សមាគម​ខ្មែរ​កម្ពុជាក្រោម ​សោកស្ដាយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​ស្នើសុំ​ប្រមុខ​ការ​ទូត​ជាន់​ខ្ពស់​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម

0 177

ដោយ យន់ សាមៀន | RFA Khmer

អង្គការ​ និង​សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​ក្នុង ​និង​ក្រៅ​ស្រុក​សំដែង​ការ​សោកស្ដាយ ដែល​រដ្ឋាភិបាល​លោក ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែ​ន​ ខកខាន​មិន​បាន​ស្នើសុំ​ឲ្យ​មេដឹកនាំ​ជាន់​​ខ្ពស់​វៀតណាម គោរព​សិទ្ធិ​ ជំនឿ​សាសនា​ និង​កុំ​ឲ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កំណើត ។ ប្រតិកម្ម​របស់​អង្គការ និង​សមាគម​ខ្មែរ​កម្ពុជាក្រោម ​ធ្វើ​ឡើង បន្ទាប់​ពី​ប្រតិភូ​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា​ទើប​បាន​ជួប​គ្នា​ កាល​ពី​ពេល​ថ្មី​ៗ ​នេះ នៅ​កម្ពុជា ។ ភាគី​វៀតណាម​ អះអាង​ថា វៀតណាម​ កំពុង​ស្វែង​រក​វិធី ដើម្បី​ស្នើសុំ​ឲ្យ​កម្ពុជា​ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​រស់​នៅ​ស្រប​ច្បាប់​ នៅ​កម្ពុជា ។

ព្រះតេជព្រះគុណ សឺង យ៉ឹង​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​​ក្រោម​ ។ រូបៈ RFA Khmer
ព្រះតេជព្រះគុណ សឺង យ៉ឹង​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​​ក្រោម​ ។ រូបៈ RFA Khmer

មន្ត្រី​ជាន់​ខ្ពស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ហួស​ចិត្ត​ដែល​កម្ពុជា​ មិន​បាន​គិតគូរ​ពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ រស់នៅ​លើទឹក​ដី​កំណើត ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​វិស័យ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ។

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​​ក្រោម​ លោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ២២ មករា​ ថា រដ្ឋាភិបាល​កម្ពុជា​ ហាក់​ខ្លាច​ចិត្ត​វៀតណាម ​មិន​ហ៊ាន​ធ្វើ​សំណើ​ឲ្យ​វៀតណាម​ គោរព​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម ជា​ជនជាតិ​ដើម​នោះ​ទេ ៖ «វា​បង្ហាញ​កាន់​តែ​ច្បាស់​ ថា វៀតណាម​ មាន​ឥទ្ធិពល​នៅ​កម្ពុជា មិន​អាច​ប្រកែក​បាន»

លោក ថាច់ សេដ្ឋា ថា ស្រប​ពេល​រដ្ឋាភិបាល​លោក ហ៊ុន​ សែន​ ខ្លាច​ចិត្ត​អ្នក​មាន​គុណ ភាគី​វៀតណាម​វិញ ​បាន​ពឹង​ពាក់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ជួយ​ថែរក្សា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​ស្រប​ច្បាប់ និង​ខុស​ច្បាប់​នៅ​កម្ពុជា ។ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​បដិសេធ ហើយ​ថែម​ទាំង​ផ្តល់​ដី​ឲ្យ​អន្តោប្រវេសន៍​វៀតណាម​ នៅ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទៀត​ផង ។ ការ​រិះគន់​ថា កម្ពុជា​ហាក់​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម​នេះ ធ្វើ​ឡើង​ បន្ទាប់​ពី​មេ​ដឹកនាំ​​រដ្ឋាភិបាល​វៀតណាម កាល​ពី​ខែធ្នូ បាន​សន្យា​ជួយ​ដល់​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​មិន​ស្រប​ច្បាប់​នៅ​កម្ពុជា ឲ្យ​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ។

ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) កាល​ពី​ពេល​មក​កម្ពុជា កាល​ពី​ខែធ្នូ​ លើក​ឡើង​ថា គ្មាន​ពលរដ្ឋ​ណា​ ដែល​ជួប​បញ្ហា​លំបាក​ខ្លាំង ដូចជា​ពលរដ្ឋ​វៀតណាម​ នៅ​កម្ពុជា​នោះ​ទេ ដោយសារ​ពួក​គេ គ្មាន​លិខិត​បញ្ជាក់​រស់នៅ​ស្រប​ច្បាប់ ដូចជា អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លងដែន​ជា​ដើម ។

