សហគមន៍ខ្មែរកម្ពុជាក្រោម សំដែងការសោកស្ដាយ ដែលក្រសួងការបរទេសខ្មែរមិនព្រមអន្តរាគមន៍ទៅវៀតណាម ឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញខ្មែរក្រោម
ដោយ យន់ សាមៀន | RFA Khmer
សមាគមខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេស និងនៅឯនាយសមុទ្រ សំដែងការសោកស្ដាយ ដែលក្រសួងការបរទេសកម្ពុជា ជាថ្មីម្ដងទៀតមិនព្រមទទួលយកសំណើរបស់អង្គការខ្មែរកម្ពុជាក្រោម ដែលបានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចអន្តរាគមន៍ទៅវៀតណាម ដើម្បីឲ្យបញ្ឈប់រំលោភសិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ។ ការលើកឡើងនេះ ដោយសារតែ ក្រសួងការបរទេសរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់ឆ្លើយតប នឹងអង្គការខ្មែរកម្ពជាក្រោម ដែលបានដាក់សំណើសុំអន្តរាគមន៍តាំងពីចុងខែមិថុនាមកម្ល៉េះ ។

អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ប្រាប់អាស៊ីសេរីថា អង្គការរបស់លោក នឹងដាក់លិខិតរំលឹកទៅក្រសួងការបរទេសកម្ពុជា ជាថ្មីម្ដងទៀត ដើម្បីឲ្យឆ្លើយតបទៅ នឹងសំណើរបស់អង្គការរបស់លោក ។ លោក សឺន ជុំជួន មានប្រសាសន៍បន្តទៀតថា ខ្មែរក្រោមចាត់ទុករដ្ឋាភិបាលខ្មែរដូចជាឪពុកម្ដាយរបស់ពួកគេ ដែលមានឈាមជ័រខ្មែរតែមួយ ក្នុងការការពារពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ពួកគេ ប៉ុន្តែកំពុងឋិតក្រោមការត្រួតត្រារបស់វៀតណាម៖ «យើងពិតជាសោកស្ដាយចំពោះទង្វើដែលរដ្ឋាភិបាលគាត់មិនយកចិត្តទុកដាក់ទៅលើអន្តរាគមន៍របស់យើងណា ។ ប៉ុន្តែ យើងក្នុងនាមជាអង្គការសមាគមខ្មែរក្រោម យើងនៅតែចិញ្ចឹមចិត្តស្នើទៅរដ្ឋាភិបាល ។ យើងមិនបោះបង់ចោលទេ» ។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ សនិងអភិវឌ្ឍន៍ កាលពីថ្ងៃចន្ទ ទី ២៩ មិថុនា បានដាក់របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមទៅក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្នើឲ្យសុំឈប់រើសអើង ដោះលែងពលរដ្ឋខ្មែរក្រោមពីកន្លែងឃុំឃាំង និងឈប់រំលោភសិទ្ធិមនុស្សខ្មែរក្រោមបន្តទៀត ។ របាយការណ៍ដែលសមាគមដាក់ទៅក្រសួងការបរទេសកម្ពុជា រួមមានករណីរឹបអូសដីធ្លីរបស់កសិករខ្មែរក្រោម នៅខេត្តក្រមួនស រហូតឈានដល់មានការចាប់ខ្លួនបុរសខ្មែរក្រោមម្នាក់ ។ របាយការណ៍ដដែលក៏បានលើកឡើង ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោមដោយអាជ្ញាធរវៀតណាម បានផាកពិន័យជាប្រាក់លើយុវជនខ្មែរក្រោមពីរនាក់ ក្នុងម្នាក់ៗ ៣០០ ដុល្លារ ដោយសារតែអ្នកទាំងនោះ បានបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុកពីប្រវត្តិទឹកដីកម្ពុជាក្រោម និងព័ត៌មានអំពីស្ថានភាព និងសិទ្ធិសេរីភាពខ្មែរក្រោម ។ កាលពីពេលថ្មីៗ នេះ វៀតណាមក៏បានចោទខ្មែរក្រោមម្នាក់ទៀត ពីករណីក្បត់ជាតិ ដោយសារតែលោករិះគន់វៀតណាមថា រើសអើងមិនចែកអំណោយឲ្យខ្មែរក្រោមក្នុងពេលនៃវិបត្តិជំងឺ covid-19 ។ លោក សឺន ជុំជួន មានប្រសាសន៍បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនព្រមធ្វើកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមទៀតនោះ អង្គការរបស់លោក នឹងស្នើសុំជួបមន្ត្រីតំណាងរដ្ឋាភិបាលដោយផ្ទាល់ ដើម្បីជជែកពីបញ្ហានេះ ជាបន្តទៅទៀត ។ កាលពីថ្ងៃទី ១៤ កក្កដា សមាគមខ្មែរកម្ពុជាក្រោម ក៏បានសំដែងការសោកស្ដាយ ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនបានស្នើឲ្យមេដឹកនាំវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។
