ខ្មែរក្រោម ប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងបរិបទកូវីដ-១៩ រាតត្បាតខ្លាំង នៅកម្ពុជាក្រោម
ដោយ គឹម សាវតា
ចាប់ពីថ្ងៃ ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥ រោច ដែលមានរយៈពេល ១៥ ថ្ងៃ ពោលចាប់ពីថ្ងៃទី ១ រោច ដល់ថ្ងៃ ១៤ ជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ ១៥ រោច ជាថ្ងៃភ្ជុំបិណ្ឌ ។ ទាំង ១៥ ថ្ងៃនេះ គឺពុទ្ធបរិស័ទតែងតែជួយប្រជុំគ្នា នៅទីវត្តអារាមនានា ដើម្បីប្រារព្វពិធីបុណ្យបែបសាសនាមួយនេះ ។ ប៉ុន្តែ ចាប់ពីជំងឺកូវីដ-១៩ បានរាតត្បាតមក គឺមិនសូវមានឡើយ ការជួបជុំក្នុងទ្រង់ទ្រាយធំ ដូចជាការរៀបចំបុណ្យផ្សេងៗ យ៉ាងដូច្នេះឡើយ ។ យ៉ាងនេះក្តី ប្រជាពុទ្ធបរិស័ទ នៅដែនដីកម្ពុជាក្រោម នៅតែរិះរកវិធី ដើម្បីបានបន្តប្រារព្វពិធីមួយនេះ ដើម្បីរក្សាវប្បធម៌ និងប្រពៃណីខ្លួនឲ្យបានគង់វង្ស ។

អ្នកស្រី គឹម ធីប «អីណុងធ្វើខុសគ្នាដូចថា ចំណុះជើងវត្តផ្សេង ដូចថាស្រុកមីង ៤ ក្រុម (វេន) អញ្ជឹង ដូចថា ទី ១ (វេន) លោកមកឆាន់វេនទី ១ ឡើងស្អែកក្រុមទី ២ ខានស្អែកក្រុមទី ៣ ខានស្អែកទៀតក្រុមទី ៤ ដល់ចឹងវិលមករហូត ។ ដល់ពេលថ្ងៃកោរហ្នឹងលោកមកឆាន់ទាំងអស់ ៤ ក្រុមតែម្តង ដល់ពេលថ្ងៃភ្ជុំធំទៅវត្តជុំគ្នាតែម្ដង» ។ នេះជាការលើកឡើងរបស់ស្រ្តីខ្មែរក្រោមវ័យ ៦៣ ឆ្នាំឈ្មោះ គឹម ធីប ដែលមានស្រុកកំណើតនៅនិគមថ្កូវ ខេត្តព្រះត្រពាំង បានរំលឹកពីពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនៅដែនដីកម្ពុជា ។
អ្នកស្រីប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា អ្នកស្រីបានចាកចេញពីស្រុកកំណើតមករស់នៅកម្ពុជាក្នុងឆ្នាំ ១៩៨៧ ដោយប្រកបរបរជាអ្នកលក់សាច់គោ។ អ្នកស្រីបន្តថា បន្ទាប់ពីមករស់នៅកម្ពុជា គឺអ្នកស្រីតែងតែទៅលេងស្រុកកំណើតជារឿយៗ ពោលគឺមួយឆ្នាំទៅ ២ ទៅ ៣ ដង ជាពិសេស គឺពេលមានបុណ្យទា នដូចជាបុណ្យកាន់បិណ្ឌភ្ជុំបិណ្យនេះ ជាដើម តែដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ធ្វើឲ្យអ្នកស្រីមិនអាចត្រឡប់ទៅលេងស្រុកកំណើតបាននោះឡើយ ។ អ្នកស្រី គឹម ធីប «ឥឡូវកូវីតមិនបានទៅ កំពុងតែពិបាកចិត្តចង់ងាប់នេះ មិនដឹងធ្វើម៉េចនឹងអាលទៅបាន» ។
គិតត្រឹមយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ វៀតណាម ដែលរួមទាំងវៀតណាម ខាងត្បូង ឬកម្ពុជាក្រោមនោះ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេស ចំនួន ជិត ៨ សែននាក់ ក្នុងនោះ ចំនួនអ្នកស្លាប់សរុបចំនួន ជិត ២ ម៉ឺននាក់ ។ កាលពីថ្ងៃទី ៩ កក្កដា ប្រជាជនដែលរស់នៅក្នុងទីក្រុងព្រៃនគរ ត្រូវអាជ្ញាធរឲ្យស្នាក់នៅ តែក្នុងផ្ទះរហូតមកទល់នឹងពេលនេះ ។ ក្រៅពីនេះ នៅតាមបណ្តាខេត្តមួយចំនួន នៅដែនដីកម្ពុជាក្រោម ក៏ត្រូវបានបិទខ្ទប់ផងដែរ ដោយសារតែការរាតត្បាតកូវីដ-១៩ ជាថ្មីនេះ ។
