សមណនិស្សិតខ្មែរក្រោម ថា ស៊ូបង់ថវិការៀន នៅសាលាក្រៅស្រុក គ្រាន់ជាងរៀនសាលាក្នុងស្រុក ដែលគ្រប់គ្រងដោយវៀតណាម
ដោយ លី ឈូន
បច្ចុប្បន្ន មានសមណនិស្សិត និស្សិតខ្មែរក្រោម មិនតិចជាង ៣០០ អង្គ/រូប កំពុងបំពេញកម្មសិក្សា តាំងពីថ្នាក់បរិញ្ញា ដល់ថ្នាក់បណ្ឌិត តាមសាលាពុទ្ធិកៈ និង វិទ្យាស្ថាននានា នៅព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ។ផ្ទុយទៅវិញ វិទ្យាស្ថានសិក្សាចំនួនពីរ នៅកម្ពុជាក្រោម ដែលគ្រប់គ្រងដោយអាជ្ញាធរវៀតណាម ហើយថែមទាំងមានអាហារូបករណ៍ និង រង្វាន់ប្រចាំឆ្នាំទៀតផង ក្នុងនោះ គឺសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីខ្មែរក្រោម មានទីតាំងនៅទីក្រុងតឃ្លាំង ដែលវៀតណាម ដាក់ឈ្មោះថ្មី ថា ខេត្តសុក ត្រាំង (Soc Trang) និង វិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម មានទីតាំងនៅទីក្រុងពេកឫស្សី ដែលវៀតណាម ដាក់ឈ្មោះថ្មីថាទី ក្រុង កឹង ធើ (Can Tho) ។ តាមរបាយការណ៍ការងារសិក្សាឆ្នាំ ២០២០-២០២១ នេះ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីខ្មែរក្រោម ទទួលសមណសិស្សថ្មីចំនួនត ៧០ អង្គ ។ រីឯវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម មានសមណនិស្សិតតែ ៣១ អង្គប៉ុណ្ណោះ ។ ប្រការដែលមានសិស្សខ្មែរក្រោម រៀនតិចដូច្នេះ ដោយសារតែកម្មវិធីសិក្សា នៃវិទ្យាស្ថានទាំងពីរនេះ នៅមានកំរិតទាម ហើយនឹងម៉ោងកម្មវិធីភាសាខ្មែរតិចពេក ។

សមណនិស្សិតខ្មែរក្រោម មួយព្រះអង្គ ដែលព្រះអង្គសុំមិនបញ្ចេញឈ្មោះ ព្រះអង្គនិមន្តមកពីវត្តមួយនៃនិគមមាត់សមុទ្រ ខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មី ថា ខេត្ត ត្រា វិញ (Tra vinh) ។ ព្រះអង្គនិមន្តចូលរួមប្រឡងបញ្ចប់កំរិតមធ្យមសិក្សាទុតិយភូមិ ឆ្នាំទី ៣ (គរុកោសល្យទី ៣ ) នៅ វត្តសិលាទ្រ ( ថ្មទល់) ទីក្រុងព្រះត្រពាំង ។
សមណនិស្សិតស្នើសុំលាក់អត្តសញ្ញាណអង្គនេះ បង្ហើបប្រាប់ថា ប្រសិនបើញាតិញោមរបស់ព្រះអង្គមានថវិកាឧបត្ថម្ភឲ្យព្រះអង្គរៀនបន្ត ព្រះអង្គមានបំណងទៅរៀននៅប្រទេសថៃ ។ ព្រះអង្គថា តាមដែលព្រះអង្គដឹងប្រទេសថៃគេគោរពព្រះពុទ្ធសាសនាណាស់ ដូច្នេះហើយព្រះសង្ឃ ដែលនិមន្តទៅរៀននៅថៃងាយនឹងនិមន្តបិណ្ឌបាត ស្វែងរកបច្ច័យសម្រាប់សម្រាប់បង់ថ្លៃសាលាខ្លះផង ហើយនឹងជាចង្ហាន់ប្រចាំថ្ងៃផង ម្យ៉ាងវិញទៀតកម្មវិធីសិក្សានៅប្រទេសថៃល្អជាងនៅកម្ពុជាក្រោម ។