កាល​ពី​ដើម​ឆ្នាំ ​២០២១ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​គម្រោង​ផ្លាស់​ទីលំនៅ​ពលរដ្ឋ​ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក បែ​ចិញ្ចឹម​ត្រី នៅ​តាម​ដង​ទន្លេសាប ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​បរិស្ថាន បំផ្លាញ​គុណភាព​ទឹក និង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ។ ពលរដ្ឋ​វៀតណាម​មួយ​ចំនួន ​ចង់​ទៅ​រស់នៅ​វៀតណាម​វិញ​ដែរ តែ​អាជ្ញាធរ​វៀតណាម មិន​ទទួល​យក ​ដោយ​យក​លេស​អំពី​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ។ បច្ចុប្បន្ន ​ជនជាតិ​វៀតណាម​ទាំងនោះ ​កំពុង​រស់នៅ​លើ​ទឹក​ទន្លេ​ខ្មែរ​ក្បែរ​ព្រំដែន​នៅឡើយ ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ផ្តល់​ដី​ជា​ច្រើន​រយ​ហិកតារ​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម​ ​សង់​លំនៅឋាន រស់នៅ​ខេត្តកំពង់ឆ្នាំង​ ក្រោយ​បណ្ដេញ​ពួកគេ​ចេញ​ពី​បឹង​ទន្លេសាប ។ កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក ប៊ូយ ថាញ់ សឺន (Bui Thanh Son) ក៏​ទើប​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ ។ មន្ត្រី​ការ​បរទេស​វៀតណាម និង​សមភាគី​ខ្មែរ​របស់​លោក បាន​ជជែក​អំពី​សកម្មភាព​បោះ​បង្គោល​ព្រំដែន និង​កំណត់​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ និង​បន្ត​ដោះស្រាយ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ ដែល​នៅ​មិន​ទាន់​ដោះស្រាយ ។ ក្នុង​ជំនួប​កំពូល​ទាំ​ងពីរ​លើក​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស្នើ​ឲ្យ​វៀតណាម គោរព​សិទ្ធិ និង​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម​នោះ​ទេ ។

ផ្ទះរប​ស់ជនជាតិវៀតណាម រស់នៅលើផ្ទះបណ្តែតទឹក នៅភូមិសាស្ត្ររាជធានីភ្នំពេញ ។ រូបៈ Internet
ផ្ទះរប​ស់ជនជាតិវៀតណាម រស់នៅលើផ្ទះបណ្តែតទឹក នៅភូមិសាស្ត្ររាជធានីភ្នំពេញ ។ រូបៈ Internet