កម្ពុជាក្រោម ដែលជាអតីតដែនដីរបស់ប្រទេសកម្ពុជា មានផ្ទៃដីប្រមាណ ៦៧.៧០០ គីឡូម៉ែត្រក្រឡា មាន ២១ ខេត្ត និង កោះធំៗ ២ គឺ កោះត្រល់ និងកោះត្រឡាច ដែលមានទីក្រុងព្រៃនគរ ជាដ៏ធំមួយនៃដែនដីនេះ ។ ឆ្នាំ ២០១១ កម្ពុជាក្រោម មានពលរដ្ឋ ចម្រុះជាតិសាសន៍សរុប ៣២.២២១.៧០០ នាក់ ។ ឆ្នាំ ២០១៤ កម្ពុជាក្រោម មានព្រះសង្ឃចំនួន ៨.៧៥០ អង្គ និងមានវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្ត ។
លោក ចៅ សារ៉ាត ដែលសព្វថ្ងៃរស់នៅខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម ក៏បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា នៅតាមវត្តអារាមនានា គឺតែងតែងមានពុទ្ធបរិស័ទជាច្រើន ទៅចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែដោយសារ ការរាតត្បាតកូវីដ-១៩ ការប្រារព្ធពិធីបែបសាសនាមួយនេះ មិនសូវមានភាពអ៊ូអរដូចមុននោះទេ ។
លោក ចៅ សារ៉ាត «ព្រោះបញ្ហាកូវីដហ្នឹងរាតត្បាតខ្លាំងធ្វើឲ្យផ្លូវក៏គេបិទ ហើយខាងរដ្ឋអំណាចក៏គេមិនឲ្យយើងចុះទៅ ក៏ប៉ុន្តែ មានបងប្អូនខ្មែរយើងមួយចំនួនគាត់យល់ដឹងអំពីសាសនា គាត់គោរពទៅតាមជំនឿប្រពៃណី ទំនៀមទម្លាប់ ហើយមានជីដូន ជីតា ដាស់តឿនពួកគាត់អញ្ចឹងទៅ ពួកគាត់នៅតាមបន្ទប់ជួល គឺពួកគាត់បានរៀបចំជាសំណែនសែន ប៉ុន្តែ បើនិយាយអំពីបូជា ហើយយកចង្ហាន់ទៅធ្វើទានអ្នកមានសីលអី គឺពួកគាត់មិនបានទៅធ្វើទេ ពួកគាត់បានតែលក្ខណៈ ដើម្បីប្រារព្វ ដើម្បីដឹងគុណដូនតា» ។
ភ្ជុំបិណ្ឌជាពិធីបុណ្យ បែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀតនៃ ព្រះរាជពិធីទ្វាទសមាស ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធ មិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ ទី ១៥ រោច ដែលមានរយៈពេល ១៥ ថ្ងៃ ពោលចាប់ពីថ្ងៃទី ១ រោច ដល់ថ្ងៃ ១៤ ជាថ្ងៃ កាន់បិណ្ឌ និងថ្ងៃ ១៥ គឺជាថ្ងៃភ្ជុំបិណ្ឌ ។ ទាំងពុទ្ធសាសនិកនៅកម្ពុជា និងនៅកម្ពុជាក្រោម គឺប្រារព្ធដូចគ្នា នៅពេលតែមួយ ។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រចារ្យផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រមួយរូប ដែលធ្លាប់ទៅសិក្សាស្វែងយល់ នៅដែនដីកម្ពុជាក្រោមដែរនោះ មានប្រសាសន៍ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា ការដែលខ្មែររស់នៅកម្ពុជា និង នៅកម្ពុជាក្រោម ធ្វើអ្វីដែលដូចគ្នាយ៉ាងដូច្នេះ គឺជាការបង្ហាញប្រាប់ពិភពលោកថា ខ្មែរគឺខ្មែរតែមួយ ដែលឲ្យតម្លៃលើទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ភាពកតញ្ញូ តែលោកថា កម្ពុជាក្រោមហាក់មានការអនុវត្តហ្មត់ចត់ជាងនៅកម្ពុជា ។
