បាតុកម្ម​រឿង​កម្ពុជា​ក្រោម​ល្បី​នៅលើ បណ្ដាញ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​

252

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​បណ្ដាញ​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ព័ត៌មាន និង​កាសែត​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​ភាសា​ខ្មែរ ទាំង​ភាសា​អង់គ្លេស ព្រមទាំង បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ និង បណ្ដាញ​សង្គម Facebook បាននាំគ្នា​ចុះផ្សាយ​រឿង “​កម្ពុជា​ក្រោម​” ព្រោងព្រាត ធ្វើ​ឲ្យ មានការ​ចាប់អារម្មណ៍​ពី​សហគមន៍ជាតិ និង​អន្តរជាតិ ។ ការចុះផ្សាយ​ព័ត៌មាន​នេះ បន្ទាប់ពី​សមត្ថកិច្ច​ខ្មែរ​បាន​បង្ក្រាប​ទៅ លើ​អ្នក​តវ៉ា​របស់​ក្រុមយុវជន​ខ្មែរ ដែល​បានធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដឹកនាំ​ដោយ​សហព័ន្ធ និស្សិត​បញ្ញវន្ត​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ ទី ៨ ខែកក្កដា កន្លងទៅនេះ ។​

តាចាស់ខ្មែរក្រោមម្នាក់ឈរនៅបង្ហាញឯកសារកម្ពុជាក្រោមនៅតាមផ្លូវ ក្នុងពេលកំពុងធ្វើបាតុកម្មមុខស្ថានទូតវៀតណាម កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត សឺន ចែង ចើន
តាចាស់ខ្មែរក្រោមម្នាក់ឈរនៅបង្ហាញឯកសារកម្ពុជាក្រោមនៅតាមផ្លូវ ក្នុងពេលកំពុងធ្វើបាតុកម្មមុខស្ថានទូតវៀតណាម កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត ស៊ឺន ចែង ចើន

បាតុកម្ម​រឿង​កម្ពុជា​ក្រោម​ល្បី​នៅលើ បណ្ដាញ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​

នៅ​ព្រឹក​ថ្ងៃទី ០៩ ខែកក្កដា មួយថ្ងៃ បន្ទាប់ពី​ព្រឹត្តិការណ៍​បាតុកម្ម​រួចមក គ្រប់​កាសែត​ដែល​បានចេញ​ផ្សាយ នៅក្នុង​ប្រទេស កម្ពុជា បាន​ចុះផ្សាយ​នៅលើ​ទំព័រមុខ​របស់ខ្លួន​ស្ដីពី​រឿងរ៉ាវ​កម្ពុជា​ក្រោម​គ្មាន​ចន្លោះ​ឡើយ ។ ចំណែក គេហទំព័រ​ព័ត៌មាន​ឯករាជ្យ ល្បីៗ​របស់​ខ្មែរ​មួយចំនួន​ដែល​បាន​ចុះផ្សាយ មានដូចជា ភ្នំពេញ​ប៉ុស្តិ៍​, Cambodia Daily, VOD , គេហទំព័រ​ព័ត៌មាន​ថ្មី​ថ្មី និង​គេហទំព័រ​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ ដូចជា សំឡេង​សហរដ្ឋអាមេរិក , វិទ្យុ​អាស៊ីសេរី , វិទ្យុ​បារាំង​អន្តរជាតិ និង វិទ្យុ​អូស្ត្រាលី ABC ។ ងាក​ទៅ​មើល​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​វិញ មាន​ទីភ្នាក់ងារ​ព័ត៌មាន​ល្បីៗ​មួយចំនួន​ដូចជា REUTERS , Yahoo News, Radio Free Asia វិទ្យុ​អាស៊ីសេរី​ជា​ភាសា​អង់គ្លេស​, Voice of America សំឡេង​សហរដ្ឋអាមេរិក​ជា​ភាសា អង់គ្លេស​, ទី​ភ្នា​ក់​ព័ត៌មាន​រដ្ឋ​ចិន Xinhua (Xinhua News Agency) , Shanghai Daily, The Globe and Mail និង បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍​ថៃ​ដ៏​ល្បី​របស់​ថៃ Thai PBS ។ ក្រៅពីនេះ គេហទំព័រ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា ភាសា​អង់គ្លេស​ថា UNPO ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​សមាជិក និង គេហទំព័រ​វិទ្យុ VOA និង RFA ជា​ភាសា យួន​ក៏បាន​ចុះផ្សាយ​រឿងនេះ ដែរ ។​

