អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជួប​សំណេះសំណាល និង​នាំយក​អំណោយ ជូន​ដល់​គ្រួសារ​អតីត​បុគ្គលិក​អាស៊ីសេរី ២ នាក់​ ​

0 3,652

ដោយ ស៊ឺន ចែងចើន| VOKK

​ក្រុម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​រសៀល​ថ្ងៃទី ២៦ សីហា នេះ បាន​ទៅសួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​គ្រួសារ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី ២ នាក់ គឺ​លោក យាង សុធា​រិន្ទ ហៅ យាង សុជា​មេត្តា និង​លោក អ៊ួ​ន ឈិន ដែល​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ ២១ ខែ សីហា ។​

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជួប​សំណេះសំណាល និង​នាំយក​អំណោយ ជូន​ដល់​គ្រួសារ​អតីត​បុគ្គលិក​អាស៊ីសេរី ២ នាក់​ ។ រូបថតៈ ស៊ឺន ចែងចើន
អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជួប​សំណេះសំណាល និង​នាំយក​អំណោយ ជូន​ដល់​គ្រួសារ​អតីត​បុគ្គលិក​អាស៊ីសេរី ២ នាក់​ ។ រូបថតៈ ស៊ឺន ចែងចើន

​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចូលរួម​ពិធី​សំណេះសំណាល​នេះ រួមមាន លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ប៊ុន មុនី (​ហៅ ថាច់ ឡែ​ន​) ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក សឺ​ង យឿ​ង ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក យន្ត ថា​រ៉ូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម តំណាង​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ព្រះតេជព្រះគុណ ប៉ាង សូ​ដា ព្រះចៅអធិការ​វត្តភ្នំ​ពេញ​ថ្មី ។​

​ថ្លែង​ទៅកាន់​ក្រុមគ្រួសារ​លោក យាង សុធា​រិន្ទ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ មានប្រសាសន៍ថា អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា មាន​សេចក្តី​រីករាយ និង​ចូលរួម​អបអរសាទរ ចំពោះ​ការដោះលែង​អតីត​បុគ្គលិក​ពីរ​នាក់​ឲ្យ​មាន​សេរីភាព និង​បាន​ជួបជុំ​គ្រួសារ​វិញ ។ ជាពិសេស លោក យាង សុធា​រិន្ទ ក្នុងនាម​ជា​ជន​រួម​ឈាម​ខ្មែរក្រោម​ផង​នោះ លោក តាំង សារៈ បាន​សម្តែង​ការសោកស្តាយ និង​ខកចិត្ត​ជាខ្លាំង ជុំវិញ​ការចាប់ខ្លួន​នេះ ។

​ក្រៅពី ចូលរួម​ត្រេកអរ​ជាមួយ​ក្រុមគ្រួសារ លោក យាង សុធា​រិន្ទ និង​សហការី​របស់លោក​ម្នាក់​ទៀត លោក តាំង សារៈ ក៏បាន​នាំយក​អំណោយ ពី​សប្បុរសជន និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​សហរដ្ឋអាមេរិក ជួយឧបត្ថម្ភ ដើម្បី​សម្រួល​ដោះស្រាយ​ជីវភាព​លំបាក​នានា​ជា​បណ្តោះអាសន្ន ក្រោយពី​ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​អស់​ជាច្រើន​ខែ ។​

​លោក យាង សុធា​រិន្ទ អតីត​និពន្ធ​នាយក​វិទ្យុ​អាស៊ីសេរី និង​លោក អ៊ួ​ន ឈិន អតីត​អ្នកគ្រប់គ្រង​ផ្នែក​វីដេអូ​របស់​វិទ្យុ​អាស៊ីសេរី ត្រូវបាន​អាជ្ញាធរ​ខណ្ឌមានជ័យ​ឃាត់ខ្លួន និង​រឹបអូស​សម្ភារៈប្រើប្រាស់ កាលពី​រាត្រី​ថ្ងៃទី ១៤ វិច្ឆិកា នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ ស្ថិតនៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្រុងភ្នំពេញ ។ ពួកគេ​ត្រូវបាន​សង្ស័យថា បាន​លួច​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់ និង​លួច​ផលិត​ព័ត៌មាន​បញ្ជូន ពី​ប្រទេស​កម្ពុជា​ទៅកាន់​វិទ្យុ​អាស៊ីសេរី​ដែល​មានមូលដ្ឋាននៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី សហរដ្ឋ​អាម៉េរិក ។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​រិ​យា​ល័យ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​ភ្នំពេញ​បាន​បង្ខំចិត្ត​បិទទ្វារ​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន កាលពីដើម​ខែកញ្ញា​ឆ្នាំទៅ ។​

​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីររូប ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ ដែល​រហូតមក​ដល់ពេលនេះ មាន​រយៈពេល​ជាង ៩ ខែ ក្រោម​បទចោទប្រកាន់ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ការ​ការពារជាតិ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ឆ្នាំ ២០១៧ តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​» ។ បទល្មើស​នេះ អាច​ប្រឈម នឹង​ការកំណត់​ទោស​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ។​

