ខ្មែរ​ក្រោម ​ទាមទារ​ទៅ​វៀតណាម​ ថា ត្រូវ​​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ ជា​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក

0 551

ដោយ យន់ សាមៀន | RFA Khmer

សហគមន៍​ខ្មែរ​កម្ពុជាក្រោម ប្រារព្ធ​ខួប ៧២ ឆ្នាំ នៃ​ថ្ងៃ​បារាំង​កាត់​ទឹក​ដីកម្ពុជាក្រោម​ ទៅ​វៀតណាម​ ទាំង​ខុស​ច្បាប់ រយៈ​ពេល​វែង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា​រហូត​ដល់​ចុង​ខែ​មិថុនា ។ ថ្ងៃ​ទី ១ នៃ​ការ​ប្រារព្ធ​ខួប​នៃ​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ លើក​ទី ៧២ នេះ សហគមន៍​ខ្មែរ​ក្រោម ទាមទារ​ទៅ​វៀតណាម ​ត្រូវ​ទទួល​ស្គាល់​ខ្មែរ​ក្រោម ​ជា​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក ។ ជុំវិញ​ការ​ប្រារព្ធ​ខួប​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យល់​ថា ខ្មែរ​ក្រោម​មាន​សិទ្ធិ​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​ស្រុក ប៉ុន្តែ រដ្ឋាភិបាល​មិន​អាច​ជួយ ឬ​លូក​ដៃ​ការ​ទាមទារ​នេះ​ បាន​ទេ ព្រោះ​ពេល​នេះ​ កម្ពុជា​ក្រោម ​ជា​ទឹកដី​របស់​វៀតណាម​ ហើយ ។

ខ្មែរក្រោម ធ្វើបាតុកម្ម​ទាមទារ​អោយ​វៀតណាម សុំ​ទោស និង​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម កាលពីឆ្នាំ ២០១៤​ ។ រូបៈ FAINEG.COM
ខ្មែរក្រោម ធ្វើបាតុកម្ម​ទាមទារ​អោយ​វៀតណាម សុំ​ទោស និង​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម កាលពីឆ្នាំ ២០១៤​ ។ រូបៈ FAINEG.COM

សហគមន៍​ខ្មែរ​កម្ពុជាក្រោម ​ជួប​ការ​លំបាក​ក្នុង​ការ​រៀបចំ​ឱ្យ​ជួបជុំ ក្នុង​ពេល​នៃ​វិបត្តិ​នៃ​ជំងឺ Covid-19 ប៉ុន្តែ សហគមន៍​បាន​លើក​យក​បញ្ហា​ខ្មែរ​ក្រោម និង​ទាមទារ​សិទ្ធិ​សេរីភាព មក​ជជែក​តាម​បណ្ដាញ​សង្គម (Facebook) ក្រៅ​ពី​នេះ ក៏​មាន​ការ​ប្រមូល​ថវិកា​​ ដើម្បី​ចែក​ជួន​ពលរដ្ឋ​ក្រីក្រ ជាពិសេស ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ឱ្យ​ដឹង​ថា សហគមន៍​ខ្មែរកម្ពុជា​ក្រោម ​នៅ​តែ​ជំរុញ​ទៅ​វៀតណាម ​ត្រូវ​ទទួល​ស្គាល់​ការពិត​ថា ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក ។ លោក​ស្នើ​ទៅ​ខ្មែរ​ក្រោម ​រស់​នៅ​តាម​ប្រទេស​នានា​ និង​ខ្មែរ​កណ្ដាល​ផង​ដែរ​ រួម​គ្នា​ជា​សំឡេង​រួម​មួយ ទាមទារ​ឱ្យ​វៀតណាម ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ ដូច​ដែល​វៀតណាម​ បាន​ផ្ដល់​សច្ចាប័ន​ទៅ​អង្គការ​សហប្រជាជាតិ​​កន្លង​ទៅ៖ «រឿង​អង្គការ​អន្តរជាតិ​នានា​ យើង​តែងតែ​ជំរុញ​ឱ្យ​យួន (វៀតណាម) ត្រូវ​តែ​ទទួល​ស្គាល់​នៃ​ប្រវត្តិសាស្ត្រ​ពិត​ ជាពិសេស​ខ្មែរ​នៅ​ទី​នោះ ​ជា​ជនជាតិ​ដើម​អ្នក​កសាង​ទឹកដី​ពិត​ប្រាកដ​មែន​យួន​ (វៀតណាម) មិន​អាច​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ហ្នឹង​បាន​ទេ»