សមណនិស្សិតលាក់ឈ្មោះ៖ «សូមអរគុណជាអនេក្ឃ ចំពោះព្រះឧបជ្ឈាយ៍ មេគណស្រុកយើង ដែលបូជាកម្លាំងចិត្ត កម្លាំងកាយ ពង្រឹងកាសិក្សា និង ថែរក្សា ប្រពៃណីទំនៀមទម្លាប់ របស់ខ្មែរយើង ។ ចំណុចទាំងនេះ យើងត្រូវតែដឹងគុណអស់លោក តែយើងត្រូវតែបត់បែនបន្តិច ធ្វើយ៉ាងណា ឲ្យកម្មវិធីសិក្សា របស់យើងហ្នឹងវាសមស្របទៅតាមសង្គមបច្ចប្បន្ន ដែលគេអាចទទួលស្គាល់ជាផ្លូវកាបាន ឧសទាហរណ៍ ដូចជាយើង រៀបចំកាសិក្សាហ្នឹងឲ្យមានប្រតិបត្តិពិន្ទុៈ បែងចែកជានិទ្ទេស ជាកម្រិត A B C អី អីចឹង » ។
ចំណែកសមណនិស្សិតខ្មែរក្រោមមួយព្រះអង្គទៀត ព្រះនាម យឿង វិជ័យ ដែលព្រះអង្គកំពុងរៀនថ្នាក់អនុបណ្ឌិត ឯកទេសវិទ្យាសាស្ត្រគ្រប់គ្រង នៅសាលាមហាវិទ្យាល័បញ្ញាសាស្រ្ត មានទីតាំងនៅទីក្រុងភ្នំពេញ ។ ព្រះអង្គមានស្រុកកំណើត នៅខេត្តឃ្លាំង ព្រះអង្គឲ្យដឹងថា ដែលព្រះអង្គមករៀន នៅកម្ពុជានេះ ព្រោះតែព្រោះតែចង់ឲ្យច្បាស់លាស់ភាសាខ្មែរ ។
សមណនិស្សិត ព្រះតេជព្រះគុណ យឿង វិជ័យ ៖ «មូលហេតុចង់មករៀននៅស្រុកខ្មែរ ដោយការយល់ឃើញថា ទោះបីជានៅខេត្តឃ្លាំង ថ្វីត្បិតមានសាលាបាលីជាន់ខ្ពស់ និង ខេត្តព្រែកឬស្សី ក៏មានវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម ។ តែមុខវិជ្ជារៀននៅសាលាហ្នឹងគេផ្ដោតសំខាន់ទៅលើភាសាវៀតណាម តាមកម្មវិសិក្សាចំណេះដឹងទូទៅ រីឯខាងផ្នែកភាសាខ្មែរយើងតិចតួចបំផុត បើចង់ឲ្យច្បាស់ ភាសាខ្មែរ ឬ បាលី វេយ្យាករណ៍ ទាល់តែឡើងមកស្រុកខ្មែររៀន» ។
ស្រដៀងគ្នានេះដែរ អតីតនិស្សិតខ្មែរក្រោម នៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីខ្មែរក្រោម មួយរូបគឺលោក ទ្រីវ បូរ៉ា លោមានស្រុកកំណើតនៅស្រុកជ្រោយញរ ខេត្តឃ្លាំង សព្វថ្ងៃលោករស់នៅអាមេរិក ។ លោកថា រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីខ្មែរក្រោខេត្តឃ្លាំង និង វិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម នៅទីក្រុងព្រែកឫស្សីនោះ រៀនតាមកម្មវិធីសិក្សាអប់រំសាលាសកលទាំងអស់ ។ តែសាលា ដែលអាជ្ញាធរវៀណាមគ្រប់គ្រងទាំងពីរនេះ មិនឲ្យតម្លៃភាសាខ្មែរឡើយ ។
