​ខ្មែរក្រោម ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍ ពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ​

0 420

ដោយ ស៊ឺន ចែងចើន

​នៅក្នុង​ឱកាស​ខួប​លើក​ទី ៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ អង្គការ សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ធ្វើ​យុទ្ធនាការ ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស ពី​សំណាក់​អាជ្ញាធរ​វៀតណាម និង​កម្ពុជា ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម ។ យុទ្ធនាការ​នេះ ធ្វើឡើង នៅ​ទីតាំង​ចំនួន​ពីរ ផ្សេងគ្នា រួមមាន ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ។ ក្រៅពីនេះ ពួកគេ​ក៏​រៀបចំ​យុទ្ធនាការ​តាម​អន​ឡាញ​ផងដែរ ។​

ក្រុមអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងតំណាងពលរដ្ឋខ្មែរក្រោម ដែលមានបញ្ហាលិខិតស្នាម និងដីធ្លី ចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅទីស្នាក់ការសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។ រូបៈ សារព័ត៌មាន ព្រៃនគរ
ក្រុមអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងតំណាងពលរដ្ឋខ្មែរក្រោម ដែលមានបញ្ហាលិខិតស្នាម និងដីធ្លី ចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅទីស្នាក់ការសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។ រូបៈ សារព័ត៌មាន ព្រៃនគរ

យុទ្ធនាការ ទាមទារ​រក​អន្តរាគមន៍​ករណី​រំលោភសិទ្ធិ​មនុស្ស មកលើ​ជនជាតិដើម​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​កំណើត ហើយ​បច្ចុប្បន្ន ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​វៀតណាម និង​ដោះស្រាយ​បញ្ហា​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​ដល់​ពល​រដ្ឋ​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា បានចាប់ផ្តើម​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២០ ដល់ ថ្ងៃទី ២៤ ខែធ្នូ ។ ការទាមទារ​នេះ ធ្វើឡើង នៅក្នុង​ព្រឹត្តិការណ៍​ប្រារព្ធ​ទិវា ១០ ធ្ខួ ដែល​រៀបចំ​ដោយ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែធ្នូ ក្នុងសប្តាហ៍នេះ ។​

ថ្លែង​បើ​កម្មវិធី នៅក្នុង​ឱកាស​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ លោក តាំង សារៈ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​លើកឡើង ពី​ការ​ជម្នះ​ប្រារព្ធ​ខួប​លើក​ទី ៧២ ដែល​ខកខាន​មិនបាន​នោះ ក៏​ព្រោះតែ​ទិវា​នេះ មាន​សារៈសំខាន់​ចំពោះ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​គ្រប់រូប នៅ​ទូទាំង​ពិភពលោក ដោយ​ដោយ​គ្មាន​ការរើសអើង រួម​ទាំង​ខ្មែរក្រោម​ផង ។ លោក​លើកឡើងបែបនេះ ដោយសារតែ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម គ្រោង​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី ១០ ធ្នូ តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​មនុស្ស​ច្រើន​ឡើយ ក្រោម​ហេតុផល​បារម្ភ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាន់តែ​ខ្លាំង ។ បញ្ហា​នេះ បាន​ធ្វើឲ្យ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម ពន្យារពេល​ប្រារព្ធ​ពិធី​នេះ ជាច្រើនលើក​ច្រើនសា ។ ទោះជា​បែបនេះ​ក្តី ពួក​គេស​ម្រេច​ជួបជុំគ្នា​ក្រោម ២០ នាក់ ដោយ​អនុវត្ត​ទៅតាម​វិធាន​សុខាភិបាល ។

ក្រៅតែ​ពី​កា​រំឭក​ប្រវត្តិ នៃ​ទិវា​សិទ្ធិមនុស្ស កើតឡើង​ក្រោយពេល​មាន​សង្គ្រាម លោក​លើក​ទី ២ ដែល​មានការ​សម្លាប់រង្គាល និង​ការរំលោភ​បំពាន​ផ្សេង​ៗ បាន​ជា​ធ្វើឲ្យ​ប្រទេស​ជាច្រើន ដែល​ជាស​មា​ជិ​ក អ.ស.ប តាក់តែង​សេចក្តី​ថ្លែងការណ៍​ជាស​កល ស្តី​ពី​សិទ្ធិមនុស្ស ។ លោក តាំង សារៈ ក៏បាន​លើកឡើង ពី​គោលបំណង​ចង់​បំផុសគំនិត និង​ពញ្ញាក់​ស្មារតី​យល់ដឹង​ទៅដល់​ពលរដ្ឋខ្មែរ​ក្រោម ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក ឲ្យ​មានគំនិត​ផ្តួចផ្តើម ប្រា​រព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នេះ​ឡើង នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន ផង​ដែរ ។

