សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសមន្ត្រីសង្ឃខេត្តឃ្លាំង ដែលមិនឲ្យសកម្មជនសង្ឃមួយអង្គ គង់ក្នុងវត្តទាំង ៩២ នៅខេត្តឃ្លាំង
ដោយ ជាតិ ចំណាន | RFA Khmer
ប្រធានអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសមន្ត្រីសង្ឃខេត្តឃ្លាំង ដែលវៀតណាម ហៅថា សុកត្រាំង (Soc Trang) ហាមមិនឲ្យព្រះសង្ឃមួយអង្គ ដែលឈឺឆ្អាលរឿងសិទ្ធិមនុស្ស និងរឿងទឹកដីកម្ពុជាក្រោម គឺសាមណេរ យឿង ខាយ គង់ក្នុងវត្តទាំង ៩២ និងសាលាឆទានទាំង ៣៨ នៅខេត្តឃ្លាំង ។ សាមណេរ យឿង ខាយ ចាត់ទុករឿងនេះ ថា ជារឿងរើសអើង និងអយុត្តិធម៌ ព្រោះព្រះអង្គ មិនបានប្រព្រឹត្តខុសអ្វីឡើយ ។

ប្រធានការិយាល័យអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ភិក្ខុ ធីធី ធម្មោ ចាត់ទុកទង្វើរបស់មន្ត្រីសង្ឃខេត្តឃ្លាំងមួយអង្គ គឺ ភិក្ខុ តាំង នោ ដែលប្រកាសរារាំងមិនឲ្យសកម្មជនសិទ្ធិមនុស្ស ដែលទើបបួសជាសាមណេរថ្មីថ្មោង គឺព្រះតេជព្រះគុណ យឿង ខាយ គង់ក្នុងវត្តនានា នៅខេត្តឃ្លាំងនោះ ថាជាទង្វើមិនត្រឹមត្រូវ និងធ្វើតាមបញ្ជារបស់រដ្ឋាភិបាលវៀតណាម ដើម្បីលាភសក្ការៈ ។ ព្រះភិក្ខុធីធី ធម្មោ មានថេរដីកា ក្នុងលិខិតកាលពីថ្ងៃទី ១៧ ខែមករា ថា ក្នុងនាមព្រះអង្គ ដែលតំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ស្នើសុំឲ្យមន្ត្រីសង្ឃអង្គនោះ បើកចិត្តទូលាយទទួលស្គាល់សាមណេរ យឿង ខាយ ហើយគួរតែរីករាយពេល ដែលមានសកម្មជនខ្មែរក្រោម ហ៊ានតស៊ូមតិជាមួយវៀតណាម ដើម្បីផលប្រយោជន៍ខ្មែរក្រោម និងគួរតែជ្រះថ្លា ចំពោះកុលបុត្រខ្មែរក្រោម ដែលមកជ្រកក្រោមម្លប់ព្រះពុទ្ធសាសនាសិក្សាធម៌វិន័យអប់រំខ្លួន ។
ព្រះសង្ឃខ្មែរក្រោម ដែលក្លាហានតតាំងជាមួយអាជ្ញាធរវៀតណាម ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម គឺ ព្រះតេជព្រះគុណ យឿង ខាយ យល់ថា មន្ត្រីសង្ឃខេត្តឃ្លាំង ចេញលិខិតមិនឲ្យវត្តទាំង ៩២ និងសាលាឆទានទាំង ៣៨ ក្នុងខេត្តឃ្លាំង ស្វាគមន៍ព្រះអង្គ ជាទង្វើអយុត្តិធម៌ និងមិនអាចទទួលយកបានទេ ។
ភិក្ខុ ធីធី ធម្មោ៖ «គឺសារាចរបែបនេះ អាត្មាឃើញចំពោះអាត្មា គឺវាអយុត្តិធម៌ពេកហើយបង! ហើយទី ២ ទៀត ឃើញគោលបំណងមន្ត្រីសង្ឃធ្វើហ្នឹងគឺធ្វើតាមតែបញ្ជាគេអ៊ីចឹង គឺឃើញថាមន្ត្រីសង្ឃគ្មានការពិចារណា ទី ៣ ទៀត ឃើញមន្ត្រីសង្ឃខេត្តឃ្លាំង ហ្នឹង បានចាប់ព្រះសង្ឃនៅក្រោមឱវាទ អ្នកស្នេហាជាតិខ្មែរក្រោមហ្នឹង គឺឲ្យសឹកច្រើនណាស់» ។
