ខ្មែរក្រោមកសាងវត្តនៅកោះត្រល់ជាលើកដំបូង
ដោយថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរក្រោម នៅកោះត្រល់ ឋិតនៅ ក្នុងខេត្តក្រមួនស បានមូលមតិគ្នាបញ្ចុះបឋមសិលា ចាប់ ផ្ដើមកសាងវត្តថ្មីមួយ កាលពី ថ្ងៃទី ០៥ ខែឧសភា កន្លង ទៅនេះ ។ វត្តដែលចាប់ផ្ដើមកសាងថ្មីនៅចំកណ្ដាល កោះ ត្រល់នោះ មានឈ្មោះថា “វត្តពោធិទីបារាម-កោះត្រល់” ។

យោងតាម “លិខិតនិមន្តចូលរួមពិធីបញ្ចុះបឋមសិលា” កសាង វត្តពោធិទីបារាម-កោះត្រល់នេះ បានបញ្ជាក់ថា វត្តនេះ ផ្ដួចផ្ដើមក សាងដោយសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តក្រមួនស ឬ ខេត្តកៀងយ៉ាង ដោយមាន ការអនុញ្ញាតពីគណៈកម្មការ ប្រជាជនខេត្តក្រមួនស នៃរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀតណាម ។ យោងតាមព្រះ នាមប្រថាប់ត្រានៅលើលិខិតនិមន្តនេះដដែល ព្រះចៅអធិការដំបូង នៃវត្តនេះ ព្រះនាម ត្រឹង ភឿង ។
យោងតាមរូបថតប្លង់វត្តដែលគេបានភ្ជាប់នឹងលិខិតនិមន្តនេះ វត្ត ពោធិទីបារាម – កោះត្រល់ មានផ្ទៃដីធំទូលាយ ណាស់ និងមាន គ្រោងការណ៍សាងសង់ព្រះវិហារ កុដិ សាលា និងសួនច្បារ នៅ ក្នុងបរិវេណវត្តដែលមានរបៀប របបគួរឲ្យចាប់អារម្មណ៍ ។
ពិធីបញ្ចុះបឋមសិលា បានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃ សៅរ៍ និង អាទិត្យ ០៩-១០ រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ បញ្ចស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ៤ និង ៥ ខែឧសភា គ.ស. ២០១៣ ។
យោងតាមសេចក្ដីរាយការណ៍របស់សមាគមសង្ឃខ្មែរនៅកម្ពុជា ក្រោម វត្តខ្មែរនៅកម្ពុជាក្រោម ដែលអាជ្ញាធរវៀត ណាមទទួល ស្គាល់នោះមាន ៤៥២ វត្ត រាប់បញ្ចូលវត្តពោធិទិបារាម-កោះត្រល់ នេះ មួយទៀតមាន ៤៥៣ វត្ត ។ យោងតាមឯកសារប្រវត្តិសាស្ត្រ កម្ពុជាកក្រោម វត្តខ្មែរនៅកម្ពុជាក្រោមកាលពីមុនមានប្រមាណ ជាង ៥០០ វត្ត ។
យោងតាមឯកសារប្រវត្តិសាស្ត្រ កោះត្រល់ពីមុនជាកម្មសិទ្ធិរបស់ ប្រទេសកម្ពុជា ត្រូវបានប្ដូរទៅជា ភាសាវៀត ណាមថា ដាវភូក្វឹក មានផ្ទៃដីប្រមាណ ៥៨៩,២៣ គីឡូមែត្រការ៉េ ទំហំប្រហាក់ប្រ ហែលប្រទេសសិង្ហបុរី និង បច្ចុប្បន្ន ឋិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលវៀតណាម ។ ចម្ងាយពីកោះត្រល់ទៅទៅទីក្រុង បារាជ ឬ រ៉ាត់យ៉ា ប្រមាណ ១២០ គីឡូម៉ែត្រ , ទៅទីរួមខេត្តពាម ឬ ហាតៀង ៤៥ គីឡូម៉ែត្រ ។ កោះត្រល់ឋិតនៅក្នុងឈូងសមុទ្រ សៀម ភាគខាងត្បូងនៃប្រទេសកម្ពុជាប្រមាណ ១២ គីឡូម៉ែត្រ ៕