ខ្មែរក្រោមចូលរួមយុទ្ធនាការលុបបំបាត់ការធ្វើទារុណកម្មអ្នកទោសនៅវៀតណាម
វ៉ាស៊ីនតោន — ក្រុមសកម្មជនសិទ្ធិមនុស្ស បានប្រកាសបើកយុទ្ធនាការ ដើម្បីបញ្ឈប់ការធ្វើទារុណកម្មអ្នកទោស នៅក្នុងប្រទេសវៀតណាម ដែលក្នុងនោះមានអ្នករងគ្រោះជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលទទួលរងការធ្វើទុក្ខបុក្ខម្នេញ ពីរដ្ឋាភិបាលកំម្មុយនិស្តវៀតណាម ដោយសារតែជំនឿសាសនា និងសិទ្ធិដីធ្លីរបស់ពួកគេ។

តាមរបាយការណ៍ស្តីពី «ការធ្វើទារុណកម្មនិងការធ្វើទុកបុកម្នេញអ្នកទោសនយោបាយបាយ និងជំនឿសាសនា នៅប្រទេសវៀតណាម» ដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ក្នុង មន្ទីររដ្ឋសភាជាតិសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធនាការនេះ បានលើកយកករណីនៃការធ្វើទារុណកម្មអ្នកទោស ដោយការឆក់ខ្សែភ្លើង ការវាយតប់ ការជ្រមុជទឹក និងការដាក់ឃុំក្នុងគុកងងឹតជាដើម។ របាយការណ៍នេះក៏បានលើកឡើង ពីករណីសិក្សាលើសកម្មជនសិទ្ធិដីធ្លីខ្មែរកម្ពុជាក្រោម និងពលរដ្ឋកម្ពុជា ដែលជួយដល់អ្នករត់មកសុំសិទ្ធិជ្រកកោនផងដែរ។
ព្រះតេជគុណ យ័ញ តូន បច្ចុប្បន្នគង់ នៅរដ្ឋផេនស៊ីវេនៀ សហរដ្ឋអាមេរិក ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម ចាប់ដាក់ពន្ធនាគាររយៈពេលបួនឆ្នាំ កាលពីថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០០៧ ដោយសារតែបានដឹកនាំព្រះសង្ឃចំនួន ២០០ អង្គធ្វើបាតុកម្មទាមទារសិទ្ធិគោរពសាសនា និងសិទ្ធិមនុស្សបានថ្លែងប្រាប់ដល់សន្និសីទសារព័ត៌មានថា ក្នុងរយៈពេលនៃការឃុំឃាំងនោះព្រះអង្គបានប្រឈមមុខនឹងការធ្វើទារុណកម្មយ៉ាងខ្លាំង ក្នុងរយៈពេល ៦ ខែជាប់ៗ គ្នាដោយមិនឱ្យក្រុមគ្រួសារដឹងដំណឹងអ្វីទាំងអស់។
ព្រះអង្គបានរៀបរាប់ឡើងវិញពីស្ថានភាពនោះ ថា៖
«នៅក្នុងពេល ដែលអាត្មាត្រូវយកចម្លើយគឺពេល ដែលចេញយកចម្លើយម្តងៗ អាត្មាទទួលធ្វើទារុណកម្មជារៀងរាល់ថ្ងៃ មានការវាយ មានការចងដៃចងជើង មានការចាក់ថ្នាំមានការឱ្យលេបថ្នាំសន្លប់ជាដើម ហើយការយកចម្លើយទៀតសោត គឺមិនបានយកពេលថ្ងៃទេ គឺយកពេលកណ្តាលអាធ្រាតម៉ោង ១២ យប់។ បើនិយាយអំពីការរស់នៅប្រចាំថ្ងៃ គឺរស់នៅក្នុងគុកងងឹតតូចមួយប្រហែលជាបីម៉ែត្របណ្តោយ និងទទឹងមួយម៉ែត្រកន្លះ។ កន្លែងដែលដេកនៅ គឺអត់មានមុងអត់មានកន្ទេលអត់មានខ្នើយ ហើយយើងនៅ លើព្រលានគឺពិបាកនឹងរស់ពិបាកនឹងស៊ូទ្រាំណាស់»។
មានអ្នកផ្តល់សក្ខីកម្មពីរនាក់ផ្សេងទៀត ដែលជាអតីតអ្នកទោស និងម្នាក់ទៀតជាម្តាយរបស់សកម្មជនសិទ្ធិមនុស្សមួយរូប ដែលកំពុងជាប់ពន្ធនាគារក៏បានមកចែករំលែកបទពិសោធន៍នៃការធ្វើទារុណកម្មនៅប្រទេសវៀតណាម ដែលប្រព្រឹត្តឡើង ដោយរដ្ឋាភិបាល។
មានអ្នកទោសមនសិការប្រហែល ៦០០ នាក់នៅ បន្តរងការធ្វើបាបក្នុងពន្ធនាគារនានា នៅប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអនុគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភាសហរដ្ឋអាមេរិក។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់វីអូអេថាទម្រង់នៃការធ្វើទារុណកម្ម ចំពោះអ្នកទោសជាខ្មែរកម្ពុជាក្រោម គឺរបៀបជាគំនុំពូជសាសន៍ ហើយមានលក្ខណៈខុសពីអ្នកទោសជនជាតិវៀតណាម។