លោក តាំង សារៈ ៖ «កា​រប្រារ​ព្វ​ឡើង នៅ​ថ្ងៃនេះ គឺ​ដើម្បីឲ្យ​ខ្មែរ​កម្ពុជាក្រោម​ទាំងអស់ បានដឹង​ថា ថ្ងៃទី ១០ ធ្នូ នេះ គឺជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​អង្គការសហប្រជាជាតិ បាន​ប្រកាស​ឡើង ដើម្បី​លើកតម្កើង​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​នោះ​រួម​ទាំង​ប្រជាពលរដ្ឋ ដែល​ជា​ជនជាតិភាគតិច ឬជនជាតិ​ដើម ដូចជា ខ្មែរ​កម្ពុជាក្រោម​យើង​ផង​ដែរ ។ ហើយ​ការ​ធ្វើ​នេះ គឺ​យើង​ធ្វើឡើង ដើម្បីឲ្យ​ខ្មែរ​កម្ពុជាក្រោម ដែល​កំពុងតែ​រស់នៅ​ក្នុង​ដែនដី​របស់​យើង​សព្វថ្ងៃ​នេះ […] ព្រោះ​នេះ ជា​សិទ្ធិ​ស្របច្បាប់​របស់​យើង កាលណា​ខ្មែរ​កម្ពុជាក្រោម ដែល​បាន​ភៀសខ្លួន មក​ប្រទេស​កម្ពុជា​ក្តី នៅ​ប្រទេស​ថៃ​ក្តី នៅ​ប្រទេស​នានា លើ​ពិភពលោក​ក្តី បា​នប្រារ​ព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ជា​រៀងរាល់​ឆ្នាំ អាច​អង្រួន​បេះដូង​ឲ្យ​ខ្មែរ​កម្ពុជាក្រោម ដែល​កំពុងតែ​រស់នៅ​លើ​មាតុភូមិ​ដ៏​សែន​ស្រណោះ​របស់​យើង មានគំនិត មាន​ឧត្តមគតិ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បច្ចុប្បន្ន ត្រូវ​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជាក្រោម ប្រា​រព្វ​ទិវា​សិទ្ធិមនុស្ស​នេះ ឲ្យ​ដូច​គេ​ដែរ» ។​

នាយកប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន យឿង បានលើកឡើង ក្នុងរបាយការណ៍ ស្តីពី «ស្ថានភាពសិទ្ធិមនុស្ស» នៅកម្ពុជា ដែលមានកម្រាស់ ៧ ទំព័រនោះ អង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោមមួយនេះ រកឃើញថា ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា នៅតែប្រឈម នឹងការរើសអើង ពីអាជ្ញាធរមូលដ្ឋាន គ្មានទីលំនៅឋានពិតប្រាកដ និងគ្មានអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធ ដើម្បីក្លាយខ្លួនជាពលរដ្ឋស្របច្បាប់ ។

របាយការណ៍ដដែលនោះបង្ហាញថា ខ្មែរក្រោមមួយចំនួនមិនត្រូវបានអាជ្ញាធរទទួលស្គាល់ ដោយពួកគេថា ខ្មែរក្រោម ជាជនជាតិវៀតណាម ។ របាយការណ៍បញ្ជាក់បន្ថែមថា បើតាមការស្ទង់មតិលើបញ្ហានេះ ខ្មែរក្រោមប្រមាណជា ៦០.៦% រងការរើសអើង និងជាបញ្ហាមួយ ក្នុងចំណោមការលំបាក និងបញ្ហាប្រឈមធំៗ ដែលពួកគេជួបប្រទះ នៅកម្ពុជា ។​

​លោក សឺ​ន យឿ​ង ៖ «​ខ្មែរក្រោម​ប្រមាណ ១ លាន​នាក់ មាន​ចន្លោះ​ពី ២០% ដល់ ៣០% នៅ​កម្ពុជា​ត្រូវបាន​សន្និដ្ឋានថា នៅ​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ ។ អត្តសញ្ញាណប័ណ្ណ គឺ​ពិតជា​ត្រូវការ​ជា​ចាំបាច់ ដើម្បី​យកទៅ​ប្រើប្រាស់​សម្រាប់​ការ ទទួលបាន​សេវា​សុខភាព ការអប់រំ កម្មសិទ្ធិ​ដីធ្លី លិខិតឆ្លងដែន ផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ និង​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​ពលរដ្ឋ​គ្រប់រូប​ទទួលបាន ដូចជា សិទ្ធិ​ក្នុងការ​បោះឆ្នោត​ជាដើម ។ ខ្មែរក្រោម ជាច្រើន​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចុះឈ្មោះ ដើម្បី​ទទួលបាន​សំបុត្រកំណើត និង​លិខិត​អាពាហ៍ពិពាហ៍ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ នោះឡើយ ដែល​បញ្ហា​នេះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ជំនាន់​ក្រោយ​ជាច្រើន អាច​នឹង​ប្រឈម​ហានិភ័យ​ជា​ប្រជាជន ដែល​គ្មាន​រដ្ឋ ។ […] រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ភាពជា​ពលរដ្ឋ​ដល់​ខ្មែរក្រោម ប្រសិន​ពួកគេ​សម្រេច​រស់នៅ​កម្ពុជា ប៉ុន្តែ​ការលើកឡើង​នោះ នៅ​មិនទាន់​មានចែង​ក្នុង​គោលនយោបាយ​ណាមួយ​ឲ្យ​បានច្បាស់លាស់ ការណ៍​នេះ​ផងដែរ ត្រូវបាន​បង្ហាញ​នៅមាន​បញ្ហា​មួយចំនួន ជុំវិញ​ការអនុវត្ត​ជាក់ស្តែង ។ នៅ​ថ្នាក់មូលដ្ឋាន​មួយចំនួន ខ្មែរក្រោម​បាន​ជួបប្រទះ​នឹង​ការរើសអើង នៅ​កម្ពុជា ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​យល់ថា ខ្មែរក្រោម​ជា​វៀតណាម ថ្វីបើ​អ្នក​ទាំងនោះ​មាន​ជាតិ​ពន្ធ​ជា​ខ្មែរ ព្រមទាំង​មាន​ចំណង​ផ្នែក​សាសនា វប្បធម៌ និង​ភាសា​»

