ខ្មែរក្រោម ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ក្រោយ​អាជ្ញាធរ​វៀតណាម ចាប់​បុរស​ម្នាក់​ជុំវិញ​ជម្លោះដីធ្លី​

0 322

ដោយ ខាន់ លក្ខិណា | VOD Khmer

សមាគម​ខ្មែរ​កម្ពុជាក្រោម ស្នើ​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​ពលរដ្ឋខ្មែរ​ក្រោម ក្នុង​ជម្លោះដីធ្លី ដោយ​ថា ដើម្បី​បង្ហាញថា រដ្ឋាភិបាល​មិន​បោះបង់​ពលរដ្ឋ​ខ្លួន ដូចដែល​វៀតណាម​យកចិត្ត​ទុកដាក់​ពលរដ្ឋ​គេ ដែល​រស់នៅ​កម្ពុជា ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​អភិវឌ្ឍន៍ និង​សិទ្ធិមនុស្ស លោក សឺន ជុំ​ជួន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អំពីករណីវៀតណាមចាប់ពលរដ្ឋខ្មែរក្រោម ជុំវិញបញ្ហាជម្លោះដីធ្លី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)
អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​អភិវឌ្ឍន៍ និង​សិទ្ធិមនុស្ស លោក សឺន ជុំ​ជួន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អំពីករណីវៀតណាមចាប់ពលរដ្ឋខ្មែរក្រោម ជុំវិញបញ្ហាជម្លោះដីធ្លី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃនេះ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​អភិវឌ្ឍន៍ និង​សិទ្ធិមនុស្ស លោក សឺន ជុំ​ជួន លើកឡើង​ថា ទោះបីជា​ខ្មែរក្រោម ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម​ក៏ដោយ ប៉ុន្តែ ខ្មែរក្រោម​នៅ​ចាត់ទុក​រដ្ឋាភិបាល​កម្ពុជា​ជា​អាណាព្យាបាល​ខ្លួន​ដដែល ។

លោក​បន្ត​ថា រូប​គាត់ និង​ពលរដ្ឋខ្មែរ​ក្រោម ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​ពួក​គាត់ ដូច​រដ្ឋាភិបាល​វៀតណាម​យកចិត្ត​ទុកដាក់​ពលរដ្ឋ​គេ ដែល​រស់នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ដែរ ។

លោក សឺ ជុំ​ជួន ថ្លែង​ថា៖ «[វៀតណាម​] គេ​ផ្ដាំ​រដ្ឋាភិបាល​ឱ្យ​មើល​សុខទុក្ខ​កូនចៅ​គេ​ផង ។ យើង​ឃើញស្រាប់​ហើយ ដី ៤០ ហិ​កតា ត្រូវ​បាន [កម្ពុជា​] សម្រួល​ពីលើ​ទឹក ឱ្យមក​នៅលើគោក ។ រី​ឯខ្មែរក្រោម​វិញ ជាខ្មែរ​ដែរ ហេតុ​អី [រដ្ឋាភិបាល​កម្ពុជា​] មិនដែល​ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម មួយម៉ាត់ សាច់ឈាម​ខ្លួន​រាប់​លាន​នាក់​អ៊ីចឹង ជួយ​មើល​សុខទុក្ខ​ផង» ។

នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជាក្រោម លោក សឺន យឿង មានប្រសាសន៍​ថា កន្លងមក ពួក​គាត់​តែង​ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម ឱ្យ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ និង​ឈប់​ធ្វើទុក្ខ​បុកម្នេញ​ពលរដ្ឋខ្មែរ​ក្រោម ប៉ុន្តែ រដ្ឋាភិបាល​វៀតណាម​មិនបាន​ដោះស្រាយ​ឡើយ ។

លោក​ស្នើ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់​ឱ្យ​មាន​សេរីភាព​វិញ រួម​ទាំង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ទៀត ដោយ​ថា ពួក​គាត់​ជា​ក៏​ខ្មែរ​ដែរ ។

លោក សឺន យឿង ថ្លែង​ថា៖ «នៅ​កម្ពុជាក្រោម ខ្មែរ​មាន​ច្រើន ប៉ុន្តែ ហាក់ដូច​រដ្ឋាភិបាល​យើង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​ពួក​គាត់ ទោះបីជា​ពួក​គាត់​កាន់សាសនា ដូចគ្នា ជនជាតិ​ដូចគ្នា ។ ដូច​យើង​បាន​លើកឡើង​ថា មិន​លូកដៃ ។ អ៊ីចឹង ខ្ញុំ​គ្រាន់តែ​ថា វា​ដូចជា​ដាច់ចិត្ត​ពេក មិន​មាន​មនោសញ្ចេតនា ចំពោះ​សាច់ឈាម​ខ្លួនឯង​សោះ» ។