​លោក យាង សុធា​រិន្ទ បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ ចំពោះ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បងប្អូន​ជន​រួម​ឈាម​ខ្មែរក្រោម និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ដែល​តែងតែ​បង្ហាញ​ពី​ការ​ខ្វាយខ្វល់ និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង នៅពេលដែល​លោក​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ ។ លោក​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​គ្រួសារ​លោក​ទទួល​អំណោយ​ពី​បងប្អូន​ខ្មែរក្រោម និង​សប្បុរសជន​នានា នៅ​គ្រប់​ទីកន្លែង ។ កន្លងមក​គ្រួសារ​របស់លោក ក៏​ធ្លាប់​បានទទួល​អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន​នានា​ខ្លះ​ដែរ ដែល​អាចជួយ​សម្រាល​ប​ន្ទុ​ក​គ្រួសារ​របស់លោក ពេល​កំពុង​ប្រឈម នឹង​បញ្ហា​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។ លោក​ថា នេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ជន​រួម​ឈាម​ខ្មែរក្រោម ដូចគ្នា ។

​បន្ថែម​ពីលើ​នេះ លោក​មើលឃើញថា បើទោះបីជា​រដ្ឋាភិបាល និង​តុលា​ការមិន​បានផ្តល់​យុត្តិធម៌​ដល់​រូបលោក ទាំង​ដែល​លោ​មិនបាន​ប្រព្រឹត្ត​កំហុស ដូច​ការចោទប្រកាន់រ​បស់​តុលាការ​ក្តី ក៏​នៅមាន​ប្រជាពលរដ្ឋ​ជាច្រើន បានបង្ហាញ​ការគោរព​ស្រលាញ់ និង​យល់​ពី​ស្ថានភាព​ការងារ​របស់លោក ព្រមទាំង​ឲ្យ​តម្លៃ និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ដូច​រូបលោក ។ កត្តា​ទាំងអស់​នេះហើយ ដែលជា​មូលហេតុ​ចម្បង ធ្វើ​ឲ្យ​លោក មាន​កម្លាំងកាយ​កម្លាំង​ចិត្ត និង​ស្មារតី​រឹងមាំ ក្នុងការ​តស៊ូ​មតិ​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួន​លោក ។​

​ចំណែក​លោក លោក អ៊ួ​ន ឈិន បើទោះជា​មិនបាន​មក​ទទួល​អំណោយ​ដោយផ្ទាល់ ពី​អង្គការ សមាគម​ខ្មែរ​កម្ពុ​ក្រោម​ក្តី ។ តាមរយៈ​ទូរ​សព្ទ លោក​បាន​សម្ដែង​ក្ដីរំភើប​រីករាយ និង​អរគុណ​ចំពោះ អង្គការ សមាគម​ខ្មែរក្រោម ដែល​បាន​ផ្ញើ​អំណោយ​ជូន និង​លើកទឹកចិត្ត​ដល់​រូបលោក ។ លោក អ៊ួ​ន ឈិន ក៏បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ជូនពរ​ដល់​សមាជិក សមាជិក និង​ថ្នាក់ដឹកនាំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជន​រួម​ឈាម​ខ្មែរក្រោម ដោយ​លោក​តម្កល់​ក្នុង​បេះដូង​ថា ជា​ឈាម​ខ្មែរ​តែមួយ ។​

លោក យាង សុធា​រិន្ទ និង​លោក អ៊ួ​ន ឈិន ស្នើ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​នូវ​ការចោទប្រកាន់​នេះ​ទាំងស្រុង ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ ដូច​ពលរដ្ឋ​ទូទៅ ។ ដោយឡែក លោក យាង សុធា​រិន្ទ មានបំណង​ចង់ទៅ​កម្ពុជា​ក្រោម ដែលជា​ស្រុកកំណើត​របស់លោក ដើម្បី​សួរសុខទុក្ខ ឪពុកម្តាយ​ចាស់ជរា និង​មាន​ជម្ងឺ​ប្រចាំកាយ​ផង ។ ប៉ុន្តែ លោក​ថា តុលាការ នៅ​មិនទាន់​ដោះលែង​លោក​មាន​សេរីភាព​ពេញលេញ​នៅឡើយ​ទេ ។​

​គួរ​ជម្រាបជូន​ថា ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ក្រុងភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេច​អោយ​អ្នក​ទាំង ២ បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ឋិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។ បើតាម​ដីកា​ដដែល​ពន្យល់ថា ការត្រួតពិនិត្យ​នេះ គឺ​ដើម្បី​ធានា​វត្តមាន​របស់​អ្នក​ទាំង ២ ដែលជា​ជនជាប់ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ក្នុងនោះ​អ្នក​ទាំង ២ ត្រូវអនុវត្ត​តាម​ការ​បង្គាប់​របស់​ចៅក្រម​មួយចំនួន​រួមមាន​៖ ត្រូវ​ឆ្លើយតប នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ មិនត្រូវ​ផ្លាស់​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ មិនត្រូវ​ចេញទៅ​ក្រៅប្រទេស ត្រូវ​បង្ហាញខ្លួន​នៅ​សប្ដាហ៍​ទី ១ ជា​រៀងរាល់ខែ នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ ។ ប្រសិនបើ​មិនបាន​អនុវត្តតាម​ការបង្គាប់​នេះ​ទេ អ្នក​ទាំង ២ អាច នឹងត្រូវ​ចាប់ខ្លួន​ឡើងវិញ ៕

រូបថតខ្លះៗ ក្នុងជួប​សំណេះសំណាល និង​នាំយក​អំណោយ ជូន​ដល់​គ្រួសារ​អតីត​បុគ្គលិក​អាស៊ីសេរី ២ នាក់​ ​របស់អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

Leave A Reply

Your email address will not be published.