​ចំណែក សេរីភាព​ខាង​បញ្ចេញមតិ និង​សេរីភាព​នៃ​ការប្រមូល​ផ្ដុំគ្នា ដោយ​សន្តិវិធី សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម លើកឡើងថា ពួកគេ​កំពុង​ស្ថិតក្រោម​ការតាមដាន និង​ឃ្លាំមើល ពី​អាជ្ញាធរ​មូលដ្ឋាន នៅពេល​ធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្មែរក្រោម ។ ពួកគេ​លើកឡើងថា អាជ្ញាធរ​មួយចំនួន បាន​ជ្រៀតជ្រែក​ក្នុង​សកម្មភាព​របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ ការ​តាម​ស៊ើបអង្កេត និង​បំបិទ​បំភ័យ​ខ្មែរក្រោម នៅ​កម្ពុជា មានដូចជា ការថតរូប ការថត​សំឡេង និង​សាកសួរ​សកម្មជន ដែល​រារាំង​ដល់​សេរីភាព​បញ្ចេញមតិ ដោយ​បង្ក​គ្រោះថ្នាក់​តាម​សកម្មភាព​ណាមួយ ទៅលើ​សកម្មជន​ខ្មែរក្រោម ។​

លោក សឺ​ន យឿ​ង ៖ «​ជា​រៀងរាល់ឆ្នាំ ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​កម្ពុជា ប្រារព្ធ​ពិធី​រំ​ឮ​ក​ថ្ងៃទី ៤ ខែមិថុនា ជា​ថ្ងៃ​ដែល​អាណានិគម​បារាំង បាន​កាត់​ទឹកដី​កំណើត​របស់​ពួកគេ​ទៅ​ឲ្យ​វៀតណាម នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដោយ​ពុំមាន​ការយល់ព្រម​ពី​ប្រជាជន​ខ្មែរក្រោម ។ ជាធម្មតា​ពិធី​នេះ ស្ថិតនៅក្រោម​ការជ្រៀតជ្រែក ឬ​ការហាមឃាត់​ផ្នែក​ច្បាប់​បន្ថែម​ជា​រៀងរាល់ឆ្នាំ ។ ទោះបីជា​មិនមាន​ការតម្រូវ​ឲ្យ​មានការ​អនុញ្ញាត សម្រាប់​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដោយ យោងតាម​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី​របស់​ក​ម្ពុ​ជា​ក៏ដោយ ក៏​ជា​ញឹកញយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ នៅតាម​ទីសាធារណៈ ។ ជំនួស​ឲ្យ​ការលើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរក្រោម ក្នុងការ​រំ​ឮ​ក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអូសបន្លាយ ឬ​បដិសេធ​ការអនុម័ត​លើ​ព្រឹត្តិការណ៍​នេះ ។ ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​អនុញ្ញាត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ ពួកគេ​នឹងដាក់​ការកំណត់​ចំនួន​អ្នកចូលរួម ហើយ​ព្រឹត្តិការណ៍​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​រៀបចំ​ក្នុង​បរិវេណ ដែល​រដ្ឋាភិបាល​អនុញ្ញាត​ប៉ុណ្ណោះ​»

