អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ថ្កោលទោស​ករណី​ឃាតកម្ម​ លើ​ព្រះ​គ្រូសូត្រឆ្វេងនៃ​វត្ត​សាមគ្គី​រង្សី

145

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​អង្គារ ដោយ​ថ្កោលទោស​ករណី​ឃាតកម្ម​ទៅលើ​ព្រះ​គ្រូសូត្រឆ្វេង​វត្ត​សាមគ្គី​រង្សី ព្រះនាម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១២ ខែមករា ២០១៥ បង្កឡើង​ដោយ​ព្រះសង្ឃ​មួយអង្គ គង់​ក្នុង​វត្ត​ជាមួយគ្នា ។​

ព្រះឆាយាលក្ខណ៍ ភិក្ខុ ថាច់ ខាន់ នៅក្នុងកម្មវិធីបុណ្យឈាបនកិច្ច នៅក្នុងវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថត សឺន ចែងចើន
ព្រះឆាយាលក្ខណ៍ ភិក្ខុ ថាច់ ខាន់ នៅក្នុងកម្មវិធីបុណ្យឈាបនកិច្ច នៅក្នុងវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថត សឺន ចែងចើន

​ទន្ទឹម និង​នេះដែរ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​ចាប់ខ្លួន​ឃាតករ​បាន​ហើយ​នោះ សូម​ឲ្យ​វិនិច្ឆ័យ​ទោស​ប្រកប​គតិ​យុត្តិធម៌​តាមផ្លូវ​ច្បាប់ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រមទាំង​ញាតិ​សារ​លោហិត​ផង ។​

ញាតិ​សារ​លោហិត ព្រះតេជព្រះគុណ ថាច់ ខាន់ ឡើងមកពីខេត្តឃ្លាំង កម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ញាតិ​សារ​លោហិត ព្រះតេជព្រះគុណ ថាច់ ខាន់ ឡើងមកពីខេត្តឃ្លាំង កម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

ខាងក្រោមនេះ ជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍​របស់លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ​៖

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​

​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

​លេខាធិការដ្ឋាន​

សេចក្ដីថ្លែងការណ៍​

​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្ដែង​សេចក្ដី​ក្រៀមក្រំ និង​សោកស្ដាយ​ចំពោះ​ករណី​ឃាតកម្ម​មកលើ​ព្រះ​គ្រូសូត្រឆ្វេង​វត្ត​សាមគ្គី​រង្សី ព្រះនាម ថាច់ ខាន់ កាលពី​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើងខណៈ​ព្រះគ្រូ​សូត្រ​វត្ត​សាមគ្គី​រង្សី ព្រះតេជព្រះគុណ ថាច់ ខាន់ និមន្ត​អង្គ​សាមណេរ​មួយ​ព្រះអង្គ​ព្រះនាម លី ទ្វឹ​ង (​ហៅ ចាន់ សុភ័ក្ត្រ​) មក​ណែនាំ ដោយ​សាមណេរ​អង្គ​នេះ​បាន​ដើរ​បក​ប័ណ្ណប្រកាស​របស់​គណៈកម្មកា​រ​សង្ឃ​ក្នុង​វត្ត​ចោល​។ ប៉ុន្ដែ​សាមណេរ​អង្គ​នេះ​មិន​ព្រមស្ដាប់ ជម្លោះ​ពាក្យសម្ដី​ក៏បាន​កើតឡើង និង​ឈានដល់​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដោយ​សាមណេរ លី ទ្វឹ​ង (​ហៅ ចាន់ សុភ័ក្ត្រ​) បាន​ហូត​កាំបិត​ចាក់​ព្រះ​គ្រូសូត្រឆ្វេង ថាច់ ខាន់ ជាច្រើន​កន្លែង​បណ្ដាល​ឲ្យ​សុគត​។​

ឆ្លងកាត់​តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា​ពី​អង្គហេតុ​រវាង​ព្រះសង្ឃ គណៈកម្មការ​វត្ត ជាមួយនឹង​មន្ដ្រី​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពី​យប់ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​សម្គាល់​ឃើញថា ករណី​ឃាត​កម្មនេះ​ហាក់​មាន​ជន​នៅ​ពី​ក្រោយខ្នង​។ ព្រោះថា ទី​១. ព្រះតេជព្រះគុណ ថាច់ ខាន់ ធ្លាប់បាន​ចូលរួម​ព្រឹត្តិការណ៍​សង្គម​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ទី​២. ថ្មីៗ​នេះ​ឥរិយាបថ​របស់​សាមណេរ លី ទ្វឹ​ង (​ហៅ ចាន់ សុភ័ក្ត្រ​) ប្រែប្រួល​ទៅជា​ច្រងេងច្រងាង​ដាក់​ថ្នាក់ដឹកនាំ​សង្ឃ​ក្នុង​វត្ត ស្របពេល​ដែល​ភាព​រកាំរ​កួស​ក្នុង​វត្ត​កំពុង​កើតមាន​។ ទី​៣. សាមណេរ លី ទ្វឹ​ង (​ហៅ ចាន់ សុភ័ក្ត្រ​) បាន​យក​កាំបិត​ទៅជា​មួយ​ក្នុង​ចេតនា​ធ្វើឃាត​មកលើ​ព្រះ​គ្រូសូត្រឆ្វេង​។​

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មិន​គាំទ្រ និង​ថ្កោលទោស​ចំពោះ​ទង្វើ​ប្រកបដោយ​ភាពអវិជ្ជា​របស់​ជនល្មើស​។ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្វាគមន៍​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​បាន​ចាប់ខ្លួន​ឃាតករ​ភ្លាម​និង​ឃាត់ខ្លួន​ដើម្បី​ជំនុំជម្រះ​តាមផ្លូវ​ច្បាប់​។ ទន្ទឹម​និង​នេះដែរ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​បំពេញភារកិច្ច​ប្រកបដោយ​គតិយុត្តិ​ធម៌ ស្វែងរក​ជន​សមគំនិត និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​វិនិច្ឆ័យ​ទោស​តាមផ្លូវ​ច្បាប់​។​

​រាជធានី​ភ្នំពេញ ថ្ងៃទី ​១៣ ខែមករា ឆ្នាំ​ ២០១៥

Comments are closed.