កសិករខ្មែរក្រោម លោក ហ្វិន វ៉ាំងឌែប ត្រូវបានតុលាការវៀតណាម នៅខេត្តក្រមួនសដោះលែង ក្រោយអនុវត្តទោសពន្ធនាគារចប់
ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោម គឺលោក ហ្វិន វ៉ាំងឌែប អាយុ ៤២ ឆ្នាំ ត្រូវបានតុលាការវៀតណាម នៅខេត្តក្រមួនសដោះលែង ឲ្យមានសេរីភាព នៅរសៀល ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ចំទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោយពេលលោកបានអនុវត្តទោសជាប់ ពន្ធនាគារចប់រយៈពេលមួយឆ្នាំ និង ៩ ខែ ហើយទោស ដែលនៅសេសសល់ នឹង ត្រូវព្យួរ ។

លោកស្រី ហ្វិន ធីហូវ ជាប្អូនស្រី លោក ហ្វិន វ៉ាំងឌែប ឱ្យសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ដឹងថា ក្រុមគ្រួសារ និងញាតិមិត្ត ជាច្រើននាក់ បានទៅទទួល និង ស្វាគមន៍លោក ហ្វិន វ៉ាំងឌែប យ៉ាងកក់ក្ដៅ នៅមុខពន្ធនាគារ ។ លោកស្រី ប្រាប់ ថា លោក ហ្វិន វ៉ាំងឌែប មានសុខភាពដូចធម្មតា និងនៅតែមានស្មារតីរឹងប៉ឹងដដែល ។
លោក ហ្វិន វ៉ាំងឌែប កាលពី ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ត្រូវបានតុលាការ វៀតណាម នៅស្រុកយ៉ាងថាញ់ និង ខេត្តក្រមួនស សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ក្នុង ជំលោះ ដីធ្លី រវាងកសិករខ្មែរក្រោម ជិត ១៥០ គ្រួសារជាមួយអាជ្ញាធរវៀតណាម ។
គួររំលឹកថា កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តុលាការខេត្តក្រមួនស បានសម្រេចផ្ដន្ទាទោស លើកសិករខ្មែរក្រោម ៣ រូប គឺ លោក ហ្វិន វ៉ាំងឌែប កាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ។ លោក តៀន ដាម ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ និង លោក តៀន ណាម ផ្ដន្ទាទោស ៩ ខែ ។
ក្នុងសំណុំរឿងដដែលនេះ គិតមកដល់ពេលនេះ គឺនៅសល់កសិករខ្មែរក្រោម មួយនាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ គឺលោក តៀន ដាម ។ ចំណែកលោក តៀន ណាម ត្រូវអាជ្ញាធរ នៃ របបអាណានិគមយួនដោះលែង កាលពីខែតុលា ឆនាំ ២០២២ កន្លងទៅ ។