ខ្មែរក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ក្រុង​ព្រៃនគរ​ ចូលលុក​លុយ​ផ្ទះ​យុវជនខ្មែរក្រោម​ដោយ​បំពាន ដើម្បី​ស្វែងរក​សៀវភៅ​ ​«​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​

0 199

ដោយ យាង​ ​សុធា​រិន្ទ

​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​ ៦​ ​ខែ​មេសា​ ​ឆ្នាំ​ ២​០​២​១​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ថ្កោលទោស​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម​ នៅ​ទីក្រុង​ព្រៃនគរ​ ដែល​បាន​លើកគ្នា​ចូល​អុកឡុក​ដោយ​បំពាន​កន្លែង​ប្រកប​អាជីវកម្ម​លក់​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​របស់​យុវជន​ខ្មែរក្រោម​ ​ក្នុង​បំណង​រុករក​សៀវភៅ​ ​«​ព​ន្លឹ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​សរសេរ​ដោយ​ព្រះសង្ឃ​ខ្មែរក្រោម​ នៅ​សហរដ្ឋអាមេរិក​ ​ព្រះនាម​ ​ថា​ច់ ​ប្រីជា​គឿ​ន​ ​ដោយ​ ​មិន​មាន​ដីកាបញ្ជា​ពី​តុលា​ការត្រឹមត្រូវ​ ​។​

យុវជន ថាច់ កឿង និងសៀវភៅ​ ​«​ព​ន្លឹ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»
យុវជន ថាច់ កឿង និងសៀវភៅ​ ​«​ព​ន្លឹ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»

​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម​ ​គឺជា​ការ​បំពាន​ទៅលើ​រដ្ឋធម្មនុញ្ញ​វៀតណាម​ ​និង​គោលការណ៍​ច្បាប់អន្តរជាតិ​ ​និង​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិមនុស្ស​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​មាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ ​កម្ពុជា​ដែល​មាន​សមាជិក​ចំនួន​ ​៩​ ​ស្ថាប័ន​ ​រួម​មាន​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជាក្រោម​ ​មូលនិធិ​សម្រាប់​អ្នក​ក្រីក្រ​ ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​ ​ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម​ ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ព្រៃនគរ​ ​បាន​ថ្កោលទោស​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម​ក្រុង​ព្រៃនគរ​ ​ដែល​បាន​ចូល​អុកឡុក​ ​រុករក​ស​ម្ភារៈ​ នៅកន្លែង​អាជីវកម្ម​របស់​យុវជន​ខ្មែរក្រោម​ ​ដោយ​ពុំបាន​អនុវត្ត​ត្រឹមត្រូវតាម​វិធាន​បញ្ញត្តិច្បាប់​ ​។​

​សូម​រម្លឹក​ថា​ ​កាលពី​វេលា​ម៉ោង​ប្រហែល​ ​១​០​ ​យប់​ថ្ងៃ​ទី ​៤​ ​ខែ​មេសា​ ​ឆ្នាំ​ ២​០​២​១​ ​នគរបាល​ ​និង​អាជ្ញាធរ​វៀតណាម​ ​នៃ​សង្កាត់​ទី​ ១​៦​ ​ខណ្ឌ​ហ្ក​វ៉ា​ប​ (​Go​ ​V​a​p​) ​ទីក្រុង​ព្រៃនគរ​ប្រមាណ​ ​១​០​ ​នាក់​ ​ខ្លះ​ស្លៀកពាក់​ស៊ីវិល​ ​ខ្លះ​ជាឯកសណ្ឋាន​នគរបាល​ ​បាន​ចុះ​ដល់​ហាង​របស់​ យុ​ជន​ ​ថា​ច់ ​កឿង​ ​សម្រុក​ចូល​រុករក​សៀវភៅ​ ​«​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​និពន្ធ​ដោយ​ ​ព្រះសង្ឃ​ខ្មែរក្រោម​ព្រះនាម​ ​ថា​ច់ ​ប្រីជា​ គឿ​ន​ ​ដែល​ជា​និពន្ធ​នាយក​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​ ​ជា​អនុប្រធាននាកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ​។​

