ខ្មែរក្រោម ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅទន្លេបាសាក់ ខេត្តឃ្លាំង ដើម្បីថែរក្សាប្រពៃណីដូនតា
ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីដើមកំណើតដែលវៀតណាមត្រួតត្រានោះ កំពុងនាំគ្នាប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដូចពលរដ្ឋខ្មែរនៅកម្ពុជាដែរ។ សព្វថ្ងៃ ព្រះរាជពិធីបុណ្យនេះ ត្រូវបានពលរដ្ឋខ្មែរក្រោម ប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ ជាច្រើនទៀត បើទោះជាព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជាក្រោម ត្រូវបានរៀបចំ និងចាត់ចែង ដោយអាជ្ញាធរវៀតណាមក្ដី។

រៀងរាល់ឆ្នាំ ពលរដ្ឋខ្មែរក្រោម តែងរៀបចំព្រះរាជពិធីបុណ្យអុំទូក ចំពេលរដូវទឹកសម្រកក្នុងខែកក្ដិក ឬ ខែវិច្ឆិកា។ ពួកគេអះអាងថា ការនាំគ្នាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដោយសារដូនតាបន្សល់ទុកឲ្យ។ ព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជាក្រោម ប្រារព្ធឡើង តំណាលគ្នា នឹងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញដែរ។ ទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅកម្ពុជា មាន ២ទីតាំង គឺនៅខេត្តឃ្លាំង និងខេត្តព្រះត្រពាំង។
ព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជាក្រោម ត្រូវបានពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ដំបូងគេនាំគ្នាប្រមូលផ្ដុំទូក ង តាមវត្តនានា គ្រប់ខេត្តទាំងអស់ ដឹកតាមផ្លូវគោក និងផ្លូវទឹក បញ្ជូនយកទៅអុំប្រណាំងគ្នា ក្នុងទន្លេបាសាក់ នៃខេត្តឃ្លាំង។ សម្រាប់ខេត្តព្រះត្រពាំងវិញ មានទូក ង តែ៨ប៉ុណ្ណោះ គឺជាទូកលេខ១ ប្រចាំស្រុកទាំង៧ និងទីរួមខេត្ត មាន ១ទូក សម្រាប់អុំប្រណាំងគ្នា នៅខេត្តព្រះត្រពាំង។ ទូក ង ដែលនៅសេសសល់ នឹងត្រូវបញ្ជូនទៅអុំប្រណាំង នៅខេត្តឃ្លាំងទាំងអស់។
ពិធីប្រណាំងទូក នៅខេត្តឃ្លាំង ឆ្នាំ២០១៨ មានទូកចូលរួមអុំប្រណាំងចំនួន ៤១ទូក។ ទូក ង ទាំងនោះ ជាប្រភេទទូកវែង មានចំនួនជាង ៥០នាក់ និងត្រូវមានរចនាបថ ជាទូក ង ខ្មែរ ដូចទូកប្រណាំងនៅរាជធានីភ្នំពេញដែរ។
ឯកសារស្ដីពី ល្បែងប្រណាំងទូក របស់ក្រុមជំនុំទំនៀមទំលាប់ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង ជាអាចារ្យនៅពុទ្ធសាសនបណ្ឌិតរង នៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម សរសេរថា សម័យលង្វែក ព.ស ឆ្នាំ២០៧១ ត្រូវនឹង គ.