លោក ថាច់ សេដ្ឋា ឱ្យ​ដឹង​ទៀត​ថា ដ្បិត​ការ​រម្លឹក​ខួប​នេះ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​ ៤ ខែមិថុនា​ក្ដី ប៉ុន្តែ ប្រសិន​នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា​ខាង​មុខ ស្ថាន​ភាព​ជំងឺ​កូវីដ​ចុះ​ថមថយ នឹង​មាន​ការ​រៀបចំ​ពិធី​ជួបជុំ និង​ការ​ធ្វើ​ការ​ពិធី​សាសនា​ឱ្យ​បាន​ធំ​ដុំ ។

ក្នុង​ថ្ងៃ​នៃ​ខួប​បាត់បង់​ទឹក​ដី​នេះ​ដែរ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ប្ដូរ រូប​លើ​ប្រូហ្វាល (Profile) របស់​ខ្លួន នូវ​រូប​សញ្ញា​កាន់​ទុក្ខ​ជា​រូប​ទង់​ជាតិ​កម្ពុជា​ក្រោម ផែនទី​ទឹក​ដី​ខ្មែរ និង​រៀបរាប់​ពី​ការ​ឈឺ​ចាប់​នៃ​ការ​បាត់បង់​ដែនដី​​ខ្មែរ​ក្រោម​ ។​ អ្នក​ផ្សេង​ទៀត ក៏​បាន​បង្ហោះ​ចម្រៀង​បង្ហាញ​ពី​លះបង់​ជីវិត​របស់​ឧកញ៉ា ស៊ឺន គុយ ដែល​ជា​ការ​ប្ដូរ​មក​វិញ សិទ្ធិ​សេរី​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម ។

ចំណែក​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន ​នៅ​អាមេរិក​វិញ ក៏​នឹង​ជួបជុំ​គ្នា​ធ្វើ​ពិធី​បាត់​បង់​ទឹក​ដី​នេះ​ដែរ ។ សាខា​សហព័ន្ធ​នឹង​ធ្វើ​ពិធី​នៅ​តាម​រដ្ឋ​នីមួយៗ ។ មន្ត្រី​សហព័ន្ធ​លើក​ឡើង​ថា ចាប់​តាំង​ពី​វៀតណាម​ ត្រួតត្រា​ទឹក​ដី​​កម្ពុជាក្រោម​មក វៀតណាម​មាន​មហិច្ឆតា​បំបាត់​អត្តសញ្ញាណ​ខ្មែរ​ក្រោម ​រួម​មាន ការ​កែ​ប្រែ​ឈ្មោះ​ខេត្ត​ ពី​ខ្មែរ​ទៅ​ជា​ភាសា​វៀតណាម បំបាត់​វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និង​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​ជា​ដើម ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ឲ្យដឹង​ថា ដើម្បី​ទប់​ស្កាត់ មហិច្ឆតា​របស់​វៀតណាម​ នេះ សហព័ន្ធ​នឹង​បំផុស​ស្មារតី​ស្នេហាជាតិ​ដល់​បងប្អូន​ខ្មែរ​ក្រោម ដែល​កំពុង​រស់​លើ​ទឹកដី​កំណើត​ ឲ្យ​ប្រកាន់​ភ្ជាប់​ និង​រក្សា​អត្ត​សញ្ញាណ​ជា​ខ្មែរ​ក្រោម​ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ជោគជ័យ​ ទៅ​ថ្ងៃ​ក្រោយ ។

កម្ពុជា​ បាន​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​មាន​ខេត្ត​ចំនួន ២១ កាល​ពី​ឆ្នាំ ១៩៤៩ ដោយសារ​តែ​បារាំង​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជាក្រោម​ ទៅ​ឱ្យ​វៀតណាម​ ទាំង​ខុស​ច្បាប់ ​និង​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ។

