាំង ។ សាមណេរ យឿង ខាយ មិនបានសិក្សាភាសាខ្មែរឲ្យបានជ្រៅជ្រះ គឺរៀនបានតែថ្នាក់ទី ១០ ហើយឈប់រៀន ដើម្បីដើរធ្វើការងារស៊ីឈ្នួលគេ រហូតបានការងារនៅរោងចក្រ ។ កាលនៅជាកម្មករ សាមណេរ យឿង ខាយ បានដើរតួនាទីជាសហជីព ដើម្បីជួយតស៊ូមតិកម្មករខ្មែរក្រោមផ្សេងទៀត មិនឲ្យថៅកែរំលោភសិទ្ធិការងារ និងអាចឈប់សម្រាកដោយមានប្រាក់ខែ ក្នុងបុណ្យសំខាន់ៗ របស់ខ្មែរក្រោម ដូចជា បុណ្យសែនដូនតា និងបុណ្យចូលឆ្នាំថ្មីជាដើម ។
សាមណេរ យឿង ខាយ ធ្លាប់ដឹកនាំប្រតិភូខ្មែរក្រោម ជួបតំណាងស្ថានទូតអាមេរិក ដើម្បីជម្រាបទូត អំពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនាខ្មែរក្រោម ។ ប្រហែលជាដោយសារតែព័ត៌មាននេះហើយ បានជាសហរដ្ឋអាមេរិក កាលពីដើមខែធ្នូ បានដាក់ប្រទេសវៀតណាម ក្នុងបញ្ជីឃ្លាំមើល ជាប្រទេសចូលរួម និងធ្វើឲ្យការរំលោភសិទ្ធិសេរីភាពសាសនាធ្ងន់ធ្ងរ ហើយគណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក ក៏ស្នើឲ្យវៀតណាម កុំធ្វើទុក្ខបុកម្នេញសិទ្ធិសាសនារបស់ខ្មែរក្រោម ។ ករណីរំលោភបំពានសិទ្ធិរបស់វៀតណាម ទៅលើ សាមណេរ យឿង ខាយ ក៏ត្រូវបានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម វប្បធម៌ អប់រំ និងសេរីភាពសាសនា ដាក់សំណួររដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបកស្រាយ ។
អ្នកជំនាញអង្គការសហប្រជាជាតិ សំដែងក្តីបារម្ភជាពិសេសលើករណីវៀតណាម ឃាត់ខ្លួនសាមណេរ យឿង ខាយ យកទៅឃុំសួរចម្លើយអស់ជាច្រើនម៉ោង និងបង្ខំឲ្យសារភាពទោស ដែលមិនបានប្រព្រឹត្ត ។
កន្លងមកទៅ ទោះបីជាសហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិរកឃើញថា វៀតណាមបន្តរំលោភសិទ្ធិមនុស្ស និងសាសនាក្តី ក៏រដ្ឋាភិបាលបានបន្តបដិសេធដែរ ។ ទោះបី អាជ្ញាធរវៀតណាម បន្តឃ្លាំមើលនិងតាមដាន និងធ្វើបាបក៏ដោយ ក៏សាមណេរ យឿង ខាយ សន្យានឹងបន្តការងារផ្នែកសិទ្ធិមនុស្ស និងសាសនា ដើម្បីសិទ្ធិស្វ័យសម្រេចរបស់ខ្មែរក្រោមទៅថ្ងៃអនាគត៖
«អាត្មាបួស ដើម្បីការពារព្រះពុទ្ធសាសនាខ្មែរក្រោម ជំនឿ ក៏ដូចជាវត្តអារាម ដែលខ្មែរក្រោម យើងបន្សល់ទុករាប់ពាន់ឆ្នាំមក ។ ទៅអនាគតតាមនិស្ស័យ បើនិស្ស័យអស់ អាត្មាអាចសឹកចេញបន្តបម្រើសង្គម ដូចកាលនៅគ្រហស្ថជាធម្មតា» ។
ពាក់ព័ន្ធនឹងការប្ដេជ្ញារបស់សាមណេរ យឿង ខាយ នេះដែរ ប្រធាននាយកដ្ឋានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹង រតនា មានថេរដីកាថា នេះជាឧទាហរណ៍ល្អមួយ ក្នុងការជួយយុវជនខ្មែរក្រោម លះបង់ ដើម្បីហេតុសិទ្ធិស្វ័យសម្រេចរបស់ ជនជាតិខ្មែរក្រោម៖
«ការសាងផ្នួសរបស់សាមណេរពិតជាការសម្រេចចិត្តដ៏អស្ចារ្យ ក៏ជាសកម្មភាពទ្វេដង សម្រាប់ការតស៊ូទាមទារសិទ្ធិសេរីភាពក្នុងនាមជាខ្មែរក្រោមជាម្ចាស់ស្រុកជនជាតិដើម ព្រោះតួនាទីរបស់ព្រះសង្ឃមានឱកាសច្រើនសម្រាប់ការផ្សព្វផ្សាយនូវប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ និងសិទ្ធិសម្រេចវាសនាដោយខ្លួនឯង នៅលើទឹកដីកម្ពុជាក្រោម» ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា ព្រះសង្ឃ ពលរដ្ឋ និងជាពិសេសយុវជនខ្មែរក្រោម បានបន្តជម្នះ ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ។ ពួកគេបានបន្តងើបឡើងប្រមូលផ្ដុំគ្នាតស៊ូមតិ ទោះបីជាអាជ្ញាធរវៀតណាម បានប្រើប្រាស់យុទ្ធសាស្ត្រ គំរាមកំហែង ហិង្សា និងចាប់ដាក់ពន្ធនាគារក្ដី ។
បច្ចុប្បន្នសហព័ន្ធ បានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋខ្មែរក្រោម ដឹងពីសិទ្ធិរបស់ជាជនជាតិដើម រហូតដល់ពួកគេហ៊ានទាមទារជាសាធារណៈឲ្យវៀតណាមគោរពសិទ្ធិ ដែលមានចែងក្នុងច្បាប់អន្តរជាតិ ។ កាលពីឆ្នាំ ២០២២ គឺឆ្នាំប្រវត្តិសាស្ត្រមួយ ដែលខ្មែរក្រោ មអាចរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗ ដើម្បីអបអរសាទរសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ទោះបីវៀតណាមរារាំងក្ដី ៕