​រីឯ របាយការណ៍ ស្តីពី «​ស្ថានភាព​សិទ្ធិមនុស្ស​» នៅ​កម្ពុជា​ក្រោម ដែលមាន​កម្រាស់​ជាង ១០ ទំព័រវិញ បាន​សរសេរ​យ៉ាង​លម្អិត ដោយ​រៀប​រាប់​ពី​ការ​ធ្វើទុក្ខបុកម្នេញ រំលោភបំពាន​ដីធ្លី ការបង្កើន​ការបង្ក្រាប​ទៅលើ​សកម្មជន​ខ្មែរក្រោម ដែល​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​បញ្ចេញមតិ​ជុំវិញ​ប្រវត្តិសាស្ត្រ ទឹកដី​កម្ពុជា​ក្រោម ការពិន័យ​ប្រាក់​យ៉ាងធ្ងន់ធ្ងរ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ការ​រឹបអូស​យក​ដីធ្លី និង​ការចាប់ខ្លួន​ឃុំខ្លួន ឬ​ដាក់ពន្ធនាគារ ពី​សំណាក់ អាជ្ញាធរ​វៀតណាម ។​

​របាយការណ៍​នេះ សរសេរ​ក្នុង​សម្រង់​ន័យ​ដើម​ថា ​៖ «នៅក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម ខ្មែរក្រោម​ពុំមាន​សិទ្ធិ​ពេញលេញ ក្នុង​ការទទួល​ព័ត៌មាន​ដោយ​សេរី​ឡើយ ព្រោះ​មានការ​ឃ្លាំមើល ពី​ភ្នាក់ងារ​សម្ងាត់​វៀតណាម នៅពេលដែល​ខ្មែរក្រោម ស្ដាប់​វិទ្យុ​អាស៊ីសេរី (RFA) ឬ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ជា​ខេមរភាសា និង មានការ​ឃ្លាំមើល​តាមដាន ពី​ភ្នាក់ងារ​សម្ងាត់​ក្នុងការ​ប្រើប្រាស់​បណ្ដាញ Internet»

​របាយការណ៍​ដដែល​នោះ បញ្ជាក់​ក្នុងន័យ​ដើម​បន្តទៀត​ថា ​៖ «ពាក់ព័ន្ធ​សិទ្ធិសេរីភាព​នៃ​ផ្នែក​នេះ មាន​យុវជន​ខ្មែរក្រោម​មួយចំនួន ដូចជា​៖ យុវជន​ឈ្មោះ តោ ហ្វា​ង ចឿ​ង ត្រូវបាន​ផាកពិន័យ ក្រោម​ច្បាប់​រឹតបន្តឹង សេរីភាព​សារព័ត៌មាន និង​ការសំដែង​មតិ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទៅតាម​មាត្រា​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ។ យុវជន​ឈ្មោះ ថាច់ កឿង ត្រូវបាន​អាជ្ញាធរ​វៀតណាម បាន​ចោទប្រកាន់ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​អា​ជ្ញា​ធរ និង​ស្ថាប័ន​រដ្ឋអំណាច​វៀតណាម ហើយ​បាន​ពិន័យ​ជា​ទឹកប្រាក់​ជាង ៧ លាន​ដុង ឬ​ប្រមាណ​ជាង ៣០០ ដុល្លារ​សហរដ្ឋអាមេរិក ។ យុវជន​ឈ្មោះ ថាច់ ថុង ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម ចោទថា បានធ្វើ​សកម្មភាព​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម ។ ដោយឡែក​យុវជន​ខ្មែរក្រោម​មួយរូប​ទៀត ឈ្មោះ យឿ​ង ខាយ ត្រូវបាន​អាជ្ញាធរ​វៀតណាម ចោទប្រកាន់ថា បាន​ពាក់ព័ន្ធ​នឹង​ទង្វើ​កេងចំណេញ​លើ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិសេរីភាព​ស្របច្បាប់ នៃ​អង្គការ​ចាត់តាំង និង​ឯកជន»

តំណាង​ពលរដ្ឋ​ខ្មែរក្រោម មាន​បញ្ហា​មកពី​បណ្ដា​ខេត្ត​មួយចំនួន ដែល​បាន​ចូលរួម​ក្នុង​ខួប​លើក​ទី ៧២ ឆ្នាំ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក្រោម​ប្រធានបទ «​បង្កើន​ការគោរព និង​ផ្តល់​ភាពស្របច្បាប់​ដល់​ខ្មែរក្រោម​» លើកឡើង​ស្រដៀងៗ គ្នា​ថា ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន នៅតែ​គ្មាន​សិទ្ធិ​ស្របច្បាប់ សិទ្ធិ​កាន់កាប់​ដីធ្លី និង​ផ្ទះសម្បែង ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទទួលស្គាល់ថា ខ្មែរក្រោម ដោយ​ចាត់ទុក​ពួកគេ​ថា​ជា​ជនជាតិ​វៀតណាម ។ បញ្ហា​ប្រឈម នឹង​ផល​លំបាក​ក្នុង​ការរស់នៅ​កម្ពុជា មាន​ជាអាទិ៍ មិនមាន​លិខិតស្នាម ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ខ្វះ​ដីធ្លី​សម្រាប់​តាំងទី​លំនៅ និង​ធ្វើស្រែ លំបាក​ក្នុង​ការទទួល​បានការ​អប់រំ ។​ល​។​