​ការ​សម្រុក​ចូល​រុករក​នេះ​ ​ដោយ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​សង្ស័យ​ថា​ យុវជន​ ​ថា​ច់ ​កឿង​ ​រក្សាទុក​សៀវភៅ​ចំនួន​ ​១​០​០​ ​ក្បាល​ក្នុង​បំណង​ផ្ញើ​ទៅ​ឱ្យ​យុវជន​ខ្មែរក្រោម​ ផ្សេងទៀត​ ដើម្បីចែកចាយ​បន្ត​ ​ប៉ុន្តែ​ ពួកគេ​រុករក​មិន​ឃើញ​នោះ​ឡើយ​ ​។​ ​ក្នុង​ពេល​រុករក​នោះ​ ​នគរបាល​បាន​ ​ប្រើ​ហិង្សា​ច្របាច់ក​យុវជន​ ​ថា​ច់ ​កឿង​ ​នៅ​ពេល​យុវជន​រូប​នេះ​ ព្យាយាម​ស្រែក​ប្រឆាំង​នឹង​ការ​លុកលុយ​ដោយ​បំពាន​របស់​ពួកគេ​ ​។​ ​ពួកគេ​ក៏បាន​ដកហូត​ទូរស័ព្ទ​ដៃ​ចំនួន​ ​២​ ​គ្រឿង​ ​របស់យុវជន​ ​ថា​ច់ ​កឿង​ ​យកទៅ​មើល​ ​និង​ថត​សារ​ឆ្លើយឆ្លង​ នៅ​ក្នុង​ទូរស័ព្ទ​នោះ​ ​។​ ​បន្ទាប់មក​ពួកគេ​ ​បាន​នាំ​ខ្លួន​លោក​ ​ថា​ច់ ​កឿង​ ​ទៅកាន់​ប៉ុស្តិ៍​នគរបាល ​ដើម្បី​សួរ​ចំ​លើ​យ​ប្រហែល​កន្លះម៉ោង​ថែមទៀត​ ​និង​បង្ខំ​ឱ្យ​លោក​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មិន​ចូលរួម​សកម្មភាព​បោះពុម្ព​ ​ឬ​ចែកចាយ​សៀវភៅ​ ​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ទូរស័ព្ទ​ដៃ​ឱ្យ​វិញ​ ​។​ ​ពួកគេ ​ក៏​គំរាម​មិន​ឱ្យ​យុវជន​ ​ថា​ច់ ​កឿង​ ​ផ្តល់​ព័ត៌មាន​ពី​ហេតុការណ៍​នេះ​ ទៅ​ឱ្យ​អ្នកដទៃ​នោះ​ទេ​ ​ជាពិសេស​ទៅ​ឱ្យ​ខ្មែរក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​។​

​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​នៅ​ពេលនេះ​ ​ជា​ចេតនា​គំរាមកំហែង​ ​បំភិតបំភ័យ​ ​និង​ជា​ការ​រំលោភបំពាន​ ​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិមនុស្ស​ពលរដ្ឋ​ខ្មែរក្រោម​ ​។​ ​ពួកគេ​ថា​ ​នៅ​ក្នុងករណីនេះ​ ​អាជ្ញាធរ​វៀតណាម​ ​មិនបាន​អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​ដោយ​ចូល​ឆែកឆេរ​ផ្ទះ​ពលរដ្ឋ​ទាំងកណ្តាលយប់​មិន​មាន​ដីកាបញ្ជា​ ពី​រដ្ឋអាជ្ញា​ត្រឹមត្រូវ​ ​មិន​មាន​វត្តមាន​សាក្សី​ ​និង​ការ​អនុ​ញ្ញាតិ ​ពី​ម្ចាស់ផ្ទះ​ ​ដែល​ជា​ការរំលោភ​សិទ្ធិ​ក្នុង​ការ​រក្សា​ការសំងាត់​ ​និង​សិទ្ធិ​ឯកជន​របស់​បុគ្គល​ ​។​

​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​ប្រធាន​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​មានប្រសាសន៍ថា​ ​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម ​កំពុងតែ​បារម្ភ​នៅ​ពេល​ឃើញ​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​កាន់​ច្រើនឡើង​ ​កំពុង​យល់​ដឹង​អំពី​សិទ្ធិមនុស្ស​ ​ជាពិសេស​គឺ​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្មែរក្រោម ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​។​ ​លោក​ថា​ ​អាជ្ញាធរ​មាន​ចេតនា​គាបសង្កត់​ ​និង​បំបាក់​ស្មារតី​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ហ៊ាន​ងើបឡើង​តស៊ូ​មតិ​ ​ប្រឆាំង​ទៅ​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​របស់​ពួកគេ​ ​។​