តើ​ព័ត៌មាន​អត្តរ​ជាតិ​ទាំងនេះ គេ​ធ្វើ​សេចក្ដីរាយការណ៍​អ្វីខ្លះ​អំពី​ការធ្វើ​បាតុកម្ម​របស់​ព​ល​រដ្ឋ​ខ្មែរ​នៅមុខ​ស្ថានទូត​វៀតណាម ។​

​ព័ត៌មាន Yahoo News ដែលជា​គេហទំព័រ​ដ៏​ល្បី​សម្រាប់​មនុស្ស​ក្នុង​ពិភពលោក​បាន​ចុះផ្សាយ​ព័ត៌មាន​រូបថត​មួយចំនួន​បន្ត​ពី ព័ត៌មាន REUTERS ។ ចំណងជើង​នៅក្រោម​រូបថត​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម បាន​សរសេរ​កត់ សម្គាល់ថា​៖

“​ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​មុខ​ស្ថានទូត​វៀតណាម នៅ​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​ធ្វើបាតុកម្ម នៅ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ ហើយ​ប៉ូលីស​បាន​បំបែក​អ្នក​តវ៉ា ដោយ​អ្នកគាំទ្រ​បក្សប្រឆាំង​ដែល​បានទាមទារ​ឲ្យ លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ ស្ថា​ត​ទូត​វៀតណាម ប្រចាំ​កម្ពុជា សុំទោស​ជា​សាធារណៈ ចំពោះ​សម្ដី​ដែល​គាត់​បាន និយាយថា កម្ពុជា​ក្រោម ជា​ទឹកដី របស់​ប្រទេស​វៀតណាម​ជា​យូរ​មកហើយ ។ អ្នក​តវ៉ា បាន​អះអាងថា កម្ពុជា​ក្រោម ដែលជា​ផ្នែក​មួយ​ភាគខាងត្បូង​នៃ​ប្រទេស វៀតណាម​នោះ ជា​ដែនដី​មួយ​ភាគ​របស់​កម្ពុជា មុនពេល បារាំង​បាន​កាត់​ឲ្យ​វៀតណាម ក្នុង​ឆ្នាំ ១៩៤៩” ។​

“​កងកម្លាំង​សន្តិសុខ​កម្ពុជា​បំបែក​ក្រុមអ្នកតវ៉ា​នៅក្នុង​បាតុកម្ម​ប្រឆាំងនឹង​វៀតណាម​” ។ នេះ​ជា​ចំណងជើង​អត្ថបទ​ទីមួយ​ដែល ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០០១៤ ។ ផ្ដើមសេចក្ដី​រាយការណ៍ របស់ខ្លួន Xinhua បាន​កត់សម្គាល់ថា​៖

“​កងកម្លាំង​សន្តិសុខ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ បាន​បំបែក​អ្នក​តវ៉ា​ជា​ព្រះសង្ឃ​ខ្មែរក្រោម និង​អ្នកគាំទ្រ​ប្រមាណ ១០០ រូប ដែល បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ប្រទេស​វៀតណាម បន្ទាប់ពី​មន្ត្រី​ស្ថានទូត​វៀតណាម បានលើកឡើង ថា អតីត​ខេត្ត​នៅ​កម្ពុជា​ក្រោម ជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម មុនពេល​ការផ្ទេរ​ដែនដី​នេះ​ជា​ផ្លូវ​ដោយ​បារាំង ក្នុង​ឆ្នាំ ១៩៤៩” ។​

Xinhua បាន​ស្រង់​សម្ដី​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែលជា​អ្នកដឹកនាំ​ការធ្វើ​បាតុកម្ម​នេះ​ថា “​យើង​តវ៉ា​ទាមទារ​ឲ្យ លោក ត្រឹង វ៉ាំ​ង ថុង សុំទោស​ចំពោះ​សម្ដី​របស់​គាត​ដែល​បាន​បំភ្លៃ​” ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម ។​

