គណបក្ស​ប្រឆាំង និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​រិះគន់​លោក ហ៊ុន សែន ដែល​ប្រកាស​ឲ្យ​ក្ដារ​មឈូស​ដល់​អ្នក​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម

0 183

ដោយ យន់ សាមៀន | RFA Khmer

គណបក្ស​ប្រឆាំង និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ឲ្យ​ក្តារ​មឈូស​ដល់​អ្នក​ណា ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​វៀតណាម​មក​វិញ ។ ការព្រមាន​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ទាមទារ​ទឹក​ដី​កម្ពុជាក្រោម​មក​វិញ​នេះ ធ្វើ​ឡើង ស្រប​ពេល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​លើ​ឆាក​អន្តរជាតិ កំពុង​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ដោយ​ហិង្សា ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ នៅ​លើ​ទឹក​ដី​កំណើត ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៣ ភ្នំពេញ-កំពត ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ។ រូបៈ ហ្វេសប៊ុកលោក ហ៊ុន សែន
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៣ ភ្នំពេញ-កំពត ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ។ រូបៈ ហ្វេសប៊ុកលោក ហ៊ុន សែន

គណបក្ស​ប្រឆាំង និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ចាត់​ទុក​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ថា ជា​ការ​មិន​ស្នេហាជាតិ មិន​ឲ្យ​តម្លៃ​ដល់​អ្នក​ជាតិ​និយម និង​បំភ្លេច​​ពលរដ្ឋ​ខ្លួន​ឯង​ចោល ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត​ថា បើ​អ្នក​ណា​ចង់​បាន​ដី​ខ្មែរ​កម្ពុជាក្រោម​មក​វិញ លោក​នឹង​ផ្តល់​ក្ដារ​មឈូស​ដោយ​ឥត​គិត​ថ្លៃ និង​ជួយ​កប់​សព៖ «ទៅ​វ៉ៃ​យក​ខ្លួន​ឯង ភ្លេច​ថែម​មួយ​បន្ទាត់​ទៀត ទៅ​វ៉ៃ​ទៅ! ខ្ញុំ​ថែម​ក្ដារ​មឈូស និង​កប់​ខ្មោច​ឲ្យ ។ កម្ពុជា​ក្រោម​ បាត់តាំង​ពី​ខ្ញុំ​មិន​ទាន់​កើត ឪពុក​ខ្ញុំ​មិន​ទាន់​កើត​រឿង​អ្វី​ឲ្យ​ខ្ញុំ​ទៅ​យក? អ្នក​ណា​ពូកែ ខ្ញុំ​ជួយ ក្នុង​ការ​ធ្វើ​ក្តារ​មឈូស និង​កប់​ខ្មោច​ឲ្យ» ។

លោក ហ៊ុន សែន ថ្លែង​ដូច្នោះ​ ដោយសារ​តែ​លោក​ខឹង​នឹង​នាក់​ចូល​ទៅ Comment ក្នុង​ទំព័រ (Facebook) លោក ដោយ​ស្នើ​ឲ្យ​លោក​លើក​ទ័ព​ទៅ​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​ ពី​វៀតណាម​មក​វិញ ។ លោក ហ៊ុន សែន បន្ត​ថា កាល​ពី​ឆ្នាំ ១៩៩៥ និង​ ១៩៩៦ ក៏​មាន​អ្នក​មាន​ទស្សនៈ​ចង់​ទាមទារ​ទឹក​ដី​កម្ពុជាក្រោម​មក​វិញ​ដែរ ហើយ​ពេល​នោះ លោក​ក៏​ប្រកាស​ផ្តល់​ក្ដារ​មឈូស​ឲ្យ​ដែរ ។ លោក​ថា រឿង​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​នោះ​ទេ៖ «រឿង​អតីត​កាល​មិន​ដឹង​ជា​ផុត​ទាំង​ពី​កាល ។ ពិភពលោក​គេ គូរ​ផែនទី​ សូម្បី​តែ​នៅ​លើ​យន្តហោះ​ គេ​ដាក់​ផែនទី ព្រំដែន​យើង​នៅ​តែ​ប៉ុណ្ណឹង​តើ»

ជុំវិញ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបន្ទុក​កិច្ច​ការងារ​ព្រំដែន លោក អ៊ុំ សំអាន ថ្លែង​ថា សារ​របស់​លោក ហ៊ុន សែន បង្ហាញ​ថា លោក​ជា​មេ​ដឹកនាំ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ។ លោក​ថា លោក ហ៊ុន សែន ដែល​វៀតណាម​ លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច​នោះ បាន​ជំពាក់​គុណ​វៀតណាម ដូច្នោះ​លោក​មិន​ហ៊ាន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​វៀតណាម​ឡើយ៖ «ក្នុង​នាម​ជា​មេ​ដឹកនាំ​ប្រទេស ​គាត់​មិន​គួរ​បំបាក់​ទឹក​ចិត្ត​អ្នក​ស្នេហា​ជាតិ យុវជន ឬ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម​មក​វិញ​នោះ​ទេ ។ គាត់​គួរ​តែ​លើក​ទឹក​ចិត្ត មិន​គួរ​និយាយ​ថា ផ្តល់​ក្ដារ​មឈូស​នោះ​ទេ ។ អ្នក​មាន​ទស្សនៈ​ដូច​នេះ គឺ​អ្នក​គ្មាន​ទស្សនៈ​ជាតិ​និយម»

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​អនាគត​ដោយ​ខ្លួន​ឯង​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុងធ្វើសកម្ម​ក្នុង​ឆាក​អន្តរជាតិ ​នៅ​ពេល​បច្ចុប្បន្ន​នេះ៖ «បងប្អូន​កម្ពុជា​ក្រោម ប្រសិនបើ​គាត់​អាច​ទាមទារ​សិទ្ធិ​សេរី និង​សិទ្ធិ​សាសនា សិទ្ធិ​ស្វ័យ​សម្រេច ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម​បាន យើង​គាំទ្រ​គំនិត​ស្នេហា​ជាតិ»