​ពលរដ្ឋ​ខ្មែរក្រោម មកពី​ខេត្តក្រចេះ លោក ចាន់ សុខ លើកឡើង​ពី​ករណី​របស់លោក ដែល​បាន​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម ដែល​ទើប​ឡើងមក​កាន់​ប្រទេស​កម្ពុជា ហើយ​ពុំមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ។

​លោក ចាន់ សុខ ៖ «​សកម្មភាព នៅ​ខេត្តក្រចេះ ខ្ញុំ​បាន​អន្តរាគមន៍​រឿង​បញ្ហា​បងប្អូន​កម្ពុជា​ក្រោម ដែល​ប​ទើប​ឡើង​ថ្មីៗ ហើយ​ចង់​ធ្វើ​អត្តសញ្ញាណ​បណ្ណ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ខ្ញុំ​ក៏បាន​អន្តរាគមន៍ ទៅលើ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច ។ ជាពិសេស ពេល​ពួក​មក​ដំបូង អត់​មាន​ទីលំនៅ អាសយដ្ឋាន​ទៅ ដល់​អ៊ីចឹង ពិបាក​ដល់​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ដែនដី​គាត់​ពិបាក នឹងធ្វើ​ការចុះបញ្ជី ដល់​អ៊ីចឹងទៅ ខ្ញុំ​មានតែ​ឲ្យ​គាត់​ចុះឈ្មោះ​ស្នាក់នៅ​ក្នុង​គ្រួសារ ដែល​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​គាត់​មាន​សៀវភៅ​ហើយ​ស្រាប់​ហ្នឹង ឲ្យ​គា់ត​ចុះ​នៅ​គ្រួសារ​ហ្នឹង ដើម្បី​ឈានទៅ​ធ្វើ​សំបុត្រកំណើត អត្រានុកូលដ្ឋាន ដល់​ពួកគាត់ ដើម្បី​ឈានទៅ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​»

​ពី​ខេត្ត​ព្រះសីហនុ លោក គឹម ឃឿ​ង លើកឡើង​ពី​ក្តីកង្វល់​របស់​ពលរដ្ឋ​ខ្មែរក្រោម នៅ​ទីនោះ ដែល​រង​ការរំលោភបំពាន​សិទ្ធិ​ដីធ្លី ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​អ្នកមានអំណាច ។

លោក គឹម ឃឿ​ង ៖ «​ថ្មីៗ នេះ ក៏មាន​បុគ្គល​មួយចំនួន កាត់ចេញ​ប្លង់​ទូទៅ នៅលើ​ដីធ្លី​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​គាត់​ឆ្ការ​កាប់​ពីមុនមក ហើយ​តំបន់​នេះ ពីមុនមក​សុទ្ធតែ​ព្រៃ អត់​មាន​អ្នកណា​ទៅ ធ្វើ​អ្វី​ទាំងអស់ មានតែ​បងប្អូន​កម្ពុជា​ក្រោម គាត់​ទៅធ្វើ​ទេ ។ ដូចជា ថ្ងៃទី ២០ លើក​ហើយ​ហ្នឹង បងប្អូន​ខ្មែរក្រោម ទោះបី​ភាគតិច គាត់​នៅក្នុង​ចំណោម​ឃុំ​ឧកញ៉ា ហេង ហ្នឹង មាន​បុគ្គល​មួយចំនួន គាត់​ឆ្លៀតឱកាស​គាត់​ជា​យោធា​អ៊ីចឹង គាត់​យក​អាវុធ​ទៅ​ផ្ទុះ ហើយ​ចូលទៅ​វាយ​បងប្អូន ដល់​ចឹ​ង គាត់​ភ័យខ្លាច គាត់​បារម្ភ គាត់​ថា ដី​នៅ ៣០ ឆ្នាំ​ជាង ហើយ​ក្រុមហ៊ុន​មក​យក​ដី ដោយ​ពួកគាត់​មិនមាន​អត្តសញ្ញាណ ដើម្បី​សម្គាល់ថា ដី​នេះ​ជា​កម្មសិទ្ធិ​របស់គាត់ ឥឡូវនេះ គាត់​កំពុង​បារម្ភ​យ៉ាងខ្លាំង​» ។​

​តំណាង​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត គឺ​លោក កង សំណាង មកពី​ខេត្តកំពង់ស្ពឺ បានលើកឡើង​ពី​បញ្ហា​កង្វះ​លំនៅឋាន និង​ដីធ្លី ព្រមទាំង​បញ្ហា​ផ្នែក​ច្បាប់ ។