លោកទ្រីវ បូរ៉ា៖ « ព្រោះអីយើងរៀននៅហ្នឹង គេមានការប្រគួត ប្រជែង ចឹងហើយសិស្សម្នាក់ ៗ អ្នកណា ក៏ខំរៀនយួនដែរ ដើម្បីយកឌីមខា (ពិន្ទៈបង្គួរ) ឌីមយ៉យ (សិស្សពូកែ) ហ្នឹង ដើម្បីបានរង្វាន់ចុងឆ្នាំ ។ ហើយគិតមើលមួយថ្ងៃរៀន ៨ ម៉ោង ព្រឹក ល្ងាច ហើយខ្មែរយើង មួយអាទិត្យ បានតែ ៤ ម៉ោង ៤ ម៉ោងហ្នឹងវាតិចមែនទេន ។ ដូចខ្ញុំនិយាយខាងដើមអីចឹង បើសិនជារៀនភាសាខ្មែរនៅក្រៅមិនច្បាស់ហ្នឹង ចូលសាលាបាលីខេត្តឃ្លាំង ៤ ឆ្នាំ ចេញមកវិញភ្លេចខ្មែរអស់ » ។
ការស្ទង់មតិនេះ ស្របក្នុងឱកាស ដែលវិស័យពុទ្ធិកសិក្សា នៅខេត្តព្រះត្រពាំង បើកប្រឡងបញ្ចប់កម្រិតសិក្សា មធ្យមសិក្សាបឋមភូមិ (បាលីរង) និង មធ្យមសិក្សាទុតិយភូមិ (គរុកោសល្យឆ្នាំទី ៣ ) ។ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសាលាគណខេត្រព្រះតរពាំង ។ នៅឆ្នាំ ២០២១ នេះ មណ្ឌលប្រឡងរៀបចំឡើង នៅវត្តសិលាទ្រ (ថ្មទល់) ទីរួមខេត្តព្រះត្រពាំង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ខែមករា ដល់ថ្ងៃទី ២៤ ខែមករានេះ ។ ក្នុងសម័យប្រឡងរួមនេះ មានសមណសិស្ស សិស្សចូលប្រឡងសរុបចំនួន ៤៧៤ អង្គ/ រូប ក្នុងនេះសិស្សបឋមភូមិ ចំនួន ៣៤៦ អង្គ រូប និង សិស្សទុតិយភូមិ ចំនួន ១២៨ អង្គ/រូប ។

ចំណែកវិញ្ញាសាប្រឡង សម្រាប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ មានចំនួន ១២ គឺព្រះវិន័យ តែងសេចក្ដី សរសេរតាមអាន ធម្មបទ វេយ្យាករណ៍បាលី ភាសាខ្មែរ ព្រះគាថា ព្រះអភិធម្ម ទស្សនៈពុទ្ធសាសនា អង់គ្លេស ទូរេនិទាន គណិតវិទ្យា ។ រីឯ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ មានចំនួន ១០ វិញ្ញាសា គឺសរសេរតាមអាន ព្រះបាតិមោក្ខ បរមាធិប្បាយ សាសនាសកលលោក កំណាព្យខ្មែរ ភាសាខ្មែរ សម្ព័ន្ធ មង្គលត្ថទីបនី អង់គ្លេស និង គណិតវិទ្យា ។
យោងតាមសន្និបាតលើកទី ៣ នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង ណត្តិកាលទី ៧ (២០១៨-២០២៣) ដែលធ្វើឡើង នៅវត្តពោធិសាលរាជ (កំពង់) នាទីក្រុងព្រះត្រពាំង កាលពីថ្ងៃទី ២៨ ធ្ នូឆ្នាំ ២០២០ កន្លងទៅនេះ ឲ្យដឹងថា ថវិកាសម្រាប់ទម្រង់ដល់វិស័យសិក្សាអប់រំ ក្នុងឆ្នាំ ២០២០ នេះ ចំណាយអស់ជាង ២៥០.០០០.០០០ កោដិដុង ស្មើនឹងប្រមាណ ៧៥០.០០០ ( ប្រាំពីរសែនប្រាំម៉ឺន) ដុល្លារអាមេរិក ដែល ជាបច្ច័យបរិច្ចាគពីពុទ្ធបរិស័ទខ្មែរក្រោម ទាំងក្នុង និង ក្រៅស្រុក ។