​អត្ថបទ​ទី​ពីរ​របស់ Xinhua បានដាក់​ចំណងជើង​ថា “​វៀតណាម​ថ្កោលទោស​ជនជាតិភាគតិច​ខ្មែរក្រោម​អំពី​ការធ្វើ​បាតុកម្ម​ប្រ ឆាំង​វៀតណាម​” ។ អត្ថបទ​នេះ Xinhua បាន​ស្រង់​យល​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​វៀតណាម ចុះ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ មក​ឆ្លើយតប​នឹង​ក្រុមអ្នកតវ៉ា​ថា “​វៀតណាម​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​ណា​ដែល​ជាការ​ប្រឌិត ការ​បំភ្លៃ និង​មួល បង្កាច់​ទៅលើ​មូលដ្ឋាន​ច្បាប់ ចំពោះ​អង្គការ ឬ បុគ្គល​ណាមួយ​ដែល​ប្រឆាំងនឹង​ការឯកភាព​បូរណភាព​ទឹកដី​នៃ​ប្រទេស វៀតណាម​” ។​

​បញ្ចប់សេចក្ដី​រាយការណ៍ Xinhua បាន​កត់សម្គាល់ថា​៖

“​យោងតាម​ប្រវត្តិសាស្ត្រ អាណានិគម​បារាំង បាន​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ជា​ដី​មួយ​ភាគ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ទៅ​វៀតណាម ប្រទេសជិតខាង កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ” ។​

“​ការប៉ះទង្គិច​គ្នា​នៅ​ស្ថានទូត​វៀតណាម​ក្នុង​រាជធានី​ភ្នំពេញ​” នេះ​ជា​ចំណងជើង​ដែល​បាន​ផ្សាយ​នៅលើ​គេ​ទំព័រ សារព័ត៌មាន​ថៃ Thai PBS នៅ​ថ្ងៃទី ០៩ ខែកក្កដា មួយថ្ងៃ​បន្ទាប់ពី​ការធ្វើ​បាតុកម្ម ។ សារព័ត៌មាន​នេះ បាន​ស្រង់​ព័ត៌មាន​ចេញពី​កាសែត ភ្នំពេញ ប៉ុស្តិ៍​ធ្វើ​សេចក្ដីរាយការណ៍​ថា​៖

“​អ្នក​តវ៉ា​ជាច្រើន និង កម្លាំង​សន្តិសុខ​បាន​រងរបួស ក្នុងអំឡុងពេល​នៃ​ការប៉ះទង្គិច គ្នា​នៅពេលដែល​ប្រជាជន ប្រហែល ២០០ នាក់ ដែលជា​សមាជិក​និង​អ្នកគាំទ្រ​របស់​អង្គការ​ខ្មែរក្រោម បាន​តវ៉ា​នៅ​ខាង ក្រៅ​ស្ថានទូត​វៀត ណា​ម​ក្នុង​រាជធានី​ភ្នំពេញ​” ។​

​គេហទំព័រ​អាស៊ីសេរី​ជា​ភាសា​អង់គ្លេស​បាន​រាយការណ៍​ជា​វីដេអូ​ផង និង​អត្ថបទ​ផង ។ នៅក្នុង​អត្ថបទ​មួយ​មាន ចំណងជើង​ថា “​ព្រះសង្ឃ​ខ្មែរក្រោម​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​កម្ពុជា​ជុំវិញ​រឿង​សេចក្ដីថ្លែងការណ៍​របស់​ក្រុង​ហាណូយ​” ដែល​អមដោយ រូបថត អ្នក​តវ៉ា​កាន់​ទង់ ជាតិ​កម្ពុជា​ក្រោម​បក់​គ្រវី​នៅ​កណ្ដាល​ហ្វូង​បាតុកម្ម​នោះ មាន​សេចក្ដីរាយការណ៍ ថា ៖

“​ព្រះសង្ឃ និង​និស្សិត​ជាង ១០០ នាក់ ជា​ជនជាតិភាគតិច​ខ្មែរក្រោម នៃ​ប្រទេស​វៀតណាម រស់នៅក្នុង​ប្រទេស កម្ពុជា បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​ការពារ​សន្តិសុខ នៅ​ថ្ងៃ​អង្គារ​នៅមុខ​ស្ថាន ទូត​វៀតណាម​នាទី​ក្រុង​ភ្នំពេញ ខណៈដែល​ពួកគេ​ធ្វើដំណើរ ទៅ​ស្ថានទូត​ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថាន ទូត​វៀត ណា​ម​សុំទោស​ទាក់ទង​នឹង​សម្ដី ដែល​បាន​និយាយ​ទាក់ទង​នឹង​រឿង​កម្មសិទ្ធិ​ដែនដី​ដែល​កំពុងមាន​ជម្លោះ​” ។​

​អត្ថបទ​នេះ ក៏បាន​ធ្វើ​សេចក្ដីរាយការណ៍​កត់សម្គាល់​នូវ​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម​ថា​៖