​លោក កង សំណាង ៖ «​បញ្ហា​ប្រឈម​របស់​បងប្អូន នៅ​ទីនោះ គឺ​កង្វះ​ដីធ្លី​បង្កបង្កើនផល បានន័យថា ពួកគាត់​មាន​ដីធ្លី សម្រាប់​ការតាំង​ទីលំនៅ ប៉ុន្តែ ដោយសារ​កត្តា​ជីវភាព​របស់គាត់ ពឹងផ្អែក​ទៅលើ​មុខរបរ​កសិកម្ម ដូចជា ដាំ​ដំណាំ ឬក៏​ធ្វើ​ស្រូវ​ជាដើម ។ ប៉ុន្តែ ដីធ្លី​របស់​ពួកគាត់​នោះ មិន​អំណោយផល ជា​កត្តា​ធ្វើ​ឲ្យ​ពួកគាត់ មាន​កង្វះ​ខាត់​ខាង​ផ្នែក​ជីវភាព ។ […] កត្តា​មួយទៀត ដីធ្លី ដែល​ពួកគាត់​រស់នៅ គឺ​ភាគច្រើន មិនទាន់បាន​ចុះបញ្ជី គ្មាន​បណ្ណ​សម្គាល់​ម្ចាស់​អចលនទ្រព្យ ឬ​មិនទាន់មាន​ប្លង់រឹង​ទេ ហើយ​នៅពេល​ថ្មីៗ រដ្ឋបាល​ព្រៃឈើ តម្រូវ​ឲ្យ​ពួកគាត់ បំពេញបែបបទ ស្នើសុំ ដើម្បី​កាន់កាប់​ដីធ្លី​នោះ […] អ៊ីចឹង​ហើយ ទន្ទឹម នឹង​ការ​មិនទាន់បាន​ចុះបញ្ជី មិនទាន់មាន​បណ្ណ​កម្មសិទ្ធិ ចាត់ទុកថា​ជា​ផល​លំបាក​របស់​ពួកគាត់ ហើយ​ការ​បំពេញបែបបទ​ស្នើសុំ មិនដឹង​ជា​លទ្ធផល​សម្រេច​បែបណា នៅឡើយ​» ។​

​ចំណែក លោក ម៉ៅ សុ​ផា តំណាង​ពលរដ្ឋ​ខ្មែរក្រោម មកពី​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរក្រោម នៅ​តំបន់​របស់លោក មាន​ឯកសារ​លិខិតស្នាម​អស់ហើយ តែ​នៅមាន​បញ្ហាដីធ្លី​សម្រាប់​តាំងទី​លំនៅ ។

លោក ម៉ៅ សុ​ផា ៖ «​នៅ​ខាង​ខ្ញុំ អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ បានរៀបចំ​ស្រួលបួល​អស់ហើយ តែ​ពិបាក​ក្នុងការ​រស់នៅ ដោយ​នៅលើ​ថ្នល់ ទំនប់ ប្រឡាយ និង​មិនទាន់មាន​កម្មសិទ្ធិ​ផ្ទាល់ ។ ពលរដ្ឋ​ខ្មែរក្រោម នៅ​ទីនោះ ជាង ២០ គ្រួសារ ហើយ​មានកូន​មាន​ចៅ​ប្រហែល​ជាង ១០០ នាក់​» ។​

​លោក សរ រិទ្ធី ជា​តំណាង​ពលរដ្ឋ​ខ្មែរក្រោម មកពី​ខេត្ត​កែវ បាន​ថ្លែងថា ខ្មែរក្រោម​ប្រមាណ​ជាង ៨០% នៅក្នុង​សហគមន៍​របស់លោក ដែល​ធ្លាប់​រងគ្រោះ ពី​ការរំលោភបំពាន​កន្លង​មក ពី​សំណាក់​អាជ្ញាធរ នៅពេលនេះ​ទទួលបាន​ដំណោះស្រាយ​ជា​បណ្តើៗ ហើយ ។

​លោក សរ រិទ្ធី ៖ «​ឥឡូវ ឃើញថា ផល​វិជ្ជមាន ដោយ​ខាង​តំណាង​រាជរដ្ឋាភិបាល មាន​ខេត្ត មាន​អភិបាលស្រុក មេឃុំ គាត់​ទៅធ្វើ​ការវាស់វែង និង​កំណត់​ព្រំដី ។ អ៊ីចឹង កាលណា គាត់​ចុះ​វាស់វែង គាត់​កំណត់​ព្រំដី​ឲ្យ​យើង បានន័យថា គាត់​ទទួលស្គាល់​នូវ​អ្វី ដែល​គាត់​ចែក​ឲ្យ​យើង​ហើយ ។ យើង​ជា​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ ប្រហែលជា​រួចផុត ពី​ការចោទប្រកាន់ ។ នេះ សេចក្តីសង្ឃឹម​របស់ខ្ញុំ ប៉ុន្តែ ពីមុនមក អត់​មាន​អ្នកណា​ទទួលស្គាល់ គ្មាន​អ្នកណា​វាស់វែង​ទេ ។ អ៊ីចឹង​! ផល​វិជ្ជមាន ក្រោម​ការ​ជ្រោមជ្រែង​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​យើង ជួយ​ដុតដៃដុតជើង តាមរយៈ​អង្គការ MIRO គឺ​ឥឡូវ​ទទួលបាន​ផល​វិជ្ជមាន​»