ទោះ​យ៉ាង​ណា​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាត់​ទុក​ទឹក​ដី​ខ្មែរ​មួយ​នេះ​ ជា​របស់​វៀតណាម​ទៅ​ហើយ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​មិន​ដែល​បង្ហាញ​ការ​ឈឺ​ឆ្អាល​ពី​ទុក្ខ​លំបាក​ខ្មែរ​ក្រោម ​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ ជិះជាន់ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ដែរ ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន លើក​ឡើង ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​ មិន​អាច​ទៅ​លូក​លាន់​លើ​បញ្ហា​ខ្មែរ​ក្រោម​ បាន​ទេ​ ព្រោះ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​ដែន​ដី​អធិបតេយ្យ​ភាព​របស់​វៀតណាម ។ ទោះ​យ៉ាងណា​​ លោកថា​ សហគមន៍​ខ្មែរ​ក្រោម​ នៅ​កម្ពុជា ​ឬ​តាម​ប្រទេស​នានា​មាន​សិទ្ធិ​បើក​វិទ្យុ ទូរទស្សន៍ និង​ធ្វើ​​ការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន ​នៅ​លើ​អន្តរជាតិ​ និង​នៅ​អង្គការ​សហប្រជាជាតិ៖ «ថ្ងៃ​ប្រវត្តិសាស្ត្រ​ហ្នឹង​ យើង​​នាំ​គ្នា​មើល​ប្រវត្តិសាស្ត្រ​​ទៅ ​យើង​យល់ ​មិន​បាច់​ខ្ញុំ​ពន្យល់​ធ្វើ​អី? អត់​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ទេ ​ព្រោះ​ដី​នៅ​កម្ពុជាក្រោម ​តាំង​ពី​អាណានិគម​ដើរ​ចេញ​មក ​​ជា​ដី​ប្រគល់​ឱ្យ​វៀតណាម​ទៅ​ហើយ​ហ្នឹង»

ប្រតិកម្ម​តប​ទៅ​នឹង​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​នេះ ពលរដ្ឋ​ខ្មែរក្រោម លោក ថាច់ កឿង ដែល​កំពុង​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ថា លោក​សោក​ស្ដាយ​ចំពោះ​ជំហរ​បែប​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា ។ យុវជន​ខ្មែរ​ក្រោម​រូប​នេះ ​ឱ្យ​ទៀត​ថា ក្នុង​ថ្ងៃ​រំលឹក​ខួប​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម ថ្ងៃ​ទី ៤ ខែ​មិថុនា នេះ​ លោក​បាន​បង្ហោះ​រូប​ទង់ជាតិ និង​ផែន​ទី​ខ្មែរ​កម្ពុជាក្រោម តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ បញ្ជា​ឱ្យ​លុប​រូប​នោះ​ចោល និង​ព្រមាន​ថា ពួក​គេ​នឹង​ទៅ​សួរ​នាំ​លោក​ដល់​កន្លែង​ស្នាក់​នៅ នា​ថ្ងៃ​ទី ៦ ខែ​មិថុនា៖ «មាន​អី​គួរ​ឱ្យ​ខុស​ណា​គ្រាន់​តែ​យើង​បង្ហោះ​វីដេអូ​អញ្ចឹង​មាន​អី​គួរ​ខុស​ ប៉ុន្តែ​​អាជ្ញាធរ​វៀតណាម ​ថ្ងៃ​នេះ​ ជា​ថ្ងៃ​សំខាន់​របស់​ខ្មែរ មិន​ឱ្យ​បង្ហោះ​អ្វី​ឡើយ ។ ស្អែក​ហ្នឹង​ពេលវេលា​ម៉ោង ១០ កន្លះ គេ​ចូល​មក​បន្ទប់​ប្អូន មាន​ការងារ​បន្តិច ប៉ុន្តែ​ មិន​ដឹង​ការងារ​អី​ដែរ​គេ​ប្រាប់​ព្រឹក​មិញ»

អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ ទៅ​ឱ្យ​វៀតណាម​ ត្រួតត្រា​ទាំង​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៤៩ ។ ចាប់​តាំង​ពី​ពេល​នោះ​មក វៀតណាម​ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ​ សាសនា​ និង​ទំនៀម​ទម្លាប់​ខ្មែរ​ក្រោម ។ ​បច្ចុប្បន្ន​ ខ្មែរ​ក្រោម​ នៅ​ជុំវិញ​ពិភពលោក និង​នៅ​លើ​ទឹក​ដី​កំណើត កំពុង​ធ្វើ​ចលនា​ នៅ​ជុំវិញ​ពិភពលោក ​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ នៅ​ថ្ងៃ​អនាគត ៕

Leave A Reply

Your email address will not be published.