“​កូស័ងស៊ីន​អាណានិគម​បារាំង ក្នុងនោះ រាប់​ប​ញ្ចូ​ន​ទាំង​អតីត​ខេត្ត​នៅ​កម្ពុជា​ក្រោម​ផង ត្រូវបាន​កាត់​ឲ្យ​វៀត ណា​ម​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ១៩៤៩ តែ​ដែនដី​មួយ​ភាគ​នេះ ត្រូវបាន​ត្រួតត្រា​ដោយ​វៀត ណា​ម​នៅក្នុង​ពាក់ កណ្ដាល​សតវត្ស ទី ១៧ ។​

កំពង់ផែ​សមុទ្រ​ដ៏​សំខាន់បំផុត​នៃ​កម្ពុជា​ក្រោម ដែល​គេ​ធ្លាប់​ហៅថា ព្រៃនគរ នោះ ឥឡូវនេះ ត្រូវបាន​គេ​ស្គាល់​ថា ជាទី​ក្រុង ហូជីមិញ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៃ​ប្រទេស​វៀតណាម និង​ជា​ក្រុង​មួយ​ក្នុងចំណោម​ទី ក្រុង​ធំ​ជាង គេ នៅ​តំបន់​អាស៊ី អាគ្នេយ៍ ។​

ចាប់តាំងពី​ទីក្រុង​ហាណូយ​បាន​កាន់កាប់​មក ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​វៀតណាម​មាន ប្រមាណជាង​មួយ​លាន នាក់ ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​កាន់ តែ​ខ្លាំង​ឡើង​ក្នុង សង្គម និង ការត្រួតពិនិត្យ​លើ​ការ ប្រតិបត្តិ​សាសនា​ដ៏​តឹងរឹង ។ នេះ​បើ​យោងតាម​ក្រុម​សិទ្ធិមនុស្ស ។​

អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា ខ្មែរក្រោម​កំពុង ប្រឈម​នឹង ការ​រឹតបន្តឹង​ដ៏ ធ្ងន់​ខាង​សេរីភាព​នៃ​ការបញ្ចេញមតិ​, ការជួបប្រជុំ​សមាគម ការទទួល​ព័ត៌មាន និង ចលនា​នៅក្នុង ប្រ ទេស​វៀតណាម ។​

រដ្ឋាភិបាល​វៀតណាម​បាន​ហាមឃាត់​ខ្មែរក្រោម​បោះពុម្ពផ្សាយ​ឯកសារ​សិទ្ធិមនុស្ស និង ការអនុវត្ត​យ៉ាង​តឹងរឹង គ្រប់គ្រង​លើ ស្ថាប័ន ព្រះពុទ្ធសាសនា​ថេរវាទ​ដោយ​ក្រុម​ជនជាតិភាគតិច​របស់​ពួ​គេ ដែល​មើលឃើញថា សាសនា​ដែលជា​មូលដ្ឋានគ្រឹះ នៃ​វប្បធម៌ និង​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​របស់ខ្លួន​” ។​

ទាក់ទិន​នឹង​ការរស់នៅ​របស់​ខ្មែរក្រោម​នៅក្នុង​ប្រទេស​កម្ពុជា​វិញ អត្ថបទ​នេះ​បាន​រាយការណ៍​បន្តទៀត​ថា​៖

“​ដោយសារតែ​ពួកគេ​ជា​ញឹកញាប់​ត្រូវបាន​ចាត់ទុកថា​ជា​ជនជាតិ​យួន ​ដោយ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ កម្ពុជា ទើប​ខ្មែរក្រោម ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរើសអើង​ក្នុងសង្គម និង​សេដ្ឋកិច្ច​” ។​

អត្ថបទ​នេះ បាន​ស្រង់​ប្រភពពី​អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស​ថា​ខ្មែរក្រោម “​ក៏​ប្រឈមមុខ​នឹង​បន្ទុក​ក្នុងការ​សម្រប​ស្ថានភាព របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​អាជ្ញាធរ​បាន​បរាជ័យ​ក្នុង​ការផ្តល់​សញ្ជាតិ ឬ​សិ​ទិ្ធ​ស្នាក់នៅ​ខ្មែរ​របស់​ពលរដ្ឋ ខ្មែរក្រោម​ជាច្រើន បើទោះបី​ជាការ​សន្យាថា ខ្មែរក្រោម​ជា​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដោយ​” ៕​

 

Comments are closed.