ប្រតិកម្មនេះកើតឡើយក្រោយ ជំនួបកំពូលរវាង លោក ហ៊ុន សែន និងប្រធានាធិបតី និងជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) ។ អ្នកទាំងពីរ បានជជែកពីកិច្ចសហការបង្ការជំងឺ Covid-19 បង្កើនទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបញ្ហាបោះបង្គោលព្រំដែន ។ លោក ហ៊ុន សែន ក៏បានសន្យាបង្កលក្ខណៈងាយស្រួលដល់ជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅប្រទេសកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន មិនបានលើកករណីរំលោភសិទ្ធិមនុស្សខ្មែរក្រោមឡើយ ។ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំកម្ពុជា និងវៀតណាមភ្លាម ក្រសួងមហាផ្ទៃប្រកាសថា មានជនបរទេស សរុបជិត ៩ ម៉ឺននាក់ ដោយមានប័ណ្ណស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងនាមជាជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនជាតិវៀតណាម ។ លោក សឺន ជុំជួន មានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាលោក ហ៊ុន សែន ហាក់ឋិតក្រោមគំនាបវៀតណាម ទើបមិនហ៊ាននិយាយរឿងខ្មែរក្រោម នឹងវៀតណាម៖ «ខ្ញុំគិតថា សម្រាប់ពេលបច្ចុប្បន្ននេះ ហាក់មានភាពតានតឹង អន្តរាគមន៍របស់រដ្ឋាភិបាល ។ សូម្បីតែជំនួបជាផ្លូវការ រវាងថ្នាក់ដឹកនាំជាផ្លូវការ របស់មេដឹកនាំ មិនបានលើកឡើងនៅក្តីកង្វល់របស់យើង» ។
លោក សឺន ជុំជួន សង្ឃឹមថា រដ្ឋាភិបាលថ្មី ដែលមកកាន់អំណាចជំនួសរដ្ឋាភិបាលបច្ចុប្បន្នអាច នឹងធ្វើឲ្យស្ថានភាពខ្មែរក្រោម ដែលកំពុងរស់នៅលើស្រុកកំណើតពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងនេះ ។ ទាក់ទង នឹងរដ្ឋាភិបាលខ្មែរដែលមិនហ៊ាន ធ្វើអន្តរាគមន៍ទៅវៀតណាម រឿងខ្មែរក្រោមនេះ ទាំងមន្ត្រីនាំពាក្យក្រសួងការបរទេស និងរដ្ឋាភិបាលសុទ្ធតែអះអាងស្រដៀងគ្នាថា ខ្មែរក្រោមឋិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដូច្នោះ រដ្ឋាភិបាលកម្ពុជាមិនហ៊ានជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់វៀតណាមឡើយ ។
ជុំវិញការមិនយកចិត្តទុក្ខជនជាតិខ្មែរក្រោម ពីសំណាក់រដ្ឋាភិបាលខ្មែរនេះដែរ ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ប្រធាននាយករដ្ឋព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាថា ដោយសារតែទង្វើរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នេះ បានបណ្ដាលឲ្យវៀតណាម ហ៊ានធ្វើទុក្ខបុកម្នេញ ខ្មែរក្រោមស្រេចតែចិត្តចង់ ។ ព្រះអង្គបន្ថែមទៀតថា ស្ថានភាពនៃការរំលោភសិទ្ធិមនុស្សខ្មែរក្រោម ពេលបច្ចុប្បន្ននេះ គ្មានភាពធូរស្បើយឡើយ ។ ពលរដ្ឋខ្មែរក្រោមម្នាក់ ដែលវៀតណាមចាប់ដាក់ពន្ធនាគារ នៅមិនទាន់ត្រូវបានប៉ូលិសវៀតណាមដោះលែង នៅឡើយទេ ចំណែកយុវជនខ្មែរក្រោម ពីរនាក់ផ្សេងទៀត អាចជាប់ពន្ធនាគារដោយសារតែពួកគេមិនទាន់មានប្រាក់បង់ការផាកពិន័យរបស់វៀតណាម ៖ «រដ្ឋាភិបាលកម្ពុជា គឺមិនដែលអើពើជួយអន្តរាគមន៍ ចំពោះខ្មែរក្រោម ។ អាត្មាភាពសំដែងការសោកស្ដាយ ។ យើងឃើញថា រដ្ឋាភិបាលវៀតណាមគេមកស្រុកខ្មែរ ។ គេសំណូមពរខ្មែរឲ្យជួយមើលការខុសត្រូវ ។ តែចំពោះរដ្ឋាភិបាលកម្ពុជាវិញនៅពេលអង្គការសមាគមដាក់ជួយធ្វើអន្តរាគមន៍ ចំពោះខ្មែរកម្ពុជាក្រោម រដ្ឋាភិបាលកម្ពុជាមិនសូវយកចិត្តទុក្ខដាក់» ។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់អះអាងថា វៀតណាមកំពុងប្រែក្លាយយុវជនខ្មែរក្រោម ឲ្យទៅជាជនជាតិវៀតណាម ដោយចង់ឲ្យពួកគេបំភ្លេចដើមកំណើតជាជនជាតិខ្មែរ ដើម្បីបានលាភសក្ការក្នុងសង្គម ប៉ុន្តែពេលយុវជនខ្មែរក្រោមមិនព្រមធ្វើតាមអាជ្ញាធរវៀតណាម បែរជាធ្វើទុក្ខបុកម្នេញពួកគេទៅវិញ ។ មន្ត្រីសិទ្ធិមនុស្សថា អាជ្ញាធរវៀតណាម ក៏រើសអើងនឹងខ្មែរក្រោម ដោយសារតែខ្មែរជាជាតិសាសន៍ផ្សេង ហើយវៀតណាមខ្លាចខ្មែរក្រោមទាមទារទឹកដីរបស់គេមកវិញ ៕