ស ឆ្នាំ១៥២៨ ព្រះបាទអង្គច័ន្ទ១ ទ្រង់បានតែងតាំងពញាតាតឲ្យមានងារ ជាស្តេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចត្រាញ់ពញា តាត បានចាត់ចែង ទាហានជើងទឹក ការពារស្រុកបាសាក់ ជា ៣ក្រុម គឺក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវ ពីរជួរដែលមានទ្រង់ទ្រាយដូច ទូកប្រណាំងសព្វថ្ងៃដែរ។ ឯក្រុមទី៣ ហៅថា ទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោង មានទ្រង់ទ្រាយ ដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយ កាត់ខាងមុខតែឥតជញ្ជាំង។ ជាទូទៅ គឺសម្រាប់ដាក់ស្បៀងអាហារសម្រាប់កងទ័ព។ របៀបហាត់ច្បាំង គឺទ័ពជើងទឹក មានមន្ត្រី៤ទិស ហៅថា ចតុស្ដម ជាមេទ័ព និងស្ថិតនៅក្រោមឱវាទ របស់ស្តេចត្រាញ់ស្រុកបាសាក់។ ស្ដេចត្រាញ់ស្រុកបាសាក់ បានកំណត់ថ្ងៃពេញបូរមី ខែកក្តិក ជារដូវអកអំបុក មន្រ្តីទាំង ៤ទិស ត្រូវកេណ្ឌទាហានជើងទឹក ទាំងជើងគោក ធ្វើសមយុទ្ធ មួយថ្ងៃមួយយប់រាល់ឆ្នាំ។ ទាហានជើងទឹកទៀតសោត ក៏ត្រូវឱ្យទៅប្រឡងឫទ្ធិ នៅទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ដ្បិតទីនោះ ជាទីប្រជុំទឹកគ្រប់ខេត្ត និងទៅមកបានស្រួល។
គ្រូបាលីរងនៃពុទ្ធិកបឋមសិក្សាវត្តពោធិ៍ ស្រុកពោធិរម្យ ខេត្តឃ្លាំង លោកអាចារ្យ យ៉ាន់ វី ឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជាក្រោម មានជាយូរលង់ណាស់មកហើយ។ នៅដំណាល ព្រះរាជពិធីបុណ្យអុំទូក ពលរដ្ឋខ្មែរក្រោម នាំគ្នាប្រារព្ធពិធីបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដូចខ្មែរនៅកម្ពុជាដែរ៖ «»
ពលរដ្ឋខ្មែរក្រោម ឲ្យដឹងថា ពីមុនជនជាតិខ្មែរ នៅកម្ពុជាក្រោម ជាអ្នករៀបចំផ្ដួចផ្ដើម រៀបចំព្រះរាជពិធីបុណ្យអុំទូក ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានចាត់បញ្ជូលព្រះរាជពិធីបុណ្យអុំទូក ជាកីឡាមួយប្រភេទរបស់វៀតណាម ដូច្នេះអាជ្ញាធរៀតណាម ជាអ្នករៀបចំ។ មិនមានទូក ង របស់ជនជាតិវៀតណាមចូលរួមអុំប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូកខ្មែរក្រោមទេ ប៉ុន្ដែ ទូក ង ខ្លះ មានកីឡាករចំណុះទូក ជាជនជាតិវៀតណាម ដែលរស់នៅក្នុងភូមិស្រុក ជាមួយជនជាតិខ្មែរ នៅកម្ពុជាក្រោម។ ទូក ង នៅកម្ពុជាក្រោម ត្រូវបានគេប្រសិទ្ធិនាម យកឈ្មោះ តាមវត្ត ដែលគេតម្កល់ទូក។ មានតែទូក ង ចំនួន៨ ដែលអុំប្រណាំងនៅខេត្តព្រះត្រពាំង ដែលគេយកឈ្មោះ តាមឈ្មោះស្រុកទាំង៧ និងឈ្មោះទីរួមខេត្តព្រះត្រពាំង ព្រោះជាទូកតំណាងឲ្យស្រុក និងខេត្ត។