អាណានិគមនិយម​បារាំង​ បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម មាន​ចំនួន ២១ ខេត្ត ទៅ​ឲ្យ​វៀតណាម​ទាំង​ខុសច្បាប់ កាល​ពី​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ១៩៤៩ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា ។ នៅ​ខែ​មិថុនា​ខាង​មុខ​នេះ ខ្មែរ​ក្រោម​ បាន​បាត់បង់​ទឹកដី​អស់​រយៈពេល ៧៣ ឆ្នាំមកហើយ ។ ស្រដៀង​គ្នា​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោក​​សោក​ស្ដាយ ​ដែល​លោក ហ៊ុន សែន មិន​បាន​ជួយ​ចែវ​ទូក ប៉ុន្តែ​ បែរ​ជា​យក​ជើង​រា​ទឹក​ទៅវិញ៖ «ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ ពេល​ដែល​យើង​បាន​ឮ​ពលរដ្ឋ ដែល​មានស្មារតី ឧត្ដម​គតិ​ស្នេហា​ជាតិ និង​ស្រឡាញ់​ទឹកដី គឺ​យើង​សប្បាយ​ចិត្ត​ណាស់ ។ យើង​មិន​អាច​ប្រើ​សំដី​ណា​មួយ ដើម្បី​បំបាក់​ស្មារតី​ជាតិ​និយម​របស់​ពលរដ្ឋ​ខ្លួន​ឯង​ទេ»

លោក​ថា សម្រាប់​គណបក្ស​ភ្លើង​ទៀន​វិញ គណបក្ស​នេះ​ មាន​គោល​នយោបាយ​បង្រួបបង្រួម​ខ្មែរ និង​មិន​បោះបង់​ខ្មែរ​ណា​មួយ​ចោល​នោះ​ទេ ។​ ទោះ​បី​រដ្ឋាភិបាល​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្មែរ​ក្រោម​ក៏​ដោយ ប៉ុន្តែ ​ខ្មែរ​ក្រោម​នៅ​ទូទាំង​ពិភពលោក និង​អ្នក​រស់​នៅ​លើ​ទឹក​ដី​កំណើត​មិន​រង់ចាំ​ឲ្យ​លោក ហ៊ុន សែន​ជួ យ​ពួក​គេ​ទេ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក កំពុង​ធ្វើ​យុទ្ធនាការ ស្វែងរក​សិទ្ធិស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទៅ​ថ្ងៃ​អនាគត ។ បច្ចុប្បន្ន​ខ្មែរ​ក្រោម ជាពិសេស យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម គាប​សង្កត់ សម្លុត​បំភ័យ​ជា​រៀងរាល់​ថ្ងៃ ។ ពួកគេ​ត្រូវ​បាន​វៀតណាម ហៅ​សួរ​ចម្លើយ វាយ​ធ្វើ​បាប និង​ចាប់​ឃុំ​ទាំង​ខុស​ច្បាប់​ ដោយសារ​តែ​ពួក​គេ​សំដែង​មតិ​ចង់​បាន​សិទ្ធិ​ជា​ជន​ជាតិ​ដើម ។ យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន ក៏​ត្រូវ​វៀតណាម​ ចាប់​ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ ​ដោយ​គ្រាន់តែហ៊ាន​និយាយ​ប្រវត្តិសាស្ត្រ​ពិត និង​ការ​បាត់បង់​ទឹកដី ។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា ក៏​ចាត់​ទុក​លោក​ ហ៊ុន ​​ សែន ជា​មេ​ដឹកនាំ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ប្រវត្តិសាស្ត្រ​ ហើយ​មិន​ឲ្យ​តម្លៃ​ដល់​ការ​តស៊ូ​របស់​ខ្មែរ​ក្រោម ។ ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា បន្ត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម កំពុង​ជ្រើសរើស​យក​យុទ្ធនាការ​អហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន៖ «យើង​មិន​មែន​ថា ទៅ​យក​ទឹកដី​កម្ពុជា​ក្រោម​ទេ អ្វី​ដែល​យើង​តស៊ូ​ហ្នឹង យើង​ទាមទារ​សិទ្ធិ​សេរីភាព​ហ្នឹង​ឯង ។ ជាពិសេស ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម ។ ទឹកដី​សព្វ​ថ្ងៃ​ហ្នឹង​ជា​ផ្នែក​មួយ នៃ​ប្រទេស​កម្ពុជា​ផង​ដែរ ពីព្រោះ​កម្ពុជា​ជា​អ្នក​បាត់បង់​ទឹកដី ប៉ុន្តែ​ ពលរដ្ឋ​ខ្មែរ​ក្រោម​ហ្នឹង គាត់​ទាមទារ​សិទ្ធិ​សេរីភាព ក្នុង​នាម​ជា​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម»

ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា ប្ដេជ្ញា​ថា ទោះ​បី​លោក ហ៊ុន សែន ចេញ​សារ​គំរាម​ផ្តល់​ក្ដារ​មឈូស​ឥត​គិត​ថ្លៃ​ឲ្យ​អ្នក​ហ៊ាន​ងើប​ឡើង​តវ៉ា ដើម្បី​សិទ្ធិ​សេរីភាព​ក្តី ក៏​ខ្មែរ​ក្រោម ​មិន​បាក់​ទឹក​ចិត្ត ហើយ​នឹង​បន្ត​ការ​ទាមទារ​របស់​ពួក​គេ​រហូត​បាន​ជោគជ័យ ៕

Leave A Reply

Your email address will not be published.