ខ្មែរក្រោមទាមទារឲ្យរដ្ឋាភិបាលយកថ្ងៃ ៤ មិថុនា ជាបុណ្យជាតិនៃការបាត់បង់ទឹកដីទៅវៀតណាម
ដោយ ពេជ្រ ចំរុង | VOD
អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានស្នើជាថ្មីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពិចារណាយកថ្ងៃទី ៤ ខែមិថុនា ជាទិវាជាតិរំឭកការឈឺចាប់នៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាម ។

នៅថ្ងៃអង្គារទី ៤ ខែមិថុនានេះ គឺខួបលើកទី ៧០ឆ្នាំ ដែលអាណាព្យាបាលបារាំងបានផ្ទេរទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម ទៅឲ្យអាណានិគមវៀតណាម កាន់កាប់ និងមើលការខុសត្រូវបន្ដកាលពីសម័យនោះ បើទោះបីជាគ្មានការយល់ព្រមពីភាគីកម្ពុជាក៏ដោយ ។
នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋខ្មែរក្រោមបានប្រារព្ធខួបលើកទី ៧០ នៃទិវាកាន់ទុក្ខជាតិនៃការបាត់បង់ទឹកដីនេះ និងធ្វើពិធីរាប់បាត្រឆ្លងដោយមានព្រះសង្ឃចំនួន ១៩៤៩ អង្គ ដូចរាល់ឆ្នាំ នៅក្រោមអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ។
តំណាងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ លោក ខឿន វីរ៉ាត់ មានមតិនៅក្នុងពិធីព្រឹកនេះថា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែទទួលរងការឈឺចាប់ បន្ទាប់ពីការបាត់បង់ទឹកដីនេះ ដោយថា ពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃ ជាដើម បានទទួលរងការធ្វើទុក្ខបុកម្នេញ ការធ្វើទារុណកម្ម ការកាប់សម្លាប់ ការចាប់ចងដាក់ពន្ធនាគារ និងបំបាត់វប្បធម៌ ភាសា និងសាសនារបស់ពលរដ្ឋខ្មែរក្រោម ដែលរស់នៅទីនោះ ។
លោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាយកថ្ងៃទី ៤ ខែមិថុនា រំលឹកដល់ការឈឺចាប់ ដែលប្រទេសកម្ពុជាបានបាត់បង់ទឹកដីនេះ ទៅប្រទេសវៀតណាម ។
លោក ខឿន វីរ៉ាត់ ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ឆ្នាំ ១៩៤៩ ជាថ្ងៃកាន់ទុក្ខជាតិនៃព្រះរាជាណាចក្រកម្ពុជា ។ ពេលដែលដាក់ចូលបុណ្យជាតិ គឺកំណត់ទីតាំងច្បាស់លាស់ ឲ្យមន្ដ្រីរាជការឈប់ ឲ្យពលរដ្ឋខ្មែរឈប់ ថ្ងៃហ្នឹងជួបជុំគ្នា គឺថ្ងៃកាន់ទុក្ខ រំលឹកខួបដែលបារាំងកាន់ទឹកដីទៅឲ្យយួនគ្រប់គ្រងបន្ដ» ។
ថ្លែងក្នុងពិធីនេះផងដែរ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានការសោកស្ដាយ ដោយថា មានមេដឹកនាំខ្មែរមួយចំនួនបែរជាដឹងគុណវៀតណាម ហើយមិនហ៊ានតវ៉ាចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងបានកាត់ក្ដីដោយអយុត្ដិធម៌ទៅឲ្យវៀតណាមនៅពេលនោះ ។
ម្យ៉ាងទៀត លោកថា មេដឹកនាំកម្ពុជាគួរតែព្យាយាមផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាជាងគិតតែពីអំណាច និងធ្វើឲ្យខាតបង់ផលប្រយោជន៍ទៅប្រទេសជិតខាង ។
លោក ថាច់ សេដ្ឋា ថ្លែងថា៖ «នៅក្នុងប្រទេសកម្ពុជាយើង ហាក់ដូចជាខុសពីគេ មិនសូវរំលឹកគុណដល់អ្នកដែលតស៊ូ វីរៈបុរសរបស់ខ្លួនសោះ មានខ្លះទៀតទៅដឹងគុណយួនទៅទៀត ឲ្យយើងដឹងគុណយួនម៉េចកើត បើយួនសម្លាប់វីរៈបុរសរបស់ខ្លួនយើង ។ ប៉ុន្ដែ ខ្ញុំជឿហើយថា មានតែអ្នកដែលបានទទួលប្រយោជន៍ពីយួន អ្នកដែលយួនបន្ដុប ដែលបានផលប្រយោជន៍ពីយួនហ្នឹងហើយ ជាអ្នកដឹងគុណយួននោះ» ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការទាមទារយកថ្ងៃទី ៤ ខែមិថុនា ជាទិវាជាតិនោះ គឺមិនអាចទៅរួចនោះទេ និងថា គ្រាន់តែជាការដាក់បន្ទុកលើរដ្ឋាភិបាលបច្ចុប្បន្នប៉ុណ្ណោះ ។
លោក សុខ ឥសាន អះអាងផងដែរថា ការទាមទារយកទឹកដីកម្ពុជាក្រោមត្រឡប់មកវិញ គឺមិនអាចធ្វើទៅបាននោះទេ ដោយថា បារាំងបានកាត់ទឹកដីទៅឲ្យវៀតណាមរួចទៅហើយ ហើយកម្ពុជាក៏មិនមានសិទ្ធិស្របច្បាប់ ក្នុងការទាមទារយកមកវិញនោះដែរ ។
លោក បន្ដថា៖ «តាំងពីឆ្នាំ ១៩៤៩ មកទល់ដល់ពេលនេះ មានរាជរដ្ឋាភិបាលជាង ៧០ ហើយមិនដែលមានរដ្ឋាភិបាលណាគិតពីរឿងយកថ្ងៃទី ៤ ខែមិថុនាហ្នឹង ធ្វើជាទិវាបាត់បង់ដែនដីកម្ពុជាក្រោមទេ ។ ដូច្នេះ អ្នកស្នើហ្នឹងហាក់ដូចជាដាក់បន្ទុកមកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន ។ […] ក៏ប៉ុន្ដែសម្រាប់ដែនដីកម្ពុជាក្រោម ៧០ ឆ្នាំហើយហ្នឹង យើងអត់មានទាមទារអីតាំងពីដើមមក ខ្ញុំយល់ថា វាអត់ឈ្នះគេទេ» ។
បើទោះបីជាទឹកដីកម្ពុជាក្រោមបានបាត់បង់ និងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមក៏ពិតមែន ប៉ុន្ដែ ពលរដ្ឋខ្មែរនៅទីនោះ នៅតែបន្ដទាមទារសិទ្ធិសេរីភាព និងសិទ្ធិមូលដ្ឋានមួយចំនួន ដែលត្រូវបានធានាដោយច្បាប់អន្ដរជាតិ ។
បើគិតមកទល់ឆ្នាំ ២០១៩ នេះ ពលរដ្ឋខ្មែរក្រោមបានប្រារព្ធពិធីរំលឹកខួបនេះ ២០ ដងរួចមកហើយ ចាប់ពីតាំងពីឆ្នាំ ២០០០ មក ៕
;