​លោក សឺ​ន ជុំ​ជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ឡើង​ធ្វើ​បទ​បង្ហាញ អំពី​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ស្ដីពី​ល​រដ្ឋ​ខ្មែរក្រោម​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ច្បាប់​សញ្ជាតិ និង​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា ។​

លោក សឺ​ន ជុំ​ជួន ៖ «ពាក់ព័ន្ធ​ទៅនឹង​ច្បាប់​សញ្ជាតិ បើសិនណា​ជា​បងប្អូន​យើង នៅតាម​បណ្តា​ខេត្ត មាន​បញ្ហា​ទាក់ទង​នឹង​រឿង ការទទួលបាន​ឯកសារ​ផ្សេងៗ ទាក់ទង​នឹង​បញ្ជីកំណើត លិខិតបញ្ជាក់​កំណើត សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ឬ​អត្តសញ្ញាណ​បណ្ណ និយាយ​រួម​មក ឲ្យ​តែ​ឯកសារ​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការរស់នៅ​ដោយ​ស្របច្បាប់ ។ ដូច្នេះ ពាក់ព័ន្ធ​នឹង​ច្បាប់​សញ្ជាតិ កុំ​យក​ច្បាប់​អន្តោប្រវេសន៍​មក​អនុវត្ត​អត់​ត្រូវ​ទេ ។ ច្បាប់​អន្តោប្រវេសន៍ គឺ​សម្រាប់​ជនបរទេស ប៉ុន្តែ យើង (​ខ្មែរក្រោម​) មិនមែនជា​ជនបរទេស​ទេ ។ អ៊ីចឹង នៅក្នុង​ច្បាប់ ស្តីពី​សញ្ជាតិ (​តាមពិត​ឆ្នាំ ១៩៩៦ ប៉ុន្តែ គេ​បានធ្វើ​វិសោធនកម្ម កាលពី​ឆ្នាំ ២០១៨) ។ ដូច្នេះ ការធ្វើ​វិសោធនកម្ម​ឆ្នាំ ២០១៨ នៅក្នុង​នោះ មាន​មាត្រា ៦​វាក្យខណ្ឌ​ទី ១ គេ​ចែង​សង្ខេប​ថា ជន​ណា​មាន​សញ្ជាតិ​ខ្មែរ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ។ ក្នុងន័យ​ខ្លឹមសារ​ច្បាប់​ហ្នឹង បើ​យើង​និយាយថា យើង​មកពី​កម្ពុជា​ក្រោម នៅ​កម្ពុជា​ក្រោម យើង​គឺជា​ខ្មែរ គ្រាន់តែ​ថា យើង​កើត នៅក្រោម​អំណាច​គ្រប់គ្រង​រដ្ឋបាល​របស់​ប្រទេស​វៀតណាម ។ អ៊ីចឹង យើង​មាន​សញ្ជាតិ​វៀតណាម មួយ ដោយ​ស្វ័យប្រវត្តិ កេ​ហៅថា សញ្ជាតូបនីយកម្ម ។ ដូច្នេះ នៅពេល​យើង ត្រឡប់មក​ប្រទេស​កម្ពុជា គឺ​យើង​ទទួលបាន​សញ្ជាតូបនីយកម្ម​ដូចគ្នា ពីព្រោះ​យើង​ជា​ជនជាតិខ្មែរ អ៊ីចឹង មានន័យថា យើង​អាច​ទទួលបាន​សញ្ជាតិ​ពីរ​ក៏បាន​ដែរ ។ ចឹ​ង​ទេ ជន​ណា​មាន​សញ្ជាតិ​ខ្មែរ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ចឹ​ង​! សញ្ជាតូបនីយកម្ម យើង​មកដល់​កម្ពុជា គឺ​សញ្ជាតូបនីយកម្ម​ហើយ​»

​លោក សឺ​ន យឿ​ង បានស្នើ​សុំ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ជួយ​អនុវត្ត​នូវ​ចំនុច​សំខាន់ៗ ចំនួន ៧ ដើម្បី​ធានា​ការពារ​សិទ្ធិ​របស់​ខ្មែរក្រោម ឲ្យ​បាន​ពេញលេញ នៅ​កម្ពុជា ។

