ខ្មែរក្រោមនៅកម្ពុជាគ្រោងនឹងធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម នៅថ្ងៃទី ១៣ ខែតុលា
ដោយ ថាច់ ប្រីជា គឿនl សារព័ត៌មាន ព្រៃនគរ
អង្គការសមាគមខ្មែរក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា គ្រោងនឹងធ្វើបាតុកម្ម នៅមុខស្ថានទូត វៀតណាម នាទីក្រុងភ្នំពេញ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះ លែងព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ៧ ផ្សេងទៀតដែល ត្រូវបានតុលាការ ខេត្តឃ្លាំង នៃបក្ស កុម្មុយនិស្តវៀតណាម កាត់ប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារ ពី ១០ ខែទៅ ៦ ឆ្នាំ កាលពីថ្ងៃទី ២៥ និង ២៧ ខែកញ្ញា កន្លងទៅនេះ ។

ខ្មែរក្រោមនៅកម្ពុជាគ្រោងនឹងធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម នៅថ្ងៃទី ១៣ ខែតុលា
យោងតាមសេចក្ដីជូនដំណឹងមួយច្បាប់ដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបានថ្ងៃទី ០៦ ខែតុលា នេះថា អង្គការសមាគមខ្មែរក្រោម នឹងធ្វើបាតុកម្មនៅ “វេលាម៉ោង ៨៖ ៣០ នាទី ព្រឹក រហូតដល់ ម៉ោង ១២ ថ្ងៃត្រង់ នៅមុខស្ថានទូតវៀតណាម នា រាជធានីភ្នំពេញ” ។
ការធ្វើបាតុកម្មនេះ ក្នុងគោលបំណង ៣ យ៉ាង គឺ៖
ទី ១- ដើម្បីស្វែងរកយុត្តិធម៌ប្រគេនព្រះសង្ឃ និងជូនពលរដ្ឋខ្មែរកម្ពុជាក្រោម នៅឯដែនដីកម្ពុជាក្រោម (វៀតណាមខាងត្បូង) ដែលកំពុងត្រូវបានប្រឈមទៅនិងការរំលោភសិទ្ធិមនុស្សពីសំណាក់ អាជ្ញាធរ វៀតណាម ។
ទី ២- ស្នើដល់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវដោះលែងព្រះសង្ឃ ២ ព្រះអង្គ និង ពលរដ្ឋខ្មែរក្រោម ៧ នាក់ ដែលតុលាការប្រជាជនវៀតណាមបានកាត់ទោសកាលពីព្រឹកថ្ងៃទី ២៥ និង ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ដើម្បីឱ្យពូកគាត់មានសេរីភាពឡើងវិញ ។
ទី ៣- សូមអំពាវនាវទៅដល់អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាមមេត្តាជួយ តាមដានឃ្លាំមើល និងអន្តរាគមន៍នូវរាល់អំពើរំលោភសិទ្ធិមនុស្សមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជា ក្រោម ដែលប្រព្រឹត្តដោយរដ្ឋអំណាច និងរដ្ឋាភិបាលវៀតណាម ។
ក្រៅពីអង្គការសមាគមខ្មែរក្រោម នៅទីក្រុងភ្នំពេញ ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសក៏កំពុងនាំគ្នាត្រៀម ខ្លួនធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមទូទាំងពិភពលោកផងដែរ ។
កាលពីថ្ងៃទី ២៥ និងថ្ងៃទី ២៧ ខែកញ្ញា តុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង បានបើកសវនាកាត់ទោសព្រះសង្ឃចំនួន ២ អង្គ និងពលរដ្ឋខ្មែរក្រោមចំនួន ៧ នាក់ ឲ្យជាប់ពន្ធនាគារពី ១០ ខែទៅ ៦ ឆ្នាំ ដោយចោទប្រកាន់ពីបទបង្កឲ្យមានការខូចខាតសណ្ដាប់ធ្នាប់សាធារណៈ ការផ្តល់ផ្ដល់សម្ភាសន៍ដល់ វិទ្យុសំឡេងកម្ពុជាក្រោម និង វិទ្យុអាស៊ីសេរី ទាក់ទងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងពីបទប៉ងរត់ចេញទៅក្រៅប្រទេសដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម ។
កាលពីថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាម ប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម ។
ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមទាំង ៥ នាក់ នេះ មានស្រុកកំណើតនៅភូមិបៀងដុង A (Bien Dong A ) ឃុំ វិញត្រាច់ដុង (Vinh Trach Dong) ទីក្រុងពលលាវ ខេត្តពលលាវ ម្នាក់ៗត្រូវបានតុការដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាមសម្រេចប្រកាស សាលក្រមឲ្យជាប់គុក ដូចតទៅ ៖
១.អ្នកស្រី លី ធី សាបុត (Lý Thị Sà Bột) ១ ឆ្នាំ