​លោក​ ​សម្បត្តិ​ ​ស៊ីណា ​«​យើង​ដឹង​ហើយ​ថា​ យួន​មិន​បើក​ទូលំទូលាយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ ​យើង​យល់​ដឹង​ពី​សិទ្ធិមនុស្ស​ ​យល់​ដឹង​ពី​ការរៀនសូត្រ​ប្រវត្តិសាស្ត្រ​ ​គឺ​អាច​អាជ្ញាធរ​យួន​មិន​បើក​ ​ទូលំទូលាយ​ឱ្យ​ទេ​ ​អ៊ីចឹង​ហើយ​ទើប​មួយ​រយៈ​ចុងក្រោយ​នេះ​ យុវជន​ខ្មែរ​កម្ពុជាក្រោម​យើង​ គាត់​មានការ​យល់​ដឹង​ ​តស៊ូ​មតិ​ ​ទើប​អាជ្ញាធរ​យួន​ធ្វើទុក្ខបុកម្នេញ​ ចំពោះ​ពួកគាត់​នៅ​កម្ពុជាក្រោម​ ​ដើម្បី​ឱ្យ​បាក់ស្បាត​ដើម្បី​គំរាមកំហែង​ ​មិន​ឱ្យ​មាន​អ្នក​ហ៊ាន​ងើប​តវ៉ា​ទៀត​ចំពោះ​បញ្ហា​ហ្នឹង​»​ ​។​

​យុវជន​ ​ថា​ច់ ​កឿង​ ​គឺ​ជាសកម្ម​ជន​តស៊ូ​មតិ​ខ្មែរក្រោម​ ដែល​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​ ២​០​២​០​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ខេត្ត​ព្រះត្រពាំង​កោះហៅ​សួរនាំ​ករណី​បង្ហោះ​វីដេអូ​ចោទ​អាជ្ញាធរ​វៀតណាម​ ថា ​ចែក​អង្ករ​ក្លែងក្លាយ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ត្រូវ​បាន​អាជ្ញាធរ​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៧​ ​លាន​ដុ​ង​ ​ស្មើ​ប្រមាណ​ ​៣​០​០​ ​ដុល្លារ​អាមេរិក​ ​។​ ​ក្រៅពីនោះ​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៨​ ​មក​ ​លោក​បាន​ដាក់​ញត្តិ​ស្នើសុំ​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​កម្មករ​ខ្មែរក្រោម ​ធ្វើការ​នៅ​តាម​រោងចក្រ​ ​សហគ្រាស​ ​នៅ​ទូទាំង​ប្រទេស​វៀតណាម​ មាន​ថ្ងៃឈប់​សម្រាក​ផ្លូវការ​គ្រប់គ្រាន់​ ​ដើម្បី​ចូលរួម​ ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​និង​បុណ្យភ្ជុំបិណ្ឌ​ ​ឬ​បុណ្យ​សែនដូនតា​នៅ​ស្រុកកំណើត​ ​។​

​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លើកឡើង​ថា​ ​ក្នុងនាម​ជា​រដ្ឋ​សមាជិក​ ​នៃ​អង្គការសហប្រជាជាតិ​ ​ប្រទេស​វៀតណាម ​បាន​គាំទ្រ​សេចក្តីប្រកាស​ជាស​កល ​ស្តីពី​សិទ្ធិមនុស្ស​ ​កតិកាសញ្ញា​អន្តរជាតិ ​ស្តីពី​សិទ្ធិពលរដ្ឋ​ ​និង​នយោបាយ​ ​កតិកាសញ្ញា​អន្តរជាតិ​ ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​វប្បធម៌​ ​និង​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​ ​ព្រមទាំង​កតិកាសញ្ញា​ ​និង​អនុសញ្ញា​ពាក់ព័ន្ធ​ដទៃទៀត ​ស្តីពី​សិទ្ធិមនុស្ស​ ​រដ្ឋាភិបាល​វៀតណាម​ ​ត្រូវ​មាន​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្នុង​ការគោរព​សិទ្ធិ​សេរីភាព​ ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ទាំងអស់​នេះ​ ​។​

​ពួកគេ​ថា​ ​រដ្ឋាភិបាល​វៀតណាម ​គួរ​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការគោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ​ដែល​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ ​ជាពិសេស​ គឺ​ពលរដ្ឋ​ខ្មែរក្រោម​ ដែល​ជា​ជនជាតិ​ដើម​ ​នៅ​ដែនដី​កម្ពុជាក្រោម​

​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ឱ្យ​ដឹង​ថា​ ​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ក៏​នឹង​រៀបចំ​ញត្តិ​ដាក់​ទៅកាន់​ស្ថានទូត​វៀតណាម ​ប្រចាំ​នៅ​កម្ពុជា​ ​ដើម្បី​តវ៉ា​ប្រឆាំង​សកម្មភាព​ខុស​ច្បាប់​របស់​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម​ ដែល​បាន​ធ្វើ​ចំពោះ​យុវជន​ខ្មែរក្រោម​ ​។​ ​ក្រៅពីនោះ​ ​ពួកគេ​ក៏​គ្រោង​ដាក់​ញត្តិ​ទៅកាន់​អង្គការ​អន្តរជាតិ​ ​និង​ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​ ​៕​

Leave A Reply

Your email address will not be published.