កសិករខ្មែរក្រោម នៅខេត្តក្រមួនស ដែលតវ៉ាបញ្ហាដីធ្លី ត្រូវអាជ្ញាធរដោះលែង ចេញពីពន្ធនាគារ ជាបណ្ដោះអាសន្ន
ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោមម្នាក់ ដែលអាជ្ញាធរខេត្តក្រមួន ស បានចាប់ និងឃុំខ្លួនពាក់ព័ន្ធករណីជម្លោះដីធ្លី គឺលោក ហ្វិន វ៉ាំងឌែប ត្រូវបានអាជ្ញធរក្នុងខេត្តនេះ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ។ ប៉ុន្តែ សាច់ញាតិបុរសខ្មែរក្រោមរូបនេះ ទាមទារឲ្យទម្លាក់ចោលនូវបទចោទទាំងស្រុង ។

ប្រភពព័ត៌មាន ពីអង្គការប្រជាជាតិ និងប្រជាជាជនគ្មានតំណាង ហៅកាត់ថា UNPO នៅថ្ងៃទី ៦ ខែកញ្ញានេះ ឲ្យដឹងថា សេចក្ដីសម្រេចដោះលែង លោក ហ្វិន វ៉ាំងឌែប ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី ៤ ខែកញ្ញា សប្តាហ៍នេះ គឺដោយសារតែការស៊ើបអង្កេតកន្លងមករបស់អាជ្ញាធរវៀតណាម អស់រយៈពេល ៣ ខែ ប៉ុន្តែ រកមិនឃើញពីទោសកំហុសរបស់គាត់ ។
បើតាមអង្គការ UNPO ដដែល ឲ្យដឹងទៀតថា បើទោះបីជាអាជ្ញាធរវៀតណាម បានដោះលែងឲ្យ លោក ហ្វិន វ៉ាំងឌែប នៅក្រៅឃុំបណ្តោះអាសន្នក្តី ប៉ុន្តែ លោក ហ្វិន វ៉ាំងឌែប ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការតាមដានយ៉ាងតឹងតែង ពីសំណាក់អាជ្ញាធរដដែល ពោល គឺលោកមិនអាចផ្លាស់ប្ដូរទីលំនៅ និងហាមមិនឲ្យចាកចេញពីលំនៅឋាន ឬធ្វើដំណើរទៅបរទេសជាដើម ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរឡើយ ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បង្គាប់ឲ្យលោក ត្រូវចូលខ្លួនទៅបំភ្លឺ នៅចំពោះមុខអាជ្ញាមូលដ្ឋានជារៀងរាល់ខែផង ។
គួរជម្រាបជូនថា ការដោះលែងលោក ហ្វិន វ៉ាំងឌែប ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) រួមទាំងអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស បានប្ដឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ធ្វើអន្តរាគមន៍ពីករណីនេះ ដោយទាមទារទៅអាជ្ញាធរវៀតណាម ខេត្តក្រមួនស ឲ្យដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ឲ្យមានសេរីភាពឡើងវិញ ក្រោយអាជ្ញាធរវៀតណាម បានចាប់ និងឃុំខ្លួនពាក់ព័ន្ធករណីជម្លោះដីធ្លីក្នុងខេត្តនេះ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ៧ មិថុនា ២០២០ អាជ្ញាធរវៀតណាមជាង ៥០ នាក់ បានចុះចាប់ខ្លួនពលរដ្ឋខ្មែរក្រោម មួយគ្រួសារ ដែលមានសមាជិក ៦ នាក់ ក្នុងនោះមានស្ត្រីម្នាក់ទើបសម្រាលកូនជាងមួយខែផង ដោយចោទប្រកាន់ថា ពួកគេដឹកនាំបះបោរធ្វើការទន្ទ្រានយកដី ដែលកំពុងមានជម្លោះទំហំជាង ៣.០០០ ហិកតារ ។ ការចាប់ខ្លួន លោក ហ្វិន វ៉ាំងឌែប ដោយសារតែលោក ជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រឈូសឆាយលើដីស្រែឲ្យពលរដ្ឋចំនួន ១៤៥ គ្រួសារ នៅភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកកៀងលឿង ខេត្តក្រមួនស កាលពីថ្ងៃទី ៥ ខែឧសភា ២០២០ ដោយលោក បានបើកអេស្កាវ៉ាទ័រ ដើម្បីរារាំងអាជ្ញាធរវៀតណាម ប្រដាប់ដោយអាវុធជាច្រើនរយនាក់ ចុះទៅហាមឃាត់ និងរឹបអូសយកដីស្រែ ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋកំពុងប្រើប្រាស់ ។ នៅក្នុងហេតុការណ៍នោះ ពលរដ្ឋខ្មែរតវ៉ាជំទាស់រហូតឈានដល់ផ្ទុះជាអំពើហិង្សា និងបណ្ដាលឲ្យពលរដ្ឋខ្មែរក្រោម ជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។ ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម៉្លេះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ៕