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ព្រងើយ​កន្តើយ រឿង​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ លោក ថាច់ សេដ្ឋា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​ភ្លើង​ទៀន​ផង​នោះ​​ សន្យា​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ​គណបក្ស​នេះ​​នឹង​យក​ចិត្ត​ទុក្ខ​ដាក់​ស្ថានភាព​សិទ្ធិមនុស្ស​ នៅ​ទឹក​ដី​កម្ពុជា​ក្រោម៖ «ក្នុង​នាម​គណបក្ស​ភ្លើង​ទៀន​ យើង​យក​ចិត្ត​ទុក្ខ​ដាក់​ខ្មែរ ​នៅ​គ្រប់​ទិសទី មិន​ថា នៅ​ទីណា​ក៏​ដោយ យើង​ត្រូវ​តែ​ត្រូវ​គាំពារ​ដោយ​រដ្ឋាភិបាល ជាពិសេស បងប្អូន​នៅ​កម្ពុជា​ក្រោម ដែល​លោក​បាន​តស៊ូ ដើម្បី​ជាតិ​មាតុភូមិ ទំនៀមទម្លាប់ អក្សរសាស្ត្រ ។ យើង​ត្រូវ​តែ​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ពួក​គាត់»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​សហគមន៍​ខ្មែរ​ក្រោម​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ អះអាង​ថា រដ្ឋាភិបាល ​និង​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​គិតគូរ​ដល់​ពលរដ្ឋ​ខ្មែរ​ នៅ​ក្រៅ​ប្រទេស ។ លោក​ថា រដ្ឋាភិបាល​មិន​ចង់​កេង​ចំណេញ​នយោបាយ​ ដោយ​យក​រឿង ការពារ​សិទ្ធិ​​ពលរដ្ឋ​ខ្មែរ​ នៅ​ក្រៅ​ប្រទេស មក​ប្រកាស​ជា​សាធារណៈ​នោះ​ទេ៖ «វា​មិន​ដែល​រដ្ឋាភិបាល​ណា​មួយ​អត់​គិត​ពី​ប្រជាជន​គេ​នោះ​ទេ ។ បើ​យើង​ឈរ​លើ​ទស្សនៈ​នេះ យើង​អាច​ឲ្យ​តម្លៃ​បាន​ទាំង​អស់​គ្នា ។ នៅ​កម្ពុជា អ្នក​នយោបាយ​ខ្លះ​ មាន​ចរិត​មិន​ល្អ​ ដោយ​យក​រឿង​សោកសៅ​ប្រវត្តិ មក​ធ្វើ​ជា​ប្រធាន​បទ​វាយ​ប្រហារ​គ្នា វា​គ្មាន​អ្វី​ចាំបាច់​ដើម្បី​ឆ្លើយ​តប»

ទោះបី​មាន​អះអាង​របស់​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​នេះ​ក្ដី ក៏​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹង​រតនា មាន​ថេរ​ដីកា​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ក៏​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដែល​ចាប់​អារម្មណ៍​នឹង​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​ទឹក​ដី​កំណើត​ឡើយ ។ ព្រះភិក្ខុ សឺង យ៉ឹង​រតនា ស្នើ​ឲ្យ​រដ្ឋាភិបាល ​ត្រូវ​ហ៊ាន​និយាយ​ការ​ពិត​នឹង​រដ្ឋាភិបាលកុម្មុយនិស្ត​វៀតណាម៖ «ស្នើ​ពលរដ្ឋ​វៀតណាម ​ទៅ​ដល់​វៀតណាម ត្រូវតែ​ស្នើ​ឲ្យ​វៀតណាម​ គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ដែល​ជា​ម្ចាស់​ស្រុក​ នៅ​លើ​ដែនដី​កម្ពុជា​ក្រោម ។ យើង​ពេល​រដ្ឋាភិបាល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ​ហ្នឹង​សូម​អញ្ជើញ​ទៅ​តាម​វត្ត​ នៅ​លើ​ទឹកដី​កម្ពុជា​ផង»

ចាប់​តាំង​ពី​រាតត្បាត​ជំងឺ​កូវីដ ឆ្នាំ ២០២០ មក រដ្ឋាភិបាល​វៀតណាម​ បាន​ចាប់​ផ្ដើម​បង្ក្រាប​លើ​សិទ្ធិ​សំដែង​មតិ ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ។ យ៉ាង​ហោចណាស់ ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម ៣ នាក់ ​កំពុង​ជាប់​ពន្ធនាគារ រឿង​តវ៉ា​មិន​ព្រម​ឲ្យ​ដី​ជា​កេរ​ដូនតា ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ​ដោយ​គ្មាន​សំណង​ត្រឹម​ត្រូវ ។ តុលាការ​វៀតណាម​ កាត់ទោស​ពួក​គេ​ឲ្យ​ជាប់​ពន្ធនាគារ ពី ៩ ខែ ទៅ​ពីរ​ឆ្នាំ ពី​បទ «ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ» ។ អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តព្រះត្រពាំង ក៏​បាន​ចាប់ខ្លួន ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត ​ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក សំដែង​មតិ និង​ផ្សព្វផ្សាយ​ពី​​សិទ្ធិ​ជន​ជាតិ​ដើម ។ ចំណែក​យុវជន​ខ្មែរ​ក្រោម ​ជា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​វៀតណាម​ផាក​ពិន័យ​ជាច្រើន​រយ​ដុល្លារ ករណី​បង្ហោះ​ព័ត៌មាន​ពី​ប្រវត្តិ​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម និង​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង ៕

Leave A Reply

Your email address will not be published.