​លោក សឺ​ន យឿ​ង ៖

  • ធានាថា មិនមាន​នរណាម្នាក់​ត្រូវបាន​រារាំង​ពី​ការប្រើ​សិទ្ធិមនុស្ស​របស់ខ្លួន ដោយសារតែ​សញ្ជាតិ ជាតិ​សាសន៍ ឬ​ពូជសាសន៍ រួមទាំង​តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង​របស់​ខ្មែរក្រោម​ក្នុងការ​ទទួលបាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ឡើយ​​ ។​
  • ធានាថា ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​អត្តសញ្ញាណ​កម្ម ឆ្នាំ ២០១៧-២០២៦ គិតគូរ​ដល់​សេចក្ដីត្រូវការ​របស់​ខ្មែរក្រោម និង​ដោះស្រាយ​បញ្ហា​ជាក់លាក់​ទាំងឡាយ​ដែល​ពួកគេ​ជួបប្រទះ​នៅក្នុង​ការទទួលបាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ ។​
  • ចេញ​សេចក្តីថ្លែងការណ៍​ច្បាស់លាស់​ម្ដងទៀត​អំពី​គោលជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែលថា ខ្មែរក្រោម​គឺជា​ពលរដ្ឋ​ខ្មែរ ដូច្នេះ​ពួកគេ​ត្រូវ​ទទួលបាន​សិទ្ធិ និង​ការការពារ​ដូចគ្នា​ទៅនឹង​ពលរដ្ឋ​ទាំងអស់ ក្រោម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ក្នុងស្រុក​ដែរ​ ។​
  • ចេញ​លិ​ខិ​តូ​បក​រណ៍​ផ្លូវច្បាប់​ដែល​បញ្ជាក់ថា ច្បាប់​ស្តីពី​សញ្ជាតិ​គឺ​អនុវត្ត​ចំពោះ​ខ្មែរក្រោម និង​បញ្ជាក់ថា បើ​បុគ្គល​ដែលមាន​ដើមកំណើត​ជា​ខ្មែរក្រោម​អាច​បង្ហាញ​សញ្ជាតិ​ខ្មែរ តាមរយៈ​ជាតិ​សាសន៍​/​វង្ស​ត្រកូល​របស់​ខ្មែរក្រោម​បាន នោះ​ពួកគេ​អាចមាន​សិទ្ធិ​ទទួលបាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ​។​
  • ធានា​សិទ្ធិ​ស្មើគ្នា​ក្នុងការ​ទទួលបាន​កម្ម​សិទ្ធិ​ស្របច្បាប់​លើ​ដីធ្លី​និង​ផ្ទះសម្បែង​សម្រាប់​ខ្មែរក្រោម​ ។​
  • ធានាថា អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​នីតិកាល​ទី​ប្រាំមួយ​នៃ​រដ្ឋសភា (២០១៨-២០២២) និង​នីតិកាល​ខាងមុខ​ទៀត អនុញ្ញាត​ឲ្យ​ពលរដ្ឋ និង​សមាគម​ខ្មែរក្រោម​ប្រារព្ធ​ពិធី​នានា​តាម​ទីកន្លែង និង​ពេលវេលា​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាពរ​បស់​ពួកគេ​យោងតាម​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ​។​
  • បញ្ឈប់​ការបញ្ជូន​នគរបាល​ស៊ីវិល​ទៅ​ស៊ើបការណ៍​សកម្មភាព​ស្រប​ច្បាប់​របស់​សកម្មជន​ខ្មែរក្រោម​​។​

​គួរ​ជម្រាបជូន​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ៣៣ ចែងថា ពលរដ្ឋ​ខ្មែរ​មិនអាច​ត្រូវបាន​ដក​សញ្ជាតិ និរទេស ឬ​ចាប់បញ្ជូន​ខ្លួន​ទៅ​ឲ្យ​ប្រទេសក្រៅ​ណាមួយ​ឡើយ លើកលែង​តែមាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទៅវិញទៅមក ។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ឯប​រទេស​ត្រូវបាន​រដ្ឋ​គាំពារ ។​

​លើសពីនេះ កាលពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០០៦ ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ចេញ​សេចក្ដីថ្លែងការណ៍​មួយ​បញ្ជាក់ថា នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រះអង្គ និង​រាជរដ្ឋាភិបាល​សម័យ​នោះ បានផ្ដល់​សិទ្ធិ​ជូន​ជនរួមជាតិ​ខ្មែរ ដែលមាន​ដើមកំណើត នៅ​កម្ពុជា​ក្រោម ឲ្យ​ទទួលបាន​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​នូវ​រាល់​សិទ្ធិ ដែល​ជនរួមជាតិ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​កម្ពុជា​លើ ទទួល​អំពី​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ ព្រះអង្គ​គាំទ្រ​សំណើ​ទាមទារ​សិទ្ធិ​មួយចំនួន​របស់​ជនរួមជាតិ​ខ្មែរ ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម ដែល​លោក​ពុំទាន់​បានទទួល​មាន​ជាអាទិ៍ សិទ្ធិ​ទទួល​អត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ ការចុះបញ្ជី​សៀវភៅ​អត្រានុកូលដ្ឋាន និង​លិខិតឆ្លងដែន ។ បន្ថែម​ពីលើ​នេះ កាលពី​ឆ្នាំ ១៩៩៣ នៅពេល​អង្គការសហប្រជាជាតិ​មក​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា សម្ដេចព្រះ​នរោត្តម សីហនុ បាន​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ពលរដ្ឋ​ខ្មែរក្រោម និង​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ចូលរួម​បោះឆ្នោត​ទៀតផង ៕

Leave A Reply

Your email address will not be published.