សមាគមខ្មែរកម្ពុជាក្រោម និងគណបក្សសង្គ្រោះជាតិ សោកស្ដាយដែលលោក ហ៊ុន សែន មិនបានស្នើវៀតណាម ឱ្យឈប់ធ្វើបាបខ្មែរក្រោម និងកុំបំពានទឹកដីខ្មែរ
ដោយ យន់ សាមៀន | RFA Khmer
សមាគមខ្មែរកម្ពុជាក្រោម និងគណបក្សសង្គ្រោះជាតិ សំដែងការសោកស្ដាយចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនបានស្នើឲ្យមេដឹកនាំវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត និងទាមទារឲ្យវៀតណាមគោរពបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានយោធាវៀតណាម ទើបតែបានបំពានជាថ្មីម្ដងទៀត កាលពីពេលថ្មីៗ នេះ ។ ប្រតិកម្មនេះ កើតឡើយក្រោយ ពេលដែលក្រសួងការបរទេសកម្ពុជា បានបញ្ចេញខ្លឹមសារ នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំកម្ពុជា និងវៀតណាម ដែលបានជជែកគ្នាពីការបន្តបោះបង្គោលព្រំដែន ប៉ុន្តែលោក ហ៊ុន សែន មិនបានលើកឡើងពីការឈ្លានពានរបស់យោធាវៀតណាម មកលើទឹកដីកម្ពុជានោះទេ ។

អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា លោកអស់សង្ឃឹម នឹងរដ្ឋាភិបាលកម្ពុជា ដែលមិនបានលើកឡើងករណីរំលោភសិទ្ធិមនុស្សខ្មែរក្រោម ជាមួយប្រធានាធិបតី និងជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នៅពេលជួបសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃទី ៩ ខែ កក្កដាកន្លងទៅ ។ លោក សឺន ជុំជួន បន្តថា សមាគមរបស់លោក កាលពីពេលថ្មីៗ នេះ ធ្លាប់បានដាក់លិខិតទៅក្រសួងការបរទេសកម្ពុជា ដើម្បីអន្តរាគមន៍ទៅវៀតណាម ឲ្យឈប់រំលោភសិទ្ធិមនុស្សខ្មែរក្រោម ដែលជាជនជាតិដើមកំណើត ដូច្នោះ លោកថា លោក ហ៊ុន សែន គួរតែសាកសួរវៀតណាមជុំវិញបញ្ហានេះ ។ នៅដើមឆ្នាំ ២០២០ នេះ យ៉ាងហោចណាស់ ក៏មានពលរដ្ឋខ្មែរក្រោមម្នាក់ ត្រូវវៀតណាម ចាប់ដាក់ពន្ធនាគារ ក្រោយវៀតណាមបណ្ដេញពលរដ្ឋខ្មែរក្រោម ជាច្រើនគ្រួសារ ពីដីស្រែចម្ការទាំងបង្ខំ ។ វៀតណាម ក៏បានផាកពិន័យយុវជនខ្មែរក្រោម ពីរនាក់ ក្នុងម្នាក់ៗ ៣០០ ដុល្លារ និងព្រមានយុវជនខ្មែរក្រោមផ្សេងទៀត មិនឲ្យប្រើប្រាស់បណ្ដាញសង្គម (Facebook) ដើម្បីផ្សព្វផ្សាយព័ត៌មាន ស្ដីពីប្រវត្តិសាស្ត្របាត់បង់ទឹកដីកម្ពុជាក្រោម និងចែកចាយព័ត៌មានពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ។ លោក សឺន ជុំជួន មានប្រសាសន៍ថា លោកមិនជឿទាល់តែសោះ ដែលមេដឹកនាំកម្ពុជា មិនបានលើកករណីសំខាន់ ដើម្បីដោះស្រាយ នឹងមេដឹកនាំវៀតណាម៖ «គេចង់ធ្វើឲ្យហើយៗ ប្រសិនជាលោក ហ៊ុន