២.អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ
៣.អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ
៤.លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ និង
៥.លោក តាំង ផល្លា (Tăng Pho La) ១០ ខែ
ចំណែកអ្នកស្រី លី ធី សាបុត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ព្រោះគាត់បានភៀសខ្លួនចេញទៅក្រៅប្រទេសមុនពេលវៀតណាមចាប់ខ្លួន ។
យោងតាមសេចក្ដីប្រកាសរបស់ចៅក្រមនៅក្នុងអង្គសវនាការនេះថា ពលរដ្ឋខ្មែរក្រោមទាំង ៥ រូបនេះ ត្រូវ បានចោទប្រកាន់ទោស ព្រោះបានជួយទូងស្គរ និងវៃរគាំងនៅវត្តព្រៃជាប់ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បីប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលវៀតណាម ក្នុងការចាប់ផ្សឹកព្រះតេជព្រះគុណ លី ចិន្ដា ។
មកដល់ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាមបានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបឲ្យជាប់គុកម្នាក់ៗពី ២ ទៅ ៦ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សចេញទៅក្រៅប្រទេស” និង ” ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំង ប្រឆាំងរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម” ។
សាលក្រមនេះ បានសម្រេចផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្តសេរីតាសេកឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្តសេរីតាសេក ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិរិទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេស ក្រៅដើម្បីប្រឆាំងរដ្ឋាភិ បាល” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ចាត់តាំងនាំ មនុស្សរត់ចេញទៅប្រទេស ក្រៅ” ។ អ្នកទាំង ៤ រូបនេះ មានស្រុកំណើត ឃុំវិញហាយ (Vĩnh Hải) ស្រុកជ្រោយញរ ខេត្តឃ្លាំង ។
កាលពីថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមបានធ្វើមហាបាតុកម្មទូទាំងពិភព លោក ដើម្បីទារឲ្យវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនេះផងដែរ ។ ការធ្វើនោះ ស្របពេលដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនេះ ត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ គុកកាលពីខែឧសភា កន្លងទៅនេះ ។
សហព័ន្ធខ្មែរក្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ និងធ្វើ របាយ ការណ៍ស្ដីពីបញ្ហានេះ ទៅសហគន៍អន្តរជាតិជាបន្តបន្ទាប់ ដើម្បីជម្រុញឲ្យវៀតណាមដោះលែងព្រះ សង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនេះ ផងដែរ ។
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ធ្លាប់បានផ្ដល់បទសម្ភាសន៍ ដល់វិទ្យុសំឡេងកម្ពុជាក្រោម ថា ទង្វើរបស់អាជ្ញាធរវៀតណាម គឺបានបំពាន នឹងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម និងសិទ្ធិមនុស្សអន្តរជាតិ ដែលវៀតណាមជាប្រទេស ហត្ថលេខីផងដែរ ។ លោកបន្តថា ទោះបី ព្រះសង្ឃខ្មែរក្រោមទាំងនោះ ទាក់ទង និងបានទទួលលុយពី សហព័ន្ធខ្មែរកម្ពុជាក្រោមយ៉ាងណាក៏ដោយ ក៏ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះ មិនមានទោស កំហុសអ្វីឡើយ ព្រោះសហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាសិទ្ធិមនុស្សស្របតាមច្បាប់អន្តរជាតិ ដែលអាចចូលទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ ។ ដូច្នេះ ការដែលវៀតណាមប្រកាស់សាល ក្រមផ្ដន្ទារទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនោះ ជាការរើសអើងពូជសាសន៍មួយដែលវៀតណាមបាន ធ្វើលើពលរដ្ឋខ្មែរក្រោមពីជំនាន់មួយទៅជំនាន់មួយ ៕