ការ​ស្នើសុំ​របស់​សមាគម​ខ្មែរ​កម្ពុជាក្រោម​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម បាន​ចាប់ និង​ឃុំខ្លួន​ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់ កាលពី​ថ្ងៃទី ៧ ខែមិថុនា​កន្លងមក ក្រោយពី​ប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ​វៀតណាម ជុំវិញ​រឿង​ជម្លោះដីធ្លី​នៅ​ខេត្ត​ក្រមួនស កាលពី​ថ្ងៃទី ៥ ខែឧសភា ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ចំពោះរឿងនេះ ដោយ​លោក​ចាត់ទុក​ការ​ជួយ​អន្តរាគមន៍ មិនមែន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេសជិតខាង​ឡើយ ។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «យើង​កន្លងមក រដ្ឋាភិបាល​វៀតណាម តែងតែ​ធ្វើ​កិច្ច​អន្តរាគមន៍​ក្នុង​ការ​ជួយ​ជ្រោមជ្រែង ទៅលើ​ការរស់នៅ​ប្រជាពលរដ្ឋ​គេ នៅក្នុង​ប្រទេស​យើង ។ អ៊ីចឹង ក្នុងនាម​យើង​ជា​អាជ្ញាធរ​ប្រទេស​កម្ពុជា ដែល​មាន​ពលរដ្ឋដើម​កំណើត​ជាខ្មែរ នៅក្នុង​ប្រទេស​វៀតណាម​នោះ និង​កម្ពុជាក្រោម ដែល​ជា​ជនជាតិ​ខ្មែរ​ដូចគ្នា ក៏​គួរតែ​រដ្ឋាភិបាល​អាច​ធ្វើការ​ស្នើ​ទៅដល់​រដ្ឋាភិបាល​វៀតណាម ដូចគ្នា ដោយសារ​បញ្ហា​នេះ គេ​បាន​ធ្វើ​ចំពោះ​ពលរដ្ឋ​គេ​នៅក្នុង​ប្រទេស​យើង​រួចហើយ» ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បានទេ ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នកទទួល ប៉ុន្តែ កន្លងទៅ លោក ផៃ ស៊ី​ផាន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ករណី​ពលរដ្ឋខ្មែរ​កម្ពុជាក្រោម មិន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ដូច្នេះ ពួក​គេ​អាច​ស្វែងរក​យុត្តិធម៌​តុលាការ​វៀតណាម និង​អង្គការ​អន្តរជាតិ​បាន ។

លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា៖ «ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​មិន​លូកលាន់​ផ្ទៃក្នុង​របស់​វៀតណាម​ទេ ។ យើង​នៅតែ​ស្នើ​អ្នក​តតាំង អ្នកការពារ​សិទ្ធិមនុស្ស ឱ្យ​គាត់​មើលទៅ​ខាង​នោះ​ផង» ។

តំណាង​រាស្រ្ត​គណបក្សប្រជាជន​កម្ពុជា លោក ឈាង វុន អះអាង​ប្រាប់​សារព័ត៌មាន នៅ​ព្រលា​នយន្តហោះ​ភ្នំពេញ កាលពី​អំឡុង​ខែមិថុនា​ឆ្នាំមុន​ថា ក្នុង​ជំនួប​ពិភាក្សា​រវាង​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំ​រិន ជាមួយ​ប្រធាន​រដ្ឋសភា​វៀតណាម ភាគី​វៀតណាម បាន​ស្នើ​ដល់​កម្ពុជា​ជួយ​សម្រួល​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម ខុសច្បាប់ ដែល​កំពុង​រស់នៅ​កម្ពុជា ។

កាលពី​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ១៤៥ គ្រួសារ ស្ថិតនៅ​ភូមិ​ហ្វ​ក (ប៉​ប្រក់​) ឃុំ​ភូមី (ប៉​ប្រក់​) ស្រុក​យ៉ាង​ថាន់ (ព្រៃ​មេង​) ខេត្ត​កៀង​យ៉ាង (ក្រមួនស​) ផ្ទុះ​ការ​តវ៉ា​ម្តង​រួចមក​ហើយ​នៅ​លើ​ដី​មាន​ជម្លោះ ហើយ​ប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ​វៀតណាម ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​ជាង ១០ នាក់ រង​របួសធ្ងន់ និង​ស្រាល ។

ពលរដ្ឋខ្មែរ​ក្រោម អះអាង​ថា ពួក​គេ​បាន​កាន់កាប់ និង​អាស្រ័យផល​លើ​ដី​ទំហំ​ជាង ៣០០ ហិ​កតា​នោះ តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ហើយ​អ្នកខ្លះ​ថា ទទួល​បាន​ជា​កេរ​ចែក​ឱ្យ​ពី​ដូនតា​ជំនាន់​មុន ៕

Leave A Reply

Your email address will not be published.