សែន អត់អំណាច គឺគេបោះបង្គោលជាស្រេចហើយ» ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី ៩ កក្កដា បង្ហាញពីលទ្ធផលនៃជំនួបរវាងមេដឹកនាំកំពូលកម្ពុជា និងវៀតណាម ។ សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា មេដឹកនាំទាំងពីរ បានជជែកពីកិច្ចសហការបង្ការជំងឺ Covid-19 បង្កើនទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យបានដល់ ៧ ពាន់លានដុល្លារ និងបញ្ហាបោះបង្គោលព្រំដែនជាដើម ។ សេចក្ដីប្រកាសព័ត៌មានបន្តទៀតថា ភាគីកម្ពុជា និងវៀតណាម បានសម្រេចបោះបង្គោលព្រំដែន បានសម្រេច ៨៤ ភាគរយ ហើយ នឹងពន្លឿន ការដោះស្រាយបញ្ហាព្រំដែន ១៦ ភាគរយទៀត ដើម្បីកសាងព្រំដែនសន្តិភាព ។ ថ្វីត្បិតតែមន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា បានព្រមានប្ដឹងស្នើបារាំងឲ្យជួយធ្វើភាគីទី ៣ ដោះស្រាយព្រំដែនកម្ពុជា និងវៀតណាមក៏ដោយ ក៏លោក ហ៊ុន សែន មិនបានលើកឡើងពីបញ្ហាព្រំដែន ដែលកម្ពុជា បានចោទវៀតណាមថា បានបោះតង់រំលោភព្រំដែនខ្មែរ នៅខេត្តកណ្ដាលដែរ ។ កាលពីពេលថ្មីៗ នេះ យោធាវៀតណាម បានចូលមកបោះតង់លើទឹកដីខ្មែរ រហូតដល់ក្រសួងការបរទេសកម្ពុជាបានផ្ញើលិខិតតវ៉ាជាផ្លូវការ ។ វៀតណាម យកលេសថា ការបោះតង់នេះ ដើម្បីការពារការរាតត្បាតនៃជំងឺ covid-19 ។
ជុំវិញជំនួប រវាងមន្រ្តីកំពូលកម្ពុជា និងវៀតណាមនេះដែរ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ និងជាមន្រ្តីទទួលបន្ទុកកិច្ចការងារព្រំដែនរបស់គណបក្ស លោក អ៊ុំ សំអាន មានប្រសាសន៍ថា វៀតណាម កំពុងបង្ខំឲ្យកម្ពុជាបោះបង្គោលព្រំដែន ឲ្យចប់សព្វគ្រប់ឲ្យបានឆាប់រហ័ស ដោយសារតែវៀតណាម និងកម្ពុជាបានប្រើប្រាស់សន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៨៥ ពេលដែលវៀតណាមគ្រប់គ្រងកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទៅឲ្យវៀតណាម ។
គណបក្សសង្គ្រោះជាតិ កាលពីចុងខែមិថុនា បានស្នើជាថ្មីទៀត ឱ្យរដ្ឋាភិបាលកម្ពុជាប្ដឹង ទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ក្រុងឡាអេ ទាមទារកោះត្រល់ និងកោះក្រចកសេះ ពីប្រទេសវៀតណាមមកវិញ ។ គណបក្សនេះ សំអាងតាមច្បាប់សមុទ្រ (UNCLOS) និងឯកសារគតិយុត្តិនានា ក្នុងការទាមទារកោះនេះ ។ អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្ដីពីច្បាប់សមុទ្រ ចែងថា រដ្ឋទាំងអស់មានសិទ្ធិបង្កើតវិសាលភាព គ្រប់គ្រងដែនសមុទ្ររបស់ខ្លួន មិនលើសពី ១២ ម៉ាយល៍ ឬ ២២.២ គីឡូម៉ែត្រ ។