ព្រះតេជព្រះគុណ យឿង ខាយ ជាអតីតសកម្មជនសិទ្ធិមនុស្សដ៏សកម្មមួយរូប ដែលទើបសម្រេចចិត្តបួសជាព្រះសង្ឃ កាលពីពេលថ្មីៗ នេះ នៅវត្តមង្គលបូរីទ្រនំសេក ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ដែលវៀតណាម ហៅថា ខេត្តវិញឡុង (Vinh Long) ។
កន្លងមក មន្ត្រីសង្ឃខេត្តឃ្លាំង បានសហការជាមួយអាជ្ញាធរវៀតណាម ចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម ប្រាំព្រះអង្គទាំងបង្ខំ ដោយចោទថា ព្រះសង្ឃទាំងប្រាំអង្គនេះ ជាអ្នកដឹកនាំបាតុកម្ម នៅមុខសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ធ្វើឲ្យមានការចលាចលក្នុងសង្គម និងមានគំនិតប្រឆាំងនឹងការគ្រប់គ្រងកម្ពុជាក្រោម របស់វៀតណាម ។
ជុំវិញរឿងនេះដែរ ព្រះចៅអធិការវត្តមង្គលបូរីទ្រនំសេក ព្រះភិក្ខុ ផេន ចន្ទតារា មានថេរដីកាថា ព្រះសង្ឃដែលបួសតាមធម៌វិន័យត្រឹមត្រូវ គឺអាចគង់នៅគ្រប់វត្តអារាម នៅដែនដីកម្ពុជាក្រោម ដើម្បីសិក្សាអក្សរសាស្ត្រជាតិ និងច្បាប់ព្រះពុទ្ធសាសនា ។ ព្រះអង្គមានថេរដីកាបន្ថែមថា មន្ត្រីសង្ឃខេត្តឃ្លាំង ដាក់សម្ពាធលើសាមណេរ យឿង ខាយ មិនឲ្យគង់តាមវត្តនៅខេត្តឃ្លាំង ជារឿងមួយមិនសមរម្យ និងខុសវិន័យរបស់ព្រះពុទ្ធទៀតផង ។
ព្រះភិក្ខុ ផេន ចន្ទតារា៖ «សំខាន់គឺយើងការបួសវាត្រឹមត្រូវទៅតាមព្រះពុទ្ធសាសនា គឺមាតាបិតាអនុញ្ញាតការបួសសមស្របទៅតាមធម៌វិន័យ មានព្រះឧបជ្ឈាយ៍មានព្រះសង្ឃត្រឹមត្រូវណា ។ ឯចំណែក ដែលលោកធ្វើហ្នឹង យើងឃើញថាវាមិនត្រឹមត្រូវ វាមិនល្អ យើងបួសយកព្រះពុទ្ធសាសនាជាគោលដៅជាចម្បងណា៎ កិច្ចការងារអ្វីវាទាក់ទងដល់ព្រះពុទ្ធសាសនា គឺយើងធ្វើតាមព្រះពុទ្ធសាសនា ដល់គាត់ធ្វើអ៊ីចឹងមានន័យថាវាមិនត្រឹមត្រូវប៉ុណ្ណឹង» ។
ច្បាប់ព្រះពុទ្ធសាសនា ចែងថា ព្រះភិក្ខុរូបណា ដែលធ្វើមិនឲ្យភិក្ខុ ឬសាមណេរដទៃ ដែលមានសីលបរិសុទ្ធ ជាអ្នកប្រព្រឹត្តតាមធម៌ តាមវិន័យ បានស្នាក់នៅក្នុងទីអាវាស គឺវត្តអារាម ភិក្ខុរូបនោះ ជាអ្នកប្រព្រឹត្តអាក្រក់ក្នុងសាសនារបស់ព្រះពុទ្ធ ។ ជាមួយគ្នានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកថា ទង្វើរបស់មន្ត្រីសង្ឃបែបនេះ ជាការរើសអើង និងជាការរំលោភសិទ្ធិរបស់ព្រះសង្ឃខ្មែរក្រោម និងទាមទារឲ្យបញ្ឈប់ទង្វើនេះជាបន្ទាន់ ៕