សៀវភៅឈ្មោះ ជ័យវរ្ម័នទី៧ តម្កល់ក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅរាជធានីភ្នំពេញ បានចងក្រងថា នៅសម័យអង្គរ នាគ្រិស្តសករាជ សតវត្សរ៍ទី១២ នៅកម្ពុជា មានសេចក្ដីសុខក្សេមក្សាន្តរុងរឿងណាស់ មានព្រះបាទជ័យវរ្ម័នទី៧ ជាស្ដេចចេញធ្វើសង្គ្រាមជើងទឹកដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូក ជាកងចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ នៅគ្រិស្ដសករាជ ១១៧៧ ដល់ឆ្នាំ ១១៨១។ រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។ ក្នុងចម្លាក់ មានកងទ័ពទូក យ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំង ដោយទ្រង់ធ្នូ និងដំបង ដ៏ស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
បច្ចុប្បន្ន ព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ មានការយាងទតពីព្រះមហាក្សត្រ ដោយផ្ទាល់។ សម្រាប់ការប្រណាំងទូក នៅកម្ពុជាក្រោមវិញ អាជ្ញាធរវៀតណាម បានរៀបចំដាក់ផ្ទាំងរូបថតអតីតមេដឹកនាំប្រទេសវៀតណាម លោក ហូ ជីមិញ នៅលើទូកធំ និងទូកតូចៗ ជាច្រើន ដើម្បីបង្ហាញអ្នកចូលរួមទស្សនា។
ប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរក្រោម ព្រះតេជគុណ សឺន សុផារិន្ទ រំលឹកថា អាជ្ញាធរវៀតណាម បានហាមមិនឲ្យខ្មែរនៅខេត្តឃ្លាំង រៀបចំព្រះរាជពិធីបុណ្យអុំទូក ដោយសារតែវៀតណាម ជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ។ ប៉ុន្ដែពលរដ្ឋខ្មែរមិនព្រមទេ នៅតែរៀបចំកម្មវិធីដោយខ្លួនឯង ទើប អាជ្ញាធរវៀតណាម សម្រេចចាត់ចែងកម្មវិធីប្រណាំងទូកតាំងពីពេលនោះមក។ សម្រាប់ទូក ង ដែលចូលរួមអុំប្រណាំងវិញ ព្រះអង្គ សឺន សុផារិន្ទ មានព្រះថេរៈ ថា អាជ្ញាធរវៀតណាម បានតម្រូវឲ្យដាក់ឈ្មោះទូកជា ២ភាសា គឺម្ខាងនៃទូក សរសេរឈ្មោះជាភាសាខ្មែរ និងម្ខាងទៀត សរសេរជាភាសាវៀតណាម៖ «»
ការបញ្ជូនទៅអុំប្រណាំង នៅខេត្តឃ្លាំង ត្រូវបានគេបញ្ជូនទៅតាមផ្លូវទឹក ព្រោះទឹកដីខេត្តឃ្លាំងសំបូរផ្លូវទឹក ជាដីសណ្ដរនៃទន្លេមេគង្គ។ ព្រះអង្គ សឺន សុផារិន្ទ ឲ្យដឹងបន្ថែមថា សម្រាប់វត្តនៅទីឆ្ងាយពីទន្លេ អាចប្រើឡាន ដើម្បីបញ្ជូនទៅអុំប្រណាំង។ នៅពេលគេទម្លាក់ទូកពីទីតម្កល់នៅតាមវត្ត កីឡាករ និងគណៈកម្មការគ្រប់គ្រងអុំទូក និមន្ដព្រះសង្ឃ ធ្វើពិធីសូត្រមន្ដ និងលេងភ្លេងពិណពាទ្យ បើកភ្នែកទូក។ នៅពេលយប់ គេនាំគ្នាធ្វើប្រទីប តូចៗ ជារូបរាងប្រាសាទ ឬ រូបរាងព្រះវិហារ ដើម្បីបណ្ដែតតាមទន្លេ ឬនៅស្រះគូរ ជាស្រះប្រវត្តិសាស្ត្រ នៅខេត្តព្រះត្រពាំង។
នៅពេលយប់ពេញបូរមី ខែកក្ដិក គេនាំគ្នាសំពះព្រះខែ អកអំបុកតាមផ្ទះ ទូទាំងទឹកដីខ្មែរក្រោម ដែលមានខ្មែររស់នៅ។ ចំណែកនៅតាមវត្តអារាមវិញ ពុទ្ធបរិស័ទនាំគ្នាបង្ហោះគោម ជួបជុំគ្នា យកចេក ដំឡូង ដូង អំបុក បង្អកគ្នាទៅវិញទៅមក។ ពុទ្ធបរិស័ទវត្តខ្លះ បង្កើតកម្មវិធីរាំលេងកម្សាន្ដ អបអរសាទរពិធីអកអំបុក ៕ RFA