កម្ពុជា និងវៀតណាម បានចាប់ផ្ដើមបោះបង្គោលព្រំដែន ចាប់តាំងពីឆ្នាំ ២០០៦ ។ មកទល់ពេលនេះ ប្រទេសទាំងពីរបោះបង្គោលព្រំដែនបាន ៨៤ ភាគរយហើយលើព្រំដែន ១.២៧០ គីឡូម៉ែត្រ ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថា ភាគីទាំងពីរ នឹងស្នើសុំបារាំងជួយដោះស្រាយបញ្ហាព្រំដែន នៅសេសសល់ចំនួន ១៦ ភាគរយទៀត ។ ពាក់ព័ន្ធករណីរំលោភសិទ្ធិមនុស្សខ្មែរក្រោមវិញ លោក អ៊ុំ សំអាន បន្តទៀតថា ការណ៍ដែលលោក ហ៊ុន សែន មិនបានស្នើសុំឲ្យវៀតណាម កុំធ្វើបាបពលរដ្ឋខ្មែរក្រោមនោះ គ្មានអ្វីចម្លែកនោះទេ ពីព្រោះលោក ហ៊ុន សែនធ្លាប់ព្រមានផ្ដល់ក្តារមឈូស ឲ្យនរណាដែលហ៊ានប្រកាសទាមទារទឹកដីខ្មែរក្រោម ពីវៀតណាមមកវិញ ហើយវៀតណាម ក៏ជាអ្នកមានគុណរបស់លោក ដែលបានលើកបន្តុបលោកឲ្យឡើងកាន់អំណាចមកទល់ហ្នឹងសព្វថ្ងៃនេះ៖ «មានតែគំរាមកំហែងបន្ថែមទៀត តាមពិតយើងជាខ្មែរ យើងត្រូវលើកចិត្តខ្មែរហ្នឹងទាមទារអ្វីជារបស់ខ្មែរ ។ គាត់មិនការពារផលប្រយោជន៍ខ្មែរតែទៅជាការពារផលប្រយោជន៍យួនទៅវិញ» ។
ឆ្លើយតបទៅ នឹងសំណើរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ស្នើឲ្យរដ្ឋាភិបាលអន្តរាគមន៍ឲ្យរដ្ឋាភិបាលឈប់ធ្វើទុក្ខបុកម្នេញខ្មែរក្រោមនេះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរីម្ដងហើយម្ដងទៀតថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនអាចលូកដៃចូលកិច្ចការពារផ្ទៃក្នុងរបស់វៀតណាមនោះទេ ។ ការមិនទទួលស្គាល់ពលរដ្ឋឯងនេះ បានបណ្ដាលឲ្យ អង្គការសមាគមខ្មែរកម្ពុជាក្រោម បានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង ។ អង្គការសមាគមខ្មែរកម្ពុជាក្រោម ថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកខ្មែរក្រោម ជាជនជាតិវៀតណាម និងបោះបង់ពួកគេចោលនេះថា ជារឿងមិនត្រឹមត្រូវទេ ពីព្រោះរដ្ឋធម្មនុញ្ញបញ្ជាក់ច្បាស់ថា ជនជាតិខ្មែរនៅទីណា ក៏នៅតែជាខ្មែរដែរ ដូច្នោះរដ្ឋាភិបាលកម្ពុជាត្រូវមានតួនាទីការពារពលរដ្ឋរបស់ខ្លួន ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន បន្តទៀត ប្រសិនបើលោកជានាយករដ្ឋមន្ត្រីវិញ ហើយមានឱកាសបាននិយាយ នឹងមេដឹកនាំវៀតណាម លោក នឹងប្រាប់វៀតណាមថា ខ្មែរ នឹងសើរើព្រំដែនកម្ពុជាវៀតណាមឡើងវិញ ដោយយកកេរដំណែលមរតកបង្គោលព្រំដែនបារាំងបន្សល់ទុក ធ្វើគោលក្នុងការបោះបង្គោលព្រំដែន និងទាមទារសិទ្ធិស្វ័យសម្រេចជោគវាសនាដោយខ្លួនឯង ឲ្យពលរដ្ឋខ្មែរក្រោមវិញ ៕