លោក សំបូរ មាណ្ណារ៉ា «ខ្ញុំឃើញជាក់ស្ដែង ឃើញបងប្អូនខ្មែរកម្ពុជាក្រោម យើងធ្វើម្ហូប ធ្វើអាហារ ជួយលាងចាន ជួយរៀបចំទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ឯនៅកណ្ដាលយើង គឺអត់មានទេ គឺអ្នកដែលរៀបចំធ្វើហ្នឹង គឺមានយាយតា ដូនជីអី តិចតួចហ្នឹង» ។
លោក សំបូរ មាណ្ណារ៉ា បន្ថែមថា «សូមបញ្ជាក់ថា សង្គមនៃមាតាបីតានៅទីនោះ(កម្ពុជាក្រោម) អប់រំកូនចៅ ឲ្យដើរតាមគន្លងប្រពៃណី ទំនៀមទន្លាប់ បានច្រើនជាង ហើយនៅទីនេះ (កម្ពុជា) ភាពស៊ីវិល័យ និងការចូលមកដល់នៃវប្បធម៌ដទៃទៀតច្រើន វាធ្វើឲ្យបងប្អូន កូនក្មួយរបស់យើងហ្នឹងមានការងាករេចេញអំពីផ្នត់គំនិតដើមនៃរបៀបវារៈរបស់សង្គមខ្មែរយើង» ។
សម្រាប់បច្ចុប្បន្នភាព ដែលកម្ពុជា និងដែនដីកម្ពុជាក្រោម កំពុងរាតត្បាតដោយជំងឺកូវីដ-១៩ នោះ លោកមើលឃើញថា មិនអាចធ្វើឲ្យបាត់បង់នូវវប្បធម៌ប្រពៃណីខ្មែរនោះទេ ជាពិសេស គឺបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយលោកបានលើកឡើង ពីស្ថានភាពកម្ពុជា នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ។
លោក សំបូរ មាណ្ណារ៉ា «ខ្ញុំលើកឧទាហរណ៍មួយនៅសម័យខ្មែរក្រហម គេធ្វើបាបខ្មែរដល់រលាយអត់មានអីទាំងអស់ ចុះហេតុអីក្រោយឆ្នាំ ១៩៧៩ និងក្រោយទសវត្សឆ្នាំ ៨០ គឺយើងមានវត្ត មានអាចារ្យ ហើយមនុស្សខ្មែរចូលមកវត្ត មកធ្វើបុណ្យទាន ពេញណាពេញណីទាំងអស់ ។ តើយើងយល់ថា នោះជាការបាត់បង់មែនទេ?» ។

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យគឺជាបុណ្យបែបព្រះពុទ្ធសាសនាមួយ ដែលប្រារព្វឡើងក្នុងអំឡុងពេលចូលព្រះវស្សារយៈពេល ៣ ខែ ហើយក្នុងរយៈពេល ១៥ ថ្ងៃបុណ្យនេះ គឺពុទ្ធបរិស័ទតែងតែយកចង្ហាន់ ទៅប្រគេនព្រះសង្ឃជារៀងរាល់ថ្ងៃ ដោយមានវត្តខ្លះចង្ហាន់ ដែលពុទ្ធបរិស័ទយកទៅប្រគេន ព្រះសង្ឃឆាន់មិនអស់ ហើយយកទៅចោលក៏មាន ។ បើតាមអ្នកស្រី គឹម ធីប នៅស្រុកកំណើតរបស់អ្នកស្រី គឺពុទ្ធបរិស័ទ និងចំណុះជើងវត្តបានគិតគូរយ៉ាងដឹកដល់ ពោលគឺចេះទុកដាក់ចង្ហាន់ទាំងនោះ ដើម្បីព្រះសង្ឃ អាចារ្យ និងអ្នកដែលស្នាក់អាស្រ័យ នៅក្នុងវត្តប្រើប្រាស់ឲ្យអស់លទ្ធភាព ។
អ្នកស្រី គឹម ធីប «ដូចថា ខែមន្ដសន្ដរដូវអញ្ចេះ ដូចថា យើងយកបាយទៅវត្ត យើងយកមួយស្រាក់ៗ ទៅវត្តដូចថា មានម្ហូបក្រៀមៗ ឧទាហរណ៍ត្រីខកំប៉ុង ពងទា បង្គារលីង កំពឹសលីងអីចឹង គឺយកទុកហើយ ចាត់ចែងយកទុកហើយ ទុក ដើម្បីដល់ហើយបុណ្យហ្នឹង លោកអត់ គ្មានអីឆាន់ យកអាណុងឆាន់» ៕