លោកបានបន្ថែមថា៖
«យើងឃើញថាការនេះគឺជារបៀបគំនុំ ដែលបង្ហាញឱ្យឃើញច្បាស់ថា ជាការប្រកាន់ពូជសាសន៍ ទោះបីជាខាងគណៈកម្មការអន្តរជាតិក៏បានគូសបង្ហាញជាច្រើនលើកច្រើនសារថា រដ្ឋាភិបាលវៀតណាមការធ្វើអ្វីទៅលើមនុស្ស ដែលមិនមែនជាជនជាតិវៀតណាម គឺធ្វើរបៀបលក្ខណៈប្រកាន់ពូជសាសន៍»។
លោកបានពន្យល់បន្ថែមថា ពលរដ្ឋខ្មែរក្រោម ដែលធ្វើខុសបន្តិចបន្តួចគឺប្រឈម នឹងទារុណកម្មវាយធ្វើបាបលើរាងកាយភ្លាម នៅពេលដែលអាជ្ញាធរចាប់បាន ដោយមិនមានការសួរនាំឱ្យបានត្រឹមត្រូវជាមុនសិនទេ។
កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ វៀតណាម បានក្លាយជាប្រទេសចុងក្រោយគេបង្អស់ ដែលចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម។
លោកស្រី សារ៉ា ខុម អ្នកស្រាវជ្រាវ និងជាសកម្មជនសិទ្ធិមនុស្សអន្តរជាតិ ដែលបានធ្វើការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាយូរ បានបញ្ជាក់ថាការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំង នឹងការធ្វើទារុណកម្ម គឺជាកត្តាសំខាន់មួយប៉ុន្តែនៅ មានកិច្ចការជាច្រើនទៀតដែលប្រទេសនេះត្រូវធ្វើ។
«បញ្ហាដ៏សំខាន់មួយ ក្នុងការទប់ស្កាត់ការធ្វើទារុណកម្ម គឺការបើកពន្ធនាគារឱ្យអ្នកត្រួតពិនិត្យឯករាជ្យចូលមើល និងហាមឃាត់ការឃុំឃាំងមនុស្សក្នុងទីដាច់ដោយឡែក ដោយមិនឱ្យទាក់ទងក្រុមគ្រួសាររបស់ពួកគេ ក្នុងរយៈពេលយូរ ហើយគ្មានអ្នកតំណាងខាងផ្លូវច្បាប់ឱ្យទៅពួកគេ។ ក្នុងករណីខ្លះក្រុមគ្រួសារគេមិនដឹងថាពួកគេ នៅទីណាទេ»។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងធ្វើការត្រួតពិនិត្យលើបញ្ហាសិទ្ធិមនុស្ស នៅប្រទេសវៀតណាមនៅថ្ងៃទី ៥ ខែកុម្ភៈខាងមុខនេះហើយ។
លោក គ្រីស ស្មីត ប្រធានអនុគណៈកម្មការ អាហ្វ្រិក សុខភាពពិភពលោក សិទ្ធិមនុស្សពិភពលោក និងអង្គការអន្តរជាតិនៃគណៈកម្មការកិច្ច ការបរទេសរបស់សភាជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថាប្រទេសវៀតណាម ត្រូវតែឆ្លើយតបចំពោះការរកឃើញនូវការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សនានា ដែលប្រព្រឹត្តលើអ្នកទោសនយោបាយ និងសាសនាហើយវាជាបន្ទុករបស់សហគមន៍អន្តរជាតិ ក្នុងការចាប់ប្រទេសវៀតណាម ឱ្យគោរពសិទ្ធិមនុស្ស។
«បណ្តាប្រទេស នៅក្នុងក្រុមប្រឹក្សានេះ ក្នុងនោះមានតំណាងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផង ចាំបាច់ត្រូវតែលើកយកបញ្ហា ដែលមានបង្ហាញ នៅក្នុងរបាយការណ៍ ស្តីពីការធ្វើទុក្ខបុកម្នេញនិងការធ្វើទារុណកម្ម»។
យុទ្ធនាការ ដែលបានចាប់ផ្តើមចេញដំណើរនេះ ចូលរួមដោយអង្គការ និងសមាគមចំនួន ១៧ ដែលក្នុងនោះមានមូលនិធិខ្មែរក្រោម និងអង្គការសិទ្ធិមនុស្សរបស់ក្រុមម៉ុងតាញ៉ាផងដែរ៕ ដោយ ម៉ែន គឹម សេង - VOA