ចំណែកវិស័យពុទ្ធិកសិក្សា នៅតាមខេត្តនានា នៃដែនដីកម្ពុជាក្រោម ក្រៅពីខេត្តព្រះត្រពាំង មិនមានចាត់តាំងប្រឡងរួមឡើយ មានតែចាត់តាំងប្រឡងតាមវត្តនីមួយៗ រៀង ៗ វត្ តតែប៉ុណ្ណោះ ។
ចំពោះកម្មវិធីសិក្សាវិញ ខេត្តទាំងនេះ មិនបានបញ្ចូលគ្នាតែមួយនូវកម្មវិធីសិក្សាភាសាបាលី និង ធម្មវិន័យចូលគ្នា ដូចនៅខេត្តព្រះត្រពាំងនោះទេ គឺនៅរៀនតាមទម្លាប់ ពីដើមដដែល គឺរៀនភាសាបាលី ( ឆ្នាំទី ១-២-៣ (រង) និរៀនធម្មវិន័យ ៣ ឆ្នាំ (ត្រី ទោ ឯក) ដដែល ។
រីឯ វិញ្ញាសាសិក្សានៅតាមខេត្តទាំងនេះ ក៏មិនខុសប្លែកពីវិញ្ញាសារ នៅខេត្តព្រះត្រពាំង ប៉ុន្មាននោះទេ គឺខុសត្រង់ថ្នាក់បាលីរង និង ថ្នាក់ធម្មវិន័យឯកត្រូវបានបំពេញបន្ថែម នូវវិញ្ញាសារភាសាវៀតណាម មានតែងសេចក្កី គណិតវិទ្យា និងទស្សនៈលោកហូ ជីមិញ (អតីតមេដឹកនាំរបបកុម្មុយនិស្តុវៀតណាម) ។
មួយវិញទៀត ចំពោះវិញ្ញាភាសាវៀតណាម បើប្រសិនជាសិស្សសាលាវត្តណាមួយ មិនបានរៀនទេនោះ ដល់ពេលប្រឡងចូលសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីខ្មែរក្រោម ឬ វិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម នឹងធ្លាក់ជាមិនខាន ព្រោះមិនចេះវញ្ញាទាំងនេះ ។
ជាទម្លាប់ បវេស្សនកាលនៃវិស័យពុទ្ធិកសិក្សា នៅកម្ពុជាក្រោម ចាប់ផ្ដើមនៅថ្ងៃពេញបូណ៌មីខែពិសាខ និង វិស្សមកាលនៅថ្ងៃពេញបូណ៌មីខែបុស្ស ។ ហើយ លោកគ្រូ អ្នកគ្រូ វិស័យពុទ្ធិកសិក្សា នៅដែនដីកម្ពុជាក្រោម សុទ្ធតែលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត មិនមានប្រាក់ខែ បៀវត្សរ៍នោះទេ មានតែអំណោយលើកទឹកចិត្ត ឧបត្ថម្ភតាមតិច តាមច្រើន នៃវត្តអារាមនីមួយ ៗ តែប៉ុណ្ណោះ ។
ទាក់ទងនឹងករណីទាំងនេះ មន្ត្រីសង្ឃក្នុងជួរគណសង្ឃខេត្តព្រះត្រពាំង និង ខេត្តឃ្លាំង បង្ហើបប្រាប់ថា វីទ្យុសំឡេងកម្ពុជាក្រោម និង សារព័ត៌មានព្រៃនគរ ឲ្យដឹងថា អាជ្ញាធរវៀតណាមមិនគាំទ្រវិស័យពុទ្ធិកសិក្សារបស់គណសង្ឃខ្មែរក្រោមតាមខេត្តនិមួយ ៗ ឡើយ គេទទួលស្គាល់ តែសាលាដែលគេគ្រប់ផ្ទាល់ តែប៉ុណ្ណោះ ។
ចំណែកសាលាពុទ្ធិកនានា នៅកម្ពុជា មិនទទួលស្គាល់សញ្ញាប័ត្រវិស័យពុទ្ធិកសិក្សារបស់គណសង្ឃខ្មែរក្រោម តាមខេត្តនីមួយ ៗ នៅកម្ពុជាក្រោម នោះដែរ ដោយលើកឡើង ថា កម្មវិធីសិក្សា នៅកម្ពុជាក្រោម មិនគ្រប់កម្រិត តែសាលាពុទ្ធិកនានា នៅប្រទេសថៃ គេទទួលស្គាល់ សញ្ញាប័ត្រនេះ ៕